(VOVWORLD) - នាថ្ងៃទី ២៩ ខែឧសភាកន្លងមកនេះ សហភាពអឺរ៉ុប (EU) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងពិភពលោកឆ្នាំ ២០២៣។ ទោះបីជារបាយការណ៍នេះបានឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពមួយចំនួនរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្ស ប៉ុន្តែគួរឲ្យសោកស្តាយត្រង់ថា របាយការណ៍នេះនៅតែបន្តដាក់ចេញការវាយតម្លៃដោយខ្វះភាពសត្យានុម័ត ផ្អែកលើព័ត៌មានមិនពិត ហើយមិនបានឆ្លុះបញ្ចាំងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅវៀតណាមឡើយ។
ប្រភព៖ VOV5 |
ពោលគឺ ក្នុងរបាយការណ៍ សហភាពអឺរ៉ុបបានលើកឡើងថា លំហសង្គមស៊ីវិលនៅប្រទេសវៀតណាមកាន់តែចង្អៀតទៅៗ។ ទន្ទឹមនឹងនោះ អំពាវនាវឲ្យវៀតណាមដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ ពីបទអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
ការវាយតម្លៃខ្វះភាពសត្យានុម័ត
យោងតាមសាស្ត្រាចារ្យរង លោកបណ្ឌិត Hoang Hung Hai នាយករងនៃវិទ្យាស្ថានសិទ្ធិមនុស្សបានឲ្យដឹងថា នៅវៀតណាមមិនមានក្រុមសកម្មជនសិទ្ធិមនុស្សទេ ហើយពលរដ្ឋវៀតណាមគ្រប់រូប មានកាតព្វកិច្ចក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ដូចប្រទេសដទៃទៀតនៅក្នុងពិភពលោកដែរ វៀតណាមមានប្រព័ន្ធច្បាប់ដើម្បីការពារសិទ្ធិមនុស្ស និងប្រយុទ្ធប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្ស។ អាស្រ័យហេតុនេះ រាល់សកម្មភាពរំលោភសិទ្ធិមនុស្សត្រូវតែដោះស្រាយតាមច្បាប់។ វៀតណាមគាំទ្រសកម្មភាពគោរព និងការពារសិទ្ធិមនុស្ស។ ដូច្នេះ បើនិយាយថា នៅវៀតណាមកំពុងបង្ក្រាបសកម្មជនសិទ្ធិមនុស្ស គឺមិនមែនជាការពិតទេ និងមិនសមស្របនឹងដំណើរការធានាសិទ្ធិមនុស្សនៅវៀតណាម បច្ចុប្បន្ននេះទៀតសោត។
យ៉ាងណាមិញ វៀតណាមតែងយកចិត្តទុកដាក់និងធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិសេរីភាពសារព័ត៌មានសម្រាប់ពលរដ្ឋគ្រប់រូប។ ប៉ុន្តែសិទ្ធិទាំងអស់នេះត្រូវតែស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់។ ច្បាប់មិនអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីប្រមាថដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់អ្នកដទៃឡើយ។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖
“ការពារ និងជម្រុញសិទ្ធិមនុស្ស គឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម ហើយវៀតណាមតែងតែចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល និងជាកម្លាំងចលករសម្រាប់ដំណើរការនវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ វៀតណាមតែងតែខិតខំដើម្បីគោលដៅលើកកំពស់ជីវភាពរស់នៅ និងសិទ្ធិទទួលបានសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្ស ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយត្រូវបានធានាឲ្យមានការគោរពក្នុងការអនុវត្តជាក់ស្តែង។ រាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ និងវាយតម្លៃខ្ពស់ផងដែរ”។
ស្ថានភាពពិតជាក់ស្តែងយ៉ាងរស់រវើក
