យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិកជួបការលំបាក ដោយសារសម្ព័ភាព AUKUS
(VOVWORLD) - ទំនាក់ទំនងសម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបដែលដឹកនាំដោយបារាំងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មី បន្ទាប់ពីព្រឹត្តិការណ៍ដែលប្រទេសទាំងបីគឺ អាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពមួយ ដែលមានឈ្មោះថា AUKUS នៅថ្ងៃទី ១៦ ខែកញ្ញា។ មូលហេតុគឺយោងតាមកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងអង់គ្លេស ជំនួសឱ្យការអនុវត្តកិច្ចសន្យាទិញនាវាមុជទឹកដែលមានតម្លៃជិត ៤០ ពាន់លានដុល្លារអាមេរិក ដែលបានចុះហត្ថលេខាជាមួយបារាំងមុននេះផងដែរ។
រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian (រូបថត៖ រ៉យទ័រ) |
បារាំងខឹងសម្បា អាមេរិកស្វែងរកវិធីរំងាប់អារម្មណ៍
បន្ទាប់ពីព័ត៌មានអំពីការបង្កើត AUKUS ត្រូវបានប្រកាសនោះ មន្រ្តីបារាំងជាច្រើនរូបបានសម្តែងការខឹងសម្បារជាសាធារណៈ ហើយចាត់ទុកថានេះជាសកម្មភាព“ ក្បត់” សម្ព័ន្ធមិត្ត ។ ក្នុងបទសម្ភាន៍ជាមួយស្ថានីយ៍ផ្សាយសម្លេង Franceinfo រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានសង្កត់ធ្ងន់ថា “ នេះមិនមែនជាអ្វីៗដែលសម្ព័ន្ធមិត្តបានធ្វើជាមួយគ្នាឡើយ”។ នៅថ្ងៃទី ១៧ ខែកញ្ញាទីក្រុងប៉ារីសបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅ ក្រុងវ៉ាស៊ីនតោន និងទីក្រុង Canberra ឲ្យវិលត្រឡប់មកប្រទេសវិញ ដើម្បីពិគ្រោះយោបល់ ដោយបានគូសសញ្ញាអំពីជំហានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ក្នុងទំនាក់ទំនងរវាងបារាំងជាមួយអាមេរិក និងអូស្ត្រាលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ចំពោះអង់គ្លេស រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly បានសម្រេចចិត្តលុបចោលកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីលោក Ben Wallace ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍នេះ។ លើលពីនេះទៅទៀត សមាជិកសភា លោក Jean-Luc Melanchon បេក្ខជនប្រធានាធិបតីមកពីគណបក្សសង្គមបារាំងថែមទាំងបានអំពាវនាវឱ្យដកបារាំងចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាជើង (ណាតូ) ទៀតផង ។
ចំពោះសហភាពអឺរ៉ុប (EU) វិញ នៅថ្ងៃទី ២០ ខែកញ្ញា ប្រធានគណៈកម្មការអ៊ឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ចេញប្រតិកម្មដំបូងលើបញ្ហានេះ ដោយនិយាយថា“ មានសំណួរបើកចំហជាច្រើនដែលត្រូវឆ្លើយ។ ប្រទេសជាសមាជិក ១ របស់យើងត្រូវបានប្រព្រឹត្តិតាមរបៀបដែលមិនអាចទទួលយកបានឡើយ” ។ ទោះបីជា ការអត្ថាធិប្បាយនេះត្រូវបានគេចាត់ទុកថាមានការប្រុងប្រយ័ត្នក៏ដោយ ប៉ុន្តែបានបង្ហាញពីការមិនពេញចិត្តរបស់អឺរ៉ុបចំពោះហេតុការណ៍នេះ។
