ពិភពលោករត់ប្រណាំងដើម្បីការពារប្រទេសលីបង់កុំឱ្យធ្លាក់ចូលទៅក្នុងជ្រោះសង្រ្គាម

(VOVWORLD) - ការប្រយុទ្ធគ្នាដ៏សាហាវបំផុតក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ កំពុងរុញច្រានប្រទេសនេះខិតមកជិតមាត់ជ្រោះសង្គ្រាមពេញលេញថ្មីដ៏កាចសាហាវ ក្នុងបរិបទដែលភាពជាប់គាំងរយៈពេលជិតមួយឆ្នាំនៅក្នុងតំបន់ហ្កាហ្សា បានបង្កឡើងផលវិបាកយ៉ាងធ្ងន់ធ្ងរដល់តំបន់ទាំងមូល។

ភាពតានតឹងកើនឡើងយ៉ាងទូលំទូលាយ

ការកើនឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងហេសបូឡា បានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកញ្ញា នៅពេលដែលការបំផ្ទុះជាបន្តបន្ទាប់នៃឧបករណ៍ទំនាក់ទំនងបានកើតឡើងនៅលីបង់ រួមទាំងឧបករណ៍ផ្ញើរសារនិងនិងវិទ្យុសទាក់ទង ដែលប្រើប្រាស់ដោយជនស៊ីវិលក៏ដូចជាសមាជិកនៃកងកម្លាំងហេសបូឡាជាច្រើននាក់។ ការបំផ្ទុះទាំងនេះបានសម្លាប់មនុស្សជិត ៤០ នាក់ និងធ្វើឲ្យជាង ៣ ពាន់នាក់រងរបួស។ ទោះបីជាភាគីអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយណាមួយលើឧប្បត្តិហេតុទាំងនេះក៏ដោយ ប៉ុន្តែអ្នកសង្កេតការណ៍បាននិយាយថា នេះគឺជាការវាយប្រហារដោយផ្ទាល់ទៅលើក្រុមហេសបូឡា និងក្រុមនានានៅក្នុង "អ័ក្សតស៊ូ" ប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងតំបន់។ បន្ទាប់មក កងទ័ពអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងសាហាវលើទីតាំងជាច្រើនក្នុងប្រទេសលីបង់។ យោងតាមព័ត៌មានពីកងទ័ពអ៊ីស្រាអែល គិតត្រឹមថ្ងៃទី ២៦ ខែកញ្ញា កងទ័ពជើងអាកាសរបស់ប្រទេសនេះបានវាយប្រហារលើគោលដៅជាង ១៦០០កន្លែង ដែលគេជឿថាមានទំនាក់ទំនងជាមួយក្រុម ហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ និងរដ្ឋធានី Beirut ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើន និងសម្លាប់មេបញ្ជាការជាន់ខ្ពស់យ៉ាងហោចណាស់ ៣ នាក់នៃកងកម្លាំងនេះ។

ធ្ងន់ធ្ងរជាងនេះទៅទៀត ការវាយប្រហារតាមអាកាសទាំងនេះបានឆក់យកអាយុជីវិតជនស៊ីវិលលីបង់ជិត ៧០០ នាក់ ដែលជាចំនួនជនរងគ្រោះប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីសង្គ្រាមស៊ីវិលនៅលីបង់ជាង ៣ ទសវត្សរ៍មុន។ ជាការសងសឹកវិញ កងកម្លាំង ហេសបូឡា ក៏បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ យន្តហោះគ្មានមនុស្សបើក (UAVs) និងមីស៊ីលផ្លោងទៅលើគោលដៅក្នុងទឹកដីអ៊ីស្រាអែល ក្នុងនោះមីស៊ីលផ្លោងរបស់ហេសបូឡា ជាលើកដំបូងបានហោះហើរទៅដល់រដ្ឋធានី Tel-Aviv កាលពីថ្ងៃទី ២៥ ខែកញ្ញា។ យោងតាមអ្នកសង្កេតការណ៍ ការកើនឡើងយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័សនៃភាពតានតឹងនាពេលបច្ចុប្បន្ននេះ ពិតជាបានរុញច្រានភាគីទាំងពីរចូលទៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាមពេញលេញមួយ។ លោក Khaldoun Barghouti អ្នកជំនាញស្រាវជ្រាវអំពីអ៊ីស្រាអែលបានវាយតម្លៃថា នេះជាការកើនឡើងដែលមានការគិតគូរពីថ្នាក់ដឹកនាំអ៊ីស្រាអែលក្នុងបរិបទដែលជម្លោះជាប់គាំងនៅហ្គាហ្សា។

"ការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសលីបង់បានបណ្ដាលឱ្យប្រជាជនអ៊ីស្រាអែលជាច្រើន រួមទាំងក្រុមគ្រួសាររបស់ចំណាប់ខ្មាំង ជឿថា ការព្រមព្រៀងជាមួយក្រុមហាម៉ាសត្រូវគេបំភ្លេចចោល ហើយការផ្តោតអសំខាន់ឥឡូវនេះកំពុងផ្លាស់ប្តូរទៅកាន់សមរភូមិភាគខាងជើងអ៊ីស្រាអែល និងការផ្ទេរកងទ័ពពីហ្គាហ្សាទៅខាងជើងវិញ”។

ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញ Andreas Krieg មកពីសាលាសិក្សាសន្តិសុខ (ចក្រភពអង់គ្លេស) បាននិយាយថា អ៊ីស្រាអែលចង់ផ្លាស់ប្តូរស្ថានភាពនៅភាគខាងជើង ដោយរុញកងកម្លាំង ហេសបូឡា ឱ្យឆ្ងាយពីព្រំដែន ដើម្បីអាចនាំប្រជាជនរបស់ខ្លួននៅភាគខាងជើងត្រឡប់ទៅផ្ទះវិញ។ ទោះជាយ៉ាងណាក៏ដោយ លោក Andreas Krieg បានធ្វើអត្ថាធិប្បាយថា នេះគឺជាការគិតគូរដែលមានហានិភ័យជាច្រើន។

"នេះគឺជាយុទ្ធនាការដោយមានតម្លៃថ្លៃ ដែលលទ្ធផលល្អបំផុត គឺអាចសម្រេចបានគោលដៅប្រតិបត្តិការ និងយោធា ប៉ុន្តែទំនងជាមិនអាចសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រណាមួយឡើយ ព្រោះថា ក្រុមហេសបូឡានឹងមិនត្រូវវាយបណ្តេញចេញពីប្រទេសលីបង់ ហើយហេសបូឡានឹងមិនត្រូវបានកំទេចចោល។"

ឱកាសដ៏ផុយស្រួយសម្រាប់ការទូត

នៅចំពោះមុខនឹងហានិភ័យនៃសង្គ្រាមពេញលេញមួយ ដែលអាចរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលទៅក្នុងភាពវឹកវរ សហគមន៍អន្តរជាតិកំពុងធ្វើយុទ្ធនាការការទូតជាបន្ទាន់ដើម្បីដោះគន្លឹះផ្ទុះ។ នៅឯសប្ដាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ (UNGA-79) ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិនានាសុទ្ធតែព្រមានថា សង្រ្គាមពេញលេញមួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានឹងបង្កឱ្យមានផលវិបាកដែលមិនអាចនឹកស្មានដល់សម្រាប់តំបន់ទាំងមូល មិនត្រឹមតែដោយសារជម្លោះបង្ហូរឈាមនៅតំបន់ហ្គាហ្សាដែលមិនអាចឃើញទីបញ្ចប់នោះទេ ប៉ុន្តែក៏ដោយសារតែហានិភ័យនៃការអូសទាញកងកម្លាំងជាច្រើន សូម្បីតែប្រទេសដទៃទៀតនៅក្នុងនិងក្រៅតំបន់ឱ្យចូលរួមក្នុងការប្រយុទ្ធដែរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមានប្រសាសន៍ថា៖

“យើងខ្ញុំមានការអំពាវនាវយ៉ាងច្បាស់លាស់សម្រាប់ភាគីទាំងអស់នោះគឺ សូមបញ្ឈប់ការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញ បន្ថយវោហាគំរាមកំហែង និងដកថយពីមាត់ជ្រោះសង្រ្គាម។ ត្រូវជៀសវាងសង្គ្រាមពេញលេញដោយគ្រប់មធ្យោបាយ ព្រោះវាប្រាកដជាគ្រោះមហន្តរាយដ៏ទូលំទូលាយជាក់ជាពុំខាន”។

យោងតាមអ្នកជំនាញ Andreas Krieg គន្លឹះក្នុងការដោះគីបផ្ទុះនៅលីបង់នាពេលបច្ចុប្បន្ននេះ នៅតែស្ថិតនៅការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ពីព្រោះកងកម្លាំងហេសបូឡា ទំនងជាមិនទទួលយកសំណើចរចាឬកិច្ចព្រមព្រៀងណាមួយ ជាមួយអ៊ីស្រាអែល ដរាបណាជម្លោះនៅហ្គាហ្សានៅតែបន្ត ហើយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅតែអះអាងថា នឹងមិនធ្វើសម្បទានណាមួយនៅហ្គាហ្សានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