(VOVWORLD) - ខាងក្រោមនេះគឺជាព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំបផុតទាំង ១០ ក្នុងឆ្នាំ ២០២២ ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម៖
១. សេដ្ឋកិច្ចវៀតណាមងើបឡើងវិញយ៉ាងឆាប់រហ័ស ស្ថិតក្នុងក្រុមប្រទេសដែលមានល្បឿនកំណើន GDP ខ្ពស់បំផុត
ដោយជំនះលើការលំបាកជាច្រើនដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងការប្រែប្រួលនានាលើពិភពលោក វៀតណាមបានអនុវត្តន៍ជោគជ័យនិងលើគ្រប់ជ្រុងជ្រោយនូវគោលដៅ ភារកិច្ចរបស់ខ្លួន ដោយផ្តោតលើការបង្ការទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងជំរុញការស្តារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ម្ចាស់ការ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានាក្នុងស្ថានភាពដែលជួបការលំបាកជាច្រើន។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២២ ត្រូវបានរំពឹងថា សម្រេចបានពី ៧,៥-៨% ។ អតិផរណាត្រូវបានគ្រប់គ្រងនៅក្នុងចន្លោះ ៣,១-៣,៣%។ ទំហំនៃការនាំចេញនិងនាំចូលសរុបរបស់ប្រទេសជាតិសម្រេចបានប្រមាណ ៧៥០ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,១៨%។
២.បញ្ហាសំខាន់ៗជាច្រើនត្រូវបានសម្រេច ដែលមានអត្ថន័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ
សន្និបាតមជ្ឈិមលើកទី៥ និងលើកទី៦ នីតិកាលទី១៣ បានសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើនដូចជា៖ ការតម្រង់ទិសផែនការមេជាតិក្នុងដំណាក់កាល ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០; បន្តជំរុញឧស្សាហូបនីយកម្មនិងទំនើបកម្ម; ផ្លាស់ប្ដូរថ្មីរបៀបដឹកនាំរបស់បក្ស; កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម; គោលនយោបាយនិងច្បាប់ស្តីពីដីធ្លី; បញ្ហាកសិកម្ម កសិករ ជនបទ សេដ្ឋកិច្ចសមូហភាព; លើកកំពស់គុណភាពរបស់ជួរបក្ខជនក្នុងសម័យកាលថ្មី... ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តចំនួន៦ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិសន្តិសុខនៃតំបន់ទាំង ៦ ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ដែលបង្កើតឯកភាពខ្ពស់អំពីការយល់ដឹង និងសកម្មភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ដោយឈរលើមូលដ្ឋាននោះ រដ្ឋសភា រដ្ឋាភិបាលបានធ្វើស្ថាប័នភាវូបនីយកម្ម ដាក់បញ្ចូលទៅក្នុងកម្មវិធី គម្រោង និងការសម្រេចចិត្តជាក់លាក់ ហើយរៀបចំអនុវត្តន៍ភ្លាមមួយរំពិចក្នុងស្ថានភាពជាក់ស្ដែង បើកឱកាសអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព គ្រប់ជ្រុងជ្រោយទាំងក្នុងរយៈពេលខាងមុខនិងរយៈពេលយូរអង្វែង។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជាអធិបតីនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈឹមដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ |
៣. ការងារកសាង ពង្រឹងបក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងភាពអសកម្មកាន់តែប្ដូរផ្ដាច់
ក្នុងឆ្នាំ ២០២២ ការងារតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងភាពអសកម្ម បន្តត្រូវបានអនុវត្តន៍យ៉ាងស៊ីជម្រៅ ដោយគួបផ្សំយ៉ាងជិតស្និទ្ធជាមួយនឹងការកសាង ពង្រឹងបក្ស បង្ការប្រឆាំងនឹងការរិចរិលសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ។ ការបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម នៅខេត្តក្រុងទាំង៦៣ បានបង្ហាញឲ្យឃើញប្រសិទ្ធភាពជាបឋម។ ការដាក់វិន័យ ចាត់ការចំពោះកម្មាភិបាល បក្ខជនដែលមានការបំពាន ត្រូវបានអនុវត្តន៍យ៉ាងប្រយ័ត្នប្រយែង ប្រកបដោយសត្យានុម័ត យុត្តិធម៌ ស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ។ ភ្នាក់ងាររដ្ឋអាជ្ញានានា បានចោទប្រកាន់ និងស៊ើបអង្កេតករណីចំនួន ២៥០០ អំពីបទពុករលួយ សេដ្ឋកិច្ច និងមុខងារ ក្នុងនោះមានករណីអំពើពុករលួយ ករណីអសកម្មដ៏ធ្ងន់ធ្ងរនិងស្មុគស្មាញជាច្រើនដូចជា៖ ករណីនៅនាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស); ករណីដែលកើតឡើងនៅក្រុមហ៊ុន Viet A, សម្ព័ន្ធក្រុមហ៊ុន FLC, Tan Hoang Minh, ក្រុមហ៊ុន AIC; សម្ព័ន្ធក្រុមហ៊ុន Van Thinh Phat ជាដើម។ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអសកម្ម បន្តរួមចំណែកពង្រឹងជំនឿជាក់របស់ប្រជាជន កម្មាភិបាល និងបក្ខជនចំពោះការដឹកនាំរបស់បក្សនិងរបប។
