វៀតណាមខិតខំប្រឹងប្រែងរុញថយក្រោយជម្ងឺរាតត្បាត Covid-19
(VOVWORLD) - ក្រោយរយៈពេល៩៩ថ្ងៃដែលមិនកើតមានករណីឆ្លង Covid-19 ណាមួយនៅក្នុងសហគមន៍នោះ នាថ្ងៃទី២៥ កក្កដា កន្លងទៅ វៀតណាមបានកត់ត្រាករណីឆ្លងដំបូងនៅទីក្រុងដាណាំង ហើយបន្ទាប់មកកើតមានយ៉ាងរាយប៉ាយនៅខេត្ត ក្រុងមួយចំនួនទៀត។ ប្រព័ន្ធបង្ការប្រយុទ្ធប្រឆាំងជម្ងឺពីមជ្ឈឹមដល់មូលដ្ឋាន ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ដោយស្មារតីប្រមូលផ្ដុំគ្រប់ប្រភពធនធាន ប្រើប្រាស់គ្រប់ដំណោះស្រាយដើម្បីកំចាត់ដល់ជំរកជំងឺនិងតំបន់ ដែលមានហានិភ័យខ្ពស់ផងដែរ។ ខណៈដែលខេត្តក្រុងផ្សេងៗទៀតបន្តរក្សាភាព ធម្មតាថ្មីដើម្បីអភិវឌ្ឍ។
អនុវត្តការបាញ់ថ្នាំកំចាត់មេរោគនៅមន្ទីរពេទ្យដាណាំង។ (រូបថត៖ qdnd.vn) |
ប្រមូលផ្ដុំកម្លាំងកំណត់តំបន់កើតមានជម្ងឺដើម្បីរាំងស្ដាត់ការរីករាលដាល
ដោយមានការប្ដេជ្ញាចិត្តមិនទុកឲ្យរលកទី២នៃជម្ងឺផ្ទុះឡើងនៅវៀតណាម បន្ទាប់ពីកត់ត្រាករណីដំបូងឆ្លងជម្ងឺនៅទីក្រុងដាណាំង បណ្ដាមន្ទីរពេទ្យ ទីប្រជុំ ជន ហាងម្ហូបអាហារ និងមូលដ្ឋានអាជីវកម្មពាក់ព័ន្ធនានា សុទ្ធតែត្រូវបានគ្រប់ គ្រងយ៉ាងតឹងរឹង។ ក្រសួងសុខាភិបាលបានចាត់បញ្ជូនក្រុមការងារដែលមានបទ ពិសោធន៍ច្រើនបំផុតដឹកនាំដោយលោកអនុរដ្ឋមន្រ្តី Nguyen Truong Son រួមជា មួយក្រុមគ្រូពេទ្យមានជំនាញព្យាបាលពូកែបំផុតទៅកាន់ទីក្រុងដាណាំង។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Truong Quoc Cuong បានឲ្យដឹងថា៖ “យើងខ្ញុំបានធ្វើចត្តាឡីស័ក បាញ់ថ្នាំកំចាត់មេរោគនៅមន្ទីរពេទ្យទាំង៣រួម មានមន្ទីរពេទ្យ C មន្ទីរពេទ្យដាណាំងនិងមន្ទីរពេទ្យកែកាយសម្ឃទាក៏ដូចជាទីកន្លែងផ្សេងៗទៀតដែលកើតមានករណីឆ្លងក្នុងសហគមន៍ផងដែរ។ ទន្ទឹមនេះ បិទតំបន់ទាំងអស់ដែលមានហានិភ័យឆ្លងវីរុសខ្ពស់ ហើយសហការជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍ផ្ញើរសារដល់មនុស្សទាំងអស់ដែលធ្លាប់បានទៅកាន់ដាណាំងឬមានការពាក់ព័ន្ធដល់ករណីឆ្លងវីរុសផងដែរ។ យើងខ្ញុំ បានកៀងគរមនុស្សជាង១០០០នាក់ដែលជានិស្សិតនៅតាមសាកលវិទ្យាល័យ វេជ្ជសាស្ត្រនិងសាលាយោធានានាដើម្បីជួយឧបត្ថម្ភដល់ការងារបង្ការប្រយុទ្ធ ប្រឆាំងជម្ងឺនៅដាណាំងផងដែរ។ នាបច្ចុប្បន្ននេះ ស្ថានភាពត្រូវបានគ្រប់គ្រង យ៉ាងល្អ ហើយយើងខ្ញុំប្ដេជ្ញាចិត្តមិនទុកឲ្យជម្ងឺរីករាលដាលលើទ្រង់ទ្រាយធំ នោះឡើយ”។
ដើម្បីជួយទីក្រុងដាណាំងកំចាត់ជម្ងឺរាតត្បាតឲ្យបានឆាប់បំផុត តំបន់ជា ច្រើនបានចាត់បញ្ជូនធនធានមនុស្សក៏ដូចជាសម្ភារៈទៅកាន់ទីក្រុងភាគកណ្ដាលនេះតែម្ដង។ ទីក្រុងហាយ ហ្វុងបានបញ្ជូនវេជ្ជបណ្ឌិត៣៣នាក់ មន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញបញ្ជូនក្រុមប្រតិកម្មលឿនទី៥ ទីក្រុងហាណូយបញ្ជូនទឹកប្រាក់និង ម៉ាស់ពេទ្យ ទឹកលាងដៃ ជាដើម។ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋា