ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស

(VOVWORLD) -  ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ ២០២០ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស។

១. ជំងឺរាតត្បាតកូវីដ ១៩ បានបង្កើតឡើងវិបត្តិជាសកលមិនធ្លាប់មានពីមុនមក ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ទូទាំងពិភពលោក

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 1ជំងឺរាតត្បាតកូវីដ ១៩ ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចពិភពលោក (ប្រភព៖ thoibaotaichinhvietnam.vn)

ពីករណីឆ្លងកូវីដ - ១៩ ដើមដំបូងនៅទីក្រុងវូហាន នៃខេត្តហ៊ូប៉ី ប្រទេសចិន កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩ មក ជំងឺរាតត្បាតនេះ បានឆ្លងរាលដាលដល់ទ្វីបទាំង ៥ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៨៣,០៦០,២៧៦នាក់។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៨១២,០៤៦នាក់ និងជាសះស្បើយឡើងវិញ ៥៨,៨៦១,៨០០នាក់។ អាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងខ្លាំងបំផុត។

ធនាគារពិភពលោក (WB) បានព្យាករណ៍ថា ជំងឺរាតត្បាតកូវីដ-១៩ នឹងធ្វើឲ្យ GDP សកល ថយចុះពី ៣-៦% និងការខូចខាតយ៉ាងហោចណាស់ចំនួន ៥.០០០ ពាន់លានដុល្លារ។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានវិបត្តិលើគ្រប់វិស័យ បណ្តាលឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន សេដ្ឋកិច្ច នយោបាយ ការទូត វប្បធម៌និងទំនាក់ទំនងអន្តរជាតិ។ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន ដូចជាកិច្ចប្រជុំកំពូល G20 មហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ាន សុទ្ធតែបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្នុងនោះមានព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ ត្រូវបានពន្យារពេលផងដែរ។ ថ្វីត្បិតដូច្នេះ បណ្តាប្រទេសបានប្រញ៉ាប់ប្រញាល់ក្នុងការផលិតវ៉ាក់សាំងការពារកូវីដ ១៩ និងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ ១៩ នាំមកនូវក្តីសង្ឃឹមដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅចុងឆ្នាំ ២០២១នេះ។

. ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបានឃើញការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រធានាធិបតីកាន់អំណាច Donald Trump និងបេក្ខជនប្រធានាធិបតី Joe Biden

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 2រូបថត៖ thethaovanhoa.vn

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ បានប្រព្រឹត្តទៅក្នុងបរិបទដែលសហរដ្ឋអាមេរិករងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតខាងសេដ្ឋកិច្ចនិងអាយុជីវិតមនុស្សដែលបណ្តាលមកពីជំងឺកូវីដ ១៩ និងធ្វើឲ្យសង្គមអាមេរិកបែកបាក់គ្នាយ៉ាងខ្លាំង។ ជាមួយគ្នានោះ ភាពខុសគ្នាមានលក្ខណៈបញ្ច្រាសនៃគោលនយោបាយក្នុងស្រុកនិងការបរទេសរវាងបេក្ខជនទាំងពីរ Donald Trump (គណបក្សសាធារណរដ្ឋ) និងលោកJoe Biden (គណបក្សប្រជាធិបតេយ្យ) នឹងមិនត្រឹមតែប៉ះពាល់ដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពិភពលោកទាំងមូលទៀតផង។

នេះគឺជាការបោះឆ្នោតដែលមានចំនួនអ្នកទៅបោះឆ្នោតច្រើនបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលមានចំនួនសម្លេងគាំទ្រសម្រាប់ទាំងអ្នកឈ្នះនិងអ្នកចាញ់សុទ្ធតែខ្ពស់ ដែលមិនធ្លាប់មានពីមុនមក។ ការបោះឆ្នោតបង្ហាញពីការបំបែកបំបាក់ចែកយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមនិងមជ្ឈដ្ឋានអ្នកនយោបាយអាមេរិក។ សូម្បីតែនៅពេលដែល បេក្ខជន Joe Biden បានឈ្នះជាផ្លូវការជាមួយនឹងសំឡេងគាំទ្រពីអង្គបោះឆ្នោតចំនួន ៣០៦ ក៏ដោយ ក៏លោក Donald Trump នៅតែមិនព្រមទទួលស្គាល់ការបរាជ័យ ហើយចោទប្រកាន់ម្តងហើយម្តងទៀតពីការក្លែងបន្លំនៅក្នុងការបោះឆ្នោត។ យ៉ាងណាមិញ ការផ្សះផ្សាសហរដ្ឋអាមេរិកនិងការស្តារទំនាក់ទំនងសម្ព័ន្ធមិត្តឡើងវិញ រួមទាំងការដោះស្រាយជំងឺរាតត្បាតកូវីដ ១៩ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋអំណាចលោក Joe Biden។

