រាល់សេចក្ដីប្រកាសយ៉ាងរឹងមាំអំពីការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន

(VOVWORLD) -នាថ្ងៃទី ៩ ខែឧសភា តាមផែនការ ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងដឹកនាំគណៈប្រតិភូទៅកាន់អាមេរិក ដើម្បីបន្តចូលរូមក្នុងការចរចា ស្ដីពីពាណិជ្ជកម្មរវាងចិន និងអាមេរិក។ 

ខណៈពេលដែលក្រុមមន្រ្តីនៃភាគីទាំងពីរបានសម្តែងនូវក្តីសង្ឃឹមអំពីកិច្ចព្រមព្រៀងមួយស្ដីពីការបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរនាពេលខាងមុខនោះ ស្រាប់តែកាលពីថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា អាមេរិកបានបន្តដំឡើងពន្ធលើទំនិញចិននាចុងសប្ដាហ៍នេះ។ សេចក្ដីប្រកាសដូចដែលបានពោលខាងលើបានញាំងឲ្យទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែមានភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយ រាល់សេចក្ដីប្រកាសយ៉ាងរឹងមាំទាំងនេះ ត្រូវបានចាត់ទុកថាជាយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន មុនកិច្ចចរចាផងដែរ។

នាថ្ងៃទី ៦ ខែឧសភា តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរថា អត្រាពន្ធ ១០%  លើទំនិញចិនដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិក នឹងត្រូវបានដំឡើងដល់ ២៥ %   នាថ្ងៃទី ១០ ខែឧសភាខាងមុខ។ ចំណែកឯទំនិញចិននាំចេញ ដែលមានតម្លៃ ៣២៥ ពាន់លានដុល្លារអាមេរិក ទៅកាន់អាមេរិក នឹងត្រូវបានដំឡើងពន្ធ ២៥ % នាពេលឆាប់ៗខាងមុខផងដែរ។

រាល់សេចក្ដីប្រកាសយ៉ាងរឹងមាំអំពីការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) និងប្រធានរដ្ឋចិន លោក Xi Jinping (រូបថត CNBC)

ឥទ្ធិពលពីសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន

បន្ទាប់ពីសេចក្តីប្រកាសរបស់ លោក Donald Trump ទីផ្សារមូលបត្រសកលបានទទួលរងឥទ្ធិពល។ សន្ទស្សន៍ Hang Seng របស់ហុងកុង បានធ្លាក់ចុះ ៣,៧% ខណៈពេលដែល Shanghai Composite បានធ្លាក់ចុះ ៥,៣% រីឯ Shenzhen Composite បានធ្លាក់ចុះដល់ ៥,៥៦%។ ក្នុងរយៈពេល ២ថ្ងៃកន្លងទៅ សន្ទស្សន៍ S & P 500 នៅលើទីផ្សារមូលបត្រអាមេរិកបានធ្លាក់ចុះ ១,៦% ។

មួយថ្ងៃបន្ទាប់ពីសេចក្ដីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោននោះ ធនាគារមជ្ឈិមចិនបានប្រកាសផ្ទេរទុនរយៈពេលវែងចំនួន ២៨០ ពាន់លានយ័ន (ប្រមាណ ៤១ ពាន់លានដុល្លារអាមេរិក) ចូលក្នុងទីផ្សារ។ ទង្វើនេះគឺសំដៅរក្សាស្ថិរភាពទីផ្សារ ដោយបញ្ជៀសផលប៉ះពាល់ពីការផ្លាស់ប្តូរដោយចៃដន្យក្នុងការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន។

ដោយមានប្រតិកម្មចំពោះសេចក្ដីប្រកាសដូចពោលខាងលើ ក្រុមមន្ត្រីទីក្រុងប៉េកាំងបានសម្តែងនូវការមិនពេញចិត្តដោយនិយាយថាប្រទេសចិននឹងមិនចរចាក្រោមការ
បំភិតបំភ័យទាំងនេះនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចទៅកាន់អាមេរិករបស់លោក Liu He បានលើកពេលមួយថ្ងៃតែប៉ុណ្ណោះ។

