ពិភពលោកស្វែងរកវិធីកាត់​បន្ថយជម្លោះ​ដ៏តានតឹង​នៅតំបន់​ហ្គាហ្សា

(VOVWORLD) - នៅចំពោះការវិវឌ្ឍឡើងជណ្ដើរនៃជម្លោះនៅតំបន់ហ្គាហ្សានាប៉ុន្មានថ្ងៃកន្លងទៅសហគមន៍អន្តរជាតិកំពុងរត់ប្រណាំងស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹង ដោយបារម្ភថាជម្លោះនឹងរំកិលចេញពីការគ្រប់គ្រងនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយជនស៊ីវិលរាប់លាននាក់អាចត្រូវបានរុញចូលក្នុងវិបត្តិមនុស្សធម៌។
ពិភពលោកស្វែងរកវិធីកាត់​បន្ថយជម្លោះ​ដ៏តានតឹង​នៅតំបន់​ហ្គាហ្សា - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ រូបថត៖ THX/TTXVN

ជម្លោះហិង្សាបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ក្រោយពីកងកម្លាំងហាម៉ាស់ បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បណ្ដាលឱ្យកងទ័ពអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារតបតវិញដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ។ គិតត្រឹមថ្ងៃអង្គារ (ទី ១០ តុលា) មនុស្សជាង ១ ៥០០ នាក់បានស្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរងរបួសរបស់ភាគីទាំងសងខាង ហើយគ្រោះអាសន្នស្ថានការណ៍សឹកឡើងជណ្ដើរនៅតែធ្ងន់ធ្ងរណាស់។

ប្រតិកម្មផ្ទុយគ្នាអំពីជម្លោះ

នាថ្ងៃទី៩ ខែតុលា កងទ័ពអ៊ីស្រាអែលបានប្រកាសចល័តកម្លាំងបម្រុងរហូតដល់ ៣០ ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហាម៉ាស និងបិទ តំបន់ហ្គាហ្សាទាំងស្រុង ប្រែក្លាយតំបន់ដីនេះទៅជាកន្លែង "ហាមប្រាមចេញចូល" ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា យុទ្ធនាការរបស់កងទ័ពអ៊ីស្រាអែលនឹងផ្លាស់ប្តូរសណ្ដាប់ធ្នាប់នៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍។

សកម្មភាពឆ្លើយតបយ៉ាងប្ដូរផ្ដាច់របស់អ៊ីស្រាអែលកំពុងបង្កើតប្រតិកម្មផ្ទុយនឹងគ្នាក្នុងសហគមន៍អន្តរជាតិ។ រដ្ឋាភិបាលនៃប្រទេសលោកខាងលិចជាច្រើនបានបញ្ចេញសំឡេងគាំទ្រអ៊ីស្រាលអែនាថ្ងៃអង្គារទី ១០ តុលា សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍រួមដោយអះអាងពីការគាំទ្ររបស់ចំពោះអ៊ីស្រាអែល ថ្កោលទោសក្រុមហាម៉ាស់ ហើយព្រមានភាគីទីបីកុំឱ្យទាញយកផលប្រយោជន៍ពីស្ថានការណ៍អស្ថិរភាព ដើម្បីស្វែងរកផលប្រយោជន៍សន្តិសុខនៅមជ្ឈិមបូព៌ា។  នៅតាមប្រទេសលោកខាងលិចមួយចំនួនទៀត ការដង្ហែរក្បួនគាំទ្រអ៊ីស្រាអែលក៏ត្រូវបានរៀបចំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ។

ទោះបីមានការថ្កោលទោសចំពោះសកម្មភាពហឹង្សារបស់ក្រុមហាម៉ាសក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិជាច្រើនបានចាត់ទុកថា  មិនអាចមានទស្សនៈតែម្ខាងអំពីជម្លោះនាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សានាបច្ចុប្បន្នឡើយ។ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានរិះគន់អាកប្បកិរិយារបស់ប្រទេសលោកខាងលិចមួយចំនួន ហើយបាននិយាយថា អាទិភាពដ៏ធំបំផុតនាបច្ចុប្បន្ននេះ គឺបន្ធូរស្រាល់ភាពតានតឹង និងសម្រេចឲ្យបានបទឈប់បាញ់ភ្លាមមួយរំពេច មិនមែនជាការរត់ប្រណាំងដើម្បីបង្ហាញការគាំទ្រចំពោះភាគីណាមួយឡើយ៖ “យើងបានឃើញទស្សនៈរបស់ប្រទេសលោកខាងលិចនាពេលបច្ចុប្បន្ន ដោយផ្តោតសំខាន់លើព្រឹត្តិការណ៍ជម្លោះនេះតែប៉ុណ្ណោះ ខណៈពេលដែលជៀសវាងការលើកឡើងពីមូលហេតុនៅពីក្រោយស្ថានការណ៍បច្ចុប្បន្ននៅប៉ាឡេស្ទីន។ ប្រការចាំបាច់គឺត្រូវវិលត្រលប់ទៅដំណើរការសន្តិភាពពិតប្រាកដ ដើម្បីឱ្យបង្កើតរដ្ឋ ២ រួមរស់ជាមួយគ្នាដោយសន្តិភាព សន្តិសុខ និងស្ថិរភាព”។

