(VOVWORLD) - វៀតណាមជាប្រទេសដែលមានជនជាតិច្រើន។ ជនជាតិនីមួយៗ សុទ្ធមានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន បង្កើតបានជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ ការពារនិងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌គឺសំដៅបំពេញតាមតម្រូវការវប្បធម៌កាន់តែខ្ពស់របស់ប្រជាជន រួមចំណែកអភិវឌ្ឍន៍វប្បធម៌ វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ ទន្ទឹមនឹងនោះ ក៏បង្កើតប្រភពធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
កម្មវិធីសិល្បៈមួយនៅតំបន់បេតិកភណ្ឌបរមរាជវាំង Hue (រូបថត៖ VOV) |
វៀតណាមមានជនជាតិចំនួន ៥៤ លើទូទាំងប្រទេស។ ទោះបីជាក្រុមជនជាតិភាគតិចមានភាសា ទំនៀមទម្លាប់ និងការអនុវត្តខុសៗគ្នាក៏ដោយ ក៏ពួកគេតែងតែរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិ ការឈ្លានពានរបស់សត្រូវ ដើម្បីកសាង និងការពារប្រទេសជាតិ។ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិនីមួយៗត្រូវបានបង្កើតឡើងជារូបរាង ហើយបានអភិវឌ្ឍន៍ និងបំពេញឲ្យគ្នាទៅវិញទៅមក បង្កើតឱ្យមានឯកភាពក្នុងភាពចម្រុះនៃវប្បធម៌វៀតណាម។
ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប
យោងតាមទិន្នន័យពីនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្នុងចំណោមបេតិកភណ្ឌប្រវត្តិសាស្ត្រ-វប្បធម៌ និងរមណីដ្ឋានទេសចរណ៍ជាង ៤០.០០០កន្លែង ដែលត្រូវបានធ្វើស្ថិតិ វៀតណាមបានរៀបចំណាត់ថ្នាក់បេតិកភណ្ឌថ្នាក់ខេត្ត ក្រុងជាង ១០.០០០ កន្លែង និងបេតិកភណ្ឌថ្នាក់ជាតិ ចំនួន ៣.៦០០កន្លែង រួមទាំងបេតិកភណ្ឌថ្នាក់ជាតិពិសេសជាង ១៣០កន្លែង។ ក្រៅពីនេះ ពិធីបុណ្យជិត ៨.០០០ ត្រូវបានផ្សព្វផ្សាយដោយផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ សិល្បៈសម្តែង ភូមិសិប្បកម្ម វប្បធម៌ធ្វើម្ហូប សំលៀកបំពាក់ ...។
ចំពោះសារៈមន្ទីរវិញ ពីសារមន្ទីមួយចំនួនដែលបានសាងសង់នៅចុងសតវត្សន៍ទី ១៩មក វៀតណាមបច្ចុប្បន្នមានប្រព័ន្ធសារមន្ទីជាង ១៨០ កន្លែង ដែលរក្សាទុក និងតាំងបង្ហាញវត្ថុបុរាណជាង ៤ លាន ដែលជារតនៈសម្បត្តិមានតម្លៃនិងបង្កប់ដោយលក្ខណៈពិសេសប្រចាំតំបន់នីមួយៗ និងប្រទេសជាតិ។
តាមទស្សនៈអន្តរជាតិ ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកចំនួន ៣៣ របស់វៀតណាម ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ គឺមានបេតិកភណ្ឌចំនួន ៣០ គឺជាបេតិកភណ្ឌវប្បធម៌។ នោះជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដោយបុព្វបុរសរបស់យើងបន្សល់ទុកមក។ បេតិកភណ្ឌវប្បធម៌ទាំងនេះត្រូវបានជ្រើសរើសតាមពេលវេលា ដែលបញ្ជាក់ពីភាពយូរអង្វែងនៃវប្បធម៌ជាតិ។ តាមរយៈ “កញ្ចក់បេតិកភណ្ឌ” ពិភពលោកអាចកំណត់បាននូវរូបរាង ស្មារតី ព្រលឹង ជម្រៅប្រវត្តិសាស្ត្រ និងទីតាំងវប្បធម៌របស់ប្រជាជាតិវៀតណាម និងប្រជាជន វៀតណាមទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល។
ចាប់ពីចុងខែតុលា មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam (ហាណូយ) បើកទួរទេសចរណ៍ ដំណើរកម្សាន្តពេលរាត្រី Van Mieu - Quoc Tu Giam (រូបថត៖ VOV) |
លើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌
ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ និងកំណត់បេតិកភណ្ឌវប្បធម៌ជាអត្តសញ្ញាណវប្បធម៌ជាតិ និងជាធនធានសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ អនុក្រឹត្យលេខ ៦៥ ដែលជាក្រឹត្យទីមួយរបស់រដ្ឋស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌ ដោយលោកប្រធានហូជី មិញចុះហត្ថលេខាកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ បានអះអាងថា៖ “ការរក្សាវត្ថុបុរាណគឺជាការងារមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងដំណើរការកសាងប្រទេសវៀតណាម”។
