វៀតណាម - ចំណុចលេចធ្លោក្នុងការទាក់ទាញទុនវិនិយោគលើការចាប់ផ្ដើមអាជីវកម្មនិងលំហូរទុន FDI ប្រកបដោយគុណភាពខ្ពស់

(VOVWORLD) - វៀតណាមត្រូវបានគេវាយតម្លៃថា ជាគ្រាប់ពេជ្រថ្មីបំផុតនៃអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងការទាក់ទាញទុនវិនិយោគ។ អង្គការអន្តរជាតិមួយចំនួនបានកត់សម្គាល់ថា “ក្រៅពីភាពទាក់ទាញនៃទីផ្សារ ការគាំទ្ររបស់រដ្ឋាភិបាលចំពោះប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្ដើមអាជីវកម្ម បានរួមចំណែកបង្កើតឡើងភាពទាក់ទាញនេះ។ នៅឆ្នាំ ២០២៣ វៀតណាមនឹងបន្តជាគោលដៅសក្តានុពលសម្រាប់វិនិយោគិនចាប់ផ្តើមអាជីវកម្ម។

វៀតណាម - ចំណុចលេចធ្លោក្នុងការទាក់ទាញទុនវិនិយោគលើការចាប់ផ្ដើមអាជីវកម្មនិងលំហូរទុន FDI ប្រកបដោយគុណភាពខ្ពស់ - ảnh 1លោក Vinnie Lauria ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Ventures។ (រូបថត៖ baodautu.vn)

វៀតណាមគឺជា "គោលដៅល្អ" សម្រាប់លំហូរទុន FDI ប្រកបដោយគុណភាពខ្ពស់

បណ្ដាមូលនិធិវិនិយោគបានសន្យាបណ្ដាក់ទុនចូលមកការចាប់ផ្ដើមអាជីវកម្មផ្នែកនវានុវត្តន៍របស់វៀតណាម ជាមួយនឹងដើមទុនកាន់តែកើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពី ៤២៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ឡើងដល់ ៨១៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ហើយក្នុងដំណាក់កាល ២០២០ - ២០២២ តួលេខនេះឡើងដល់ជិត ២ ពាន់លានដុល្លារអាមេរិក។ សន្ទុះកំណើននេះត្រូវបានគេរំពឹងថា នឹងបន្តក្នុងឆ្នាំ ២០២៣។ លោក Vinnie Lauria ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Ventures បានសង្កត់ធ្ងន់ថា កត្តាដែលធ្វើឱ្យ វៀតណាមក្លាយជាចំណុចលេចធ្លោក្នុងការទាក់ទាញទុនវិនិយោគ រួមមានស្ថិរភាពនយោបាយ កម្លាំងពលករវ័យក្មេងនិងមានកម្រិតអប់រំខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន ជំនាញឌីជីថល និងសមត្ថភាពនវានុវត្តន៍។ ល។ វៀតណាមជា "គោលដៅល្អ" សម្រាប់លំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់ (FDI) នៅពេលដែលសហគ្រាសអន្តរជាតិធំៗកំពុងស្វែងរកឱកាសវិនិយោគដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើទីផ្សារចិនផងដែរ។ លោក Vinnie Lauria បានបញ្ជាក់ថា៖

“ល្បឿននៃការអភិវឌ្ឍនវានុវត្តន៍របស់វៀតណាមគឺលឿនណាស់ ជាពិសេសទីផ្សារបច្ចេកវិទ្យារបស់វៀតណាម។ ជាមួយនឹងល្បឿនកំណើនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ នាពេលខាងមុខ វៀតណាមនឹងមានឱកាសជាច្រើនពីមូលដ្ឋានគ្រឹះដែលមានស្រាប់ ដូចជាការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃ-ផលិត។ ក្រុមហ៊ុនបច្ចេកវិជ្ជាសកលយក្ស មួយចំនួនបានមកបង្កើតក្រុមហ៊ុននៅវៀតណាមដូចជា៖ Google, Intel, Amazon, Samsung... ប្រការនេះបានបង្កើតឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ សហគ្រាស និងសកម្មភាពចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍”។