យុទ្ធសាស្ត្រដាក់សម្ពាធ

កាលពីខែកញ្ញា ឆ្នាំ ២០១៨ មុនពេល ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He មានផែនការធ្វើទស្សនកិច្ចនៅអាមេរិកនោះ ស្រាប់តែ លោក  Donald Trump បានប្រកាសដំឡើងពន្ធ ១០ % លើទំនិញ ដែលមានតម្លៃ ២០០ ពាន់លានដុល្លារអាមេរិក ខណៈដែលចិនក៏បានដំឡើងពន្ធដូច្នេះលើទំនិញអាមេរិក ដែលមានតម្លៃ ១១០ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានលុបចោលដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តីលី Liu He ដោយបញ្ចប់ការចចាពាណិជ្ជកម្មទ្វេភាគី ។ រហូតដល់ ដើមខែធ្នូ ឆ្នាំ ២០១៨ លោក Donald Trump និងលោក Xi Jinping ទើបសម្រេចចិត្តផ្អាកសង្គ្រាម ដើម្បីជួបចរចាពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរនៅតែមិនទាន់ដោះស្រាយបានបញ្ហាមួយចំនួន ដែលក្នុងនោះមានការចចាអំពី កម្មសិទ្ធិបញ្ញានិងការផ្ទេរបច្ចេកវិទ្យា។

ការដែលលោក Donal Trump ស្រាប់តែប្រកាសដំឡើងពន្ធឡើងវិញ បានធ្វើឲ្យចិន និងអន្តរជាតិមានការភ្ញាក់ផ្អើល។ ទោះយ៉ាងណាក៏ដោយតាមទស្សនៈរបស់អ្នកសង្កេតការណ៍បានឲ្យដឹងថា ការផ្លាស់ប្តូរគោលជំហររបស់លោក Donal Trump ទំនងជាយុទ្ធសាស្ត្រ មុនពេលចរចា គឺសំដៅបង្កើនផលប្រយោជន៍។  លើសពីនេះទៅទៀត សេដ្ឋកិច្ចអាមេរិកកំពុងមានសញ្ញាងើបឡើងវិញ ខណៈដែលក្នុងត្រីមាសទី ១ សេដ្ឋកិច្ចអាមេរិកបានកើន ៣,២% ដោយហួសពីការព្យាករណ៍របស់ទីផ្សារ។ នេះគឺជាមូលដ្ឋានសម្រាប់អាមេរិកបង្កើនសម្ពាធលើចិន សំដៅដណ្ដើមផលប្រយោជន៍នៅក្នុងវង់ចរចាលើកនេះ។

ពិតណាស់ថា សង្គ្រាមពាណិជ្ជកម្មបានបណ្តាលឱ្យប្រទេសទាំងពីរទទួលរងការខាតបង់ ដោយប៉ះពាលដល់កំណើនសេដ្ឋកិច្ចសកល។ ប៉ុន្តែ ការដែលឧបនាយករដ្ឋមន្រ្តីចិនទៅចូលរួមក្នុងកិច្ចចរចានៅអាមេរិក ដោយមិនអើពើនឹងរាល់ការគំរាមកំហែងដំឡើងពន្ធពីភាគីរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន គឺជាសញ្ញាវិជ្ជមាន។ សាធារណមតិមានក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាខិតខំប្រឹងប្រែង ដើម្បីទទួលបានកិច្ចព្រមព្រៀងឈ្នះ - ឈ្នះ ដែលមានផលប្រយោជន៍រួម និងផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។ ប្រការនេះមិនត្រឹមតែសមស្របនឹងផលប្រយោជន៍របស់ចិនប៉ុណ្ណោះទេ ថែមទាំងសមស្របនឹងផលប្រយោជន៍របស់ភាគីអាមេរិក ក៏ដូចជាសេដ្ឋកិច្ចសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