លើកកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេស EU ឡើងកំពស់ថ្មី

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កំពុងបំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ធ្នូ នៅប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ៣ គឺ ប្រទេសលុចសំបួ ព្រះរាជាណាចក្រហូឡង់ និងព្រះរាជាណាចក្របែលហ្សិក។ 
លើកកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេស EU ឡើងកំពស់ថ្មី - ảnh 1ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ រូបថត៖ VOV

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសទាំង ៣ នេះ មិនត្រឹមតែសម្រេចបានការជឿទុកចិត្តខាងនយោបាយខ្ពស់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលទ្ធផលជាច្រើនទៀតផង ជាក់ស្ដែងគឺការសន្យាសហប្រតិបត្តិការលើវិស័យនានាដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ព្រមទាំងបំពេញគ្នាទៅមក ដើម្បីអភិវឌ្ឍន៍ផងដែរ៕

ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ

ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសលុចសំបួ (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែធ្នូ) ចំណុចសំខាន់គឺការជំរុញកិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ។ លុចសំបួ មានបទពិសោធន៍ជាច្រើនលើវិស័យហិរញ្ញវត្ថុ ខណៈពេលដែលវៀតណាមមានតម្រូវការយ៉ាងខ្លាំងក្នុងការទាក់ទាញធនធានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការបង្កើតក្របខណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីហិរញ្ញវត្ថុបៃតង ដើម្បីទាញយកប្រៀបខ្លាំងរបស់លុចសំបួអំពីប្រភពទុនវិនិយោគ ជាពិសេសគឺហិរញ្ញវត្ថុបៃតង ដើម្បីជួយឧបត្ថម្ភវៀតណាមអនុវត្តន៍យុទ្ធសាស្ត្រជាតិស្ដីពីកំណើនបៃតង និងការខិតខំប្រឹងប្រែងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការអនុវត្តការប្តេជ្ញាចិត្តដែលបាននាំចេញក្នុងសន្និសីទ COP ២៦ (ក្នុងឆ្នាំ ២០២១)។ លោកនាយករដ្ឋមន្ត្រីលុចសំបួបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) គឺជាកម្លាំងចលករដ៏សំខាន់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងភាគីទាំងពីរ ព្រមទាំងគាំទ្រ EU អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគវៀតណាម - អឺរ៉ុប (EVIPA) ឲ្យបានឆាប់ៗ; ត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមលើវិស័យសេដ្ឋកិច្ចវិលជុំ ធនាគារ មូលបត្រ ហិរញ្ញវត្ថុ អាកាសធាតុ និងជាពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុបៃតង ដែលជាវិស័យមានប្រៀបខ្លាំងរបស់លុចសំបួ ឲ្យក្លាយទៅជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ កសិកម្មប្រកបដោយនិរន្តរភាព

ជាមួយប្រទេសហូឡង់ ដោយឆ្លងកាត់រយៈពេលប្រមាណ ៥០ ឆ្នាំ ប្រទេសទាំងពីរបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ។ ទំនាក់ទំនងរវាងវៀតណាម - ហូឡង់ត្រូវបានវាយតម្លៃថាជាគំរូនៃទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីការបន្ស៉ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក (ខែតុលា ឆ្នាំ ២០១០) ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីកសិកម្មប្រកបដោយចីរភាព និងសន្តិសុខស្បៀងអាហារ (ខែមិថុនា ឆ្នាំ ២០១៤)។ ទាំងនេះគឺជាវិស័យដែលហូឡង់មានប្រៀបខ្លាំង ហើយវៀតណាមមានចំណុចស្រដៀងគ្នាជាច្រើនដែលអាចទាញយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ហូឡង់។

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ឬក្នុងជំនួបជាមួយថ្នាក់ដឹកនាំហូឡង់ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh សុទ្ធតែទទួលបានការឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យជាក់ស្ដែងដូចជា៖ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួនលើវិស័យដូចជា៖ ការអភិវឌ្ឍការប្រើប្រាស់ជីវបច្ចេកវិទ្យា និងការជ្រើសរើសពូជរុក្ខជាតិមានតម្លៃខ្ពស់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ  ការបណ្តុះបណ្តាល នវានុវត្តន៍ភាព និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាជាដើម។

លើកកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេស EU ឡើងកំពស់ថ្មី - ảnh 2ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅប្រទេសបែលហ្សិក។ រូបថត៖ VOV

វៀតណាមនិងបែលហ្ស៊ិកឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិនិយោគ និងពាណិជ្ជកម្ម

ព្រះរាជាណាចក្របែលហ្ស៊ិក គឺជាប្រទេសទីបី និងចុងក្រោយ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ។ បែលហ្ស៊ិក គឺជាដៃគូពាណិជ្ជកម្មធំទី ៦ របស់វៀតណាមក្នុង EU (បន្ទាប់ពីហូឡង់ អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអូទ្រីស)។ ថ្វីត្បិតតែជាទីផ្សារតូចមួយក៏ដោយ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងបែលហ្ស៊ិកស្ថិតក្នុងកម្រិតខ្ពស់ បើប្រៀបធៀបនឹងបណ្តាប្រទេសជាសមាចិក EU និងអឺរ៉ុបដទៃទៀត ជាពិសេសគឺការនាំចេញរបស់វៀតណាម ព្រោះថាទំនិញពីវៀតណាមត្រូវបាននាំចូលប្រទេសបែលហ្ស៊ិក ដើម្បីដឹកជញ្ជូនទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត។ ឈរលើមូលដ្ឋាននោះ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមភាគីបែលហ្ស៊ិកលោក Alexander De Croo បានឯកភាពថា កិច្ចព្រមព្រៀង EVFTA គឺជាកម្លាំងចលករដ៏សំខាន់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងភាគីទាំងពីរ។ បែលហ្ស៊ិកគាំទ្រការដែលភាគីទាំងពីរអនុវត្តន៍យ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យកសិកម្ម ព្រមទាំងស្នើឱ្យបង្កើតក្រុមការងាររួមមួយដើម្បីមានគម្រោងសហប្រតិបត្តិការជាក់លាក់ក្នុងពេលឆាប់ៗនេះ។ ឯកសារកិច្ចសហប្រតិបត្តិការជាច្រើនរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យកសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របៃតង សុវត្ថិភាពម្ហូបអាហារ ការអភិវឌ្ឍន៍កាបូនសកម្មត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ។

នៅឆ្នាំ២០២៣ វៀតណាមនឹងរួមជាមួយប្រទេសទាំង ៣ គឺលុចសំបួ ហូឡង់ និងបែលហ្ស៊ិក រៀបចំពិធីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ ដោយទទួលបានលទ្ធផលជាក់លាក់ដូចដែលបានពោលខាងលើ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសជាសមាជិក EU ទាំងបីនេះ នឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាថែមទៀតជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