វៀតណាមជាមួយនឹងសារ “សុខដុមរមនាក្នុងភាពសម្បូរបែប” នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស
(VOVWORLD) - ចូលរួមសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីបញ្ជូនសារដ៏មានអត្ថន័យ ឆ្ពោះទៅរកយុត្តិធម៌ ធានាសិទ្ធិសម្រាប់ប្រជាជនគ្រប់រូប។ ទាំងនោះ គឺជាការរួមចំណែកដ៏សំខាន់របស់វៀត ណាមក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់
អង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN) |
សម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រព្រឹត្តទៅក្នុងបរិបទពិសេសមួយ នៅពេលដែលពិភពលោកទាំងមូលកំពុងបើកទ្វារនិងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ ១៩។ ថ្វីត្បិតដូច្នេះក៏ដោយ ផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតនៅតែមានវត្តមានច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីការលំបាកផ្នែកសេដ្ឋកិច្ច-សង្គម ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជននៅទូទាំងពិភពលោក។ ក្នុងបរិបទនោះ គំនិតផ្តួចផ្តើមជាក់ស្តែងដើម្បីធានាសិទ្ធិមនុស្សក្នុងវិស័យបម្រែបម្រួលអាកាសធាតុ សិទ្ធិស្បៀងអាហារ បញ្ហាសមភាពយេនឌ័រ និងស្មារតីនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរបស់វៀតណាមក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានបណ្តាប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមបានម្ចាស់ការពិភាក្សា អំពីបទពិសោធន៍របស់វៀត ណាមក្នុងដំណើរការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត ដើម្បីធានាឱ្យបានល្អបំផុតនូវសន្តិសុខសង្គម ធានាសិទ្ធិរបស់ប្រជាជនក្នុងការទទួលបានសេវ៉ាសុខាភិបាល សេដ្ឋកិច្ច សង្គម និងការអប់រំ។ វៀតណាមក៏បានចែករំលែកបទពិសោធន៍ក្នុងការផ្លាស់ប្តូរ ការឆ្លើយតបកាន់តែល្អប្រសើរចំពោះបម្រែបម្រួលអាកាសធាតុ និងទស្សនៈលើកកម្ពស់តួនាទីសំខាន់របស់ស្ត្រីក្នុងការថែទាំគ្រួសារ។ គណៈប្រតិភូវៀតណាមក៏បានអះអាងនូវការបន្តផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងស្មារតីត្រៀមជាស្រេច សហការក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជា ចែករំលែកបទពិសោធន៍ជាមួយប្រទេសដទៃទៀតក្នុងវិស័យទាំងនេះ។
ការតាំងពិព័រណ៍រូបថតអំពីសហគមន៍ជនជាតិនិងសាសន៍របស់វៀតណាមនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN) |
រួមជាមួយការចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការធានាសិទ្ធិមនុស្ស គណៈប្រតិភូវៀតណាមបានរៀបចំ “ការតាំងពិព័រណ៍រូបថតសហគមន៍ជនជាតិ និងសាសនានៅវៀតណាម៖ សុខដុម រមនាក្នុងភាពសម្បូរបែប”នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការតាំងពិព័រណ៌នេះឧទ្ទេសនាមអំពីជីវភាពសុខដុមរមនា សម្រស់វប្បធម៌ បេតិកភណ្ឌធម្មជាតិ ទំនៀមទម្លាប់របស់សហគមន៍ជនជាតិទាំងអស់នៅវៀតណាម ព្រមទាំងសេរីភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាម។ ការតាំងពិព័រណ៌ក៏បានបង្ហាញពីសារនៃភាពសុខដុមរមនាក្នុងភាពសម្បូរបែប មានការគោរព និងការយល់ដឹង ការសន្ទនានិងកិច្ចសហប្រតិបត្តិការ ធានាបាននូវភាពយុត្តិធម៌ និងធានាសិទ្ធិសម្រាប់ប្រជាជនវៀតណាមគ្រប់រូប។ តាមនោះ សហគមន៍ជនជាតិទាំង ៥៤ របស់វៀតណាម ទាំងអ្នកកាន់សាសនា ឬមិនកាន់សាសនា សុទ្ធតែបានរស់នៅដោយសុខដុមរមនា ជំនះរាល់បញ្ហាប្រឈមនានាក្នុងប្រវត្តិសាស្ត្រ និងកំពុងរួបរួមគ្នាឆ្ពោះទៅអនាគតដ៏ល្អប្រសើរជាង។ មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៌នេះក៏បង្ហាញយ៉ាងរស់រវើកនូវការប្តេជ្ញាចិត្តរបស់វៀតណាម ក៏ដូចជាសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានា និងលើកកម្ពស់សិទ្ធិមនុស្សកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
វៀតណាមកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។ សកម្មភាពរបស់វៀតណាមនៅក្នុងសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បង្ហាញពីការយល់ដឹងកាន់តែជ្រាលជ្រៅ ការគោរពគ្នាទៅវិញទៅមក បង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប។ ប្រការនេះក៏ជាសាររបស់វៀតណាមក្នុងអំឡុងពេលឈរឈ្មោះបេក្ខភាពសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ និងខ្ពស់ជាងនេះ គឺជាបាវចនា និងគោលនយោបាយរបស់វៀតណាមក្នុងដំណើរការចូលរួមរាល់សកម្មភាពនៅបណ្តាវេទិការអន្តរជាតិ ជាពិសេសក្នុងវិស័យសិទ្ធិមនុស្ស។
ចូលរួមក្នុងសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គណៈប្រតិភូវៀតណាមបានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស អនុប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អគ្គនាយកការិយាល័យអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ ក៏ដូចជាជួបជាមួយឯកអគ្គរដ្ឋទូត និងតំណាងប្រទេសជាច្រើននៅអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ។ តាមរយៈការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក បណ្តាប្រទេស និងអង្គការអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងជាពិសេសការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានាដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែប្រសើរឡើង។ តំណាងប្រទេសនិងអង្គការអន្តរជាតិដែលបានចូលរួម “ការតាំងពិព័រណ៍រូបថតស្តីពីសហគមន៍ជនជាតិ និងសាសនានៅវៀតណាម៖ សុខដុមរមនាក្នុងភាពសម្បូរបែប” បានសម្តែងនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខដុមរមនារបស់ជនជាតិទាំង ៥៤ និងសហគមន៍ជំនឿសាសនាក្នុងមហាគ្រួសារវៀតណាម។ ពួកគេចាត់ទុកថា ទាំងនោះជាហេតុផលនាំមុខមួយសម្រាប់វៀតណាមដើម្បីទទួលបានលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបច្ចុប្បន្ន។ សហគមន៍អ្នកការទូតអន្តរជាតិបានសម្តែងជំនឿថា វៀតណាមនៅពេលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងរួមចំណែកក្នុងការកសាងក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងកិច្ចការពារនិងជម្រុញសិទ្ធិមនុស្សលើជុំវិញពិភពលោក៕