យថាទស្សន៍ក្នុងការកែលម្អទំនាក់ទំនង រុស្ស៊ី - ប្រទេសលោកខាងលិច
(VOVWORLD) - ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងរវាងរុស្ស៊ី និងប្រទេសលោកខាងលិចមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ជាច្រើន។ ក្នុងនោះនិន្នាការកើនឡើងនៃភាពតានតឹងកំពុងធ្វើការគំរាមកំហែងដល់យថាទស្សន៍កែលម្អទំនាក់ទំនងរវាងភាគីទាំងពីរក្នុងរយៈពេលខ្លីក៏ដូចជាក្នុងរយៈពេលយូរអង្វែងផងដែរ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ឆ្វេង) និងឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសន្តិសុខនិងកិច្ចការបរទេសលោក Joseph Borrell (ប្រភព៖ Begin-Sadat) |
ការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់បំផុតនាពេលថ្មីៗនេះ គឺការដែលលោកប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃទី ៤ ខែឧសភាបានចេញសេចក្ដីប្រកាសដោយមានបំណងចង់រៀបចំកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែមិថុនាឆ្នាំនេះ។ នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Joe Biden ចាប់តាំងពីពេលចូលកាន់ដំណែងជា ប្រធានាធិបតីអាមេរិកកាលពីដើមឆ្នាំ។ គួរឲ្យកាត់សម្គាល់ថា នេះគឺជាលើកទី ២ ហើយ ក្នុងរយៈពេល ១ ខែកន្លងទៅ ដែល លោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញពីបំណងចង់រៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា នេះគឺជាសញ្ញាវិជ្ជមាន ក្នុងបរិបទដែលទំនាក់ទំនងរវាងរុស្ស៊ី និងបណ្ដាប្រទេសជាសមាជិក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កំពុងតានតឹងដ៏ធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹងបញ្ហាជាច្រើន។
ភាពតានតឹងកើនឡើង
ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការប្រកាសរបស់ប្រធានាធិបតីអាមេរិកអំពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ីនោះ រវាងរុស្ស៊ីនិងសហភាពអឺរ៉ុប (EU) ដែលជាសម្ព័ន្ធមិត្ត ដ៏យូរអង្វែងរបស់អាមេរិកមានប្រតិកម្មតបតវិញជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីថ្ងៃទី ៣០ ខែមេសា កន្លងទៅ បន្ទាប់ពីរុស្ស៊ីបានប្រកាសហាមឃាត់ការឆ្លងដែនចំពោះមន្ត្រី EU ចំនួន ៨ រូប ក្នុងនោះ មាន ប្រធានសភាអ៊ឺរ៉ុបលោក David Sassoli និងអនុប្រធានគណៈ កម្មការអឺរ៉ុបលោកស្រី Vera Jourova នោះ EU មានប្រតិកម្មភ្លាមមួយរំពេចដោយបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការនេះ។ ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានប្រកាសថ្កោលទោសចំពោះការសម្រេចចិត្តរបស់រុស្ស៊ីដោយបញ្ជាក់ថានឹងមានវិធានការតបតវិញយ៉ាងសក្តិសមផងដែរ។
ប្រធានាធិបតីអាមេរិក Joe Biden (ឆ្វេង) សង្ឃឹមថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin (ស្តាំ) នៅខែក្រោយ (រូបថត៖ AFP / VNA) |
