វៀតណាមនិងការខិតខំប្រឹងប្រែងធានាសិទ្ធិមនុស្សលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - ការគោរព ការពារ និងធានាសិទ្ធិមនុស្ស គឺជាទស្សនៈគ្មានការប្រែប្រួលនិងជានិរន្តក្នុងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម។ ក្នុងឯកសារសំខាន់បំផុត វៀតណាមតែងតែដាក់ប្រជាជនជាម្ចាស់កម្មវត្ថុ ជាកម្លាំងចលករ និងជាគោលដៅសម្រាប់ការអភិវឌ្ឍ។

គោលដៅដែលគ្មានការប្រែប្រួលនិងជានិរន្តរបស់បក្ស និងរដ្ឋវៀតណាម គឺខិតខំដោយឥតឈប់ឈរ ដើម្បីប្រជាជនទទួលបានសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងពេញលេញ។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ហើយស្ថិតក្នុងចំណោមប្រទេសដែលមានល្បឿនកំណើនខ្ពស់បំផុតក្នុងពិភពលោក។ ប្រសិនបើក្នុងឆ្នាំ ១៩៩០ នៅពេលដែលវៀតណាមបានចូលរួមក្នុងការវាយតម្លៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាលើកដំបូងនោះ វៀតណាមសម្រេចបានកម្រិតទាបត្រឹមតែ ០,៤៨% ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ វៀតណាមបានចូលក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍ខ្ពស់។ ជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ឆ្នាំ ២០២១ ដែលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ទើបបានប្រកាសគឺ ០,៧០៣នោះ គឺវៀតណាមបានកើនឡើងចំនួន ២ កាំ ធៀបនឹងឆ្នាំ ២០១៩ ដែលជាប់ចំណាត់ថ្នាក់ទី ១១៥ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៩១។ សាស្ត្រាចារ្យ លោក Jonathan Pincus សេដ្ឋវិទូជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានវាយតម្លៃថា៖ “មិនដូចប្រទេសភាគច្រើនក្នុងពិភពលោកទេ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីរក្សាកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលពីរឆ្នាំដ៏លំបាកបំផុតដែលជំងឺរាតត្បាតបណ្តាល មក។ ទោះបីជាល្បឿនកំណើនជាមធ្យមបានថយចុះ ហើយក្រុមដែលងាយរងគ្រោះ ពិសេស ពិតជា ជួបប្រទះនឹងលំបាកខ្លាំងណាស់ក៏ដោយ ក៏វៀតណាមបានជៀសវាងការបញ្ច្រាសក្នុងវឌ្ឍនភាពនៃការអភិវឌ្ឍមនុស្ស”។

លទ្ធផលស្រាវជ្រាវផ្សេងទៀតក៏បង្ហាញផងដែរថា ការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី ចាប់ពីឆ្នាំ ១៩៨៦ រហូតមកដល់បច្ចុប្បន្ន វៀតណាមមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍។ ការផ្លាស់ប្តូរសេដ្ឋកិច្ចដាក់ចេញតម្រូវការត្រូវមានការទទួលស្គាល់ ការគោរព ការពារ និងធានាសិទ្ធិមនុស្សក្នុងវិស័យសេដ្ឋកិច្ច ទន្ទឹមជាមួយគ្នានោះ មានផលប៉ះពាល់ដល់សិទ្ធិមនុស្សលើគ្រប់វិស័យនៃជីវភាពសង្គម។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃវេទិកាជាន់ខ្ពស់ប្រចាំឆ្នាំលើកទី៣ ស្តីពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ (ខែធ្នូ ឆ្នាំ២០២១) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ប្រការដែលសំខាន់បំផុតគឺថែទាំដល់ប្រជាជនជិត ១០០ លាននាក់ប្រកបដោយភាពសម្បូរធូធារ សុភមង្គល ប្រជាធិបតេយ្យ និងមានជីវភាពរស់នៅសុខសាន្តត្រាណ ដោយមិនលះបង់សន្តិសុខសង្គម បរិស្ថាន វឌ្ឍនភាព និងយុត្តិធម៌ ដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចតែមួយមុខនោះទេ។ មុននោះ  គោលនយោបាយ និងការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស ដោយដាក់ប្រជាជនជាមជ្ឈភាព ដែលជាគោលដៅ និងកម្លាំងចលករដ៏សំខាន់បំផុតរបស់ប្រទេសជាតិ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងស្មារតីនៃឯកសារនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ធ្វើការវាយតម្លៃលើខ្លឹមសារនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានអះអាងថា៖

