លើកកម្ពស់សមភាពយេនឌ័រនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ

(VOVWORLD) - លើកកម្ពស់សមភាពយេនឌ័រ ក្នុងនោះមានសមភាពយេនឌ័រនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ គឺជាកិច្ចការសំខាន់មួយ ដើម្បីធានាបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយនឹងគោលការណ៍ណែនាំ និងគោលនយោបាយលើកកម្ពស់សមភាព យេនឌ័រនិយាយរួមនោះ បក្ស និងរដ្ឋវៀតណាមបាននិងកំពុងអនុវត្តន៍នូវកម្មវិធី និងគម្រោងជាច្រើន ផ្តោតទៅលើការអនុវត្តសមភាព យេនឌ័រនៅតំបន់ជនជាតិភាគតិច។ ក្នុងចំណោមនោះ គម្រោងទី៨ស្តីពី “អនុវត្តន៍សមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" (គម្រោងទី៨) គឺជាគម្រោងពិសេសមួយក្នុងចំណោមគម្រោងពិសេសទាំងអស់។

នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ រដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវគម្រោងទី ៨ “អនុវត្តន៍សមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ"។ នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងធំៗចំនួន ១០ ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១-២០៣០។ គម្រោងនេះកំពុងត្រូវបានអនុវត្តន៍នៅក្នុងខេត្តក្រុងចំនួន ៥០ នៅទូទាំងប្រទេស។

គម្រោងទី ៨ - ជាគម្រោងឯកទេសមួយអំពីយេនឌ័រ ដោយលើកកម្ពស់ និងធានាថា ស្ត្រីគ្រប់ជនជាតិក្នុងប្រទេសវៀតណាមត្រូវទាក់ទងផ្ទាល់ និងទទួលបានឱកាស រួមទាំងសមិទ្ធផលស្មើៗគ្នាក្នុងដំណើរការអភិវឌ្ឍន៍ ជាពិសេសការដោះស្រាយបញ្ហាយេនឌ័រ បញ្ហាបន្ទាន់របស់ស្រ្តីជនជាតិភាគ ចែងនៅក្នុងកម្មវិធីគោលដៅជាតិ។ នេះជាលើកដំបូងដែលមានគម្រោងដាច់ដោយឡែកមួយអំពីយេនឌ័រ ត្រូវបានរដ្ឋសភាអនុម័ត និងបានរដ្ឋាភិបាលប្រគល់ឲ្យសម្ព័ន្ធសមាគមន៍នារីវៀតណាមជាម្ចាស់ក្នុងការអនុវត្តដោយមានទ្រង់ទ្រាយនិងធនធានវិនិយោគដ៏ធំទូលាយ។

ទាក់ទិននឹងអ្នកទទួលផលពីគម្រោង លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគម្រោងទី ៨ បានឲ្យដឹងថា៖ “អ្នកទទួលផលពីគម្រោងគឺស្ត្រី និងកុមារីជនជាតិភាគតិចនៅក្នុងឃុំ និងភូមិដែលមានស្ថានភាពលំបាកខ្លាំង ក្នុងនោះ ផ្តល់អាទិភាពពិសេសដល់កុមារីជនជាតិភាគតិចនៅក្នុងគ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ។ ក្រៅពីនោះ ក៏មានជនរងគ្រោះដោយការជួញដូរមនុស្ស អំពើហិង្សា ការរំលោភបំពានផ្លូវភេទ ស្ត្រីចំណាកស្រុក ស្ត្រីធ្វើការមិនមានសុវត្ថិភាព ស្ត្រីដែលត្រឡប់មកពីរៀបការជាមួយជនបរទេស ស្ត្រីពិការ...។  ទាំងនេះគឺជាក្រុមអ្នកដែលត្រូវការការយកចិត្តទុកដាក់ និងការថែទាំជាក់ស្តែង ហើយត្រូវមានយន្តការគោលនយោបាយពិសេស ដើម្បីឧបត្ថម្ភឲ្យពួកគេមានលក្ខខ័ណ្ឌនិងបរិយាកាសអភិវឌ្ឍន៍ល្អបំផុត”។

