វៀតណាមធានាសិទ្ធិនិងផលប្រយោជន៍ជនពិការដើម្បីសមភាពក្នុងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - វៀតណាមតែងតែយកចិត្តទុកដាក់លើការងារលើកកម្ពស់  ការពារសិទ្ធិនិងផលប្រយោជន៍របស់ជនពិការ ដោយឈរលើមូលដ្ឋានសមភាព មិនរើសអើង ហើយតែងតែរួមបញ្ចូលបញ្ហានេះក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍប្រទេសជាតិ។ ប្រការនេះមិនត្រឹមតែត្រូវបានអគ្គទីប្រឹក្សា អនុប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Le Thi Minh Thoa អះអាងក្នុងសន្និសីទលើកទី ១៥ នៃប្រទេសសមាជិកនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងត្រូវបាន វៀតណាមអនុវត្តន៍តាមស្ថានភាពជាក់ស្តែងទៀតផង។

វៀតណាមធានាសិទ្ធិនិងផលប្រយោជន៍ជនពិការដើម្បីសមភាពក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 1សន្និសីទលើកទី ១៥ នៃភាគីចូលរួមអនុសញ្ញាស្តីពីសិទ្ធិជនពិការ (រូបថត៖ VOV)

វៀតណាមមានជនពិការប្រមាណ ៧លាននាក់ ស្មើនឹង ៧,៨% នៃចំនួនប្រជាជនទូទាំងប្រទេស ក្នុងនោះចំនួន ៤៨% ជាស្ត្រី និងចំនួន ២៨,៣% ជាកុមារ។ ជនពិការចំនួន ៨៧% រស់នៅក្នុងតំបន់ជនបទ តែងតែប្រឈមមុខនឹងការលំបាកជាច្រើន ហើយត្រូវការជំនួយនិងការគាំទ្រពីរដ្ឋ និងសង្គម។ ក្រៅពីការទទួលស្គាល់ និងការពារសិទ្ធិ កាតព្វកិច្ចជាពលរដ្ឋផ្សេងទៀត រដ្ឋវៀតណាមតែងតែមានអាទិភាពពិសេសសម្រាប់ជនពិការ។ ជាមួយនឹងគោលនយោបាយ “កំណើនសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹងការដោះស្រាយបញ្ហាសង្គម ដោយឈរលើគោលការណ៍យុត្តិធម៌ និងការធានានូវវឌ្ឍនភាពសង្គម” រដ្ឋាភិបាលបានបង្កើតគោលនយោបាយ និងច្បាប់ជាក់ស្តែងសម្រាប់ជនពិការ ក្នុងនោះលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនពិការក្នុងការអនុវត្តសមភាពរាល់សិទ្ធិអំពីនយោបាយ សេដ្ឋកិច្ច វប្បធម៍ និងសង្គម លើកកំពស់សមត្ថភាពរបស់ពួកគេដើម្បីរក្សាលំនឹងជីវភាព សម្របខ្លួនក្នុងសហគមន៍និងចូលរួមក្នុងសកម្មភាពសង្គម។

បច្ចុប្បន្ននេះ ជនពិការវៀតណាមទទួលបានការឧបត្ថម្ភពីរដ្ឋ និងសង្គមជាមួយនឹងការថែទាំសុខភាព ការស្តារនីតិសម្បទា ការបង្កើតការងារ និងសិទ្ធិផ្សេងៗទៀតតាមការកំណត់របស់ច្បាប់។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ (មាត្រា ៥៩ និង ៦១) បានបើកទូលាយមុខសញ្ញាដែលមានសិទ្ធិទទួលផលជំនួយរបស់រដ្ឋ ដោយមិនរើសអើង ថា ជនពិការនោះមានទីពឹងឬគ្មានទីពឹង ហើយក៏មិនរើសអើងថា ជនពិការនោះជាកុមារឬអត់។ ប្រព័ន្ធច្បាប់សម្រាប់ជនពិការនៅវៀតណាមកំពុងត្រូវបានកែលម្អកាន់តែខ្លាំងឡើងឆ្ពោះទៅរកការធានានូវភាពស្រដៀងគ្នាជាមួយអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការ។ យ៉ាងណាមិញ វៀតណាមបានកែលម្អជាបណ្តើរៗនូវប្រព័ន្ធច្បាប់ និងគោលនយោបាយស្តីពីជនពិការ តាមរយៈការបង្កើតឯកសារចំនួន ១៣ ក្រោមច្បាប់ ដែលជាក្រឹត្យ សារាចរកំណត់លំអិត និងណែនាំការអនុវត្តច្បាប់ស្តីពីពិការភាព ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ កីឡា ទេសចរណ៍ និងការទទួលបានសុខុមាលភាពសង្គម។

