វៀតណាមធានាសិទ្ធិសមភាពក្នុងចំណោមក្រុមជនជាតិភាគតិច
HONG VAN -  
(VOVWORLD) - ថ្ងៃនេះជាថ្ងៃ ២១ មីនា គឺជាទិវាអន្តរជាតិស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍។ នៅប្រទេសវៀតណាម ក្រុមជនជាតិនានា ដោយមិនគិតពីជនជាតិភាគច្រើន ឬជនជាតិភាគតិច កម្រិតនៃការអភិវឌ្ឍន៍ខ្ពស់ ឬទាប គឺសុទ្ធតែមានភាពស្មើគ្នាក្នុងគ្រប់វិស័យនៃសកម្មភាព ហើយត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់។ ការធានាសិទ្ធិស្មើគ្នាក្នុងចំណោមក្រុមជនជាតិភាគតិចត្រូវបានចាត់ទុកថា ជាគោលដៅស្នូលនៃដំណើរការអភិវឌ្ឍន៍របស់វៀតណាម។
សាស្រ្តាចារ្យបណ្ឌិត Vo Khanh Vinh អតីតអនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម (រូបថត៖ noichinh.vn) |
ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ទស្សនៈរបស់វៀតណាមតែងតែមានភាពស៊ីសង្វាក់គ្នាលើបញ្ហាជនជាតិ ការងារជនជាតិ និងគោលនយោបាយជនជាតិ។ នោះគឺ៖ បញ្ហាជនជាតិ និងសាមគ្គីជនជាតិ តែងតែមានតួនាទីជាយុទ្ធសាស្ត្រក្នុងបុព្វហេតុបដិវត្តន៍។ អនុវត្តឱ្យបានល្អនូវគោលនយោបាយជនជាតិដោយសមភាព សាមគ្គីភាព និងជួយគ្នាអភិវឌ្ឍ។ វៀតណាមមិនគាំទ្ររាល់ទម្រង់រើសអើងរវាងជនជាតិនោះទេ”។
កត់ត្រាក្នុងប្រព័ន្ធច្បាប់
នៅក្នុងប្រព័ន្ធឯកសារច្បាប់របស់វៀតណាម បទប្បញ្ញត្តិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ត្រូវបានបក្ស និងរដ្ឋផ្តោតការយកចិត្តទុកដាក់ ដោយបក្ស និងរដ្ឋ ហើយការប្រតិបត្តិត្រូវបានធានាជានិច្ច។ រដ្ឋធម្មនុញ្ញដំបូងក្នុងឆ្នាំ ១៩៤៦ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋវៀតណាមទាំងអស់មានសិទ្ធិស្មើគ្នាលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌; ទាំងអស់មានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយអាចចូលរួមក្នុងការងាររដ្ឋាភិបាល និងកសាងជាតិ ទៅតាមទេពកោសល្យ និងគុណធម៌របស់ខ្លួន។ ក្រៅពីសមភាពក្នុងសិទ្ធិ ជនជាតិភាគតិចជាតិត្រូវបានជួយគ្រប់ផ្នែក ដើម្បីឈានទៅដល់កម្រិតរួម យ៉ាងឆាប់រហ័ស។
នាពេលថ្មីៗនេះ នៅក្នុងមាត្រា៥ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានកំណត់ថា “សាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសឯកភាពនៃបណ្តាជនជាតិទាំងអស់ ដែលរស់នៅ ជាមួយគ្នាក្នុងប្រទេសវៀតណាម។ ក្រុមជនជាតិមានភាពស្មើគ្នា សមាគ្គីភាព គោរព និងជួយគ្នាអភិវឌ្ឍន៍; រាល់ទង្វើនៃការរើសអើង និងការបែងចែកជនជាតិត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ ក្រុមជនជាតិមានសិទ្ធិប្រើប្រាស់ភាសា និងការសរសេររបស់ខ្លួន រក្សាអត្តសញ្ញាណជនជាតិ និងលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ល្អរបស់ជនជាតិខ្លួន។ រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងបង្កើតលក្ខខណ្ឌសម្រាប់ជនជាតិភាគតិចក្នុងការពង្រីកកម្លាំងផ្ទៃក្នុង និងរួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសជាតិ។
