លើកកម្ពស់ការអប់រំអំពីសិទ្ធិមនុស្សនៅវៀតណាម
(VOVWORLD) - នៅក្នុងប្រព័ន្ធនៃតម្លៃដែលមនុស្សជាតិបានបង្កើតឡើងនោះ សិទ្ធិមនុស្សមានតួនាទីសំខាន់ខ្លាំងណាស់ ទាំងជាគោលដៅ ជាកម្លាំងចលករ និងជាលក្ខខណ្ឌសម្រាប់ជម្រុញការអភិវឌ្ឍនៃតម្លៃដែលនៅសេសសល់ទៀតផង។ ការគោរព និងការជម្រុញការធានាសិទ្ធិមនុស្សបានក្លាយទៅជានិន្នាការសកល តាមនោះ ការអប់រំសិទ្ធិមនុស្សបានក្លាយជាតម្រូវការបន្ទាន់ ប្រកបដោយលក្ខណៈសហសម័យ។ វៀតណាមបាននិងកំពុងលើកកម្ពស់ការអប់រំអំពីសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធទាំងមូល។
រូបថត៖ TTXVN |
វៀតណាមរៀបចំសកម្មភាពអប់រំសិទ្ធិមនុស្ស ដើម្បីបង្កើតចំណេះដឹងអំពីសិទ្ធិមនុស្សក្នុងប្រជាជនគ្រប់ស្រទាប់ វណ្ណៈទាំងអស់ក្នុងសង្គម ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចេះការពារសិទ្ធិផ្ទាល់ខ្លួន និងគោរពសិទ្ធិអ្នកដទៃ ដោយអនុលោមតាមលក្ខខណ្ឌនិងតម្រូវការនៃបទដ្ឋាននានានៅក្នុងច្បាប់អន្តរជាតិ និងច្បាប់ជាតិស្តីពីសិទ្ធិមនុស្ស។ មូលដ្ឋានគ្រឹះនៃសកម្មភាពអប់រំសិទ្ធិមនុស្សនៅវៀតណាម គឺសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ ដែលចែងថា “មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាស សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សជាគោលដៅរួមសម្រាប់ប្រជាជាតិទាំងអស់ ហើយប្រទេសទាំងនេះត្រូវតែខិតខំដើម្បីសម្រេចបានគោលដៅចុងក្រោយគឺបុគ្គលម្នាក់ៗ អង្គការសង្គមនីមួយៗ ចងចាំជានិច្ចនូវសេចក្តីប្រកាសដោយការអប់រំ និងការបង្រៀន នឹងខិតខំជម្រុញការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។
ការអប់រំសិទ្ធិមនុស្សនៅវៀតណាម ត្រូវបានអនុវត្តន៍នៅកម្រិតផ្សេងៗគ្នា ដោយមានទម្រង់ និងវិធីសាស្រ្តសម្បូរបែប ដោយផ្អែកលើទស្សនៈរបស់បក្ស និងរដ្ឋវៀតណាម គឺ៖ “ការរួមផ្សំប្រជាប្រិយភាព និងភាពជាក់លាក់នៃសិទ្ធិមនុស្សក្នុងការយល់ឃើញ និងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស”; “សិទ្ធិមនុស្សមានលក្ខណៈវណ្ណៈ ព្រមទាំងជាតម្លៃមនុស្សជាតិ សិទ្ធិមនុស្ស និងសិទ្ធិប្រជាជាតិត្រូវបានបង្រួបបង្រួមជាមូលដ្ឋាន; “សិទ្ធិមនុស្សអាស្រ័យលើកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រពៃណីរបស់ប្រទេសជាតិ” ហើយ “សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋត្រូវបានការពារដោយច្បាប់”។ ការអប់រំសិទ្ធិមនុស្សនៅវៀតណាមបានរួមចំណែកដោយផ្ទាល់ក្នុងការកាត់បន្ថយដំណើរការកសាងនីតិរដ្ឋសង្គមនិយម បង្កើតខ្លឹមសារ និងគុណតម្លៃនៃនីតិរដ្ឋ ធានាឲ្យនីតិរដ្ឋនៅវៀតណាមបានបង្កើតឡើងក្នុងការអនុវត្តជាក់ស្តែង រួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញការគោរព ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប។
