វៀតណាមនិងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នៅថ្ងៃទី ១១ ខែវិច្ឆិកា សន្និសីទលើកទី ២៩ នៃបណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) បានប្រព្រឹត្តទៅនៅទីក្រុងបាគូ ប្រទេស Ajecbaizan។ ចូលរួម COP ២៩ វៀតណាមគាំទ្រទស្សនៈដែលថា ប្រទេសអភិវឌ្ឍន៍ចាំបាច់ត្រូវធានាគោលដៅហិរញ្ញវត្ថុអាកាសធាតុ ហើយប្រកាសជាសាធារណៈនិងប្រកបដោយតម្លាភាពនូវប្រភពចំណូល និងចំណាយតាមរយៈរបាយការណ៍ប្រចាំឆ្នាំ។ វៀតណាមស្នើថា ការចំណាយលើការសម្របខ្លួននិងការកាត់បន្ថយផលប៉ះពាល់គួរតែមានភាពស្រដៀងគ្នា។

អញ្ជើញរាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤; គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ក្នុងសម័យប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី ២១ តុលា កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏បានថ្លែងថា រដ្ឋាភិបាលបានកៀរគរធនធាននានាដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long និងតំបន់ភាគកណ្តាល។ ក្នុងនោះ នៅឆ្នាំ២០២៣ បានបែង
ចែកថវិកាជាង ១៧០លានដុល្លារអាមេរិក ដើម្បីដោះស្រាយការរអិលបាក់ដីនៅតំបន់ដីសណ្តទន្លេ Cuu Long; ដោះស្រាយការលំបាកយ៉ាងសកម្ម ពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៦ នៅតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយនឹងកម្ចីបរទេសប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។

ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ចាប់តាំងពីឆ្នាំ ២០១២ មក រដ្ឋាភិបាលវៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រជាតិអំពីកំណើនបៃតង(VGGS) និងផែនការសកម្មភាពជាតិស្តីពីកំណើនបៃតង (GGAP)។ ឯកសារទាំងនេះ បានកំណត់គោលដៅជាក់លាក់ដើម្បីអនុវត្តន៍ការសន្យារបស់រដ្ឋាភិបាលវៀតណាមអំពីការអភិវឌ្ឍ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង ធានានូវកំណើនគ្រប់ជ្រុងជ្រោយនិងប្រកបដោយចីរភាព។ វៀតណាមក៏បានដាក់ចេញ នាំទីផ្សារកាបូនឱ្យដំណើរការជាសាកល្បងនៅឆ្នាំ២០២៥ និងជាផ្លូវការនៅឆ្នាំ២០២៨។

កាលពីខែឧសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចេញសារាចរណ៍លេខ ១៣ ចុះថ្ងៃទី ២ ឧសភា ឆ្នាំ ២០២៤ ស្តីពីការពង្រឹងការគ្រប់គ្រងឥណទានកាបូន ដើម្បីអនុវត្តន៍ការរួមវិភាគទានដែលប្រទេសសម្រេចដោយខ្លួនឯង។ ទន្ទឹមនឹងនោះ សម្រេចគម្រោងអភិវឌ្ឍន៍ទីផ្សារកាបូននៅវៀតណាមក្នុងពេលឆាប់ៗផងដែរ។

យោងតាមអ្នកជំនាញានានា វៀតណាមមានសក្តានុពលដ៏ធំក្នុងការកសាងទីផ្សារកាបូន ហើយមានគុណសម្បត្តិមួយចំនួននៅក្នុងឧស្សាហកម្មដែលអាចកាត់បន្ថយ និងលុបបំបាត់ឧស្ម័នផ្ទះកញ្ចក់។ នេះគឺជាពេលវេលាដ៏សំខាន់ដើម្បីវៀតណាមបង្កើត និងបង្កើនឋានៈរបស់ខ្លួនដោយឥតឈប់ឈរនៅក្នុងខ្សែសង្វាក់តម្លៃបៃតងសកល។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thuong Lang គ្រូបង្រៀនជាន់ខ្ពស់នៅវិទ្យាស្ថានពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ បានចាត់ទុកថា៖

