វៀតណាមជានិច្ចកាលកសាងភាពស្មោះត្រង់ ទំនុកទុកចិត្ត និងការទទួលខុសត្រូវ ដើម្បីពិភពលោកមួយកាន់តែល្អប្រសើរជាង
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិសហរដ្ឋអាមេរិក (CSIS) អំពីភាពស្មោះត្រង់ ទំនុកទុកចិត្ត និងការទទួលខុសត្រូវក្នុងការកសាងពិភពលោកមួយឱ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិសហរដ្ឋអាមេរិក (CSIS) (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកជាមួយអ្នកស្រាវជ្រាវអំពីទស្សនៈរបស់វៀតណាមចំពោះពិភពលោកនាពេលបច្ចុប្បន្ននេះ; តួនាទីនៃភាពស្មោះត្រង់ ទំនុកទុកចិត្ត និងទំនួលខុសត្រូវក្នុងពិភពលោកដែលមានការប្រែប្រួលនាពេលបច្ចុប្បន្ននេះ ក៏ដូចជាប្រការចាំបាច់ត្រូវធ្វើដើម្បីបង្ហាញពីភាពស្មោះត្រង់ បង្កើនទំនុកទុកចិត្ត និងទំនួលខុសត្រូវ ដើម្បីពិភពលោកមួយកាន់តែល្អប្រសើរជាងផងដែរ។
ទាក់ទងនឹងស្ថានភាពពិភពលោកបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ ក្នុងទស្សវត្សរ៍ទី ៣ នៃសតវត្សរ៍ទី ២១ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅតែជាបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជនៅលើពិភពលោក។ ប៉ុន្តែពិភពលោកកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកលំបិនបំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។ សកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗ ជាពិសេសគឺចំពោះសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មទី ៤។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺរាតត្បាតកូវីដ ១៩ និងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការប្រកួតប្រជែង យុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចកំពុងបង្កើតការផ្លាស់ប្តូរស្ថានភាពពិភពលោក ជាមួយនឹងកត្តាជាច្រើនដែលពិបាកព្យាករណ៍ ហើយប៉ះពាល់ពហុទិសដល់បរិយាកាសសន្តិសុខ និងអភិវឌ្ឍន៍របស់ប្រទេសជាតិនីមួយៗ ហើយគុណសម្បត្តិ កាលានុវត្តភាព និងការលំបាកសាកល្បងបានរួមបញ្ជូលគ្នា។ ដូច្នេះហើយ គ្រោះអាសន្ននៃសង្គ្រាម អស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកបន្តជួបប្រទះហានិភ័យជាច្រើន។
ពីស្ថានភាពពិភពលោក តំបន់ និងសកម្មភាពកិច្ចការបរទេសជាក់ស្ដែងនារយៈពេលកន្លងទៅរបស់វៀតណាម ជាពិសេសគឺក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២០-២០២១ នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយគ្នា។ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសមួយបានជះឥទ្ធិពលដល់ប្រទេសជិតខាងក្នុងតំបន់ និងពិភពលោល។ ផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិនីមួយៗត្រូវចុះសម្រុងគ្នា និងគោរពផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិ ស្របតាមច្បាប់របស់ប្រទេសនីមួយៗដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជានិន្នាការសមស្របដើម្បីរួមគ្នាថែរក្សាសន្តិភាព ជំរុញការអភិវឌ្ឍ និងទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេស។ ជាចុងក្រោយ សមាហរណកម្មអន្តរជាតិគឺជានិន្នាការសត្យានុម័តក្នុងពិភពលោកបច្ចុប្បន្ននេះ។
យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថាភាពស្មោះត្រង់ ទំនុកទុកចិត្ត និងការទទួលខុសត្រូវបានដើរតួនាទីយ៉ាងសំខាន់ពិសេសក្នុងការដោះស្រាយបញ្ហារបស់ពិភពលោកនាបច្ចុប្បន្ន។ ដូច្នេះហើយជាងពេលណាៗទាំងអស់ ពិភពលោកចាំបាច់ត្រូវជំរុញការកសាង ពង្រឹងភាពស្មោះត្រង់ ទំនុកទុកចិត្តរវាងបណ្ដាប្រទេស។ ទន្ទឹមនឹងនេះ ប្រទេសនីមួយៗចាំបាច់ត្រូវមានឥរិយាបទប្រកបដោយមានទំនួលខុសត្រូវ ក្នុងនោះមានការគោរពរាល់ការសន្យារបស់ខ្លួនគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរពឯករាជ្យ អធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក គោរពរបៀបរបបនយោបាយរបស់ប្រទេសនីមួយៗ។ កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការប្រកបដោយសមភាព ហើយមានផលប្រយោជន៍ដូចគ្នា ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុតចំពោះភាពគង់វង្សវាងបណ្ដាប្រទេស ក៏ដូចជាក្នុងការកសាងពិភពលោកមួយប្រកបដោយភាពល្អប្រសើរជាង។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញពិភាក្សាការងារជាមួយអ្នកតំណាងមកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិសហរដ្ឋអាមេរិក (CSIS) (រូបថត៖ VNA) |
ក្នុងសុន្ទរកថារបស់ខ្លួន លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកទស្សនៈរបស់វៀតណាមអំពីការបង្ហាញភាពស្មោះត្រង់ ការពង្រឹងជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស តំបន់ និងសហគមន៍អន្តរជាតិ នោះគឺ៖ វៀតណាមប្រកាន់យ៉ាងខ្ជាប់ចំពោះគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិសភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគី វៀតណាមជាមិត្តដ៏ល្អជាដៃគូគួរឲ្យជឿទុកចិត្តជាមួយបណ្ដាប្រទេសនៅលើពិភពលោក ហើយជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមតែងតែបង្ហាញពីភាពស្មោះត្រង់ ឥតងាករេ តម្លាភាពក្នុងការកសាង និងអនុវត្តន៍គោលមាគ៌ាដូចដែលបានពោលខាងលើ។ រវាងឯករាជ្យ និងការពឹងផ្អែកនោះ វៀតណាមតែងតែជ្រើសរើសឯករាជ្យដោយស្មារតី “គ្មានអ្វីដែលប្រសើរថ្លៃថ្លាជាងឯករាជ្យ និងសេរីភាព” របស់លោកប្រធានហូជីមិញដ៏ធំមហិមា; រវាងការចរចា និងការប្រឈមមុខដាក់គ្នា វៀតណាមជ្រើសរើសការចរចា។ រវាងការសន្ទនា និងជម្លោះ វៀតណាមជ្រើសរើសការសន្ទនា។ រវាងសន្តិភាព និងសង្រ្គាម វៀតណាមជ្រើសរើសសន្តិភាព។ រវាងកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង វៀតណាមជ្រើសរើសកិច្ចសហប្រតិបត្តិការ ហើយការប្រកួតប្រជែងត្រូវមានភាពស្អាតស្អំ សមភាព គោរព ឯករាជ្យ គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។ លើលពីនេះទៅទៀត វៀតណាមត្រៀមខ្លួនជាស្រេចសន្ទនា និងសហប្រតិបត្តិការដើម្បីដោះស្រាយការខ្វែងគំនិតគ្នា រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ភាពស្មោះត្រង់ ទំនុកទុកចិត្ត និងទំនួលខុសត្រូវគឺជាកូនសោរសម្រាប់បណ្ដាប្រទេសដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាក្នុងពិភពលោកមួយដែលពោរពេញទៅដោយការផ្លាស់ប្ដូរដូចបច្ចុប្បន្ននេះ។ ភាពស្មោះត្រង់ ទំនុកទុកចិត្ត និងទំនួលខុសត្រូវក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃទំនាក់ទំនងវៀតណាមនិងសហរដ្ឋអាមេរិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា ប្រទេសទាំងពីររួមកម្លាំងកាយចិត្តគ្នាពូនជ្រុំ កសាង និងពង្រឹងទំនុកទុកចិត្ត ការទទួលខុសត្រូវ ភាពស្មោះត្រង់ ដោយរួមចំណែកជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកផងដែរ៕