៣.ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងអាមេរិកនិងចិននៅតែបន្តភាពតានតឹង

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 3រូបថត៖ Nikkei Asian Review

ភាពតានតឹងរវាងអាមេរិកនិងចិនពីពាណិជ្ជកម្មបានប្រែក្លាយទៅជាជម្លោះទូលំទូលាយ ដោយផ្ទាល់និងខ្លាំងក្លាជាងមុន។ ពីភាពចម្រូងចម្រាសលើដើមកំណើត និងវិធីដោះស្រាយបញ្ហាជំងឺរាតត្បាកូវីដ - ១៩ ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនបានកើនឡើងនៅក្នុងវិស័យបច្ចេកវិទ្យានិងការទូត ខណៈដែលភាគីទាំងពីរបានបញ្ជាឱ្យបិទស្ថានកុងស៊ុលរបស់គ្នាទៅវិញទៅមក ដោយការចោទប្រកាន់គ្នាពាក់ព័ន្ធនឹងបញ្ហាចារកម្មសេដ្ឋកិច្ចនិងបច្ចេកវិទ្យា។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់ការទាញយកកម្មវិធីរបស់ចិន TikTok និង WeChat នៅលើទឹកដីសហរដ្ឋអាមេរិក ក៏ដូចជា ដាក់ទណ្ឌកម្មនិងបទហាមឃាត់លើសហគ្រាសចិនធំៗ ជាច្រើន។

ការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិកនិងចិន មិនត្រឹមតែប្រព្រឹត្តទៅក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានឆ្លងរាលដាលដល់គ្រប់វិស័យ ចាប់ពីវិស័យយោធា ដល់នយោបាយ សន្តិសុខ ការទូតនិងមនោគមវិជ្ជាផងទៀតផង។ ការប្រកួតប្រជែងដ៏ទូលំទូលាយនេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ហើយគ្រោងនឹងអូសបន្លាយរយៈពេលវែងដែរ។

៤. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP - បង្កើតប្លុកពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 4រូបថត៖ vov.vn

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្ហាញពីការពិតដែលថា បណ្តាប្រទេសអាស៊ាន ជាមួយតួនាទីស្នូលរបស់ខ្លួនបានរួមជាមួយប្រទេសជាដៃគូ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលហ្សេឡង់) បានចាក់គ្រឹះសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី មានចរិតលក្ខណៈគ្រប់ជ្រុងជ្រោយ យូរអង្វែងនិងសមស្របជាមួយកម្រិតនៃការអភិវឌ្ឍន៍ ហើយនាំមកអត្ថប្រយោជន៍ដល់បណ្តាប្រទេសដែលចូលរួមផងដែរ។

ការចុះហត្ថលេខាលើ RCEP បញ្ជាក់ពីភាពវិជ្ជមានដែលវៀតណាមសម្រេចបានក្នុងនាមជាប្រធានអាស៊ាន។ ប្រទេសជាសមាជិកទាំង ១៥ ដែលចូលរួមកិច្ចព្រមព្រៀងនេះ ស្រូបយកជិត ៣០% នៃចំនួនប្រជាជនពិភពលោក (២,២ ពាន់លាននាក់) និង ៣០% នៃផលិតផលក្នុងស្រុកសរុប GDP សកល (២៦,២ ពាន់ពាន់លានដុល្លារ) ធ្វើឱ្យ RCEP ក្លាយជាប្លុកពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក។

. ជម្លោះនៅ Nagorno-Karabakh, ភាគខាងត្បូង Kavkaz បានផ្ទុះឡើងទៅជាសង្គ្រាមបង្ហូរឈាមបំផុតក្នុងឆ្នាំ ២០២០ រវាង Amernia និង Azerbaijan

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 5រូបថត៖ Reuters

នេះត្រូវបានចាត់ទុកថាជាសង្គ្រាមដ៏អាក្រក់បំផុតរវាង Amernia និង Azerbaijan ចាប់តាំងពីឆ្នាំ ១៩៩៤ មក។ ក្រោយរយៈពេល ៦ សប្តាហ៍ (២៧ កញ្ញា - ១០ វិច្ឆិកា ២០២០) ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមបានសម្លាប់មនុស្សជាង ៥.០០០ នាក់ទាំងសងខាង។ ជាមួយនឹងការសម្រុះសម្រួលរបស់រុស្ស៊ី ភាគីទាំងពីរ Amernia និង Azerbaijan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅព្រឹកថ្ងៃទី ១០ វិច្ឆិកា ២០២០។ ថ្វីត្បិតតែទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ក៏ពិតមែន ប៉ុន្តែជម្លោះរវាង Amernia និង Azerbaijan  ជាជម្លោះជាតិសាសន៍នៅ Nagorno-Karabakh នៅតែមាន ហើយពិបាកផ្សះផ្សារ និងអាចផ្ទុះឡើងក្នុងពេលមួយជាពុំខាន។