ដើម្បីបន្ធូរស្រាលស្ថានការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី ១៦ ខែកញ្ញា បានអះអាងថា បារាំងនៅតែជា“ ដៃគូដ៏សំខាន់” ក្នុងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ី ព្រមទាំងសង្កត់ធ្ងន់ថា គ្មានការបំបែកបំបាក់ណាមួយ ដែលអាចរារាំងផលប្រយោជន៍របស់ដៃគូនានាជាមួយអាមេរិកនៅមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌាបានឡើយ។ នៅថ្ងៃទី ១៩ ខែកញ្ញា អ្នកនាំពាក្យវិមាន ប្រធានាធិបតីបារាំងលោក Gabriel Attal បាននិយាយថាប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកសំណើរធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅ “ ប៉ុន្មានថ្ងៃខាងមុខនេះ” ។
រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken (រូបថត៖ រ៉យទ័រ) |
ការលំបាករបស់ភាគីទាំងពីរ
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថាក្នុងករណីនេះបារាំងមិនត្រឹមតែរងការខូចខាតខាងសេដ្ឋកិច្ចយ៉ាងធំធេងប៉ុណ្ណោះទេ ថែមទាំងរងផលប៉ះពាល់អំពីកិត្យានុភាពជាតិទៀតផង។ ជាពិសេសគឺក្នុងបរិបទ ដែលបារាំងបានត្រៀមឈានចូលការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីរយៈពេលជាងកន្លះឆ្នាំទៀត ព្រមទាំងទទួលតំណែងជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាអឺរ៉ុប (ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២២) ។ បរិបទនោះធ្វើឱ្យមជ្ឈដ្ឋានអ្នកនយោបាយបារាំងប្រឈមនឹងសម្ពាធដ៏ធំធេង ពោលគឺត្រូវមានសកម្មភាពសមស្រប។
ប៉ុន្តែ ចំពោះព្រឹត្តិការណ៍នេះ ប្រតិកម្មហួសហេតុពេកអាចធ្វើឱ្យខូចខាតដល់ទំនាក់ទំនងនៅត្រើយមហាសមុទ្រអាត្លង់ទិកទាំងសង្ខាង ហើយប្រការនេះនឹងធ្វើឲ្យភាគីទាំងពីររងការខាតបង់។ EU និងណាតូពិតជាមិនគាំទ្រសេណារីយ៉ូនេះឡើយ។ ការដែលប្រធានាធិបតី Macron មិនទាន់បានធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍នេះ គឺមានអាចយល់ថា បារាំងកំពុងពិចារណាអំពីសកម្មភាពដោយប្រុងប្រយ័ត្ន។
ដូចគ្នានេះ សំណុំរឿងនេះក៏ធ្វើឱ្យរដ្ឋអំណាចអាមេរិកស្ថិតក្នុងស្ថានភាពលំបាកផងដែរ។ ប្រតិកម្មរបស់បារាំងនិងអឺរ៉ុបអាចគំរាមកំហែងដល់កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden អំពីការបង្កើនទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិច ក៏ដូចជាយុទ្ធសាស្ត្រ បង្វិលអ័ក្សទៅរកអាស៊ី។ ក្នុងរយៈពេលកន្លងទៅ ប្រធានាធិបតីលោក Joe Biden បានចាត់វិធានការជាច្រើន ដើម្បីកែលម្អទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដែលកាន់តែអាក្រក់ទៅៗយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump។
នៅក្នុងយុទ្ធសាស្ត្រ បង្វិលអ័ក្សទៅរកអាស៊ីនោះ រដ្ឋបាលអាមេរិកបានអះអាងម្តងហើយម្តងទៀតអំពីតួនាទីដ៏សំខាន់របស់សម្ព័ន្ធមិត្តអឺរ៉ុប ដោយព្យាយាមជម្រុញនិងបញ្ចុះបញ្ចូលបណ្តាប្រទេសអឺរ៉ុបឱ្យចូលរួម។ ដូច្នេះ ដំណោះស្រាយវិជ្ជមានបំផុត ដែលសហរដ្ឋអាមេរិក បារាំង និងបណ្តាប្រទេសនៅអឺរ៉ុបក៏ដូចជាដៃគូសំខាន់ៗដទៃទៀតដូចជាជប៉ុន អូស្ត្រាលី ឥណ្ឌា ជាដើម នឹងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹង សំដៅធានាអនុវត្តន៍រាល់គោលដៅរួម ជាពិសេសគឺចក្ខុវិស័យមួយដើម្បីតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកមានសេរីភាពនិងបើកចំហ។ នៅថ្ងៃទី ១៨ ខែកញ្ញា ប្រធានគណៈកម្មាធិការយោធាណាតូ លោកឧត្តមនាវីឯក Rob Bauer បានវាយតម្លៃថា ជម្លោះរវាងបារាំងជាមួយ អាមេរិក និងអូស្ត្រាលីគ្មានលទ្ធភាពប៉ះពាល់ដល់“ កិច្ចសហប្រតិបត្តិការយោធា” ក្នុងប្លុកបានឡើយ៕