ភាពងាយស្រួលនិងបញ្ហាប្រឈមចំពោះលោកប្រធានាធិបតីស៊ីរីក្នុងអាណត្តិថ្មី

(VOVWORLD) - ទន្ទឹមគ្នានឹងដំណើរការសន្តិភាពរវាងប៉ាឡេស្ទីន-អ៊ីស្រាអែលនិងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ សាធារណៈមតិអន្តរជាតិនៅមានការយកចិត្តទុកដាក់ជាពិសេសដល់ “ចំណុចក្ដៅគគុក” ផ្សេងមួយទៀតនៅតំបន់មជ្ឈឹមបូព៌ានោះ គឺស៊ីរី ដែលជាប្រទេសទើបតែបានរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដោយមានជ័យជំនះមកលើប្រធានាធិបតីកំពុងកាន់អំណាច លោក Bashar Assad។ បើតាមអ្នកវិភាគចាត់ទុកថា ជ័យជំនះរបស់លោកប្រធានាធិបតី Assad មានអត្ថន័យដ៏សំខាន់ចំពោះការពង្រឹងជ័យជំនះដែលរដ្ឋអំណាចស៊ីរីដណ្ដើមបានក្រោយរយៈពេល១១ឆ្នាំនៃសង្គ្រាមស៊ីវិល។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែធ្វើយ៉ាងណាដើម្បីជំនះលើបញ្ហានានាដែលប្រទេសស៊ីរីកំពុងប្រឈមនាបច្ចុប្បន្ន ទើបជាបញ្ហាគួរឲ្យយកចិត្តទុកដាក់។
ភាពងាយស្រួលនិងបញ្ហាប្រឈមចំពោះលោកប្រធានាធិបតីស៊ីរីក្នុងអាណត្តិថ្មី - ảnh 1ប្រធានាធិបតីស៊ីរីលោក Bashar Assad។ (រូបថត៖ AFP/VNA)

យោងតាមលទ្ធផលរាប់សន្លឹកឆ្នោត ដែលបានប្រកាសដោយរដ្ឋសភាស៊ីរីកាលពីថ្ងៃទី២៧ ខែឧសភា ប្រធានាធិបតីកំពុងកាន់អំណាចលោក Bashar Assad ដណ្ដើមបានជ័យជំនះដ៏លើសលុបក្នុងការបោះឆ្នោតមួយថ្ងៃមុននោះ ដោយទទួលបានអត្រាអ្នកគាំទ្រឡើងដល់ទៅ៩៥%។ អ្នកវិភាគជាច្រើនចាត់ទុកថា ក្នុងបរិបទដែលប្រទេសស៊ីរីកំពុងប្រឈមនឹងបញ្ហាធំៗជាច្រើនដូចជា ស្ថានភាពបែងចែកដែនទឹកនិងជម្លោះជាតិសាសន៍ ផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩ សភាពការណ៍ដ៏ស្មុគស្មាញក្នុងតំបន់ឬការជ្រៀតជ្រែកខ្វះសុឆន្ទៈពីខាងក្រៅនោះ គឺការទទួលបានការគាំទ្ររបស់មហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានចាត់ទុកថា ជាកត្តាងាយស្រួលដ៏ធំមួយចំពោះលោកប្រធានាធិបតី Assad ក្នុងអាណត្តិប្រធានាធិបតីលើកទី៤នេះ។

         ភាពងាយស្រួល

         អ្នកវិភាគជាច្រើនបានចាត់ទុកថា ការបោះឆ្នោតបានឆ្លុះបញ្ចាំងនូវឥទ្ធិពលនៃជ័យជំនះលើសមរភូមិជាបន្តបន្ទាប់ ដែលរដ្ឋអំណាចលោកប្រធានាធិបតី Bashar Assad ដណ្ដើមបានក្នុងអំឡុងពេលកន្លងមក។ មានន័យថា បន្ទាប់ពីការពង្រឹងអំណាចដោយកម្លាំងយោធានៅចំពោះមុខក្រុមឧទ្ទាម ភេរវកម្មនិងជ្រុលនិយមនានា រដ្ឋអំណាចស៊ីរីបន្តដណ្ដើមបានការពង្រឹងអំណាចដ៏សំខាន់មួយទៀតដែលជាជំនឿទុកចិត្តនិងការស្រុះចិត្តគំនិតរបស់ប្រជាជន។

         លើរណសិរ្សការទូត រដ្ឋអំណាចលោកប្រធានាធិបតី Bashar Assad បន្តទទួលបានការគាំទ្រពីសំណាក់សម្ព័ន្ធមិត្តនិងដៃគូសំខាន់ៗ ជាពិសេសគឺរុស្ស៊ី។ នាថ្ងៃទី២៨ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរសារលិខិតអបអរសាទរជូនលោកប្រធានាធិបតី Al Assad ក្នុងឱកាសជាប់ឆ្នោតជាថ្មីម្ដងទៀត ក្នុងនោះសង្កត់ធ្ងន់ថា លទ្ធផលនៃការបោះឆ្នោតបានគូសបញ្ជាក់ពីទំនុកចិត្តរបស់ប្រជាជនស៊ីរីចំពោះលោក Assad។ គួរកត់សម្កាល់ថា មួយថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីស៊ីរី ពោលគឺថ្ងៃទី២៥ ខែឧសភា កងទ័ពរុស្ស៊ីបានចាត់បញ្ជូនយន្តហោះចម្បាំងយុទ្ធសាស្ត្រ Tu-២២M៣ ទៅកាន់មូលដ្ឋានទ័ពជើងអាកាស Hmeimim ភាគខាងលិចស៊ីរី។ ទន្ទឹមនឹងគោលដៅផ្សេងៗ ការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រប្រភេទនេះត្រូវបានចាត់ទុកថា ជាសារមួយស្ដីពីការប្ដេជ្ញាចិត្តគាំទ្រយ៉ាងខ្លាំងក្លារបស់រុស្ស៊ីចំពោះរដ្ឋអំណាចលោកប្រធានាធិបតី Assad។