. ជម្លោះព្រំដែនចិន - ឥណ្ឌា ក្លាយជាជម្លោះទល់មុខគ្នា

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 6រូបថត៖ AP

ភាពតានតឹងរវាងឥណ្ឌូ - ចិន បានប្រែក្លាយទៅជាជម្លោះតទល់គ្នានៅតាមព្រំដែន ជាមួយនឹងការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមបំផុតក្នុងរយៈពេលជាង ៥០ ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រ នៅជ្រលងភ្នំ Galwan នៅក្នុងខែមិថុនាកន្លងមក។ ព្រឹត្តិការណ៍នេះ បានក្លាយទៅជាស្នាមចោះចូលជ្រៅថែមទៀតនៃការប្រេះឆារនិងជម្លោះរវាងប្រទេសទាំងពីរ។ ទោះបីនៅថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០២០ ឥណ្ឌានិងចិនបានឯកភាពគ្នា ឈានដល់កិច្ចព្រមព្រៀងដកកងទ័ពចេញពី “តំបន់ជម្លោះ” ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការប្រឈមមុខផ្នែកយោធាដែលអូសបន្លាយរយៈពេល ៧ ខែមកនោះ ប៉ុន្តែការប្រឈមមុខនេះទំនងជានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន - ឥណ្ឌាក្នុងរយៈពេលវែងលើវិស័យជាច្រើនដែរ៕

៧. អ៊ីស្រាអែលនិងប្រទេសមជ្ឈិមបូព៌ាមួយចំនួន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 7(ពីឆ្វេងទៅស្តាំ) រដ្ឋមន្ត្រីការបរទេសបារ៉ែន Abdullatif Al Zayani, នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu, ប្រធានាធិបតីអាមេរិកលោក Donald Trump និងលេខាធិការនៃប្រទេសអារ៉ាប់រួម (UAE) លោក Abdullah bin Zayed ចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអាប្រាហាំ ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ Reuters)

ឆ្នាំ ២០២០ បានធ្វើសាក្សីការវិវឌ្ឍជាប្រវត្តិសាស្ត្រនៅមជ្ឈឹមបូព៌ា នៅពេលដែល អ៊ីស្រាអែលនិងប្រទេសក្នុងតំបន់មួយចំនួនដូចជា អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ បន្ទាប់ពីការប្រឈមមុខគ្នាជាច្រើនឆ្នាំមក។ កិច្ចព្រមព្រៀងទាំងនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង សម្រុះសម្រួលរបស់រដ្ឋបាលអាមេរិក។ ទោះយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃជម្លោះភូមិសាស្ត្រនយោបាយនិងសាសនានៅក្នុងតំបន់នោះ កិច្ចព្រមព្រៀងនានាមិនទាន់ជាទម្ងន់ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាច្រើនទសវត្សនៅមជ្ឈឹមបូព៌ានោះឡើយ។

៨. ការធ្វើឃាតជាច្រើនបានបង្កើនភាពតានតឹងក្នុងទំនាក់ទំនងអាមេរិក - អ៊ីរ៉ង់

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 8ប្រជាជនអ៊ីរ៉ង់ចូលរួមពិធីបុណ្យសពលោកឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការ Quds និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់គឺ Abu Mahdi al-Muhandis បន្ទាប់ពីអ្នកទាំងពីរត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅអាកាសយានដ្ឋាន Baghdad  តេហេរ៉ង់ថ្ងៃទី ៦ ខែមករាឆ្នាំ ២០២០  (រូបថត៖ Reuters)

នាថ្ងៃទី ៣ មករា ឧត្តមសេនីយ៍ត្រី Qassem Soleimani មេបញ្ជាការកងកម្លាំងពិសេស Quds នៃកម្លាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមជើងអាកាសរបស់សហរដ្ឋអាមេរិក សំដៅឆ្លើយតបនឹងការវាយប្រហារទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ ការស្លាប់របស់ឧត្តមសេនីយ៍ Qassem Soleimani និងភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់អូសបន្លាយរយៈពេលវែង បានរុញឱ្យទំនាក់ទំនងអាមេរិក - អ៊ីរ៉ង់ឲ្យស្ថិតនៅចំពោះមុខជម្លោះពេញមួយឆ្នាំ ២០២០។