ទន្ទឹមនឹងរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិស្តីពីសមភាព និងមិនរើសអើងពួជសាសន៍ត្រូវបានវៀតណាមបញ្ជាក់ក្នុងឯកសារច្បាប់ គោលនយោបាយ គោលដៅជាតិ ... និងដាក់ពង្រាយអនុវត្តន៍ក្នុងពេលដំណាលគ្នាលើគ្រប់វិស័យ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមជនជាតិភាគតិចអភិវឌ្ឍន៍ស្មើភាពគ្នាក្នុងមហាគ្រួសារជនជាតិវៀតណាម។ ទាំងនេះក៏ជាការបង្ហាញជាក់ស្តែងអំពីការធានាសិទ្ធិមនុស្សផងដែរ។ សាស្ត្រាចារ្យ បណ្ឌិត Vo Khanh Vinh អតីតអនុប្រធានបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមវៀតណាមបានអះអាងថា៖ “គោលការណ៍ និងខ្លឹមសារអំពីសិទ្ធិមនុស្សត្រូវបានទទួលស្គាល់យ៉ាងពេញលេញ មានលក្ខណៈប្រព័ន្ធនៅក្នុងឯកសាររបស់បក្ស។ ជាពិសេសនៅក្នុងច្បាប់វៀតណាម មនោគមវិជ្ជា និងតម្លៃនៃនីតិរដ្ឋ និងសិទ្ធិមនុស្សត្រូវបានទទួលស្គាល់។ បច្ចុប្បន្ននេះ ប្រព័ន្ធច្បាប់របស់វៀតណាមកំពុងបង្ហាញយ៉ាងច្បាស់អំពីតម្លៃទាំងនោះ។ ក្នុងការអនុវត្តជាក់ស្តែង ស្ថាប័នរដ្ឋ ស្ថាប័ននានាក្នុងប្រព័ន្ធនយោបាយ អង្គការសង្គម និងប្រជាជនទាំងអស់កំពុងរៀបចំការអនុវត្ត ដើម្បីទទួលបាននូវលទ្ធផល”។
លើជ្រុងអន្តរជាតិ វៀតណាមបានក្លាយជាសមាជិកនៃអនុសញ្ញាស្តីពីការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ក្នុងឆ្នាំ ១៩៨១។ នៅឆ្នាំដដែលនោះ វៀតណាមបានចូលរួមអនុសញ្ញាអន្តរជាតិស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃការរើសអើងពូជសាសន៍ និងអនុសញ្ញាអន្តរជាតិសម្រាប់ការទប់ស្កាត់ និងដាក់ទោសលើឧក្រិដ្ឋកម្មនៃការរើស អើងជាតិសាសន៍។
សមិទ្ធិផលក្នុងការអនុវត្តជាក់ស្តែង
ដោយមានគោលការណ៍ណែនាំ និងគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនអំពីជនជាតិ ភាគតិច វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមនៅតំបន់ជនជាតិភាគតិច។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនជនជាតិភាគតិចដែលចូលរួមក្នុងក្បាលម៉ាស៊ីននយោបាយកំពុងកើនឡើង។ មកទល់នឹងពេលនេះ ជនជាតិភាគតិច ៥១/៥៣ មានតំណាងចូលរួមនៅក្នុងរដ្ឋសភា មានតែជនជាតិចំនួនពីរប៉ុណ្ណោះគឺ Ơ đu (ចំនួនប្រជាជនក្រោម ១.០០០នាក់) និង Ngái (ចំនួនប្រជាជនក្រោម ២.០០០នាក់) មិនទាន់មានតំណាងចូលរួមរដ្ឋសភាទេ។ គោលដៅរបស់វៀតណាមគឺខិតខំឲ្យក្រុមជនជាតិទាំងអស់ មានតំណាងក្នុងរដ្ឋសភា។
អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច រដ្ឋវៀតណាមតែងតែផ្តល់អាទិភាពលើការបែងចែកថវិកាដើម្បីអនុវត្តកម្មវិធី និងគម្រោងវិនិយោគក្នុងវិស័យទាំងនេះ។ ក្នុងដំណាក់កាល ២០២១ - ២០២៥ ជាលើកដំបូងដែលវៀតណាមមានកម្មវិធីគោលដៅជាតិ សម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ បង្ហាញពីការយកចិត្តទុកដាក់ពិសេស និងជាការសម្រេចចិត្តសំខាន់របស់បក្ស និងរដ្ឋ សំដៅលើកកំពស់ឋានៈ និងធានាសិទ្ធិអភិវឌ្ឍន៍សម្រាប់មនុស្ស។
យ៉ាងណាមិញ បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយជនជាតិ ជាពិសេសធានានូវសិទ្ធិស្មើគ្នាក្នុងចំណោមជនជាតិភាគតិច; តែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ជនជាតិភាគតិច ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ អភិវឌ្ឍន៍នៅគ្រប់ទិដ្ឋភាពទាំងអស់ និងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ដែលបានច្បាប់ទទួលស្គាល់រួចជាស្រេច។ ដោយមានទស្សនៈខ្ជាប់ខ្ជួន គោលនយោបាយប្រកបដោយសមកាលកម្ម និងវិធីសាស្រ្តអនុវត្តលើស្ថានភាពជាក់ស្តែង ការធានាសិទ្ធិស្មើភាពក្នុងចំណោមក្រុមជនជាតិនៅ វៀតណាម ពិតណាស់ថា ត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅ វៀតណាម៕
HONG VAN