របត់ថ្មីមួយនៅឆាកនយោបាយជប៉ុន
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការវិវឌ្ឍន៍នានានៅឆាកនយោបាយជប៉ុន ក្រោយពីការប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី លោក Yoshihide Suga បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាពី សាធារណៈមតិក្នុងតំបន់និងអន្តរជាតិ។ ក្នុងនោះ បញ្ហាដែលថា តើអ្នកណានឹងមកជំនួសលោក Suga ហើយថ្នាក់ដឹកនាំថ្មីនឹងប្រឈមមុខនឹងការលំបាកនា ពេលបច្ចុប្បន្នដូចម្ដេច គឺត្រូវបានគេចាប់អារម្មណ៍យ៉ាងពិសេសផងដែរ។
នាយករដ្ឋមន្រ្តី លោក Yoshihide Suga (រូបថត៖ TTXVN) |
នៅថ្ងៃទី ៣ ខែកញ្ញា នៅក្នុងសន្និបាតរបស់គណបក្សសេរី ប្រជាធិបតេយ្យ (LDP) ដែលកំពុងកាន់អំណាច លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានប្រកាសថាលោកនឹងមិនឈរឈ្មោះជាប្រធានគណបក្ស LDP នៅក្នុងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញានេះឡើយ។ ការប្រកាសនេះមានន័យថា លោកនាយករដ្ឋមន្ត្រី Yoshihide Suga នឹងលាលែងពីតំណែងផងដែរ។
លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានប្រកាសលាលែងពីតំណែង នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ លោក Yoshihide Suga (ពេលនោះជាប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី) ដណ្ដើមបានជ័យជំនះនៅក្នុងការបោះឆ្នោតនៅសភាជប៉ុន ហើយលោកបានក្លាយទៅជា អ្នកស្នងតំណែងពីលោកនាយករដ្ឋមន្រ្តី Shinzo Abe (លោកបានលាលែងពីតំណែងដោយសារហេតុផលសុខភាព) ។ នៅពេលដែលលោក Yoshihide Suga ចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនោះ សន្ទស្សន៍ទំនុកចិត្តជាមួយគណៈរដ្ឋមន្រ្តីជប៉ុនទទួលបានជាង ៧០% ដែលសរឲ្យឃើញពីក្ដីរំពឹងទុកដ៏ធំធេងរបស់សាធារណៈជនចំពោះលោកនាយករដ្ឋមន្រ្តីថ្មីក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសគឺការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩។
ទោះយ៉ាងណាក៏ដោយ នៅពេលរីរុសបម្លែងខ្លួន Delta បានផ្ទុះឡើងនោះ ដូចទៅនឹងបណ្តាប្រទេសដទៃទៀតដែរ ជប៉ុនក៏បន្តទទួលរង រលកនៃការរីករាលដាលជំងឺយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមាន ដល់សកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ យោងតាមការវាយតម្លៃកាលពីដើមខែកញ្ញា ឆ្នាំ ២០២១ របស់ Nikkei Asia បានបង្ហាញថា ខឿនសេដ្ឋកិច្ចធំទី ៣ នៅលើពិភពលោកនេះ មានសន្ទស្សន៍ស្ដារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ក្នុងខែសីហា ឆ្នាំ ២០២១ បានជាប់ចំណាត់ថ្នាក់ទី ៧២ ក្នុងចំណោមប្រទេសទាំង ១២១ ដែលត្រូវបានសិក្សាស្រាវជ្រាវ។ ការពិតនេះបានធ្វើឱ្យលោកនាយករដ្ឋមន្រ្តី Suga និងសមាជិករដ្ឋាភិបាលប្រឈមមុខនឹងការិះគន់ពីសំណាក់សាធារណៈមតិ។ ជាលទ្ធផល បន្ទាប់ពីរយៈពេលមួយឆ្នាំ សន្ទស្សន៍ទំនុកចិត្តជាមួយរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Suga បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ៣០% តែប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតកម្របានឃើញសម្រាប់គណៈរដ្ឋមន្ត្រីជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។
