រុស្ស៊ី-ស.ប.បកូរ៉េ ពង្រឹងទំនាក់ទំនងនៅចំពោះមុខសម្ពាធពីលោកខាងលិច
(VOVWORLD) - ប្រឈមមុខនឹងសម្ពាធផ្នែកសន្តិសុខ និងបទដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោក ខាងលិច សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មានកាយ វិកាជាបន្តបន្ទាប់នាពេលកន្លងមក ដើម្បីជំរុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយ បង្កើត ស្ថានភាពភូមិសាស្ត្រនយោបាយថ្មីគួរឱ្យយកចិត្តទុកដាក់ នៅតំបន់អាស៊ីឦសាន។
កាលពីថ្ងៃទី ២១ ខែមករា ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) បានផ្សាយសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសនៃប្រទេសនេះដោយនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានបំណងទៅបំពេញទស្សនកិច្ចនៅស.ប.បកូរ៉េក្នុងពេលឆាប់ៗនេះ ដោយបញ្ជាក់ថា នេះគឺជាសញ្ញាថ្មីបំផុតដែលបង្ហាញឲ្យ ឃើញថា ទំនាក់ទំនងរុស្ស៊ី-ស.ប.បកូរ៉េ កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្វាគមន៍មេដឹកនាំស.ប.បកូរ៉េ លោក Kim Jong-un ក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី នាខែកញ្ញា ឆ្នាំ ២០២៣។ (រូបថត៖ KCNA) |
កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរុស្ស៊ី-ស.ប.បកូរ៉េ
សេចក្តីថ្លែងការណ៍នេះត្រូវបាន KCNA ចេញផ្សាយ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់រដ្ឋមន្ត្រីការបរទេសស.ប.បកូរ៉េ Choe Son Hui (ថ្ងៃទី ១៥-១៧ ខែមករា)។ យោងតាមការវាយតម្លៃរបស់ទីក្រុងព្យុងយ៉ាង ដំណើរ ទស្សនកិច្ចរបស់លោកស្រី Choe Son Hui ទៅកាន់រុស្ស៊ី គឺជាផ្នែកមួយក្នុងដំណើរការ អនុវត្តកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ រវាងស.ប.បកូរ៉េនិងរុស្ស៊ី រវាងលោកប្រធានរដ្ឋ Kim Jong-un និងលោកប្រធានាធិបតី Vladimir Putin កាលពីខែកញ្ញាឆ្នាំមុន នៅតំបន់ចុងបូព៌ា (រុស្ស៊ី) ព្រមទាំងជាការបោះ ជំហានដ៏សំខាន់មួយ ដើម្បីជំរុញការអភិវឌ្ឍដែលអាចទុកចិត្តបាន ក្នុងទំនាក់ទំនង យុទ្ធសាស្ត្រ និងទិសដៅអនាគតរវាងស.ប.បកូរ៉េនិងរុស្ស៊ីផងដែរ។ ភាគីទាំងពីរបាន សម្តែងការប្តេជ្ញាចិត្តលើការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងយុទ្ធវិធី ដើម្បី ការពារផលប្រយោជន៍គន្លឹះនៃប្រទេសនីមួយៗ ហើយបង្កើតសណ្តាប់ធ្នាប់អន្តរជាតិ ពហុប៉ូលថ្មី។
សារដែលបានចេញផ្សាយពីរុស្ស៊ីក៏បញ្ជាក់ពីកម្លាំងចលករថ្មីក្នុងទំនាក់ទំនងរបស់ប្រទេសនេះជាមួយស.ប.បកូរ៉េផងដែរ។ យោងតាមអ្នកនាំពាក្យវិមានប្រធានាធិបតី រុស្ស៊ី លោក Dmitry Peskov ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Choe Son Hui ទៅកាន់រុស្ស៊ី លោកប្រធានាធិបតី Vladimir Putin បានពិភាក្សាជាមួយមន្ត្រីស.ប.បកូរ៉េអំពី សក្តានុពលទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
“លោកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសស.ប.បកូរ៉េបានពិភាក្សាអំពីទំនាក់ ទំនងទ្វេភាគីនិយាយរួម ស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងបានផ្លាស់ប្តូរទស្សនៈលើ បញ្ហាអន្តរជាតិដ៏លេចធ្លោបំផុត។ ប៉ុន្តែសំខាន់បំផុត គឺការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ហើយដូចដែលយើងបានប្រកាសរួចមកហើយថា ស.ប.បកូរ៉េគឺជាដៃគូដ៏សំខាន់របស់ រុស្ស៊ី ហើយយើងខ្ញុំមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងវិស័យ រសើបផងដែរ”។
