ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បន្តកើនឡើង

(VOVWORLD) - រាល់ការព្រួយបារម្ភអំពីជម្លោះមួយនៅមជ្ឈឹមបូព៌ាបន្តកើតមានឡើងជាថ្មីម្ដង ទៀត ក្រោយពីមន្ទីរបញ្ចកោណអាមេរិកបញ្ជូននាវាពិឃាតមួយក្រុមទៅតំបន់ សមុទ្រក្បែរអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់បានគំរាមកំហែងថា នឹងស្ដារឡើងវិញនូវសកម្ម ភាពចម្រើនអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់។ ដូច្នេះហើយ ចំនៅនឹងពេលមួយឆ្នាំគិតចាប់តាំងពីថ្ងៃ ដែលប្រធានា ធិបតីអាមេរិកលោក Donald Trump ប្រកាសដកខ្លួនចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មក ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះកាន់មានភាពតែតានតឹង ឡើងៗ ដែលគំរាមកំហែងដោយផ្ទាល់ទៅនឹងសន្តិភាពនៅមជ្ឈឹមបូព៌ា។

រាល់កាយវិកាដ៏ម៉ឺងម៉ាត់របស់ទាំងអាមេរិកនិងអ៊ីរ៉ង់នាពេលកន្លងទៅនេះ អាចត្រូវបានចាត់ទុកថា ជាការតបតគ្នាទៅវិញទៅមក។ គោលនយោបាយដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ក្នុងអំឡុងពេលមួយឆ្នាំកន្លងទៅ អាចជួយអោយវ៉ាស៊ីនតោនកាត់បន្ថយឥទ្ធិពលនិងកម្លាំងរបស់អ៊ីរ៉ង់ ប៉ុន្តែច្បាស់ណាស់ថា វាក៏នឹងនាំទៅរកផលវិបាកដែលនឹកស្មានមិនដល់ផងដែរ។

        ការតបតគ្នាទៅវិញទៅមក

        ស្ថានភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់គឺពាក់ព័ន្ធដល់កិច្ចព្រមព្រៀងអន្តរជាតិស្ដីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (JCPOA)។ នាឆ្នាំ២០១៨ អាមេរិកបានដកខ្លួនដោយឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ ដោយមូលហេតុថា JCPOA មិនរឹតបន្តឹងសកម្មភាពបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ក៏ដូចជាមិនដាក់កំហិតទៅលើការចូលរួមជម្លោះក្នុងតំបន់របស់អ៊ីរ៉ង់ឡើយ។ ភ្លាមៗបន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ អាមេរិកបានបង្កើនសម្ពាធដោយឥតឈប់ឈរទៅលើអ៊ីរ៉ង់ ដែលជាក់ស្ដែងគឺការស្ដារបទដាក់ទណ្ឌកម្មជាច្រើនតម្រង់ទៅលើអ៊ីរ៉ង់ឡើងវិញ ជាពិសេសគឺលើវិស័យប្រេងឧស្ម័ន។

        ក្នុងអំឡុងពេលមួយឆ្នាំកន្លងទៅ អ៊ីរ៉ង់ត្រូវទទួលរងបទដាក់ទណ្ឌកម្មជាបន្តបន្ទាប់របស់អាមេរិក ទោះបីជារាល់ការត្រួតពិនិត្យរបស់ស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) រហូតដល់ពេលនេះ សុទ្ធតែអះអាងថាអ៊ីរ៉ង់គោរពយ៉ាងទៀងទាត់ចំពោះមាត្រានានានៃកិច្ចព្រមព្រៀង JCPOA។ ក្នុងកាលៈទេសៈនោះ ភាពតានតឹងរវាងតេអេរ៉ង់និងវ៉ាស៊ីនតោនកាន់តែធ្ងន់ធ្ងរថែមទៀត នាពេលដែលអាមេរិកដាក់បញ្ចូល កម្លាំងស្វ័យការពារបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ចូលក្នុងអ្វីដែលគេហៅថា “បញ្ជីឈ្មោះភេរវកម្ម”។ កាយវិកានេះបានធ្វើអោយអ៊ីរ៉ង់អស់ការអត់ធ្មត់។ ក្រៅពីការប្រកាសនឹងបិទច្រកសមុទ្រ Hormuz ដែលជាខ្សែផ្លូវសមុទ្រសំខាន់មួយរបស់ពិភពលោកនោះ គឺនាថ្ងៃទី៨ ខែឧសភា ប្រធានាធិបតីអ៊ីរ៉ង់បានប្រកាសថា ក្រោយរយៈពេល៦០ថ្ងៃ អ៊ីរ៉ង់នឹង “បង្រួញ” ការអនុវត្តការសន្យានានាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលជាក់ស្ដែងគឺនឹងបង្កើនការចម្រើនអ៊ុយរ៉ាញ៉ូម។ នេះគឺជាកាលកំណត់ដែលអ៊ីរ៉ង់ដាក់ចេញចំពោះប្រទេសនៅសេសសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររួមមានអង់គ្លេស ចិន រុស្ស៊ី បារាំង និងអាល្លឺម៉ង់ ត្រូវការពារវិស័យប្រេងឧស្ម័ននិងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ចំពោះ បទដាក់ទណ្ឌកម្មរបស់អាមេរិក។

