ភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - នាថ្ងៃទី៨ ខែសីហា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋ អាមេរិកនិងប្រទេស ចិន បន្តមានបម្រែបម្រួលថ្មី នាពេលដែលក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងដំឡើងពន្ធបន្ថែម២៥%ទៅលើទំនិញនាំចូលពីអាមេរិក ក្នុងតំលៃសរុប ប្រមាណ១៦ពាន់លានដុល្លាអាមេរិក ចាប់ពីថ្ងៃទី២៣ ខែសីហា ខាងមុខនេះ។ សេចក្ដីសម្រេចខាងលើត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាល អាមេរិកបានចេញសេចក្ដី ជូនដំណឹងស្រដៀងគ្នាចំពោះទំនិញនាំចូលពីប្រទេសចិន។ ប្រការនេះសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរនេះ ហាក់ដូចជាមិនចង់បន្ធូរស្រាលភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មនាបច្ចុប្បន្នឡើយ។

ការសងសឹកគ្នាទៅវិញទៅមក

        ក្នុងរយៈពេលជាងមួយខែកន្លងទៅ ចាប់តាំងពីការដំឡើងពន្ធ២៥%របស់អាមេរិកចំពោះ ទំនិញនាំចូលពីចិនក្នុងតំលៃសរុបប្រមាណ៣៤ពាន់លានដុល្លាអាមេរិកចូលជាធរមាននោះ គឺមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរនេះ បានតបតគ្នាទៅវិញទៅមកជាបន្តបន្ទាប់។ អាមេរិកជានិច្ចកាលជាអ្នកបង្ករឿងហេតុមុន ខណៈដែលចិនតែងតែតបតវិញយ៉ាងសក្តិសមទាំងខាងកម្រិតពន្ធនិងខាងតំលៃទំនិញដែរ។ មូលហេតុរបស់អាមេរិក គឺដោយសារចិនបានអនុវត្តន៍ គោលនយោបាយពាណិជ្ជកម្មអសមភាព ហើយរំលោភបំពានទៅលើសិទ្ធិចម្លងបច្ចេកវិទ្យារបស់ក្រមហ៊ុននានារបស់អាមេរិក។ ម្យ៉ាងវិញទៀត ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានសន្យាថា នឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយចិនកាលពីមុនផងដែរ។

        តាមការព្យាករណ៍ថា ការដំឡើងពន្ធ២៥%របស់អាមេរិកនឹងមិនបញ្ឈប់នៅត្រឹមតំលៃទំនិញប្រមាណ៣៤ពាន់លានដុល្លាអាមេរិកនាពេលកន្លងទៅ និងកម្រិតបង្កើនបន្ថែម១៦ពាន់លានដុល្លាអាមេរិក នាថ្ងៃទី២៣ ខែសីហា ខាងមុខនេះទេ។ នេះត្រឹមតែជាការព្រមានចំពោះប៉េកាំងតែប៉ុណ្ណោះ។ រដ្ឋអំណាចប្រធានាធិបតី Donald Trump អាចនឹងធ្វើសកម្មភាពយ៉ាងរឹងមាំថែមទៀតដើម្បីបង្ខំឲ្យប៉េកាំងត្រូវចូលរួមកិច្ចចរចា។

        សង្គ្រាមទាក់ទិនដល់ការប្រកួតប្រជែង

        សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនត្រឹមតែជាទំនាស់ ដើម្បីកាត់បន្ថយឱនភាពាណិជ្ជកម្មឡើយ តែវាជាសង្គ្រាមដែលជាប់ពាក់ព័ន្ធដល់ការប្រកួតប្រជែងអំពីបច្ចេកវិទ្យានិងសមត្ថភាពជាតិក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ មូលហេតុអាចជាផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិន ដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រ “ការផ្ដួចផ្ដើមគំនិតដែលត្រូវបានផលិតនៅចិនឆ្នាំ២០២៥” (Made in China 2025 Initiative)។ នេះជាយុទ្ធសាស្ត្រជាតិសំដៅជំរុញវិស័យសំខាន់ៗចំនួន១០ស្ដីពីបច្ចេកវិទ្យាដូចជា បណ្ដាញ ៥G និងសន្តិសុខបណ្ដាញអ៊ីនធឺណែត មនុស្សយន្ត និងអវកាសជាដើម។ ដោយការអនុវត្តយុទ្ធសាស្ត្រជាតិនេះ ចិនកំពុងក្លាយទៅជាការគំរាមកំហែងមួយចំពោះអាមេរិក នៅក្នុងវិស័យ ដែលជាឧត្តមភាពរបស់វ៉ាស៊ីនតោនតាំងពីមុនមក។

        ទំហំពាណិជ្ជកម្មនិងសេវាសកម្មរវាងអាមេរិកនិងចិនទទួលបាន៦៥០ពាន់លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ។ ការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះពីកម្រិត៣៧៥ពាន់លាន ដុល្លាអាមេរិកក្នុងមួយឆ្នាំចុះនៅត្រឹម១០០ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំនោះ គឺភារកិច្ចដែលមិនអាចធ្វើបានឡើយ។ ដោយហេតុនេះតាមអ្នកជំនាញជាច្រើនឲ្យដឹងថា ភាពតានតឹងខាងពាណិជ្ជកម្មត្រឹមតែជាលេសមួយប៉ុណ្ណោះដើម្បីអាមេរិកត្រៀមរៀបចំឲ្យការប្រកួតប្រជែងជាបន្តនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