គម្រោងនេះដាក់ចេញគោលដៅ លើកកម្ពស់ការយល់ដឹង ថែទាំជីវភាពរស់នៅទាំងខាងសំភារៈនិងខាងស្មារតី   ការពារ ថែទាំស្ត្រី និងកុមារ សម្រេចបាននូវគោលដៅសមភាពយេនឌ័រ និងផ្តោតលើការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាសំខាន់ៗរបស់ស្ត្រីនិងកុមារនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១-២០៣០។ គម្រោងទី ៨  ត្រូវបានរំពឹងថានឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់សកម្មភាព និងគំរូផ្សេងទៀតដែលរួមបញ្ចូលយេនឌ័រប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងតំបន់ជនជាតិភាគតិចនិយាយរួម ក៏ដូចជាបង្កើតឱកាសសម្រាប់ស្ត្រី និងកុមារជនជាតិភាគតិចទាក់ទង់ផ្ទាល់នឹងកម្មវិធីនេះ។ លោកស្រី Nguyen Thanh Cam សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសង្គមនៃរដ្ឋសភាបានឲ្យដឹងថា៖ “យើងក៏មានកម្មវិធីដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការងារធ្វើ និងការផ្តល់មូលនិធិ ដើម្បីបង្កើតជីវភាពរស់នៅរបស់ស្រ្តី ជាពិសេសនៅតំបន់ជនជាតិភាគតិច។ តាមរយៈសកម្មភាពទាំងនេះ ស្ត្រីមិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួបប្រាស្រ័យ និងមានការយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិរបស់ខ្លួន"។

ការផ្លាស់ប្តូរវិជ្ជមានពីកម្មវិធីសមភាពយេនឌ័រនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ

នៅតំបន់ព្រៃភ្នំមានប្រជាជនជនជាតិភាគតិចស្រូបយក ១៤,៣% នៃចំនួនប្រជាជនទូទាំងប្រទេស។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានគោលនយោបាយ និងសកម្មភាពជាក់ស្តែង វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងធានាសិទ្ធិស្ត្រីជនជាតិភាគតិច។ គួរកត់សម្គាល់ថា អត្រាស្ត្រីជនជាតិភាគតិច ដែលចូលរួមក្នុងវិស័យសាធារណៈនៅតាមមូលដ្ឋានកំពុងកើនឡើង។ យោងតាមទិន្នន័យពីទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) ត្រឹមឆ្នាំ ២០២៣ នៅតំបន់ព្រៃភ្នំ ភាគខាងជើង មានអត្រាស្ត្រីជនជាតិភាគតិចបម្រើការងារក្នុងស្ថាប័នរបស់បក្ស ក្រុមប្រឹក្សាប្រជាជន ទីភ្នាក់ងាររដ្ឋបាល និងអង្គការនយោបាយមានកម្រិតខ្ពស់បំផុតក្នុងប្រទេស បន្ទាប់មកគឺតំបន់ Tay Nguyen តំបន់ភាគកណ្តាលប៉ែកខាងជើង និងតំបន់ឆ្នេរសមុទ្រភាគកណ្តាល។

គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋដែលយកចិត្តទុកដាក់ចំពោះជនជាតិភាគតិច និងតំបន់ព្រៃភ្នំ រួមជាមួយនឹងការអនុវត្តច្បាប់សមភាពយេនឌ័រ បាននាំមកនូវសិទ្ធិ និងឱកាសថ្មីសម្រាប់ស្ត្រី និងកុមារីជនជាតិភាគតិច។

យ៉ាងណាមិញ សមភាពយេនឌ័រនិយាយរួមនិង សមភាពយេនឌ័រនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនិយាយដោយឡែក គឺជាគោលដៅអភិវឌ្ឍន៍របស់វៀតណាម។ រួមជាមួយនឹងកម្មវិធីសកម្មភាព និងយុទ្ធសាស្ត្រជាតិទាក់ទិននឹងសមភាពយេនឌ័រ គម្រោងទី៨ដែលកំពុងត្រូវបានសម្ព័ន្ធសមាគមនារីវៀតណាមលាត្រដាងអនុវត្តន៍នៅតាមមូលដ្ឋាននឹងរួមចំណែកជួយវៀតណាមសម្រេចបាននូវគោលដៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