នៅថ្ងៃទី ១៧ ខែវិច្ឆិកា ការដែលអ៊ីរ៉ង់បានទទួលស្គាល់ជាផ្លូវការ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (ដែលត្រូវបានគេស្គាល់ថាជា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ជាមួយក្រុម P5 + 1 (រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំងនិងអាល្លឺម៉ង់) ជាទង្វើសងសឹកប្រឆាំងនឹងអាមេរិកនិងលោកខាងលិច។ បន្ទាប់មក ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែ Mohsen Fakhrizadeh នៅថ្ងៃទី ២៧ ខែវិច្ឆិកា ហានិភ័យចាប់ផ្តើមរលកអំពើហឹង្សាថ្មីរវាងអ៊ីរ៉ង់ អ៊ីស្រាអែលនិងអាមេរិកផងដែរ។

៩. អង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការ

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 9រូបថតទង់ជាតិអង់គ្លេសនិងទង់អ៊ឺរ៉ុបដែលបានថតមុនជំនួបរវាងរដ្ឋមន្រ្តី Brexit របស់អង់គ្លេស លោក Stephen Barclay និងប្រធានក្រុមចរចា Brexit របស់ EU លោក Michel Barnier នៅទីស្នាក់ការកណ្តាលនៃគណៈកម្មការអឺរ៉ុបនៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ២០ កញ្ញា ២០១៩ (រូបថត៖ Reuters)

នៅថ្ងៃទី ២៤ ខែធ្នូ គឺរយៈពេល ៧ ថ្ងៃ មុនកាលបរិច្ឆេទកំណត់ជាផ្លូវការ សម្រាប់ការបំបែកខ្លួនពីសហភាពអឺរ៉ុប (EU) ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយការប្តេជ្ញាចិត្តដើម្បីធានាបាននូវផលប្រយោជន៍ជាអតិបរមា។ ក្រោយរយៈពេល ៤៧ ឆ្នាំជាសមាជិកសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេសបានដកខ្លួនចេញពីប្លុកនេះជាផ្លូវការនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ប៉ុន្តែ បន្ទាប់មកគឺដំណើរការផ្ទេរប្តូរដ៏ស្មុគស្មាញ។ ជាមួយគ្នានោះ ក្នុងរយៈពេល ១ ឆ្នាំកន្លងមករាល់កិច្ចចរចារដើម្បីកំណត់ឡើងវិញទំនាក់ទំនងរវាងចក្រភពអង់គ្លេសជាមួយ EU បន្តជួបប្រទះនឹងឧបសគ្គ ហើយអូសបន្លាយយូរអង្វែង។ យ៉ាងណាមិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី គឺជាលទ្ធផលវិជ្ជមានសម្រាប់ភាគីទាំងពីរ ពីព្រោះ ប្រការនេះចៀសវាងសេណារីយ៉ូលាគ្នា ដែលបណ្តាលឱ្យខូចខាតយ៉ាងច្រើន។

១០. ការផ្ទុះជាតិគីមីនៅ Beirut (លីបង់) - សោកនាដកម្មដែលត្រូវបានព្យាករណ៍ជាមុន

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង១០ក្នុងឆ្នាំ២០២០ដោយវិទ្យុសម្លេងជ្រើសរើស - ảnh 10រូបថត៖ VOV

កាលពីថ្ងៃទី ៤ សីហា “គ្រាប់បែកជីគីមី” ជាង ២៤០០ តោន ដែលកំពុងសម្ងំស្ងៀមនៅកំពង់ផែ Beirut  (លីបង់) អស់រយៈពេល ៦ ឆ្នាំ បានផ្ទុះបង្កឱ្យមានការរញ្ជួយដី កម្រិត ៣.៣ រ៉ិចទ័រ។ មនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់ និងជាង ៧.០០០ នាក់រងរបួស បន្ទាប់ពីសោនាដកម្មនេះ ហើយផ្នែកមួយនៃកំពង់ផែ Beirut ត្រូវបំផ្លាញ់ចោល បណ្តាលឱ្យខូចខាតជាទឹកប្រាក់ឡើងទៅដល់ ១០-១៥ ពាន់លានដុល្លារអាមេរិក។ នេះត្រូវបានចាត់ទុកថាជាការផ្ទុះមិនមាននុយក្លេអ៊ែរដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ហើយមូលហេតុគឺបណ្តាលមកពី “កង្វះសកម្មភាពនិងការធ្វេសប្រហែសក្នុងការផ្ទុកឧបករណ៍រំសេវ”។ រដ្ឋាភិបាលលីបង់ ត្រូវបានបង្ខំឱ្យប្រកាសអាសន្នអូសបន្លាយរយៈពេលពីរសប្តាហ៍ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។ បាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសលីបង់ប្រឆាំងនឹងភាពមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល។ សម្ពាធនយោបាយពីការផ្ទុះនេះក៏បានបង្ខំឱ្យគណៈរដ្ឋមន្រ្តីលីបង់និងនាយករដ្ឋមន្រ្តី Hassan Diab ត្រូវលាលេងពីតំណែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