វៀតណាមគោរព និងមានបំណងប្រាថ្នារួម​ជាមួយ​ស្វីស​បើកចេញ​ដំណាក់​កាល​សហប្រតិបត្តិការថ្មី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin នោះ  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធស្វីស និងសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០២១។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាចាក់គ្រឹះសម្រាប់វិស័យសហប្រតិបត្តិការថ្មីរវាងវៀតណាម ជាមួយស្វីស និងសហព័ន្ធរុស្ស៊ីទៀតផង។
វៀតណាមគោរព និងមានបំណងប្រាថ្នារួម​ជាមួយ​ស្វីស​បើកចេញ​ដំណាក់​កាល​សហប្រតិបត្តិការថ្មី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ vtc.vn)

រយៈពេល ៥០ ឆ្នាំ នៃការពូនជ្រុំទំនាក់ទំនងប្រពៃណី

ស្វីសគឺជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដើមដំបូង ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ក្នុងគ្រាដែលវៀតណាមជួបការលំបាក ពោលគឺវៀតណាមបានធ្វើការតស៊ូឯកភាពប្រទេសជាតិនៅភូមិភាគខាងត្បូងផង និងផ្ដោតសំខាន់លើការកសាងសង្គមនិយមនៅភូមិភាគខាងជើងផង។ ជាក់ស្ដែង ទំនាក់ទំនងទ្វេភាគីត្រូវបានបង្កើតឡើងកាលពីមុននោះ ហើយបានពូនជ្រុំតាមពេលវេលាជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់ៗជាច្រើន  ជាពិសេសគឺការដែលស្វីសបានទទួលស្គាល់កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ ដោយបានទទួលស្គាល់ឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់វៀតណាម។

ក្នុងរយៈពេលកន្លះសតវត្សរិ៍កន្លងទៅ ទំនាក់ទំនងទ្វេភាគីមានការបោះជំហានទៅមុខគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការដំបូងរវាងប្រទេសទាំងពីរបានផ្តោត សំខាន់លើជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍។ ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅ រដ្ឋាភិបាលស្វីសបានផ្តល់ថវិកាជាង ៦០០ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ក្នុងខែមីនាឆ្នាំ ២០២១ ស្វីសបានប្រកាសកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស - វៀតណាមដំណាក់កាល ២០២១ - ២០២៤ ដោយមានទុន ODA ចំនួន ៧០ លាន CHF តាមនោះ វៀតណាមបន្តជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច ដែលស្ថិតក្នុងបញ្ជីដៃគូអាទិភាពសហប្រតិបត្តិការ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ភាគីទាំងពីរបានធ្វើការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ជាង ៣០ ក្រុម។ កាលពីខែសីហា ឆ្នាំ ២០២១ ថ្មីៗនេះ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis បានអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។ ហើយបច្ចុប្បន្ននេះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅស្វីស។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ តម្លៃប្រាក់នាំចេញ នាំចូលសរុបរវាងវៀតណាម និងស្វីសក្នុងឆ្នាំ ២០២០ និងដំណាក់កាល ២០១៦-២០១៨ សម្រេចបានក្រោម ១ ពាន់លានដុល្លារអាមេរិក។ ក្រុមហហ៊ុនស្វីសជាង ១០០ អង្គភាព ដេលមានពាណិជ្ជសញ្ញាឈានមុខគេនៅលើពិភពលោកដូចជា Nestle, ABB, Novartis, Roche, Zuellig Pharma, Holcim, Schindler... បានធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាមជាមួយទុនវិនិយោគជិត ២ ពាន់លានដុល្លារអាមេរិក ដោយនាំស្វីសក្លាយទៅជាវិនិយោគិនអឺរ៉ុបធំទី ៦ នៅវៀតណាម។ វាយតម្លៃអំពីទំនាក់ទំនងទ្វេភាគីនោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Hoang Giang បានឲ្យដឹងថា៖ “ទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងរស់រវើកនោះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរធ្វើការពូនជ្រុំ អភិវឌ្ឍន៍ និងសម្រេចបានលទ្ធផលជាផ្លែផ្កាលើគ្រប់វិស័យដោយឥតឈប់ឈរ។ ក្នុងទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍នោះ ស្វីសបានរក្សាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ។ គម្រោងសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីបានរូមចំណែកប្រកបដោយប្រសិទ្ធភាព ដល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក៏ដូចជាអនុវត្តន៍រាល់គោលដៅសហសវត្សរ៍ ដោយឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាមផងដែរ”។

វៀតណាមគោរព និងមានបំណងប្រាថ្នារួម​ជាមួយ​ស្វីស​បើកចេញ​ដំណាក់​កាល​សហប្រតិបត្តិការថ្មី - ảnh 2អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Hoang Giang

ទំនាក់ទំនងទ្វេភាគីនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត

អាចនិយាយបានថា សមិទ្ធិផលដ៏ធំបំផុត ដែលវៀតណាម និងស្វីសសម្រេចបានក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងទៅគឺជាការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ ការចែករំលែកតម្លៃរួមរបស់ពិភពលោក ជាពិសេសគឺការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។

ដោយមានលក្ខណៈបំពេញបន្ថែមគ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ និងកម្លាំងចលករនយោបាយដ៏ខ្លាំងក្លានាបច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម -ស្វីសនឹងបន្តត្រូវបានពង្រឹង និងពង្រីក ដោយបានអនុវត្តន៍ជាក់ស្ដែងនូវសក្តានុពលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការថែទាំសុខភាព។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលស្វីសគឺជាសមាជិកស្ថាបនិកមួយនឹងបង្កើតកម្លាំងចលករដ៏ធំធេងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ លោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះអនាគតនៃប្រទេសទាំងពីរ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងស្វីស និងវៀតណាម។ យើងបានសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យជាច្រើនដូចជានយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការសិក្សាស្រាវជ្រាវ។ ខ្ញុំគិតថាយើងគប្បីបន្តពង្រឹងវិស័យសហប្រតិបត្តិការទាំងនេះ។ ប្រទេសទាំងពីរកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយយើងខ្ញុំមានជំនឿជាក់ថា ដំណើរការចរចាអាចសម្រេចបានជាស្ថាពរយ៉ាងឆាប់ៗ ដោយបើកចេញឱកាសពាណិជ្ជកម្មជាច្រើន ចាក់គ្រឹះសេដ្ឋកិច្ចដ៏រឹងមាំថែមទៀតផងដែរ”។

រាល់សមិទ្ធិផលដែលវៀតណាមនិងស្វីសសម្រេចបានក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងទៅ បានសរឲ្យឃើញ ពីសក្ដានុពលនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ស្វីស។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅស្វីសនឹងរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព ក៏ដូចជាអះអាងការសន្យាបន្តសហប្រតិបត្តិការ បង្កើតមូលដ្ឋានពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីនាអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