(VOVWORLD) - មហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២២ - ២០២៧ បានបើកនាព្រឹកថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ។ រាល់សមិទ្ធិផលព្រះពុទ្ធសាសនាដែលសម្រេចបានក្នុងអាណត្តិទី ៨ (២០១៧ - ២០២២) និងភារកិច្ចយុទ្ធសាស្ត្រនៃការអភិវឌ្ឍសមាគមន៍ព្រះពុទ្ធសាសនា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនៃអាណត្តិទី ៩ (២០២២-២០២៧) បានបង្ហាញយ៉ាងច្បាស់នូវប្រពៃណីស្នេហាជាតិ ការផ្សាភ្ជាប់និងការរួមដំណើរជាមួយប្រជាជាតិរបស់ព្រះពុទ្ធសាសនាវៀតណាម។
តំណាងសមាគមព្រះពុទ្ធសាសនាវៀតណាមប្រគល់អំណោយជូនប្រជាជនដែលមានស្ថានភាពលំបាក។ (រូបថត៖ Gioi Minh/qdnd.vn) |
ប្រវត្តិសាស្ត្រនៃការរួមដំណើរជាមួយប្រជាជាតិក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ
តាំងពីបុរាណកាលមក ព្រះពុទ្ធសាសនាវៀតណាមជានិច្ចកាលជាសាសនាស្នេហាជាតិ ដែលផ្សាភ្ជាប់ និងរួមដំណើរជាមួយប្រជាជាតិ។ នៅក្នុងសម័យណាក៏មានព្រះសង្ឈដ៏ឧត្តុងឧត្តម ជួយប្រជាជននិងប្រទេសជាតិ។ ក្រោយពីការបង្រួបបង្រួមប្រទេសជាតិ ពុទ្ធសាសនាបានឈានមុខគេក្នុងការបង្រួបបង្រួមនិកាយព្រះពុទ្ធសាសនាក្នុងទូទាំងប្រទេស ទៅជាអង្គការរួមមួយគឺ សមាគមព្រះពុទ្ធសាសនាវៀតណាម។
ក្នុងអាណត្តិកន្លងទៅ សមាគមព្រះពុទ្ធសាសនាវៀតណាមមានការខិតខំប្រឹងប្រែងជាច្រើនដើម្បីអនុវត្តន៍គោលដៅនិងផែនការដែលបានដាក់ចេញ។ ព្រះសង្ឃនិងវត្តជាច្រើន ដើរតួនាទីដ៏សំខាន់ក្នុងការចលនាមហាជនចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅមូលដ្ឋានទាំងអស់។ ដោយមានរបៀបធ្វើល្អជាច្រើន ព្រះសង្ឃ ពុទ្ធបរិស័ទ បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ធ្វើសង្គមភាវូបនីយកម្មនូវការងារសុខាភិបាល ផ្ដល់ជំនួយសុខុមាលភាព សប្បុរសធម៌ និងមនុស្សធម៌។ ជាពិសេសនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង ព្រះសង្ឃ និងពុទ្ធបរិស័ទរាប់ពាន់នាក់ បានចូលរួមដោយស្ម័គ្រចិត្តក្នុងខ្សែជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយបានឧបត្ថម្ភថវិកាសន្ធឹកសន្ធាប់សម្រាប់ទិញសម្ភារៈបរិក្ខារពេទ្យ អំណោយ និងចំណែកអាហារដោយឥតគិតថ្លៃផងដែរ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពកិច្ចការប្រទេសនៃព្រះពុទ្ធសាសនា ត្រូវបានពង្រីក ធ្វើពិពិធកម្ម ជាពិសេសការចូលរួមក្នុងអង្គការអន្តរជាតិ ការអភិវឌ្ឍសមាគមពុទ្ធបរិស័ទជានជាតិវៀតណាមនៅឯបរទេស ដើម្បីឆ្លើយតបនឹងតម្រូវការខាងសកម្មភាពសាសនារបស់ជនរួមជាតិវៀតណាមនៅក្រៅប្រទេស រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជន ការទូតសាសនា និងការតស៊ូដើម្បីសិទ្ធិមនុស្ស បញ្ជាក់នូវសេរីភាពសាសនារបស់វៀតណាម។ ជាពិសេសក្នុងអាណត្តិទី ៨ កន្លងទៅ សមាគមព្រះពុទ្ធសាសនាវៀតណាមបានសម្របសម្រួលរៀបចំមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (ឆ្នាំ ២០១៩) ប្រកបដោយជោគជ័យ ដែលត្រូវបានពិភពលោកកោតសរសើរយ៉ាងខ្លាំង។
វាយតម្លៃពីការរួមវិភាគទានរបស់ព្រះពុទ្ធសាសនាវៀតណាមចំពោះការអភិវឌ្ឍប្រទេសជាតិក្នុងពិធីបើកមហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៩ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖
“ព្រះពុទ្ធសាសនាវៀតណាម បានបន្តលំហូរប្រពៃណី រីកចម្រើនដោយឥតឈប់ឈរលើគ្រប់វិស័យ តែងតែឈានមុខគេក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សាមគ្គីសាសនាទាំងអស់; បញ្ជាក់នូវទំនាក់ទំនងដ៏ស្អិតរមួតដែលមិនអាចកាត់ផ្ដាច់ចេញពីគ្នាបាន រវាងសាសនានិងប្រជាជាតិ; ជានិច្ចកាលជាអង្គការសមាជិកដ៏គួរឲ្យទុកចិត្តនៃរណសិរ្សមាតុភូមិវៀតណាម មានការរួមវិភាគទានសំខាន់ៗជាច្រើនក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល; រួមចំណែកយ៉ាងសកម្មលើគ្រប់វិស័យ រួមជាមួយប្រជាជនទាំងមូលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។
ដូនជីចូលរួមសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា។ (រូបថត៖ Gioi Minh/qdnd.vn) |
រួមគ្នាកសាងប្រទេសវៀតណាមឲ្យរីកចម្រើនប្រកបដោយភាពខ្លាំងមាំមួន និងវិបុលភាព
ជាមួយនឹងប្រពៃណីស្នេហាជាតិ និងការរួមដំណើរជាមួយប្រជាជាតិនៃព្រះពុទ្ធសាសនាវៀតណាម ក្នុងអាណត្តិថ្មី (២០២២ - ២០២៧) ព្រះសង្ឃនិងពុទ្ធបរិស័ទ នៃសមាគមព្រះពុទ្ធសាសនាវៀតណាម បន្តលើកកំពស់ស្មារតីសាមគ្គីភាព និងភាពសុខដុមរមនា។ ព្រះតេជគុណ Thich Duc Thien អនុប្រធាននិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម មានពុទ្ធដីការថា៖
“ព្រះសង្ឃនិងពុទ្ធបរិស័ទ គ្រប់ជាន់ថ្នាក់នៃព្រះពុទ្ធសាសនាវៀតណាម លើកកំពស់ស្មារតីសាមគ្គីភាព ភាពសុខដុមរមនា ដើម្បីកសាងនិងអភិវឌ្ឍន៍សមាគមព្រះពុទ្ធសាសនាឲ្យបានរឹងមាំក្នុងសមាហរណកម្មអន្តរជាតិ; ប្រកាន់យ៉ងខ្ជាប់ខ្ជួននូវគោលមាគ៌ាបម្រើឧត្តមគតិ ព្រះធម៌ជាតិ និងសង្គមនិយម; ពង្រីកស្មារតីស្នេហាជាតិ កសាងផែនមហាសាមគ្គីជនជាតិទាំងមូលយ៉ាងសកម្ម ជួយជ្រោមជ្រែង ចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ដើម្បីប្រយោជន៍ដល់ប្រជាជន សាសនា និងជីវិត រួមដៃជាមួយជនរួមជាតិទូទាំងប្រទេស”។
ក៏តាមព្រះតេជគុណ Thich Duc Thien ដែរថា ព្រះពុទ្ធសាសនាវៀតណាមនឹងរក្សានិងពង្រីកតម្លៃវប្បធម៌ព្រះពុទ្ធសាសនា ធានាការទទួលមរតកពីប្រពៃណីនិងភាពទំនើប រួមចំណែកកសាងខឿនវប្បធម៌វៀតណាមដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិក្នុងសម័យសមាហរណកម្មអន្តរជាតិ។ សមាគមព្រះពុទ្ធសាសនាវៀតណាម ក៏នឹងជំរុញខ្លាំងនូវសកម្មភាពកិច្ចការបរទេសនៃពុទ្ធសាសនា តាមទិសដៅផ្សាភ្ជាប់នឹងការទូតវប្បធម៌ ការទូតរវាងប្រជាជននិងប្រជាជន មានភាពម្ចាស់ការនិងសកម្មក្នុងទំនាក់ទំនងជាមួយអង្គការពុទ្ធសាសនា និងអង្គការសាសនានានាលើពិភពលោក ពង្រឹងនិងពង្រីកការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសមាគមពុទ្ធបរិស័ទវៀតណាមនៅឯបរទេស។
ប្រពៃណីស្នេហាជាតិ ការពារជាតិ ផ្ដល់សេចក្ដីសុខចម្រុងចម្រើនដល់ប្រជាជន ការផ្សាភ្ជាប់និងរួមដំណើរជាមួយប្រជាជាតិនៃព្រះពុទ្ធសាសនាវៀតណាម តែងតែត្រូវបានពង្រីកក្នុងគ្រប់សម័យកាលប្រវត្តិសាស្ត្រទាំងអស់។ ហើយក្នុងបរិបទដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាមួយនឹងស្មារតីមហាសាមគ្គីភាព សមាគមព្រះពុទ្ធសាសនាវៀតណាម រួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ បន្តអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅនានាដែលបានដាក់ចេញនៅមហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសអាណត្តិថ្មី ដោយរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