ចំណែកខ្លួនវិញ រដ្ឋអំណាចរុស្ស៊ីបានលើកច្បាស់ថាការហាមប្រាមការឆ្លងដែនចំពោះមន្ត្រី EU សំដៅតបតវិញចំពោះការហាមប្រាមការឆ្លងដែន និងការបង្កកទ្រព្យសម្បត្តិរបស់ ក្រុមប្រឹក្សាអឺរ៉ុប (EC) កាលពីខែមិនាកន្លងទៅចំពោះមន្ត្រីរុស្ស៊ីចំនួន៤ រូប ពីបទពាក់ព័ន្ធនឹងករណីចាប់ខ្លួនមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។ ទន្ទឹមនឹងនេះ ប្រទេសជាសមាជិក EU ជាច្រើន ជាពិសេសគឺសាធារណរដ្ឋឆែកបានបន្តចាត់វិធានការតឹងរឹងចំពោះរុស្ស៊ី រួមមានការបណ្ដេញអ្នកការទូតរុស្ស៊ីជាច្រើនរូប។ អ្នកវិភាគជាច្រើនបានវាយតម្លៃទំនាក់ទំនងរុស្ស៊ី - អ៊ឺរ៉ុបកំពុងស្ថិតនៅកម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់។
មិនត្រឹមតែរងសម្ពាធរបស់ EU ប៉ុណ្ណោះទេរុស្សីក៏ត្រូវរងសម្ពាធយ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តលេខមួយរបស់អឺរ៉ុប។ កាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅ រដ្ឋការសហរដ្ឋអាមេរិកបានប្រកាសវិធានការសំដៅទៅលើរុស្ស៊ី រួមមានការបញ្ដេញអ្នកការទូតចំនួន១០ នាក់ ព្រមទាំងហាមប្រាមការឆ្លងដែន និងបង្កកទ្រព្យសម្បត្តិចំពោះបុគ្គល និងអង្គភាពប្រមាណ ៤០ របស់រុស្ស៊ី។ នៅពេលនោះ រុស្ស៊ីបានបណ្ដេញអ្នកការទូតអាមេរិកចំនួន ១០ នាក់ ដើម្បីតបតវិញ។
យថាទស្សន៍សហប្រតិបត្តិការសន្ទនា
ក្នុងការវិវឌ្ឍទាក់ទងនឹងទំនាក់ទំនងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចក្នុងដំណាក់កាលនេះ សាធារណៈមតិមានការចាប់អារម្មណ៍ជាពិសេសចំពោះសកម្មភាពរបស់អាមេរិក។ យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនកំពុងផ្ញើសារចំនួនពីរទៅកាន់ទីក្រុងម៉ូស្គូក្នុងពេលតែមួយគឺ៖ ចង់សន្ទនា និងត្រៀមខ្លួនជាស្រេចចាត់វិធានការតឹងរឹង។ អ្នកជំនាញជាច្រើនបានអះអាងថា
ទំនាក់ទំនងជាមួយរុស្ស៊ីក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានកំណត់រូបរាងយ៉ាងច្បាស់លាស់តាមទិសតឹងរឹងជាង បើប្រៀបធៀបនឹងអតីតប្រធានាធិបតី លោក Donald Trump។ និន្នាការនេះធ្វើឱ្យលទ្ធភាពកែលម្អទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក យ៉ាងឆាប់រហ័សគឺមិនខ្ពស់ឡើយ។
ប៉ុន្តែយោងតាមម្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ប្រទេសលោកខាងលិចត្រូវការរុស្ស៊ីក្នុងការដោះស្រាយបញ្ហាក្ដៅគគុកអន្តរជាតិជាច្រើន ក្នុងនោះមានបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ការរក្សាស្ថិរភាពនៅមជ្ឈឹមបូព៌ា ការដោះស្រាយភាពតានតឹងនៅអ៊ុយក្រែន និង រដ្ឋដែលប្រកាសឯករាជ្យពីសហភាពសូវៀត ( Post Soviet states)។ លើសពីនេះទៅទៀត ក្នុងវិបត្តិទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ រុស្ស៊ីតែងតែបង្ហាញសុឆន្ទៈសហប្រតិបត្តិការ និងការសន្ទនាយ៉ាងច្បាស់លាស់។ ដូច្នេះ ក្នុងបវិបទដែលភាពតានតឹងឡើងជណ្ដើរដូចបច្ចុប្បន្ននេះ ការដែលប្រធានាធិបតីអាមេរិក បានប្រកាសបំណងចង់សន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីគឺជាសញ្ញាវិជ្ជមាន ក៏ដូចជាឱកាសកែលម្អស្ថានភាព បើទោះបីខ្លឹមសារ និងលទ្ធផលនៃជំនួបនេះយ៉ាងណាក៏ដោយនោះ៕