នាបច្ចុប្បន្ន វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងវិស័យអប់រំសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ; ជាពិសេសការអប់រំសិទ្ធិកុមារ ស្របតាមខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC) ការអប់រំសិទ្ធិស្ត្រី ស្របតាមខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី។ បក្ស និងរដ្ឋបានកំណត់គោលការណ៍ណែនាំ និងគោលនយោបាយ ព្រមទាំងយកចិត្តទុកដាក់ដឹកនាំការអនុវត្តសកម្មភាពអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋនៅវៀតណាម ជាពិសេសក្នុងសកម្មភាពអប់រំសិទ្ធិកុមារ និងសិទ្ធិរបស់ស្ត្រី។ ការយកចិត្តទុកដាក់ បញ្ជាណែនាំរបស់បក្ស និងរដ្ឋត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការបង្កើតបណ្ដាស្ថាប័នរដ្ឋទទួលបន្ទុកការស្រាវជ្រាវសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងកុមារ; បណ្តុះបណ្តាលជួរកម្មាភិបាលទទួលបន្ទុកលើបញ្ហានេះ; ដឹកនាំការកសាងបណ្ដាកម្មវិធីសកម្មភាពជាតិស្តីពីសិទ្ធិស្ត្រី និងសិទ្ធិកុមារ។ លទ្ធផលដែលសម្រេចបានក្នុងវិស័យអប់រំសិទ្ធិស្ត្រី និងសិទ្ធិកុមារនៅវៀតណាមបាននាំមកនូវទស្សនវិស័យថ្មីនៃពិភពលោក និងតំបន់ចំពោះវៀតណាម ដោយហេតុនោះ បានបង្កើតនូវលទ្ធភាពអំណោយផលបន្ថែមទៀតសម្រាប់វៀតណាមក្នុងសមាហរណកម្មតំបន់និងអន្តរជាតិ។
សកម្មភាពអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋនៅវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកលើកកម្ពស់ការយល់ដឹង អំពីតម្លៃនៃសកម្មភាពនេះ ក្នុងការរៀបចំបុគ្គលលក្ខណៈមនុស្សវៀតណាមនៅក្នុងសង្គមនិយម និងតម្រូវការដើម្បីពង្រឹងសកម្មភាពទាំងនេះនាពេលអនាគត។ ទន្ទឹមនឹងនោះ ការអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ក៏រួមចំណែកបង្កើនតម្រូវការកសាងប្រព័ន្ធច្បាប់នៅវៀតណាម ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។
ដើម្បីជំរុញការអប់រំសិទ្ធិមនុស្សនៅវៀតណាម បណ្ដាស្ថាប័នមានសមត្ថកិច្ចនានាកំពុងបង្កើតឯកសារអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋសម្រាប់ក្រុមមុខសញ្ញានីមួយៗ ក្រុមគោលដៅអប់រំជាក់ស្តែងនីមួយៗ ដោយឈរលើមូលដ្ឋានប្រព័ន្ធ អន្តរប្រតិបត្តិការនៃឯកសារ និងធានាការតភ្ជាប់ខ្លឹមសារអប់រំសិទ្ធិមនុស្សទាំងពី និងខ្លឹមសារអប់រំសិទ្ធិពលរដ្ឋ។ វៀតណាមក៏បញ្ចូលកម្មវិធីអប់រំសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋទៅក្នុងប្រព័ន្ធអប់រំរបស់រដ្ឋក្នុងគោលបំណងធានានូវការទទួលខុសត្រូវទាំងម្ចាស់កម្មវត្ថុនិងមុខសញ្ញាដែលចូលរួមក្នុងសកម្មភាពអប់រំនេះ។
ទម្រង់ និងវិធីសាស្រ្តអប់រំដោយឡែកពីគ្នា សមស្របនឹងលក្ខខណ្ឌ និងសមត្ថភាពនៃមុខសញ្ញានីមួយៗ ជួយផ្សព្វផ្សាយខ្លឹមសារអប់រំស្តីពីសិទ្ធិមនុស្សប្រកបដោយភាពរស់រវើក សមស្រប ងាយយល់ ងាយចងចាំ និងងាយអនុវត្តន៍ចូលក្នុងជីវភាពប្រចាំថ្ងៃក៏ត្រូវបានជម្រុញផងដែរ។ វៀតណាមក៏ពង្រឹងការបណ្តុះបណ្តាលជួរកម្មភិបាល និងគ្រូបង្រៀនឯកទេសដើម្បីនាំយកខ្លឹមសារអប់រំសិទ្ធិមនុស្សចូលទៅក្នុងការបង្ហាត់បង្រៀនជាផ្លូវការក្នុងប្រព័ន្ធអប់រំ។ សកម្មភាពផ្សព្វផ្សាយព័ត៌មាន និងការប្រាស្រ័យទាក់ទងលើការអប់រំសិទ្ធិមនុស្សតាមប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវបានបង្កើនផងដែរ។
ដើម្បីបង្កើតប្រភពធនធានចាំបាច់ដើម្បីបំពេញតម្រូវការ និងភារកិច្ចនៃសកម្មភាពអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋនាពេលខាងមុខ រដ្ឋបានបែងចែកថវិកាសមស្របមួយសម្រាប់សកម្មភាពឃោសនាអំពីការអប់រំនិងរៀបចំសិក្ខាសាលាអំពីសិទ្ធិមនុស្សនៅវៀតណាម៕