វៀតណាមខិតខំប្រឹងប្រែងដកកាតលឿងរបស់សហភាពអឺរ៉ុប ប្តេជ្ញាចិត្តទប់ស្កាត់ការនេសាទខុសច្បាប់

(VOVWORLD) - ក្រោយរយៈពេល ៥ ឆ្នាំ ដែលគណៈកម្មាធិការអឺរ៉ុប (EC) បានដាក់ការព្រមាន "កាតលឿង" ទៅលើសកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) វៀតណាមបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវភារកិច្ចនិងដំណោះស្រាយនានាដើម្បីបង្ការប្រឆាំងនឹងការនេសាទ IUU ព្រមទាំង អនុវត្តន៍អនុសាសន៍របស់ EC ផងដែរ។ ក្រោយពីជំនួបធ្វើការចំនួន ៣ លើក EC បានបញ្ជាក់ថា វៀតណាមបានដើរតាមផ្លូវត្រឹមត្រូវ ហើយមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ប៉ុន្តែនៅតែមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ។ ដើម្បីត្រៀមរៀបចំសម្រាប់ដំណើរអធិការកិច្ចលើកទី ៤ របស់ EC នៅ វៀតណាម (ខែមិថុនាតាមការគ្រោងទុក) វៀតណាមកំពុងខិតខំប្រឹងប្រែងដាក់ឲ្យអនុវត្តន៍ដំណោះស្រាយនានាដើម្បីអាចដកកាតលឿងក្នុងពេលឆាប់ៗ។

វៀតណាមខិតខំប្រឹងប្រែងដកកាតលឿងរបស់សហភាពអឺរ៉ុប ប្តេជ្ញាចិត្តទប់ស្កាត់ការនេសាទខុសច្បាប់ - ảnh 1វៀតណាមខិតខំដកកាតលឿងរបស់សហភាពអឺរ៉ុប ដោយប្តេជ្ញាចិត្តបង្ការទប់ស្កាត់ការនេសាទខុសច្បាប់។ (រូបថតឧទាហរណ៍៖ VOV)

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ វៀតណាមមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីដកកាត លឿងតាមរយៈការអនុវត្តន៍អនុសាសន៍របស់ EC។ នោះគឺ៖ ការសុក្រិតក្របខ័ណ្ឌច្បាប់ជាបណ្តើរៗ ក្នុងនោះមានការប្រសូត្រឡើងនៃច្បាប់ជលផលឆ្នាំ ២០១៧; ការងារដំឡើងឧបករណ៍តាមដានដំណើរនៅលើក្រុមនាវាត្រូវបានជំរុញយ៉ាងខ្លាំង សម្រេចបានអត្រាខ្ពស់ រួមជាមួយនឹងការកែលម្អសម្ភារៈបរិក្ខារ និងការតាមដានប្រភពជលផល ជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានបញ្ហាជាច្រើនដែលធ្វើឲ្យ EC នៅតែមិនអាចដកកាតលឿងចេញសម្រាប់ជលផលវៀតណាម។

ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីដកកាតលឿង

នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចេញផ្សាយ "ផែនការសកម្មភាពបង្ការប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង ត្រៀមរៀបចំសម្រាប់ជំនួបធ្វើការជាមួយក្រុមអធិការកិច្ចនៃគណៈកម្មាធិការអឺរ៉ុបលើកទី ៤”។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាដឹកនាំថា ដល់ខែឧសភា ឆ្នាំ២០២៣ ត្រូវពិនិត្យឡើងវិញ និងបង្ហើយការស្ថិតិចំនួននាវានេសាទទាំងអស់នៃមូលដ្ឋាន សម្រេចឲ្យបាន ១០០% នូវការចុះបញ្ជី ការដាក់សញ្ញាសម្គាល់នាវានេសាទ ការផ្ដល់អាជ្ញាប័ណ្ណនេសាទ ការដំឡើងឧបករណ៍តាមដានដំណើរសម្រាប់នាវានេសាទ (VMS) យោងតាមបទប្បញ្ញត្តិ។ ត្រួតពិនិត្យ និងគ្រប់គ្រង ១០០%នៃ នាវានេសាទ ដែលចេញចូលប៉ុស្តិ៍ ស្ថានីយ៍ព្រំដែនសមុទ្រ; ត្រួតពិនិត្យ គ្រប់គ្រងនាវានេសាទដែលចេញចូលកំពង់ផែនេសាទ ស្របតាមបទប្បញ្ញត្តិ។ ទន្ទឹមនឹងនោះ កសាងបទប្បញ្ញត្តិសម្របសម្រួលក្នុងមូលដ្ឋាននានាដើម្បីគ្រប់គ្រង ១០០% នាវានេសាទរបស់ខេត្តដែលប្រតិបត្តិការនៅខាងក្រៅខេត្ត។

ជាពិសេស លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យបញ្ឈប់ការនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស ហើយដាក់ពិន័យនិងចាត់ការយ៉ាងម៉ឺងម៉ាត់នូវករណីរំលោភបំពានលើការនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស ហើយឃោសនាតាមរយៈមធ្យោបាយសារព័ត៌មានមហាជន។