ក្រោយមក ឯកសារច្បាប់ជាច្រើនទៀតស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌ត្រូវបានចេញ ផ្សាយ ដោយមានភាពស៊ីសង្វាក់គ្នា ទូលំទូលាយ និងជាក់ស្តែង ដូចជា៖ ច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (២០០១); ច្បាប់វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (២០០៩); និងឯកសារច្បាប់ជាច្រើនទៀត... ។ ទាំងអស់នេះគឺជាត្រីវិស័យ ដ៏សំខាន់ក្នុងការងារការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌វៀតណាម។
ដើម្បីតាមដានចលនា និងការផ្លាស់ប្តូររបស់សង្គម បង្កើតច្រកផ្លូវច្បាប់អំណោយ ផលបំផុតសម្រាប់សកម្មភាពការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ បច្ចុប្បន្ន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ កំពុងប្រមូលមតិប្រជាពលរដ្ឋលើសេចក្តីព្រាងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (ធ្វើវិសោធនកម្ម)។ តាមនោះ ក្រសួងបានផ្តោតសំខាន់លើក្រុមគោលនយោបាយចំនួន ០៣ ដែលមួយក្នុងចំណោមនោះគឺភាពចាំបាច់ក្នុងការ បំពេញបទប្បញ្ញត្តិស្តីពីការកៀរគរធនធានសម្រាប់ការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌។ ជាពិសេស សេចក្តីព្រាងច្បាប់នេះ បញ្ជាក់ពីសកម្មភាពសង្គមភាវូបនីយកម្ម ក្នុងការការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌; បំពេញបន្ថែមបទប្បញ្ញត្តិថ្មីស្តីពី "មូលនិធិអភិរក្សបេតិកភណ្ឌវប្បធម៌"; វិសោធនកម្ម និងបំពេញបន្ថែម ដើម្បីបញ្ជាក់អំពីតួនាទី និងការទទួលខុសត្រូវរបស់អង្គការសង្គម ក្នុងសកម្មភាពការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌; តម្រង់ទិស និងកែសម្រួលការគ្រប់គ្រង ការអនុវត្ត និងការពារបេតិកភណ្ឌវប្បធម៌អរូបីក្នុងសហគមន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងសមាហរណកម្មប្រកបដោយនិរន្តរភាព...។ តាមគម្រោង សេចក្តីព្រាងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម) នឹងត្រូវបានដាក់ជូនរដ្ឋសភា សម័យប្រជុំ លើកទី ៧ នៅឆ្នាំ ២០២៤។
រួមគ្នាជាមួយរដ្ឋ ការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌ ក៏ជាបុព្វហេតុរបស់ប្រជាជនទាំងមូល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា ផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌។ សហគមន៍នៅកន្លែងដែលបេតិកភណ្ឌស្ថិតនៅកាន់តែយល់ដឹងពីតម្លៃនៃបេតិកភណ្ឌ មានមោទនភាព និងមានស្មារតីទទួលខុសត្រូវក្នុងការការពារបេតិកភណ្ឌទាំងនេះ។ បេតិកភណ្ឌវប្បធម៍ដែលបានអភិរក្សមិនត្រឹមតែរួមចំណែកធ្វើឲ្យជីវភាពរស់នៅកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងបង្កើតអត្តសញ្ញាណសម្រាប់វិស័យទេសចរណ៍នៅតាមមូលដ្ឋាននីមួយៗ ទៀតផង តាមនោះ អភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ក្រុងនានាទូទាំងប្រទេស។
វប្បធម៌ជាអត្តសញ្ញាណជាតិមួយបង្កើតជាព្រលឹងជាតិ។ ឲ្យតែមានវប្បធម៌ ជាតិក៏គង់វង្ស។ ដូច្នេះ ការថែរក្សា និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៍ក្នុងវប្បធម៍ទាំងមូលរបស់វៀតណាមគឺការពារនូវតម្លៃខាងស្មារតី ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិ ហើយជាការអភិវឌ្ឍនៃ “អំណាចទន់” នៃវប្បធម៌វៀតណាម រួមចំណែកក្នុង កម្លាំងពលំរបស់ប្រទេសជាតិ នាពេលខាងមុខ៕