យោងតាមអ្នកជំនាញ ការដែលរុស្ស៊ី និងស.ប.បកូរ៉េជំរុញទំនាក់ទំនងទ្វេភាគីត្រូវ បានចាត់ទុកថាជាជម្រើស "ធម្មជាតិ" ក្នុងបរិបទដែលប្រទេសទាំងពីរត្រូវប្រឈមមុខ នឹងសម្ពាធផ្នែកសន្តិសុខ ក៏ដូចជាការទទួលរងនូវបទទណ្ឌកម្មទ្រង់ទ្រាយធំដោយឯកតោ ភាគីរបស់លោកខាងលិចផងដែរ។ សម្រាប់រុស្ស៊ី ការពង្រឹងទំនាក់ទំនងជាមួយស.ប.ប កូរ៉េ គឺស្របទៅនឹងយុទ្ធសាស្ត្រផ្លាស់ប្តូរទំនាក់ទំនងនយោបាយ-សេដ្ឋកិច្ចរបស់រុស្ស៊ីទៅ ភាគខាងកើត ក្រោយការបែកបាក់ទំនាក់ទំនងជាមួយលោកខាងលិច ខណៈដែល សម្រាប់ស.ប.បកូរ៉េវិញ កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីជួយលើកកំពស់ឋានៈ បំពេញតម្រូវការខាងសន្តិសុខ ថាមពល និងស្បៀងអាហាររបស់ប្រទេសនេះ។ ដូច ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅចំពោះមុខក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤ ខែមករា ថា ប្រទេសទាំងពីរអភិវឌ្ឍន៍ ទំនាក់ទំនងតាមវិធីសមស្រប និងវិជ្ជមាន ចំពោះផលប្រយោជន៍ជាតិរបស់ភាគីទាំងពីរ ហើយគ្មានហេតុផលណាមួយ ដើម្បីត្រូវខ្លាចការប្រឆាំងជំទាស់ពីប្រទេសដទៃឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីស.ប.បកូរ៉េ
លោកស្រី Choe Son Hui (ឆ្វេង) នៅទីក្រុងមូស្គូ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
(រូបថត៖ AFP/TTXVN) |
ការព្រួយបារម្ភពីភាគីទីបី
ការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងរុស្ស៊ី-ស.ប.បកូរ៉េនាពេលកន្លងនេះ កំពុងបង្កើតស្ថានភាពភូមិសាស្ត្រនយោបាយថ្មីមួយគួរឲ្យយកចិត្តទុកដាក់។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងពីរនៅអាស៊ីឦសានគឺ ជប៉ុន និងកូរ៉េខាងត្បូង កំពុងបង្ហាញការព្រួយ បារម្ភកាន់តែខ្លាំងឡើងអំពីកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងស.ប.បកូរ៉េ។ ចាប់តាំងពី ចុងឆ្នាំមុនមក មន្ត្រីរដ្ឋាភិបាលអាមេរិកបានប្រកាសព័ត៌មានដែលចាត់ទុកថា ស.ប.ប កូរ៉េបានជួយរុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន បើទោះបីជាទាំងរុស្ស៊ី និងស.ប.បកូរ៉េបាន បដិសេធក៏ដោយ។ ក្នុងពេលជាមួយគ្នានោះ កូរ៉េខាងត្បូង និងជប៉ុនមានការព្រួយបារម្ភ ថា រុស្ស៊ីអាចផ្ទេរបច្ចេកវិទ្យាការពារជាតិជឿនលឿនទៅឱ្យស.ប.បកូរ៉េ ដើម្បីជួយ ប្រទេសនេះកែលម្អកម្មវិធីផ្កាយរណប និងមីស៊ីលផ្លោងកាន់តែទំនើប។ ការបាញ់ បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យរបស់ស.ប.បកូរ៉េ ក៏ដូចជាការបង្កើនការ សាកល្បងកាំជ្រួចនាពេលថ្មីៗនេះ បានបណ្ដាលឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាង ត្បូងកាន់តែមានការប្រុងប្រយ័ត្នចំពោះសេណារីយ៉ូនេះ។ កាលពីថ្ងៃទី១៨ ខែមករា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នាដើម្បី ពិភាក្សាអំពីស្ថានភាពថ្មី ដោយម្ខាងរិះគន់ស.ប.បកូរ៉េ ម្ខាងទៀតបញ្ចេញសារអំពាវនាវ ឱ្យមានការសន្ទនា។ លោក Jung Pak តំណាងពិសេសរងរបស់សហរដ្ឋអាមេរិកទទួល បន្ទុកស.ប.បកូរ៉េបានប្រកាសថា៖
“ដូចដែលយើងខ្ញុំបាននិយាយម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកមិនបណ្ដុះ ចេតនាអរិភាពចំពោះស.ប.បកូរ៉េទេ។ យើងខ្ញុំត្រៀមខ្លួនជាស្រេចជួបជាមួយគេ ដោយមិនត្រូវការលក្ខខ័ណ្ឌជាមុនទេ ដើម្បីពិភាក្សាអំពីបញ្ហាណាមួយ ឬបញ្ហាទាំងអស់ដែលភាគីទាំងពីរមានការព្រួយបារម្ភដូចគ្នា”។
បរិបទសន្តិសុខដ៏ស្មុគ្រស្មាញលើពិភពលោកនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យអ្នក ជំនាញជាច្រើនចាត់ទុកថា រុស្ស៊ី និង ស.ប.បកូរ៉េទំនងជានឹងបន្តជំរុញទំនាក់ទំនង។ លោក Lee Ho-ryung អ្នកជំនាញស្រាវជ្រាវនៅវិទ្យាស្ថានវិភាគការពារជាតិកូរ៉េខាង ត្បូង បានចាត់ទុកថា ប្រសិនបើវាយតម្លៃតាមទស្សនៈរបស់ស.ប.បកូរ៉េ វាមិនគួរឱ្យ ភ្ញាក់ផ្អើលទេដែលប្រទេសនេះបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ព្រោះស.ប.បកូរ៉េកំពុង មើលឃើញថា បរិយាកាសអន្តរជាតិនាបច្ចុប្បន្ន មានបរិបទស្មុគស្មាញ ដូច្នេះចាំបាច់ ត្រូវជ្រើសរើសដៃគូដ៏ខ្លាំង។ ក្នុងពេលជាមួយគ្នានោះ លោក Joseph Dempsey អ្នក ជំនាញនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ចាត់ទុកថា ស.ប.បកូរ៉េមានអត្ថប្រយោជន៍ច្បាស់លាស់ ប្រសិនបើជំរុញកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ី៕