លើកកម្ពស់ការយល់ដឹង

ទំហំនាំចេញជលផលទៅកាន់សហភាពអឺរ៉ុបបច្ចុប្បន្ន ស្រូបយកប្រហែល១១ ដល់ ១២% នៃទំហំនាំចេញជលផលសរុបរបស់វៀតណាម ពោលគឺទំហំទីផ្សារឡើងរហូតដល់រាប់ពាន់លានដុល្លារអាមេរិក។ នោះក៏ជារបររកស៊ីចិញ្ចឹមជីវិតរបស់ពលករនៅសមុទ្រចំនួនជាង ៥ លាននាក់តាំងពីច្រើនជំនាន់ មកហើយផងដែរ។ ប្រសិនបើ "កាតលឿង" មិនអាចដកចេញបានទេ គឺផលិតផលរបស់អ្នកនេសាទនឹងប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការនាំចេញ មិនត្រឹមតែនៅទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនៅទីផ្សារផ្សេងទៀតជុំវិញពិភពលោកទៀតផង។ ដូច្នេះហើយ ការលើកកំពស់ការយល់ដឹងសម្រាប់ប្រជានេសាទ គឺជាកិច្ចការចម្បង។ អ្នកនេសាទ Le Khac Yeu ម្ចាស់នាវានេសាទនៅទីក្រុង Hai Phong បានឲ្យដឹងថា៖

“ពេលណាដែលចេញទៅសមុទ្រគឺត្រូវប្រតិបត្តិតាមច្បាប់ ពេលវិលត្រឡប់មកវិញ ត្រូវរាយការណ៍ដល់កំពង់ផែ ស្ថាប័ន ប៉ុស្តិ៍ ពេលទៅត្រូវរាយការណ៍ដើម្បីចាកចេញពីកំពង់ផែ។ អ្វីៗទាក់ទងនឹងបែបបទឯកសារ យើងត្រូវប្រតិបត្តិតាមទាំងស្រុង”។

ជាខេត្តដែលមានក្រុមនាវានេសាទធំបំផុត ដោយស្រូបយក ១៦% នៃទិន្នផលនេសាទរបស់ប្រទេសជាតិទាំងមូល ខេត្ត Kien Giang បានស្នើឱ្យមជ្ឈិមគាំទ្រការបង្កើតក្រុមត្រួតពិនិត្យការនេសាទថ្នាក់មូលដ្ឋាន ដើម្បីលើកកំពស់សមត្ថភាពត្រួតពិនិត្យនៅសមុទ្រ។ Kien Giang បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវយុទ្ធនាការកំពូលបង្ការប្រឆាំងការនេសាទ IUU រយៈពេល ១៨០ ថ្ងៃ ដោយសន្យាថា នឹងជាខេត្តឈានមុខគេក្នុងការដោះស្រាយការរំលោភ IUU យ៉ាងតឹងរ៉ឹង។ លោក Le Quoc Anh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានអះអាងថា៖

“Kien Giang ជាខេត្តដែលមានចំនួននាវាច្រើនបំផុតក្នុងប្រទេស។ ប្រសិនបើយើងមិនចាត់ការយ៉ាងតឹងរ៉ឹងទេ កុំឲ្យប្រជាពលរដ្ឋមើលឃើញថា កម្លាំងប្រតិបត្តិច្បាប់របស់ខេត្តហ៊ានធ្វើ និងចាត់ការយ៉ាងតឹងរ៉ឹង ខ្ញុំជឿថាការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលនឹងជួបការលំបាកខ្លាំងណាស់។ លើសពីនេះ ខ្ញុំស្នើឱ្យកងកម្លាំងនានា រួមទាំងនគរបាល តាមដានមុខសញ្ញាដែលតែងតែគេចវេសពីកងកម្លាំងសមត្ថកិច្ច”។

ក្រោយពីដាក់ឲ្យអនុវត្តន៍ក្នុងអំឡុងពេលវែង ការអនុវត្តបទប្បញ្ញត្តិស្តីពីការបង្ការប្រឆាំងការនេសាទ IUU មានវឌ្ឍភាពជាងមុន។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានឲ្យដឹងថា៖

“យើងកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។ មិនមានមធ្យោ
បាយផ្សេងទៀតទេ ក្រៅពីការអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិរបស់អង្គការអន្តរជាតិ ហើយនោះក៏ជាស្មារតីនៃច្បាប់ជលផលឆ្នាំ ២០១៧ ដែលជាការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះហើយ ការដកកាតលឿងគឺជាភារកិច្ចសំខាន់បំផុត។ ដោយមានការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល ការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងរវាងមូលដ្ឋានជាមួយគ្នា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល យើងជឿជាក់ថា កាតលឿងនឹងត្រូវដកចេញក្នុងពេលឆាប់ៗក្នុងឆ្នាំនេះ”។

ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ ការអនុវត្តន៍ដោយព្រមៗគ្នា ការប្រមូលផ្តុំគ្រប់ធនធានដែលមានស្រាប់ទាំងអស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាននានា ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវឯកសារដែលត្រូវបានចេញផ្សាយនោះ វៀតណាមកំពុងត្រៀមរៀបចំយ៉ាងប្រញាប់ប្រញាល់សម្រាប់ជំនួបធ្វើការលើកទី ៤ ជាមួយ EC នៅខែមិថុនាខាងមុខ ឆ្ពោះទៅរកគោលដៅដកកាតលឿងនៅក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