ភិបាលកាលពីថ្ងៃទី៣ សីហា រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានអះអាងថា៖ “ក្នុងស្មារតីគឺប្រើប្រាស់ដំណោះស្រាយខ្លាំងបំផុតដើម្បីកំចាត់ជម្ងឺរាតត្បាត។ ចំពោះទីក្រុងដាណាំងឬតំបន់កើតមានជម្ងឺផ្សេងៗ លោកនាយករដ្ឋមន្រ្តីបានបញ្ជា ណែនាំឲ្យបំពេញបន្ថែមនូវកម្លាំងសុខាភិបាល បុគ្គលិក ម៉ាស៊ីនធ្វើតេស្ត ជា ពិសេសគឺស្វែងរកករណីប៉ះពាល់ ហើយធ្វើតេស្តយ៉ាងឆាប់រហ័សដើម្បីរាំងស្កាត់ ការឆ្លងវីរុស”។
មិនមានតែទីក្រុងដាណាំងប៉ុណ្ណោះទេ ប៉ុន្តែតំបន់ជាច្រើនផ្សេងទៀតរួមទាំង ទីក្រុងហាណូយនិងទីក្រុងហូជីមិញបានបញ្ឈប់ជាបណ្ដោះអាសន្ននូវសកម្មភាព ដោយប្រមូលផ្ដុំមនុស្សច្រើន សេវាកម្មមិនចាំបាច់ដូចជាខារ៉ាអូខេ បារ និងឌីស្កូ សំដៅរាំងស្កាត់ការរីករាលដាលជម្ងឺនៅក្នុងសហគមន៍។
ទីក្រុងហាយហ្វុងបញ្ជូនក្រុមវេជ្ជបណ្ឌិតទៅជួយឧបត្ថម្ភទីក្រុងដាណាំង។ |
ប្ដូរផ្ដាច់ប៉ុន្តែមិនស្ពឹកស្រពន់
ទន្ទឹមនឹងការប្រមូលកម្លាំងដើម្បីកំចាត់ជម្ងឺរាតត្បាតនៅទីក្រុងដាណាំង រដ្ឋាភិបាលវៀត ណាមក៏បានកំណត់ថា ត្រូវការបន្តរក្សាការអភិវឌ្ឍសេដ្ឋកិច្ចទៀត ផង។ ហេតុដូច្នេះ ចំពោះតំបន់ដែលគ្មានករណីឆ្លងជម្ងឺនៅក្នុងសហគមន៍នោះ គឺគួរតែគ្រប់គ្រង បង្ការប្រយុទ្ធប្រឆាំងជម្ងឺនៅកម្រិតល្មម ដើម្បីធានាឲ្យសកម្មភាព សេដ្ឋកិច្ចសង្គមអាចប្រព្រឹត្តទៅជាធម្មតា។ រហូតមកដល់ពេលនេះ វៀតណាមមិនអនុវត្តការរក្សាគម្លាតសង្គមលើទូទាំងប្រទេស ដូចនឹងដំណាក់កាលចាប់ពីខែមីនា ដល់ខែឧសភាកន្លងទៅឡើយ។
លើវិស័យគមនាគមន៍ដឹកជញ្ជូន នាបច្ចុប្បន្ននេះ ត្រឹមតែមានព្រលានយន្ត ហោះដាណាំងនិងស្ថានីយ៍ឡានក្រុងចម្ងាយឆ្ងាយនៅទីក្រុងនេះបានបញ្ឈប់ជាបណ្ដោះអាសន្នការដឹកជញ្ជូនអ្នកដំណើរតែប៉ុណ្ណោះ។ ក្រៅពីនោះ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលបានប្រកាសថា នៅតែរៀបចំការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជា២ជុំ (ជុំទី១ក្នុងថ្ងៃទី៨និង៩ តុលាខាងមុខ ចំពោះបេក្ខជនដែលមិនត្រូវធ្វើ ចត្តាឡីស័ក ហើយជុំទី២នឹងបានរៀបចំឡើងនាពេលវេលាដ៏សមស្របចំពោះ បេក្ខជនចំណុះក្រុម F1 F2 រួមជាមួយបេក្ខជននៅដាណាំងនិងក្វាងណាម)។ ប្រការនេះបានសរឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរក្សាសកម្មភាពសេដ្ឋកិច្ចសង្គមជាធម្មតានៅវៀត ណាម។
បទពិសោធន៍និងភាពជោគជ័យក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នាពេលកន្លងទៅ ជាកត្តាដ៏ងាយស្រួលសម្រាប់វៀតណាមដើម្បីឆ្លើយតបនឹង ការផ្ទុះជម្ងឺលើកនេះ។ ដើរទន្ទឹមជាមួយគ្នានោះ វៀតណាមនៅតែរក្សាការធ្វើ ផលិតកម្ម អាជីវកម្ម មិនទុកឲ្យសេដ្ឋកិច្ចរងការផ្ដួលរលំនោះឡើយ សំដៅអនុវត្ត គោលដៅដើរទន្ទឹមគ្នាទាំងពីរនោះគឺប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផងហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង៕