|
|
៤. រៀបចំសកម្មភាពកិច្ចការបរទេសជាបន្តបន្ទាប់ លើកកម្ពស់ឋានៈរបស់ប្រទេសជាតិ
ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong គឺជាព្រឹត្តិការណ៍សំខាន់ជាពិសេស ដែលសម្រេចបានលទ្ធផលគ្រប់ជ្រុងជ្រោយ រួមចំណែកក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន។ រួមជាមួយគ្នានោះ គឺដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណៈរដ្ឋកូរ៉េ ឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហូឡង់ បែលហ្ស៊ិក លុចសំបួរបស់នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ដំណើរទស្សនកិច្ចនៅហុងគ្រី អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ ហ្វីលីពីន របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ វៀតណាមក៏បានចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុងវេទិកាតំបន់ និងអន្តរជាតិនានាដូចជា៖ អាស៊ាន AIPA APEC អង្គការសហប្រជាជាតិ ... ឆ្នាំ២០២២ក៏បានកត់សម្គាល់នូវការរៀបចំប្រកបដោយជោគជ័យនូវឆ្នាំមិត្តភាពវៀតណាម ឡាវ វៀតណាម-កម្ពុជា ផងដែរ។ វៀតណាមបន្តបញ្ជាក់នូវគោលនយោបាយកិច្ចការបរទេសបើកចំហ បង្កើតនិងរក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ឋានៈនិងកិត្យានុភាពជាតិ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅខែតុលាឆ្នាំ២០២២។ |
៥. វៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ វៀតណាមបានជាប់ឆ្នោតលើកទីពីរ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ ក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយទទួលបានសម្លេងគាំទ្រខ្ពស់បំផុត។ លទ្ធផលបោះឆ្នោតគឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះការសន្យានិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមនឹងមានឱកាសរួមចំណែកក្នុងការជំរុញសិទ្ធិមនុស្សទាំងអស់ ដោយឈរលើមូលដ្ឋានសត្យានុម័ត កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ក៏ដូចជាធានាសិទ្ធិរបស់ប្រជាជនលើគ្រប់វិស័យឲ្យកាន់តែប្រសើរឡើងផងដែរ។
៦. រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) ប្រកបដោយជោគជ័យ
ជាមួយនឹងពាក្យស្លោក "ដើម្បីអាស៊ីអាគ្នេយ៍កាន់តែរឹងមាំ" វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) ចាប់ពីថ្ងៃទី ១២ដល់ទី២៣ ខែឧសភា ឆ្នាំ ២០២២។ ក្រោយពីការប្រកួតរយៈពេល ១៤ ថ្ងៃ ក្រុមកីឡាម្ចាស់ផ្ទះវៀតណាមដណ្តើមបានមេដាយមាសចំនួន ២០៥ គ្រឿង មេដាយប្រាក់ចំនួន ១២៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១៦ គ្រឿង។ ក្រុមវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងស្នាដៃគួរឱ្យចាប់អារម្មណ៍ជាច្រើន ព្រមទាំងបានធានាការប្រកួតកីឡាស៊ីហ្គេមប្រកបដោយភាពយុត្តិធម៌ បើកចំហរ បង្ហាញពីស្មារតីកីឡាដ៏ខ្ពង់ខ្ពស់ និងសាមគ្គីភាពរបស់សហគមន៍អាស៊ាន។ វៀតណាមបានបង្កើតឡើងការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីប្រទេសសមាជិកអាស៊ានមួយប្រកបដោយភាពរួសរាយរាក់ទាក់ ការយកចិត្តទុកដាក់ចំពោះមិត្តភក្តិ បានស្ដារឡើងវិញយ៉ាងពេញលេញ ហើយកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
៧. ទីផ្សារមូលធន អចលនទ្រព្យ… មានការប្រែប្រួលមិនប្រក្រតីជាច្រើន ដែលត្រូវដោះស្រាយ