“អាចនិយាយបានថា នេះគឺជាការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត និងខ្លាំងបំផុតរបស់វៀតណាមក្នុងការជំរុញសិទ្ធិមនុស្ស។ ខ្ញុំក៏ចាត់ទុកថា នេះជាវិធីសាស្រ្តអភិក្រមជាទូទៅរបស់អង្គការសហប្រជាជាតិ និងប្រទេសទាំងអស់ក្នុងពិភពលោក ដែលកំពុងរួមចំណែកដល់ផ្ទាំងគំនូររួមនៃកិច្ចការពារសិទ្ធិមនុស្សជុំវិញពិភព លោក។ ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ វៀតណាមតែងតែផ្តោតយកចិត្តទុកដាក់គ្មានការប្រែប្រួល ចំពោះតម្លៃសកលនោះ”។

នៅលើតថភាពជាសកល វៀតណាមបានចូលជាសមាជិកភាគច្រើននៃអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិធំៗ ដូចជា៖ អនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ; អនុសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌; អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍; អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រី…។ ក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួនប្រាំលើក សិទ្ធិមនុស្សត្រូវបានរដ្ឋសភាវៀត ណាមកំណត់លើគ្រប់ជ្រុងជ្រោយ និងពេញលេញ។ ពោលគឺ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមបានចំណាយ ជំពូក ១ ដោយមានប្រការចំនួន ៣៦ ដែលចែងដោយផ្ទាល់ និងច្បាស់លាស់អំពីសិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋាន និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ ចាប់តាំងពីពេលនោះមក វៀតណាមបានបំពេញបន្ថែម ធ្វើវិសោធនកម្ម ឬផ្សព្វផ្សាយឯកសារច្បាប់ និងបទប្បញ្ញត្តិថ្មីៗជាច្រើន ដែលទាក់ទងនឹងការធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ ក្នុងនោះ មានក្រមច្បាប់សំខាន់ៗមួយចំនួនដូចជា ក្រមច្បាប់ព្រហ្មទណ្ឌ ឆ្នាំ ២០១៥; ក្រមច្បាប់រដ្ឋប្បវេណីឆ្នាំ ២០១៥; ច្បាប់ស្ទាបស្ទង់ប្រជាមតិឆ្នាំ ២០១៥; ច្បាប់ស្តីពីកុមារឆ្នាំ ២០១៦; ច្បាប់ជំនួយផ្នែកគតិយុត្តិឆ្នាំ ២០១៧; ច្បាប់ស្តីពីសន្តិសុខបណ្តាញឆ្នាំ ២០១៨ និងក្រមច្បាប់ពលកម្ម ធ្វើវិសោធនកម្មឆ្នាំ ២០១៩ ជាដើម។ ក្នុងសារតាមអនឡាញផ្ញើរជូនសម័យប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំប្រចាំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (នាខែមីនា ឆ្នាំ២០២២) រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា៖ “ការយកប្រជាជនជាមជ្ឈមណ្ឌល និងជាកម្លាំងចលករនៃការអភិវឌ្ឍ គឺជាគោលនយោបាយគ្មានការប្រែប្រួលរបស់វៀតណាម មិនត្រឹមតែក្នុងរយៈពេល ៤៥  ឆ្នាំ ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិរហូតមកដល់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាប់តាំងពីថ្ងៃដែលវៀតណាមទំនើប បានចាប់បដិសន្ធិនៅឆ្នាំ ១៩៤៥ ទៀតផង។ វិធីសាស្រ្តអភិក្រមទូទៅប្រកបដោយតុល្យភាពនោះ បានជួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន និងសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ជាច្រើនលើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ចសង្គម ហើយនាពេលថ្មីៗនេះ គឺឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ ១៩”។

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការធានាសិទ្ធិមនុស្សយ៉ាងគ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាព។ គុណតម្លៃដែលវៀតណាមតែងតែខិតខំប្រឹងប្រែងនាំយកមកជូនប្រជាជន ក៏ជាគុណតម្លៃដែលអង្គការសហប្រជាជាតិប្តេជ្ញានាំយកមកជូនមនុស្សជាតិផងដែរ។ ឈរលើស្មារតីនោះ វៀតណាមត្រៀមខ្លួនរួចជាស្រេច សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញរាល់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមចំណែកបង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