ភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសលោកខាងលិចនិងចិន
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ទំនាក់ទំនងរវាងបណ្តាប្រទេសលោកខាងលិច ជាក់ស្ដែងគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) ជាមួយចិនកាន់តែមានភាពតានតឹងយ៉ាងធ្ងន់ធ្ងរ។ វិធានការណ៍ដ៏តឹងរឹងជាច្រើនសំដៅដាក់គ្នាទៅវិញទៅមកត្រូវបានបង្ហាញចេញ ដោយរុញទំនាក់ទំនងរវាងភាគីទាំងពីរឲ្យធ្លាក់ចូលដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅផងដែរ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយតាមការចាត់ទុករបស់រដ្ឋាភិបាលចិននៅស៊ីនជាំង (រូបថត AFP) |
ជាក់ស្ដែង និន្នាការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសលោកខាងលិចនិងចិនគឺជាសេណារីយ៉ូដែលត្រូវបានមជ្ឈដ្ឋានអ្នកវិភាគនិយាយដល់តាំងពីមុននេះមកហើយ ជាពិសេសបន្ទាប់ពីលោក Joe Biden បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ តាមពេលវេលាសេណារីយ៉ូនេះជាបណ្ដើរៗបានក្លាយជាការពិត ខណៈពេលដែលប្រធានាធិបតីនៃប្រទេសមហាអំណាចលេខមួយនៅលើពិភពលោកបានចេញសេចក្ដីថ្លែងការ រួមទាំងសកម្មភាពយ៉ាងម៉ឺងម៉ាត់ចំពោះចិន ព្រមទាំងខិតខំប្រឹងប្រែងអូសទាញ់សម្ព័ន្ធមិត្តអឺរ៉ុប ឱ្យចូលរួមទប់ទល់នឹងទីក្រុងប៉េកាំង។
ជាលទ្ធផល ភាគីទាំងពីរត្រូវបានប្រឈមមុខដាក់គ្នាយ៉ាងតឹងរឹង ដែលមិនធ្លាប់មានតាំងពីមុនមកជាមួយនឹងបទដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមក
បទដាក់ទណ្ឌកម្មដាក់គ្នាទៅវិញទៅមក
កាលពីថ្ងៃទី ២២ ខែមីនា សហភាពអឺរ៉ុបនិងចក្រ ភពអង់គ្លេសបានប្រកាសបទដាក់ទណ្ឌកម្មទៅលើបុគ្គលនិងអង្គការនានានៅចិនពីបទរំលោភសិទ្ធិមនុស្សនៅ Shinjang (ស៊ីនជាំង)។ ដូច្នេះ EU បានដាក់ទណ្ឌកម្មហាមឃាត់ការធ្វើដំណើរនិងបង្កកទ្រព្យសម្បត្តិចំពោះមន្រ្តីចិនចំនួន ៤ រូប ដែលកាន់ដំណែងជាថ្នាក់ដឹកនាំនៅតំបន់ ស៊ីនជាំង និងក្រុមហ៊ុនសំណង់មួយកន្លែងនៅតំបន់ ស៊ីនជាំង នៃប្រទេសចិន។ នេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ១៩៨៩ ដែលអឺរ៉ុបបានដាក់ទណ្ឌកម្មលើចិនពីបទចោទប្រកាន់អំពីសិទ្ធិមនុស្ស។ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់ EU នោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab ក៏បានប្រកាសថា ប្រទេសនេះនឹងដាក់ទណ្ឌកម្មស្រដៀងគ្នានឹង EU ទៅលើចិនផងដែរ។