        ត្រឹមតែប៉ុន្មានម៉ោងក្រោយពីសេចក្ដីប្រកាសរបស់ប្រធានាធិបតីអ៊ីរ៉ង់តែប៉ុណ្ណោះ ប្រមុខសេតវិមានបន្តចេញក្រិត្យដាក់ទណ្ឌកម្មទៅលើវិស័យអណ្ដូងរ៉ែនិងលោហធាតុ ដែលជាប្រភពចំណូលធំបំផុតបន្ទាប់ពីប្រេងឧស្ម័នរបស់អ៊ីរ៉ង់។ វ៉ាស៊ីនតោន ក៏បានព្រមានថា តេអេរ៉ង់នឹង “រងទុក្ខជាច្រើនថែមទៀត” លុះត្រាតែគេផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន។

        ក្រៅពីសេចក្ដីប្រកាសយ៉ាងរឹងដូចមាំពោលខាងលើនេះ រាល់ការវិវត្តន៍ក្នុងការពិតជាក់ស្ដែងក៏បង្កឡើងការព្រួយបារម្ភផងដែរ។ នាបច្ចុប្បន្ន ក្រុមនាវាពិឃាត USS Abraham Lincoln កំពុងធ្វើដំណើរទៅកាន់មជ្ឈឹមបូព៌ា ហើយកងទ័ពជើងអាកាសអាមេរិកក៏បានដាក់ពង្រាយក្រុមយន្តហោះចម្បាំង B-52 ទៅកាន់តំបន់នេះដែរ។ ក្នុងពេលជាមួយគ្នានោះ កម្លាំងស្វ័យការពារបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់កំពុងដាក់ពង្រាយកាំជ្រួចមីស៊ីលជាច្រើនទៅតំបន់ឆ្នេរមើលទៅច្រកសមុទ្រ Hormuz ផងដែរ។

        អន្តរជាតិព្រួយបារម្ភ

        ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ធ្លាប់ត្រូវបានជ្រើសរើសជាព្រឹត្តិការណ៍អន្តរជាតិលេចធ្លោក្នុងឆ្នាំ២០១៥ ព្រមទាំងជាជ័យជំនះរបស់ភាគីនានាក្នុងការដាក់កំហិតលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ហើយទោះបីជាអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ក៏ដោយ ប៉ុន្តែអ៊ីរ៉ង់មិនធ្លាប់ប្រកាសនឹងរំលោភកិច្ចព្រមព្រៀងនេះទេ។

        ដោយហេតុនេះ ការដែលប្រធានាធិបតីអ៊ីរ៉ង់ប្រកាសនឹងបង្រួញការអនុវត្តការសន្យានានាក្នុងកិច្ចព្រមព្រៀងពោលខាងលើ បានធ្វើអោយប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងក៏ដូចជាសាធារណៈមតិអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង។ រដ្ឋមន្រ្តីការពារជាតិបារាំងលោកស្រី Florence Parly បានអះអាងថា៖ “នាបច្ចុប្បន្នគ្មានអ្វីអាក្រក់ជាងការដែលអ៊ីរ៉ង់ដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ”។ លោកស្រីបានអោយដឹងថា បារាំង អង់គ្លេសនិងអាល្លឺម៉ង់កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាកិច្ចព្រមព្រៀងនេះតាមរយៈការដាក់ចេញគំនិតផ្ដួចផ្ដើមជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចអ៊ីរ៉ង់ ដោយមិនអើពើដល់បទដាក់ទណ្ឌកម្មរបស់អាមេរិកឡើយ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋអំណាចប៉េកាំងក៏បានប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់នឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់អាមេរិកចំពោះអ៊ីរ៉ង់ផងដែរ។

        ការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លែអ៊ែររវាងអ៊ីរ៉ង់ជាមួយក្រុម P៥+១ គឺជាគ្រោះថ្នាក់ចំពោះទាំងអ៊ីរ៉ង់និងពិភពលោក។ ប្រសិនបើអាមេរិកបន្តដាក់សម្ពាធទៅលើអ៊ីរ៉ង់នោះ គឺវាអាចបង្កឡើងឥទ្ធិពលបញ្ច្រាស។ នាពេលនោះ ការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងមិនបញ្ឈប់នៅកម្រិត “គ្រោះអាសន្ន” ទៀតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