អនុវត្តន៍គម្រោងរបស់រដ្ឋាភិបាលស្តីពី “ជួយជនពិការក្នុងដំណាក់កាល ២០១២-២០២០” ជនពិការវៀតណាម ១០០% នឹងទទួលបានជំនួយផ្នែកច្បាប់នៅពេលពួកគេត្រូវការ ក្នុងដំណាក់កាល ២០១៦-២០២០។ វៀតណាមបានកសាងប្រព័ន្ធទីភ្នាក់ងារ និងអង្គការដែលកំពុងប្រតិបត្តិការនៅគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជនពិការ រួមមានៈ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច; សមាគមគាំពារជនពិការ និងកុមារកំព្រា; សមាគមសង្គ្រោះកុមារពិការវៀតណាម; សមាគមជនពិការវៀតណាម; សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម គណៈកម្មាធិ ការសម្របសម្រួលគាំទ្រសកម្មភាពជនពិការ (NCCD) និងសមាគមធុរកិច្ចជនពិការ។ វៀតណាមក៏បានបង្កើតគណកម្មាធិការជាតិទទួលបន្ទុកជនពិការផងដែរ។ វៀតណាមជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការបង្កើតនិងអនុវត្តន៍ផែនការរយៈពេលវែងស្តីពីជនពិការ ក្រោមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់ អ.ស.ប. តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UNESCAP)។ វៀតណាមក៏បានអនុម័តលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤។

វៀតណាមធានាសិទ្ធិនិងផលប្រយោជន៍ជនពិការដើម្បីសមភាពក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 2ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការនៅសាលាវិជ្ជាជីវៈ សម្រាប់ជនពិការ និងយុវជនលំបាកខ្លាំង (Thanh Hoa) (រូបថត៖ Anh Tuan/TTXVN)

ឈរលើតថភាពជាក់ស្តែង  វៀតណាមតែងតែបង្កើតគ្រប់លក្ខខណ្ឌ ដើម្បីបំពេញឱ្យបានកាន់តែប្រសើរឡើងនូវសិទ្ធិជនពិការ។ ជនពិការធ្ងន់ធ្ងរជាច្រើននាក់ យុទ្ធជន យុទ្ធជនពិការ  ជនដែលរងសារធាតុពុល ពណ៌លឿងទុំ រួមទាំងកុមារ ត្រូវបានរដ្ឋផ្តល់ជំនួយឧបត្ថម្ភ និងចិញ្ចឹមបីបាច់។  បណ្តាញសេវាថែទាំសុខភាព និងស្តារនីតិសម្បទាសម្រាប់ជនពិការត្រូវបានបង្កើតឡើងតាំងពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន។ កម្មវិធីស្តារនីតិសម្បទាសហគមន៍សម្រាប់ជនពិការត្រូវបានអនុវត្តន៍នៅខេត្ត ក្រុងចំនួន ៥១/៦៣ ទូទាំងប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏បានបង្កើតគំរូអប់រំ បង្កើតប្រព័ន្ធភាសាសញ្ញា និងបង្រួបបង្រួមប្រព័ន្ធអក្សរសម្រាប់អ្នកពិការភ្នែក។ ជារៀងរាល់ឆ្នាំ ចំនួនកុមារពិការដែលចូលរៀននៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា មានការកើនឡើង។ ក្នុងរយៈពេលកន្លងមក ជនពិការប្រមាណ ១២ម៉ឺននាក់ត្រូវទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការងារធ្វើ តាមរយៈកម្មវិធីឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាពេលខាងមុខ រដ្ឋាភិបាលវៀតណាមមានគោលការណ៍ ជំរុញលើកកម្ពស់ប្រព័ន្ធឯកសារច្បាប់ជាបន្តបន្ទាប់ស្តីពីការធានាសិទ្ធិទទួលបានជំនួយផ្លូវច្បាប់សម្រាប់ជនពិការ ហើយទន្ទឹមនឹងនោះ កសាងនិងអភិវឌ្ឍន៍គំរូឧបត្ថម្ភផ្នែកច្បាប់សម្រាប់ ជនពិការ ឈរលើមូលដ្ឋាននៃការសិក្សាគំរូជំនួយផ្នែកច្បាប់សម្រាប់ ជនពិការនៃប្រទេសនានាជុំវិញពិភពលោក ក៏ដូចជាការលើកកម្ពស់សង្គមភាវូបនីយកម្មក្នុងវិស័យនេះ។ ក្នុងកម្រិតអន្តរជាតិនិងតំបន់ វៀតណាមនឹងបន្តខិតខំប្រឹងប្រែងអនុវត្តន៍គំនិតផ្តួចផ្តើមអន្តរជាតិ និងថ្នាក់តំបន់ស្តីពីជនពិការ ជាពិសេសយុទ្ធសាស្ត្រ Incheon សម្រាប់ទសវត្សរ៍អាស៊ីប៉ាស៊ីហ្វិកដើម្បីជនពិការ ដំណាក់កាល ២០១៣-២០២២ និងសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពី ការលើកកម្ពស់ការចូលរួមរបស់ជនពិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