ភ្លាមៗមួយរំពេច ចិនបានធ្វើការតបតវិញ ពោលគឺចិនបានចេញសេចក្ដីប្រកាសដាក់ទណ្ឌកម្មទៅលើ បុគ្គលចំនួន ១០ នាក់និងអង្គការចំនួន ៤ នៅ EU ក្នុងនោះមានសមាជិកសភា អនុគណៈកម្មាធិការសិទ្ធិមនុស្សនៅក្នុងសភាអឺរ៉ុបគណៈកម្មការនយោបាយនិងសន្តិសុខនៃក្រុមប្រឹក្សាអឺរ៉ុប វិទ្យាស្ថាន Mercator សិក្សាស្រាវជ្រាវអំពីចិន ដែលស្ថិតនៅទីក្រុងប៊ែរឡាំង និង "សម្ព័ន្ធភាពប្រជាធិបតេយ្យ" ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ដាណឺម៉ាក។ យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថាវិធានការសងសឹករបស់ចិនគឺមានទ្រង់ទ្រាយនិងលក្ខណៈប្ដូរផ្ដាច់ជាង បើប្រៀបធៀបនឹងបណ្ដាបទដាក់ទណ្ឌកម្មរបស់ EU។
សារ និងយថាទស្សន៍
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថាបណ្ដាកាយវិការយ៉ាងតឹងរឹងដាក់គ្នាទៅវិញទៅមករបស់ភាគីទាក់ទិននានាបានឆ្លុះបញ្ចាំងពីការខ្វែងគំនិតគ្នាយ៉ាងស្មុគស្មាញ និងពិបាកសម្រុះសម្រួលគ្នារវាងប្រទេសលោកខាងលិចនិងចិន។ ក្នុងនោះ ទីក្រុងប៉េកាំងបានតបតវិញយ៉ាងខ្លាំងក្លាចំពោះបទដាក់ទណ្ឌកម្មរបស់ EU ព្រមទាំងមានប្រតិកម្មយ៉ាងប្ដូរផ្ដាច់ចំពោះបណ្ដាកាយរិការរបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសគឺនៅសម័យសន្ទនាអាឡាស្កា ដោយបាននាំមកនូវសារយ៉ាងច្បាស់លាស់។ ដូច្នេះ ចិននឹងមិនចុះញ៉មឡើយ ពោលគឺតបតវិញយ៉ាងសមស្រប ហើយថែមទាំងប្ដូរផ្ដាច់ជាងនេះទៅទៀតចំពោះរាល់សកម្មភាពរបស់សហរដ្ឋអាមេរិកនិង EU។
សារនេះបានបណ្ដាលឲ្យទាំងសហរដ្ឋអាមេរិក និង EU ត្រូវពិចារណា និងវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រទប់ទល់នឹងចិនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លទ្ធភាព កែប្រែឥរិយាបថតាមទិសធ្វើសម្បទាន ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគវាយតម្លៃថាគឺពិបាកកើតមានឡើងណាស់ ដោយសារហេតុផលជាច្រើន។ ក្នុងនោះហេតុផលសាមញ្ញប៉ុន្តែសំខាន់បំផុតគឺបញ្ហាមុខមាត់ កិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស។ ដូច្នេះទំនងជាសហរដ្ឋអាមេរិកនិង EU នឹងបន្តធ្វើកាយវិការយ៉ាងតឹងរឹងចំពោះចិន ហើយពិតណាស់ថា ចិននឹងឆ្លើយតបតវិញ ហើយថែមទាំងខ្លាំងក្លាជាងនេះទៅទៀត។
ការពិតជាក់ស្ដែងនេះ បានបណ្ដាលឲ្យយថាទស្សន៍ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសលោកខាងលិចនិងចិនក្នុងរយៈពេលខ្លីមិនប្រាកដប្រជាឡើយ។ ដូច្នេះហើយ សង្គ្រាមពាណិជ្ជកម្ម ពោលគឺការប្រកួតប្រជែងយុទ្ធសាស្ត្រ និងការប្រឈមមុខដាក់គ្នាលើគ្រប់ទិដ្ឋភាពរវាងសហរដ្ឋអាមេរិក និងចិន មិនអាចបញ្ចុះកម្ដៅបានឡើយ។ ទន្ទឹមនឹងនេះកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយ ទើបសម្រេចបាននៅចុងឆ្នាំ ២០២០ រវាង EU និងចិន ដែលត្រូវបានគេចាត់ទុកថាជាសមិទ្ធិផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏កាន់តែប្រឈមនឹងហានិភ័យដែលមិនអាចត្រូវបានសភាអឺរ៉ុបអនុម័តផងដែរ៕