(VOVWORLD) - ការផ្ទុះរាលដាលថ្មីនៃជម្ងឺរាតត្បាតកូវីដ ១៩ លើទូទាំងពិភពលោក បានបណ្ដាលឲ្យប្រទេសជាច្រើនធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរបំផុតនោះ គឺវិបត្តិផ្នែកសុខាភិបាល។ ជម្ងឺរាតត្បាតបានធ្វើឲ្យសម្ពាធលើប្រព័ន្ធសុខាភិបាលកើនឡើង ជាពិសេសនៅប្រទេសអន់ខ្សោយឬកំពុងអភិវឌ្ឍ បង្ខំឲ្យពិភពលោកត្រូវរួមដៃគ្នាស្វែងរកដំណោះស្រាយដើម្បីជំនះពុះពារនិងកាត់បន្ថយការខូចខាតខាងអាយុជីវិតមនុស្ស។
នៅខាងក្នុងមន្ទីរពេទ្យ Lok Nayak Jai Prakash ដែលចង្អៀតណែនណាន់នៅទីក្រុងញូវដែលី អ្នកជំងឺកូវីដ-១៩ ត្រូវរួមគ្រែពេលកំពុងព្យាបាល (រូបថតៈ AFP |
តាមការប៉ាន់ស្មានថា ជម្ងឺរាតត្បាតបានឆក់យកអាយុជីវិតរបស់មនុស្សប្រមាណ១២ពាន់នាក់លើពិភពលោកជារៀងរាល់ថ្ងៃ។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ លើទូទាំងពិភពលោកបានលើសពី៣,៤លាននាក់ ស្មើនឹងចំនួនប្រជាជននៃទីក្រុងធំៗជាច្រើន។ ក្នុងនោះ បុគ្គលិកពេទ្យប្រមាណ ៧.០០០ នាក់បានស្លាប់ ខណៈដែលបុគ្គលិកថែទាំសុខភាពនិងសង្គមចំនួន១៣៦លាននាក់ត្រូវប្រឈមនឹងហានិភ័យឆ្លងជម្ងឺនៅពេលធ្វើការ បើតាមទិន្នន័យរបស់អង្គការពលករអន្តរជាតិ (ILO) ប្រកាសកាលពីចុងខែមេសាឆ្នាំ២០២១។
បង្កើនសម្ពាធលើប្រព័ន្ធសុខាភិបាល
ជម្ងឺរាតត្បាត កូវីដ ១៩ កំពុងញាំញីក្នុងអំឡុងពេលជាង១ឆ្នាំកន្លងមក បានបណ្ដាលឲ្យប្រព័ន្ធសុខាភិបាលនៅប្រទេសជាច្រើនធ្លាក់ដុនដាបហើយត្រូវធ្វើការច្រើនលើសលុបហួសពីសមត្ថភាព។ ទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងកំពុងប្រព្រឹត្តទៅលើទូទាំងពិភពលោកក៏ដោយ ប៉ុន្តែភាពមិនស្មើគ្នាបាននាំឲ្យការគ្រប់គ្រងជម្ងឺរាតត្បាតនៅតាមប្រទេសនីមួយៗក៏ខុសគ្នាដែរ។ សូម្បីតែប្រទេសអ្នកមានមួយចំនួនក៏ធ្លាក់ចូលក្នុងវិបត្តិសុខាភិបាលផងដែរ។
នៅឥណ្ឌា ស្ថានភាពដែលអ្នកជម្ងឺកូវីដ ១៩ ចំនួនពីរឬបីនាក់ត្រូវដែករួមគ្រែពេទ្យតែមួយ ឬក៏មន្ទីរពេទ្យបដិសេធទទួលព្យាបាលអ្នកជម្ងឺដោយសារខ្វះគ្រែឬម៉ាស៊ីនជំនួយដង្ហើម កំពុងប្រព្រឹត្តទៅជាទូទៅហើយ។ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលអន់ខ្សោយ ទន្ទឹមនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជម្ងឺ បានបណ្ដាលឲ្យផ្នែកសុខាភិបាលនៃប្រទេសនេះមិនអាចឆ្លើយតបានឡើយ។ រីឯនៅប្រេស៊ីលវិញ ដែលជាប្រទេសកំពុងឈរលំដាប់ទី៣លើពិភពលោកអំពីបរិមាណអ្នកឆ្លងជម្ងឺនិងអ្នកស្លាប់នោះ ប្រព័ន្ធសុខាភិបាលកំពុងត្រូវគ្រាំគ្រាខ្លួនចំពោះមហន្តរាយដោយជម្ងឺរាតត្បាត។ រដ្ឋចំនួនរាប់សិបលើទូទាំងប្រទេសបានកត់ត្រាស្ថានភាពអ្នកជម្ងឺច្រើនលើសលុបនៅក្នុងបន្ទប់ព្យាបាលពិសេស ហើយការខ្វះខាតគ្រែពេទ្យបណ្ដាលឲ្យជួរគ្រូពេទ្យត្រូវ “កែច្នៃ” គ្រែពេទ្យធម្មតាទៅជាគ្រែពេទ្យព្យាបាលពិសេសសម្រាប់អ្នកជម្ងឺដែលមានស្ថានភាពធ្ងន់ធ្ងរ។ សមាជិកលេខាធិការដ្ឋានសុខាភិបាលជាតិបានឲ្យដឹងថា ប្រហែល១/៥នៃចំណោមទីក្រុងលើទូទាំងប្រទេសមានហានិភ័យខ្វះខាតអុកស៊ីសែននាពេលខាងមុខ។
កន្លែងធ្វើតេស្តកូវីដ - ១៩ នៅកូឡុំបូប្រទេសស្រីលង្កា (រូបថត៖ AFP/TTXVN) |
ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនៃចំនួនអ្នកជម្ងឺ កូវីដ ១៩ ដូច្នេះហើយមិនត្រឹមតែឥណ្ឌានិងប្រេស៊ីលប៉ុណ្ណោះទេ ប៉ុន្តែមន្ទីរពេទ្យនៅប្រទេសផ្សេងជាច្រើនទៀតក៏កំពុងជួបការលំបាកតោកយ៉ាក ដោយ សារមិនមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីផ្ដល់ជូនអ្នកជម្ងឺទៀតផង។
ក្រៅពីនោះ គួរឲ្យព្រួយបារម្ភបំផុតនោះ គឺសម្ពាធនិងហានិភ័យដែលបុគ្គលិកពេទ្យត្រូវប្រឈមមុខក្នុងអំឡុងពេលមានជម្ងឺរាតត្បាត បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពនិងស្មារតីរបស់ពួកគេ។ តាមការធ្វើស្ថិតិបានបង្ហាញឲ្យឃើញថា លើទូទាំងពិភពលោក ក្នុងចំណោមបុគ្គលិកថែទាំសុខភាព ៥ នាក់ គឺមានម្នាក់ មានអាការៈនៃការធ្លាក់ទឹកចិត្តនិងថប់បារម្ភ។
កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីជំនះពុះពារលើវិបត្តិ
ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងវិបត្តិនេះ ពិភពលោកកំពុងឃើញសញ្ញាវិជ្ជមានមួយចំនួន នៅពេលដែលប្រទេសជាច្រើនត្រៀមខ្លួនជាស្រេចចែករំលែក ជួយឧបត្ថម្ភគ្នាដើម្បីជំនះពុះពារលើគ្រាលំបាក។ ប្រទេសចំនួនរាប់សិបបានផ្ញើរសម្ភារៈបរិក្ខារពេទ្យដើម្បីជួយឥណ្ឌាជំនះលើរលកកូវីដ ១៩ លើកនេះ។ ម៉ាស៊ីនបង្កើតអុកស៊ីសែន របាំងដកដង្ហើមនិងបរិមាណអុកស៊ីសែនរាវដ៏ធំត្រូវបានផ្ដល់ជូនឥណ្ឌាសំដៅបន្ធូរស្រាលស្ថានភាពអាសន្នក្នុងប៉ុន្មានថ្ងៃកន្លងមក។
អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏កំពុងពិភាក្សាអំពីការលើកលែងប៉ាតង់ (patent) នៃវ៉ាក់សាំងបង្ការ កូវីដ ១៩ សំដៅជំរុញសកម្មភាពផ្គត់ផ្គង់វ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍផង ដែរ។ នាពេលថ្មីៗនេះ អាល្លឺម៉ង់បានលើកឡើងគំនិតផ្ដួចផ្ដើមអំពីការបង្កើតមជ្ឈមណ្ឌលជា សកលថ្មីមួយ ដែលប្រមូលផ្ដុំស្ថាប័នរដ្ឋាភិបាល អង្គការសិក្សាស្រាវជ្រាវនិងតំបន់ឯកជន សំដៅឆ្លៀតប្រើប្រាស់ទិន្នន័យលើទូទាំងពិភពលោក សំដៅបម្រើការងារព្យាករណ៍ ឆ្លើយតបនឹង ហានិ ភ័យនៃជម្ងឺរាតត្បាតលើពិភពលោក។
ទន្ទឹមជាមួយគ្នានោះ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនានាក៏បានប្រកាសជាបន្តបន្ទាប់នូវការសាកពិសោធន៍ដែលនាំមកនូវក្ដីសង្ឃឹមជូនមនុស្សលោកអំពីការរុញថយក្រោយជម្ងឺរាតត្បាតផងដែរ។ អ្នកវិទ្យាសាស្ត្រអន្តរជាតិមកពីវិទ្យាស្ថានវេជ្ជសាស្ត្រ Menzíes នៅសាកលវិទ្យាល័យ Griffith (ប្រទេសអូស្ត្រាលី) នាពេលថ្មីៗនេះ បានប្រកាសពីការរកឃើញវិធីសាស្ត្រថ្មី ដែលអាចកំចាត់វីរុស SARS-CoV-2 ឡើងដល់ទៅ៩៩,៩%ក្នុងសួតអ្នកជម្ងឺ ហើយនឹងក្លាយទៅជាវិធីសាស្ត្រព្យាបាលជម្ងឺប្រកបដោយប្រសិទ្ធភាពបំផុត។
រហូតមកដល់ពេលនេះ នៅតែមានការលំបាកនិងបញ្ហាប្រឈមជាច្រើន នៅខាងមុខ។ ការប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ ១៩ នឹងត្រូវប្រឈមនឹងការលំបាកឧបសគ្គជាច្រើនទៀត ដែលទាមទារឲ្យមានការរួមដៃគ្នារបស់ប្រទេសទាំងអស់ ដោយសារមានតែការរួបរួម សហប្រតិបត្តិការនិងចែករំលែកគ្នាប៉ុណ្ណោះ ទើបពិភពលោកអាចជំនះពុះពារលើវិបត្តិនេះបាន៕