ឆ្នាំ ២០២២ បានឃើញការប្រែប្រួលយ៉ាងខ្លាំងនៃទីផ្សារនានាដូចជា អចលនទ្រព្យ មូលបត្របំណុលសាជីវកម្ម មូលបត្រ ប្រេងឥន្ធនៈ... ទីផ្សារមូលបត្រឡើងចុះខុសពីធម្មតា ដោយកើនឡើងដល់កំណត់ត្រានៅក្នុងប៉ុន្មានខែដើមឆ្នាំ ប៉ុន្តែបានបញ្ច្រាសទិស ធ្លាក់ចុះជាបន្តបន្ទាប់ក្នុងអំឡុងខែចុងឆ្នាំ។ ដោយសារផលប៉ះពាល់ពីទីផ្សារពិភពលោក តម្លៃប្រេងសាំងក្នុងស្រុកបានកើនឡើងដល់កំណត់ត្រា ទន្ទឹមនឹងនោះគឺស្ថានការណ៍អាក់ខាននៃប្រភពផ្គត់ផ្គង់ ដែលបណ្តាលឱ្យហាងលក់ប្រេងឥន្ធនៈជាច្រើនត្រូវបិទ ឬបើកលក់ក្នុងកម្រិតមធ្យម។ បាតុភូតនេះគឺមួយផ្នែកដោយសារតែការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាជំពាក់ជំពិនតាំងពីយូរ ក្នុងប្រតិបត្តិការអាជីវកម្មនៃសហគ្រាសធំៗមួយចំនួន ព្រមទាំងដាក់ចេញអាទិភាពដើម្បីបន្តដោះស្រាយឲ្យបានប្ដូរផ្ដាច់និងពេញលេញក្នុងឆ្នាំ២០២៣ផងដែរ។
៨. ស្ថានការណ៍ខ្វះខាតថ្នាំឱសថ សម្ភារៈបរិក្ខារពេទ្យ បណ្ដាលឲ្យការងារពិនិត្យព្យាបាលជំងឺ ជួបការលំបាក
មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសបានធ្លាក់ចូលក្នុងស្ថានការណ៍ខ្វះខាតថ្នាំឱសថ សារធាតុគីមី សម្ភារៈបរិក្ខារពេទ្យក្នុងរយៈពេលវែងមួយ ដោយសារហេតុផលជាច្រើន ក្នុងនោះមានបញ្ហាជំពាក់ជំពិនក្នុងឯកសារទាក់ទងនឹងការទិញ ការដេញថ្លៃថ្នាំឱសថ សម្ភារៈបរិក្ខារពេទ្យ ដែលនាំទៅរបៀបយល់ របៀបធ្វើខុសៗគ្នា។ ស្ថានភាពនេះបានប៉ះពាល់ដល់គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ ហើយប៉ះពាល់ដល់សមភាព និងសន្តិសុខសង្គមផងដែរ។ នេះជាអាទិភាពមួយក្នុងការបញ្ជាដឹកនាំដើម្បីដោះស្រាយ របស់រដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
៩. កសាងប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងសម័យកាលថ្មី
ក្រឡេកមើលលទ្ធផលក្រោយរយៈពេល១ឆ្នាំអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅសន្និសីទវប្បធម៌ទូទាំងប្រទេសស្ដីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស នាថ្ងៃទី ២៩ ខែវិច្ឆិកា សិក្ខាសាលាវិទ្យាសាស្ត្រជាតិបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមប្រធានបទ “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងសម័យកាលថ្មី”; នាថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុង Bac Ninh សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្រោមប្រធានបទ “របៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌”។ សិក្ខាសាលាទាំងនេះបានប្រព្រឹត្តទៅមួយឆ្នាំ ក្រោយពីសន្និសីទវប្បធម៌ទូទាំងប្រទេសបានបង្ហាញឲ្យឃើញអាទិភាពរបស់បក្ស រដ្ឋ និងសង្គមទាំងមូលក្នុងការប្តេជ្ញាចិត្តកសាងខឿនវប្បធម៌វៀតណាមដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ ដើម្បីឲ្យវប្បធម៌ពិតជាកម្លាំងផ្ទៃក្នុង ជាមូលដ្ឋានគ្រឹះខាងស្មារតី និងជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ តាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ថ្លែងនៅពិធីប្រកាសទិវាផ្លាស់ប្ដូរឌីជីថលជាតិ។ |
១០. ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលជាតិ
នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចដែលជ្រើសយកថ្ងៃទី ១០ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាផ្លាស់ប្តូរឌីជីថលជាតិ។ ឆ្នាំ ២០២២ គឺជាឆ្នាំដែលឃើញលទ្ធផលលេចធ្លោក្នុងការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រតិបត្តិការអេឡិចត្រូនិក។ ការផ្លាស់ប្តូរឌីជីថលបានក្លាយទៅជាកិច្ចការរបស់ប្រជាជនទាំងមូល ជាកិច្ចការគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់។ សេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៦បានកំណត់ជាផ្លូវការថា ការផ្លាស់ប្ដូរឌីជីថល គឺជាវិធីសាស្រ្តអភិវឌ្ឍន៍ថ្មីមួយដែលមានលក្ខណៈទម្លុះទម្លាយ ជួយពន្លឿន កាត់បន្ថយដំណើរការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ៕
(រូបថត៖ VOV, TTXVN, KT)