ប្រការនេះត្រូវបានបកស្រាយនៅក្នុងសេចក្តីប្រកាសមិនឈរឈ្មោះបោះឆ្នោតរបស់លោកនាយករដ្ឋមន្រ្តី Suga ខណៈពេលដែលលោកបាននិយាយថា លោកមានគោលបំណងចង់ចំណាយពេលដែលនៅសល់នៃអាណត្តិរបស់ខ្លួនដើម្បីផ្តោតលើការឆ្លើយតបនឹងជំងឺរាតត្បាត ជាជាងការខិតខំប្រឹងប្រែងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
អតីតរដ្ឋមន្រ្តីការបរទេស Fumio Kishida (រូបថត៖ AP) |
បរិបទដែលមានបញ្ហាប្រឈមជាច្រើន
នៅជប៉ុន ការលាលែងពីតំណែងរបស់អ្នកនយោបាយ ក្នុងនោះមានទាំងលោកនាយករដ្ឋមន្ត្រីគឺជាប្រការធម្មតា។ ការដែលលោកនាយករដ្ឋមន្ត្រី Suga បានសម្រេចចិត្តថា នឹងលាលែងពីតំណែង បន្ទាប់ពីដឹកនាំរដ្ឋាភិបាលបានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ ក៏មិនមែនជាករណីកម្រឡើយ។ ឧទាហរណ៍ថា ក្នុងដំណាក់កាលឆ្នាំ ២០០៦-២០១២ មានអ្នកនយោបាយរហូតដល់ ៦ នាក់បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ ជាពិសេស មាននាយករដ្ឋមន្រ្តីម្នាក់ដែលទើបតែចូលកាន់តំណែងបានជាង ២ ខែប៉ុណ្ណោះ ដូចករណីលោកនាយករដ្ឋមន្រ្តី Hata Tsutomu (ចាប់ពីខែមេសាឆ្នាំ ១៩៩៤ ដល់ខែមិថុនា ឆ្នាំ ១៩៩៤) ។
ដូច្នេះ ប្រការដែលសាធារណៈមតិមានចំណាប់អារម្មណ៍បំផុតក្នុងបញ្ហានេះគឺ៖ តើឥស្សរជនណានឹងជំនួសលោក Suga ដើម្បីបន្តដឹកនាំ LDP ក៏ដូចជាទទួលតំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយនិង សាធារណៈមតិជប៉ុនកំពុងយកចិត្តទុកដាក់លើឥស្សរជនមួយចំនួន ដែលអាចចូលរួមការប្រជែងតំណែងប្រធាន LDP នាពេលខាងមុខ ដូចជា អតីតរដ្ឋមន្រ្តីការបរទេសលោក Fumio Kishida អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយ លោក Sanae Takaichi រដ្ឋមន្រ្តីក្រសួងកំណែទម្រង់រដ្ឋបាល លោក Taro Kono អតីតរដ្ឋមន្រ្តីការពារជាតិ លោក Shigeru Ishiba និងអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ។ យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានឲ្យថា បើទោះបីជាអ្នកនយោបាយណានឹងក្លាយទៅជាមេដឹកនាំថ្មីរបស់ LDP បន្ទាប់ពីការបោះឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែកញ្ញានេះ ក៏ត្រូវនឹងប្រឈមមុខនឹងនឹងសម្ពាធនិងបញ្ហាប្រឈមធំ ៗ ជាច្រើនផងដែរ។ ដំបូងគឺភារកិច្ចធានាជ័យជំនះរបស់គណបក្ស LDP ក្នុងការបោះឆ្នោតសកលនាពេលខាងមុខ ក្នុងបរិបទ ដែលកិត្យានុភាពរបស់ LDP កំពុងធ្លាក់ចុះ។ ទីពីរគឺ ភារកិច្ចជាបន្តបន្ទាប់ រួមមានការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ការស្ដារកំណើនសេដ្ចកិច្ចឡើងវិញ ក៏ដូចជាធានាឋានៈអន្តរជាតិរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោកនេះផងដែរ៕