ខិតខំប្រឹងប្រែងបង្កើតការសន្ទនា

ដោយព្រួយបារម្ភថាជម្លោះនឹងឡើងជណ្ដើរយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលអ៊ីស្រាអែលបានជំរុញខ្លាំងយុទ្ធនាការវាយប្រហារលើតំបន់ហ្គាហ្សា ហើយកងកម្លាំងហាម៉ាស់គំរាមកំហែងប្រហារជីវិតចំណាប់ខ្មាំងអ៊ីស្រាអែល សហគមន៍អន្តរជាតិកំពុងរតប្រណាំងដើម្បីបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានា។

នាថ្ងៃទី ៩ តុលា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman និងប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម (UAE) លោក Sheikh Mohamed bin Zayed Al Nahyan ដើម្បីពិភាក្សាអំពីដំណោះស្រាយ កាត់បន្ថយភាពតានតឹងនៅតំបន់ហ្គាហ្សា។ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និង UAE គឺជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងពិភពអារ៉ាប់ ហើយក៏កំពុងមានកាណាល់សន្ទនាសំជាក់ស្ដែងជាមួយរដ្ឋាភិបាលអ៊ីស្រាអែលផងដែរ ក្នុងនោះ UAE គឺជាប្រទេសមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន ហើយអារ៉ាប៊ីសាអូឌីត កំពុងពិភាក្សាអំពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល តាមរយៈការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក។ អ៊ីរ៉ង់ ដែលជាមហាអំណាចមួយទៀតក្នុងតំបន់ បានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការឥស្លាម (OIC) បើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីស្ថានការណ៍។

ពិភពលោកស្វែងរកវិធីកាត់​បន្ថយជម្លោះ​ដ៏តានតឹង​នៅតំបន់​ហ្គាហ្សា - ảnh 2ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ។ រូបថត៖ AFP/TTXVN

ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនដូចជាចិន និងវ៉េណេស៊ុយអេឡាបានអំពាវនាវឱ្យភាគីទាំងអស់ឈប់បាញ់គ្នា។ ប្រធានាធិបតីទួរគីលោក Recep Tayip Erdogan បាននិយាយថា ទួរគីបានត្រៀមខ្លួនជាស្រេចធ្វើជាអាជ្ញាកណ្ដាលសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការសម្រុះសម្រួលភាគីទាំងអស់ ដែលអាចចាប់ផ្តើមជាមួយនឹងការដោះដូរអ្នកទោស។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ភាគីពាក់ព័ន្ធនានាចាំបាច់ត្រូវជៀសវាងសកម្មភាពដែលអាចធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាមិនអាចត្រឡប់វិញបាន៖ "សូម្បីតែនៅក្នុងគ្រាដ៏អាក្រក់បំផុតក៏ដោយ ប្រការដ៏ចាំបាច់គឺត្រូវមានទស្សៈវិស័យវែងឆ្ងាយ ជៀសវាងសកម្មភាពដែលមិនអាចត្រឡប់វិញបាន ដែលអាចបណ្ដាលឱ្យពួកជ្រុលនិយមកាន់តែកាចសាហាវ ហើយ បំផ្លិចបំផ្លាញមិនថាយថាទស្សន៍ណាមួយអំពីខឿនសន្តិភាពយូរអង្វែង"។

ក្នុងពេលនោះ ក្តីបារម្ភអំពីវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាកំពុងកើនឡើង។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារការងារ និងជួយសង្គ្រោះនៃអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារទី១០ តុលា ប្រជាជនប៉ាឡេស្ទីនជាង ១៨៧ ០០០ នាក់នៅតំបន់ហ្គាហ្សាត្រូវបោះបង់ចោលផ្ទះសម្បែង ស្វែងរកទីជម្រកព្រោះជម្លោះបានរីករាលដាល។ ស្ថានការណ៍បច្ចុប្បន្នក៏បង្ខំឱ្យប្រទេសមួយចំនួនដូចជាម៉ិកស៊ិក ឈីលី និងឥណ្ឌូនេស៊ីត្រូវរៀបចំផែនការជម្លៀសពលរដ្ឋចេញពីតំបន់ហ្គាហ្សា និងតំបន់មួយចំនួនរបស់អ៊ីស្រាអែល។

ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃថា បើគ្មានការសន្ទនាជាបន្ទាន់រវាងភាគីនានាទេ ស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្គាហ្សានឹងបន្តក្រក់ទៅៗនាប៉ុន្មានថ្ងៃខាងមុខ ខណៈដែលការប្រយុទ្ធគ្នាឡើងជណ្ដើរ ហើយតំបន់ហ្គាហ្សានឹងបន្តត្រូវបានបិទទាំងស្រុង ដែលអាចមានគ្រោះអាសន្នត្រូវកាត់ផ្តាច់ចរន្អគ្គិសនី ទឹកស្អាត និងប្រភពផ្គត់ផ្គង់ម្ហូបអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