        ស្រដៀងគ្នានេះដែរ ប្រទេសមហាអំណាចមួយទៀតគឺ ចិន ក៏បានបន្តអះអាងពីការគាំទ្រចំពោះលោកប្រធានាធិបតី Bashar Assad ផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំងកាលពពីថ្ងៃទី២៨ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា “ចិននិងស៊ីរីជាមិត្តប្រពៃណីដ៏ល្អប្រសើរ។ ចិនគាំទ្រស៊ីរីជាដាច់ខាតក្នុងបុព្វហេតុការពារអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសមជ្ឈឹមបូព៌ាមួយនេះ”។

ភាពងាយស្រួលនិងបញ្ហាប្រឈមចំពោះលោកប្រធានាធិបតីស៊ីរីក្នុងអាណត្តិថ្មី - ảnh 2ប្រជាជនស៊ីរីប្រមូលផ្ដុំគ្នានៅទីលាន Omayyad ដើម្បីអបអរសាទរជ័យជំនះរបស់
លោក Bashar Assad។ (រូបថត៖ AP)

        បញ្ហាប្រឈម

         បើតាមអ្នកវិភាគជាច្រើនចាត់ទុកថា ការទទួលបានការគាំទ្ររបស់ប្រជាជនក្នុងស្រុក ក៏ដូចជារបស់សម្ព័ន្ធមិត្តនិងដៃគូអន្តរជាតិនោះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីលោកប្រធានាធិបតី អាយុ៥៥ឆ្នាំ រូបនេះរបស់ស៊ីរី ជំរុញការអនុវត្តគោលដៅរបស់ខ្លួនដែលត្រូវបានហៅថា “ក្ដីសង្ឃឹមតាមរយៈការងារ”។ នោះគឺតាមរយៈការងារដើម្បីកសាងឡើងវិញប្រទេសស៊ីរីតាមជំហាននីមួយៗ ដែលកំពុងត្រូវប្រឈមនឹងការលំបាកឧបសគ្គជាច្រើន បណ្ដាលមកពីជម្លោះក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ដែលដំបូងបង្អស់គឺការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩។

         ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែផ្លូវនាំទៅគោលដៅនេះ នៅវែងអន្លាយ ហើយមានបញ្ហាប្រឈមជាច្រើន។ ក្នុងនោះ បញ្ហាប្រឈមដ៏ធំនិងចម្បងបំផុតនៅតែជាការបង្រួបបង្រួមបូរណភាពដែនដី ការស្ដារនិងធ្វើឲ្យប្រទេសជាតិរស់រានឡើងវិញក្រោយសង្គ្រាម។ នាបច្ចុប្បន្ន តំបន់ភាគពាយព្យ ភាគខាងជើងនិងភាគឦសានស៊ីរី នៅតែស្ថិតនៅក្រោមការទន្ទ្រានកាន់កាប់របស់កងកម្លាំងប្រឆាំងនិងក្រុមឧទ្ទាម។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ជនជាតិ Kurd ដោយមានខ្មាន់កាំភ្លើងជាង១សែននាក់ កំពុងកាន់កាប់ដែនដីប្រមាណ២៥% និងធនធានប្រមាណ៨០%របស់ស៊ីរី។ លើសពីនេះទៅទៀត ក្រៅពីកងកម្លាំងរបស់រុស្ស៊ីដែលជួយរដ្ឋាភិបាលស៊ីរីបង្ក្រាបក្រុមភេរវកម្មនិងក្រុមជ្រុលនិយមនោះ លើដែនដីស៊ីរីនៅមានវត្តមានកងកម្លាំងបរទេសផ្សេងៗជាច្រើនដូចជា កងកម្លាំងទួរគីប្រមាណ ១២ពាន់នាក់នៅភាគ ពាយព្យស៊ីរីនិងកងកម្លាំងអាមេរិកប្រមាណ៩០០នាក់។ កងកម្លាំងទាំងនេះកំពុងប្រដេញតាមរកគោលដៅនិងមហិច្ឆតាខុសៗគ្នា សូម្បីតែផ្ទុយគ្នាផងដែរ។

    សភាពការណ៍ដ៏ស្មុគស្មាញនេះ បណ្ដាលឲ្យកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមដែនដីរបស់រដ្ឋាភិបាលស៊ីរីជួបការលំបាកយ៉ាងខ្លាំង ដោយសារវាទាមទារមិនត្រឹមតែប្រភពធនធានសេដ្ឋកិច្ចធំសម្បើមប៉ុណ្ណោះទេ ថែមទាំងការមូលមតិជាឯកឆន្ទរបស់កម្លាំងនយោបាយនានាក្នុងប្រទេសក៏ដូចជាការជួយគាំទ្រនិងកិច្ចសហប្រតិបត្តិការដោយសុឆន្ទៈរបស់កងកម្លាំងនៅក្នុងនិងក្រៅតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