វឌ្ឍនភាពក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) - ក្នុងឆ្នាំ២០២១ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាមសម្រេចបានការបោះជំហានថ្មីៗជាច្រើន។ ចាប់តាំងពីការចេញផ្សាយគោលនយោបាយយុទ្ធសាស្ត្រ រហូតដល់ការដាក់ឱ្យដំណើរការគម្រោងជួយឧបត្ថម្ភការធ្វើសាមញ្ញបនីយកម្ម និងកាត់បន្ថយបែបបទរដ្ឋបាលមួយចំនួន។ លទ្ធផលទាំងនេះមិនត្រឹមតែបានអនុវត្តន៍ជាក់ស្ដែងក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកប៉ុណ្ណោះទេ ថែមទាំងជាបុព្វបទដ៏សំខាន់សម្រាប់វៀតណាមឆ្ពោះទៅការកសាងរដ្ឋាភិបាលឌីជីថលទៀតផង។
វឌ្ឍនភាពក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលទិន្នន័យជាតិ  (រូបថត៖ nhandan.vn)

ដាក់ចេញមូលដ្ឋានគ្រឹះ

ក្នុងឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រីបានចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកឆ្ពោះទៅរករដ្ឋាភិបាលឌីជីថលក្នុងដំណាក់កាល ២០២១ - ២០២៥ និងតម្រង់ទិសដៅដល់ឆ្នាំ ២០៣០។ នេះជាលើកដំបូងហើយ ក្រោយរយៈពេល ២០ ឆ្នាំ នៃការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកនោះ វៀតណាមបានចេញផ្សាយឯកសារយុទ្ធសាស្ត្រថ្នាក់ជាតិ ជាមួយនឹងការតម្រង់ទិសដៅធំៗស្ដីពីការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកជាផ្លូវការ។ យុទ្ធសាស្ត្រនេះបានក្លាយទៅជាត្រីវិស័យសម្រាប់សកម្មភាពទាំងអស់របស់វៀតណាម ក្នុងរយៈពេល មួយទសវត្សរ៍ខាងមុខ – ដែលជាទសវត្យរ៍ត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថាជាទសវត្សរ៍នៃការធ្វើសកម្មភាព ដើម្បីអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដោយមានភារកិច្ច និងដំណោះស្រាយជាក់លាក់ក្នុងយុទ្ធសាស្ត្រនោះ  វៀតណាមបានឆ្ពោះទៅរកគោលដៅស្ថិតក្នុងក្រុមប្រទេសទាំង ៥០ ដែលនាំមុខគេអំពីការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅឆ្នាំ ២០២៥  ហើយស្ថិតក្នុងចំណោមក្រុមប្រទេសឈានមុខគេទាំង ៣០ នៅឆ្នាំ ២០៣០ បើយោងតាមការរៀបចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ។

ក្នុងឆ្នាំ ២០២១ វៀតណាមបានសម្ពោធមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន។ នេះគឺជាសញ្ញាសម្គាល់ដ៏ធំធេង ហើយជាការបោះជំហានទៅមុខដ៏សំខាន់ក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ដោយឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតភាពជាពលរដ្ឋឌីជីថលនៅលើលំហអ៊ីនធឺណិត ដោយជួយផ្លាស់ប្ដូរថ្មីការគ្រប់គ្រងចំនួនប្រជាជនតាមទិសដៅទំនើប។ ការសម្រេចរួចរាល់ប្រព័ន្ធនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលទាំងមូល ព្រមទាំងបង្ហាញពីពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមស្ដីពីការបង្កើតរដ្ឋាភិបាលធ្វើសកម្មភាព បម្រើប្រជាជន និងសហគ្រាស។

