(VOVWORLD) - នៅថ្ងៃទី ១៤ ធ្នូ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល នៃព្រះរាជាណាចក្របែលហ្សិក។ ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ EU ហើយទន្ទឹមនឹងនោះ តែងតែគាំទ្រការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh តំណាងវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ (រូបភាព៖ ក្រសួងការបរទេស) |
ជាមួយនឹងប្រវត្តិសាស្ត្ររយៈពេល ៣២ ឆ្នាំនៃការអភិវឌ្ឍជាក់ស្តែង និងទូលំទូលាយ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) បានឈានឡើងដល់កម្ពស់ថ្មីមួយ ដោយភាគីទាំងពីរក្លាយជាដៃគូសមភាព ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍រួមលើគ្រប់សសរស្តម្ភ។ វៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និង EU។
វៀតណាមតែងតែគាំទ្រទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និង EU
ក្នុងនាមជាសមាជិកដ៏ស្វាហាប់ មានការច្នៃប្រឌិត និងសកម្មរបស់អាស៊ាន វៀត ណាមតែងតែប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពរវាងអាស៊ាន និងដៃគូ ក្នុងនោះមានសហភាពអឺរ៉ុបផងដែរ។ វៀតណាមគឺជាប្រទេសអាស៊ានដំបូងគេដែលមានក្របខ័ណ្ឌទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខជាមួយ EU; មានយន្តការជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការឯកទេស រក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតជាន់ខ្ពស់។
ក្រឡេកមើលឡើងវិញប្រវត្តិសាស្ត្រ នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ក្នុងសន្និសីទអនឡាញ ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៣ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានតំណាងឱ្យវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានបានមានប្រសាសន៍ថា៖ “វៀតណាមគាំទ្រការលើកកម្ពស់ជាផ្លូវការនូវទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាដៃគូយុទ្ធសាស្ត្រ”។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អនុរដ្ឋមន្ត្រីការបរទេសអាស៊ាន - EU (ខែកញ្ញា ឆ្នាំ ២០២១) អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖ “វៀតណាមគោរពជានិច្ចនិងមានការរួមវិភាគទានជាវិជ្ជមានចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប”។
ដោយអនុវត្តន៍រាល់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និង EU ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប វៀតណាមតែងតែផ្ញើសារយ៉ាងរឹងមាំថា ខ្លួនជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកគួរឱ្យទុកចិត្ត ហើយត្រៀមខ្លួនជាស្រេច រួមដៃជាមួយប្រទេសនានាដើម្បី ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមចាំបាច់ជា សកល និងរួមចំណែកដល់សកម្មភាពមនុស្សធម៌។ ក្នុងឆ្នាំ ២០២១ វៀតណាមបានបរិច្ចាគថវិកាចំនួន ១ លានដុល្លារដល់កម្មវិធី COVAX ដែលបង្ហាញពីសាមគ្គីភាពអន្តរជាតិ និងការទទួលខុសត្រូវរបស់វៀតណាមលើកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០.០០០ ដុល្លារអាមេរិក ដល់ប្រជាជនអ៊ុយក្រែន តាមរយៈអង្គការអន្តរជាតិ (នៅឧសភា ២០២២)។
ឯកអគ្គរដ្ឋទូត លោក Igor Driesmans- ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (រូបថត៖ VOV) |
ដោយមានបំណងចង់រួមជាមួយបណ្តាប្រទេសក្នុងអាស៊ាន និង EU ដើម្បីកសាងបរិយាកាសសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជុំវិញពិភពលោក ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប វៀតណាមក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំកម្រិតខ្ពស់នៅក្នុងសន្និសីទនៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦) ដើម្បីចែករំលែកការទទួលខុសត្រូវឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។
មតិសាធារណៈអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងទំនាក់ទំនងអាស៊ាន - EU
រាល់ការរួមវិភាគទានជាវិជ្ជមានរបស់វៀតណាម ចំពោះទំនាក់ទំនងអាស៊ាន-សហ ភាពអឺរ៉ុបនិយាយរួម និងក្នុងទំនាក់ទំនងជាមួយ EU និយាយដោយឡែក ទទួលបានការវាយតម្លៃវិជ្ជមានពីអ្នកនយោបាយនៅអឺរ៉ុប។ យោងតាមព្រឹទ្ធសមាជិក Andries Gryffroy អនុប្រធានទីមួយនៃព្រឹទ្ធសភាបែលហ្ស៊ិក វៀតណាមមានទីតាំងភូមិសាស្ត្រសំខាន់នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ សេដ្ឋកិច្ចវៀតណាមបច្ចុប្បន្នគឺជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្លៃសេដ្ឋកិច្ចរបស់អាស៊ានជាមួយនឹងគុណសម្បត្តិជាច្រើន។ ដូច្នេះ វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងអាស៊ាន និង EU។
ឯកអគ្គរដ្ឋទូត EU ប្រចាំអាស៊ាន លោក Igor Driesmans បានឲ្យដឹងថា សម្រាប់ EU វៀតណាមមិនត្រឹមតែជាដៃគូទ្វេភាគីដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាសមាជិកសំខាន់ក្នុងអាស៊ានផងដែរ។ នោះគឺជាមូលដ្ឋានដ៏រឹងមាំ និងអំណោយផលសម្រាប់ជំរុញទំនាក់ទំនងរវាងភាគី។
ដោយសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមជាស្ពានតភ្ជាប់រវាងអាស៊ាន និង EU លោក Jeroen Cooreman អគ្គនាយកទទួលបន្ទុកទំនាក់ទំនងទ្វេភាគី ក្រសួងការបរទេសបែលហ្ស៊ិកបានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្តេជ្ញាអនុវត្តរាល់ទិសដៅរបស់វៀតណាម លើការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ការអភិវឌ្ឍបៃតង និងនិរន្តរភាព ការផ្លាស់ប្តូរឌីជីថល ...។ ប្រការនេះគឺស្របតាមអាទិភាពរបស់បែលហ្សិក ក៏ដូចជារបៀបវារៈរបស់ EU។
ទំនាក់ទំនងវៀតណាម - EU កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ពីភាពជាអ្នកទទួលជំនួយ ឥឡូវនេះ វៀតណាមបានក្លាយជាប្រទេសដៃគូសមភាព និងមាន ផលប្រយោជន៍ទៅវិញទៅមក ដោយមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង EU កាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ៕