វៀតណាមមានសកម្មភាពខ្លាំងក្លាដើម្បីជំរុញនវានុវត្តភាព

វៀតណាមមានទីផ្សារក្នុងស្រុកដ៏ក្មេង ស្វាហាប់ ជាមួយនឹងទេពកោសល្យបច្ចេកវិទ្យាធំៗ និងការច្នៃប្រឌិតដោយឥតឈប់ឈរ ដូច្នេះហើយបានក្លាយជាអាស័យដ្ឋានទាក់ទាញសម្រាប់លំហូរទុនវិនិយោគនៃការចាប់ផ្តើមអាជីវកម្មនៅតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍របស់ក្រុមហ៊ុន Golden Gate Ventures ដែលមានចំណងជើងថា "ត្រីកោណមាសនៃការចាប់ផ្ដើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍" បានកត់សម្គាល់ថា “ការបំពេញឲ្យគ្នាទៅវិញទៅមក” នៃទីផ្សារសិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម នឹងបើកឱកាសសម្រាប់ការបង្កើនលំហូរទុនវិនិយោគនៃតំបន់។ របាយការណ៍នេះបានគូសបញ្ជាក់ថា វៀតណាមបានបង្ហាញឲ្យឃើញនូវការគួបផ្សំដ៏ល្អឥតខ្ចោះ រវាងទេពកោសល្យ បច្ចេកវិទ្យាកំពូល វប្បធម៌ចាប់ផ្តើមអាជីវកម្មដែលមានស្រាប់ និងទីផ្សារក្នុងស្រុកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ កត្តាទាំងនេះរួមបញ្ជូលគ្នា បានពន្យល់ពីមូលហេតុដែលវិនិយោគិន
សកលកាន់តែច្រើន កំពុងភ្នាល់ធំលើវៀតណាម។

វៀតណាម - ចំណុចលេចធ្លោក្នុងការទាក់ទាញទុនវិនិយោគលើការចាប់ផ្ដើមអាជីវកម្មនិងលំហូរទុន FDI ប្រកបដោយគុណភាពខ្ពស់ - ảnh 2 រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung។ (រូបថត៖ MPI)

ដោយមានគោលដៅរួមចំណែកបន្ទះភ្លឺក្នុងផ្ទាំងរូបភាពសេដ្ឋកិច្ចសកល ហើយលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិនោះ វៀតណាមកំពុងមានគោលជំហរនិងសកម្មភាពជាច្រើនដើម្បីជំរុញនវានុវត្តនភាព។ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ វៀតណាមជា “គោលដៅល្អ” សម្រាប់លំហូរទុន FDI ប្រកបដោយគុណភាពខ្ពស់ នៅពេលដែលសហគ្រាសអន្តរជាតិធំៗកំពុងស្វែងរកឱកាសវិនិយោគដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ។

“មូលនិធិវិនិយោគ និងសហគ្រាសនវានុវត្តន៍ នឹងជាដៃគូសំខាន់របស់រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាដើម្បីចែករំលែក ជួយគាំទ្រ និងរួមចំណែកគំនិតក្នុងការតាក់តែងគោលនយោបាយស្ដីពីការវិនិយោគលើវិស័យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ ហើយជួយវៀតណាមមានបរិយាកាសអាជីវកម្មកាន់តែទាក់ទាញក្នុងតំបន់និងលើពិភពលោក។ នាពេលខាងមុខ ក្រសួងផែនការ និងវិនិយោគនឹងស្រាវជ្រាវនិងរាយការណ៍អំពីលទ្ធភាពកសាងច្បាប់ស្តីពីការវិនិយោគប្រកបដោយ ហានិភ័យ ហើយស្នើយន្តការបង្កើតមូលនិធិសម្រាប់ជួយទ្រទ្រង់នវានុវត្តនភាព ដែលកៀគរពីមូលធនសង្គម មិនប្រើប្រាស់ថវិការដ្ឋទេ ជាមួយនឹងគោលដៅជួយទ្រទ្រង់យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគម្រោងចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ដែលមានសក្តានុពល”។

នាបច្ចុប្បន្ន មូលនិធិវិនិយោគរបស់វៀតណាមបានជួយទ្រទ្រង់គ្រប់ជ្រុងជ្រោយសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មលើផ្នែកជំនួយហិរញ្ញវត្ថុ ចំណេះដឹង សមត្ថភាពប្រតិបត្តិការ ការអភិវឌ្ឍ និងការធ្វើពាណិជ្ជកម្មនៃផលិតផល រួមចំណែកបង្កើតឡើងតម្លៃលេចធ្លោសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរបស់វៀតណាមនៅពេលឈានដល់ទីផ្សារអន្តរជាតិ ក៏ដូចជាជួយឲ្យប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្ដើមអាជីវកម្មនវានុវត្តន៍ជាតិ កាន់តែស្វាហាប់ ទាក់ទាញ និងមានគុណភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