លើស្ថានភាពជាក់ស្តែង រាល់សកម្មភាពអនុវត្តន៍សិទ្ធិមនុស្សជាក់លាក់ក្នុងប្រទេសវៀតណាមត្រូវបានបង្ហាញតាមបណ្តាអនុសញ្ញាដែលវៀតណាមបានចុះហត្ថលេខា។ មកទល់នឹងពេលនេះ វៀតណាមបានផ្តល់សច្ចាប័ន និងចូលរួមអនុសញ្ញាជាមូលដ្ឋានចំនួន ៧/៩ របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស; ផ្តល់សច្ចាប័ន និងចូលរួមអនុសញ្ញាចំនួន ២៥ របស់អង្គការពលកម្មអន្តរជាតិ។ បើប្រៀបធៀបទៅនឹងប្រទេសជាច្រើន វៀតណាមមិនអន់ជាងលើចំនួនអនុសញ្ញាដែលបានចុះហត្ថលេខានោះទេ។ សូម្បីតែសហរដ្ឋអាមេរិកក៏នៅតែជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមិនបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីកុមារក្នុងឆ្នាំ ១៩៨៩ នោះឡើយ។ ហើយប្រទេសនេះក៏មិនបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងឆ្នាំ ១៩៦៦ ដែរ។
នៅក្នុងសម័យសន្ទនាស្តីពីរបាយការណ៍ជាតិរបស់វៀតណាមក្រោមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់វដ្តទី IV នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានប្រារព្ធឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីខែឧសភាកន្លងទៅ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet ក៏បានបញ្ជាក់ថា៖ វៀតណាមពីមុននេះធ្លាប់ស្ថិតក្នុងចំណោមក្រុមប្រទេសក្រីក្របំផុតលើពិភពលោក ប៉ុន្តែឥឡូវនេះ វៀតណាមបានក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ច មានកំណើនរីកចម្រើនលឿនជាងគេ។ ក្នុងដំណាក់កាលពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០២៣ GDP ជាមធ្យមសម្រាប់មនុស្សម្នាក់របស់វៀតណាម បានកើនឡើង ៤០ ដង។ ក្នុងរយៈពេលពីរទសវត្សរ៍ ចាប់តាំងពីឆ្នាំ ១៩៩៣ មនុស្សជាង ៤០ លាននាក់បានរួចផុតពីភាពក្រីក្រ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបណ្តាញសារព័ត៌មាន អ៊ិនធឺណិត និងបណ្តាញសង្គមនៅវៀតណាម បានជួយបង្កើនសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតក្នុងប្រទេសវៀតណាមបានកើនឡើងដល់ជាង ៧៨ លាននាក់ បណ្តាញ ៤G បានគ្របដណ្តប់ប្រមាណ ៩៩,៨% នៃចំនួនប្រជាជនវៀតណាម។
រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែឧសភា ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Pallab Sengupta បានវាយតម្លៃថា៖
“រដ្ឋាភិបាលវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ ផ្ទៀងស្តាប់សម្លេងរបស់ប្រជាជន ដើម្បីឆ្លើយតបតាមតម្រូវការ និងកែលម្អជីវភាពរស់នៅរបស់មនុស្សម្នាក់ៗ។ ខ្ញុំគិតថា វៀតណាមកំពុងបំពេញរាល់លក្ខណៈល្អបំផុត ដើម្បីធានាសិទ្ធិមនុស្ស។ ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះរបស់វៀតណាម។ ទោះជាយ៉ាងណាក៏ដោយក៏នឹងមានបញ្ហាប្រឈមផងដែរ ប៉ុន្តែច្បាស់ណាស់ថា បក្ស និងរដ្ឋវៀតណាមកំពុងមានការប្រុងប្រយ័ត្នខ្ពស់ និងព្យាយាមដោះស្រាយ និងជំនះរាល់ការលំបាកទាំងនេះ”។
សូមគូសបញ្ជាក់ថា សិទ្ធិមនុស្សគឺជាបញ្ហាសកលនៃពិភពលោកទាំងមូល។ ប្រទេសនីមួយៗ និងប្រជាជាតិនីមួយៗ អាស្រ័យលើលក្ខណៈវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន គឺសុទ្ធតែមានស្តង់ដារ និងបទប្បញ្ញត្តិរៀងៗខ្លួន។ ការដាក់លក្ខខណ្ឌរបស់ប្រទេសមួយទៅប្រទេសមួយទៀតគឺមិនសមស្របទេ ហើយក៏ជាទង្វើនៃការជ្រៀតជ្រែកច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀត ដែលមិនត្រឹមត្រូវតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ។ គួរឲ្យសោកស្ដាយ ខណៈដែល EU នៅតែបន្តបញ្ចេញមតិខ្វះភាពសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនពិត ដែលមិនឆ្លុះបញ្ចាំង ត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម៕