ប្រព័ន្ធព័ត៌មានអេឡិចត្រូនិកដើម្បីដោះស្រាយបែបបទរដ្ឋបាលត្រូវបានបង្កើតឡើងដោយព្រមៗគ្នា និងឯកភាពគ្នាពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន ដោយជួយពន្លឿនការដោះស្រាយបែបបទរដ្ឋបាលក្នុងបរិយាកាសអេឡិចត្រូនិកក្នុងឆ្នាំ ២០២១។ គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ អត្រាសេវាកម្មតាមអនឡាញនៅកម្រិតទី ៣ និងទី៤ នៅទូទាំងប្រទេសសម្រេចបាន ៦៥,១១%។ បណ្តាញបញ្ជូនទិន្នន័យពិសេសសម្រាប់ស្ថាប័នបក្ស និងរដ្ឋ បានតភ្ជាប់ជាមួយក្រសួង ស្ថាប័ន និងខេត្ត ក្រុងចំណុះមជ្ឈឹមទាំង ១០០% និងខ័ណ្ឌ ឃុំ និងទីរួមខេត្ត ទាំង  ១០០%។ មូលដ្ឋានទិន្នន័យមួយចំនួន ត្រូវបានបង្កើតឡើងដូចជា៖ មូលដ្ឋានទិន្នន័យអំពីការធានារ៉ាប់រង មូលដ្ឋានទិន្នន័យអត្រានុកូលដ្ឋានអេឡិចត្រូនិក មូលដ្ឋានទិន្នន័យជាតិស្ដីពីការចុះបញ្ជីសហគ្រាស និងមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជនជាដើម។ អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Thanh Phong បានឲ្យដឹងថា៖ “អ័ក្សតភ្ជាប់ឯកសារជាតិត្រូវបានកសាងឡើង សំដៅតភ្ជាប់ប្រព័ន្ធគ្រប់គ្រងឯកសារប្រតិបត្តិរបស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា។ នាបច្ចុប្បន្ននេះ យើងបានតភ្ជាប់ជាមួយក្រសួង ស្ថាប័ន និងខេត្តក្រុងទាំង ៩៤/៩៤ ហើយ។ ចាប់តាំងពីពេលប្រព័ន្ធព័ត៌មានអេឡិចត្រូនិកដើម្បីដោះស្រាយបែបបទរដ្ឋបាលត្រូវបានសម្ពោធកាលពីខែសីហាកន្លងទៅ គឺមានឯកសារអេឡិចត្រូនិកជាង ៦,៣ លានត្រូវបានផ្ញើ និងទទួលរវាងស្ថាប័នរដ្ឋបាលរដ្ឋនៅតាមបណ្ដាញតភ្ជាប់ឯកសារជាតិ។ អត្រានៃការផ្លាស់ប្តូរឯកសារជាទម្រង់អេឡិចត្រូនិកនៅទូទាំងប្រទេសសម្រេចបានជាង ៩០% ពោលគឺលើសពីគោលដែលបានដាក់ចេញរបស់រដ្ឋាភិបាលផងដែរ”។

វឌ្ឍនភាពក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក - ảnh 2អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Thanh Phong (រូបថត៖ vtc.vn)

បន្តបង្កើតគុណសម្បត្តិប្រកួតប្រជែង ដើម្បីទាក់ទាញការវិនិយោគ

យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ការរៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាមបានសរឲ្យឃើញថា សន្ទស្សន៍បូកសរុបទូទៅរបស់វៀតណាម  (សេវាសាធារណៈតាមអនឡាញ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងប្រភពធនធានមនុស្ស) គឺខ្ពស់ជាងសន្ទស្សន៍មធ្យមភាគពិភពលោក និងតំបន់ ពោលគឺស្ថិតក្នុងក្រុមប្រទេសខ្ពស់។ ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកមិនត្រឹមតែបានជួយវៀតណាមសន្សំសម្ចៃប្រាក់រាប់ម៉ឺនពាន់លានដុងក្នុងមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់គុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាម បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងការទាក់ទាញវិនិយោគ។

អញ្ជើញថ្លែងក្នុងពិធីបូកសរុបការកសាង និងអនុវត្តន៍គម្រោងមូលដ្ឋានទិន្នន័យជាតិ; គម្រោងផលិតកម្ម ផ្ដល់ឲ្យ និងគ្រប់គ្រងប័ណ្ណអត្តសញ្ញាណពលរដ្ឋ (ខែមិថុនា ឆ្នាំ ២០២១)នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា៖ “បន្តជំរុញខ្លាំងការតភ្ជាប់ ទំនាក់ទំនង អន្តរកម្ម និងការផ្តល់សេវាកម្មសាធារណៈតាមអនឡាញរវាងរដ្ឋាភិបាលជាមួយក្រសួង ស្ថាប័នគ្រប់គ្រងរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងអង្គការនយោបាយ សង្គមពាក់ព័ន្ធនានា។ ទន្ទឹមនឹងនេះ តភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យជាតិផ្សេងៗទៀត ដើម្បីបម្រើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាពផងដែរ”។

វៀតណាមកំពុងខិតខំប្រឹងប្រែង ដើម្បីចាត់វិធានការណ៍អភិបាលកិច្ចឲ្យបានល្អប្រសើរជាង ដើម្បីឆ្ពោះទៅរកការធ្វើវិសោធនកម្មរដ្ឋាភិបាលអេឡិចត្រូនិក - រដ្ឋាភិបាលឌីជីថល។ រាល់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២១ គឺជាការបោះជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក និងរដ្ឋាភិបាលឌីជីថលកម្រិតខ្ពស់នៅលើពិភពលោក ពោលគឺស្ថិតក្នុងចំណោមប្រទេសឈានមុខទាំង ៥០ នៅឆ្នាំ ២០២៥ និងស្ថិតក្នុងចំណោមប្រទេសឈានមុខទាំង ៣០ នៅឆ្នាំ ២០៣០ យោងតាមការរៀបចំណាត់ថ្នាក់របស់ អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