“ខ្ញុំគិតថា ការអភិវឌ្ឍទីផ្សារឥណទានកាបូនគឺជាការបោះជំហានដ៏សំខាន់មួយដើម្បីសម្រេចបានគោលដៅ ពោលគឺយើងកាត់បន្ថយការបំភាយឧស្ម័នសុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ខណៈពេលដែលអាចឆ្លៀតយកប្រៀបខ្លាំងរបស់វៀតណាមក្នុងវិស័យនេះ។ ប្រសិនបើយើងមិនតាមទាន់ទីផ្សារនេះទេ យើងនឹងបាត់បង់ឱកាស។ បើយើងអភិវឌ្ឍន៍បាន យើងអាចកៀរគរធនធានកាន់តែមានប្រសិទ្ធភាព ហើយជាមួយនោះ យើងអាចតភ្ជាប់ទីផ្សាររបស់វៀតណាមជាមួយនឹងប្រទេសផ្សេងទៀត ហើយការអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នសូន្យសុទ្ធនឹងដំណើរការដោយយន្តការទីផ្សារ មិនមែនដោយបទបញ្ជារដ្ឋបាលនោះទេ”។

វៀតណាមចូលរួមវិភាគទាននៅ COP ២៩

លោក Pham Van Tan អនុប្រធាននាយកដ្ឋានទទួលបន្ទុកការប្រែប្រួលអាកាសធាតុ (ក្រសួងធនធានធម្មជាតិ និងបរិស្ថាន) អនុប្រធានគណៈកម្មការចរចារបស់វៀតណាម បានឲ្យដឹងថា៖ ពាក្យស្លោកចម្បងនៃសន្និសីទ COP២៩ គឺ៖ "សាមគ្គីគ្នាដើម្បីពិភពលោកបៃតង" និង "បង្កើនមហិច្ឆតា ដើម្បីធ្វើសកម្មភាព"។ ក្នុងពាក្យស្លោកទីមួយ បញ្ហាចម្បងគឺប្រទេសនានាត្រូវបំពេញកាសន្យារបស់ខ្លួន ទាំងក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការរួមវិភាគទានផ្នែកហិរញ្ញវត្ថុ។ សាមគ្គីជាមួយគ្នាដើម្បីគោលដៅរួមតែមួយ។ ពាក្យស្លោកទី ២ ត្រូវបានស្ដែងចេញពីលទ្ធផលនៃការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងសកលជាលើកទីមួយ ដែលបង្ហាញថា ទោះបីជាសម្រេចបាននូវការសន្យាអំពីការកាត់បន្ថយការបំភាយឧស្ម័នក៏ដោយ ប៉ុន្តែសីតុណ្ហភាពពិភពលោកនៅតែកើនឡើងពី ២,៤ - ២,៧ អង្សាសេ ដែលហួសឆ្ងាយពីកម្រិតសីតុណ្ហភាពតាមគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (រក្សាការកើនឡើងនៅ ២ អង្សាសេហើយខិតខំរក្សានៅត្រឹម ១,៥ អង្សាសេ)។ ដូច្នេះ បណ្តាប្រទេសត្រូវតែ “បង្កើនមហិច្ឆិតា” របស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងគោលដៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយធ្វើសកម្មភាពដើម្បីប្រែក្លាយការសន្យាឱ្យក្លាយទៅជាការពិត។ លោក Pham Van Tan មានប្រសាសន៍ថា៖

“ធនធានមានត្រឹមតែប្រហែល ៥% សម្រាប់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដូច្នេះតម្រូវការបន្ថែមរបស់វៀតណាមគឺ ត្រូវបង្កើនកម្រិតឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាធនធានសម្រាប់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ធនធានត្រូវតែស្រដៀងទៅនឹងធនធានសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងជាច្រើនលើកច្រើនសារហើយថា៖ “អ្វីដែលបាននិយាយគឺត្រូវតែធ្វើ អ្វីដែលបានសន្យាគឺត្រូវតែអនុវត្តន៍” ហើយបានអំពាវនាវឱ្យប្រទេសនានាធ្វើសកម្មភាពរួមគ្នា សម្រេចបាននូវគោលដៅ ស្របតាមការរួមវិភាគទានដែលប្រទេសសម្រេចចិត្តដោយខ្លួនឯង ក៏ដូចជាលើកកំពស់គោលដៅក្នុងដំណាក់កាលបន្ទាប់។ ជាមួយនឹងការខិតខំប្រឹងប្រែងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុនាពេលកន្លងមក វៀតណាមមានបំណងថា ពិភពលោកអាចសាមគ្គីគ្នាតាមរយៈតួនាទីសម្របសម្រួលរួមរបស់អង្គការសហប្រជាជាតិក្នុងបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