វៀតណាមនិងការរួមវិភាគទានដើម្បីកិច្ចសហប្រតិបត្តិការសភាអាស៊ីអាគ្នេយ៍

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ វិច្ឆិកា មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤៣ (AIPA ៤៣) ក្រោមប្រធានបទ “បោះជំហានជាមួយគ្នាដើម្បីនិរន្តរភាព បរិយាប័ន្ននិងភាពធន់របស់អាស៊ាន” បានបើកនៅរាជធានីភ្នំពេញរបស់កម្ពុជា។ ចូលរួម AIPA ៤៣ រដ្ឋសភាវៀតណាមបន្តដាក់ចេញគំនិតផ្តួចផ្តើមជំរុញកិច្ចសហប្រតិបត្តិការក្នុង AIPA និងអាស៊ាន ហើយបញ្ជាក់ថា វៀតណាមមិនត្រឹមតែជាសមាជិកដែលមានការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីនាំមុខគេក្នុង AIPA ទៀតផង។

វៀតណាមនិងការរួមវិភាគទានដើម្បីកិច្ចសហប្រតិបត្តិការសភាអាស៊ីអាគ្នេយ៍ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងមតិនៅកិច្ចប្រជុំគណៈកម្មាធិការ
ប្រតិបត្តិការ AIPA ៤៣។ (រូបថត៖ TTXVN)

AIPA ៤៣ គឺជាមហាសន្និបាតលើកដំបូង ដែលត្រូវបានប្រារព្ធឡើងតាមទម្រង់ផ្ទាល់ក្រោយរយៈពេលជាង ២ ឆ្នាំនៃជំងឺរាតត្បាតកូវីដ-១៩។ គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួម AIPA ៤៣ នៅកម្រិតខ្ពស់បំផុត ដែលដឹកនាំដោយប្រធានរដ្ឋសភាលោក Vuong Dinh Hue។

សមាជិកសកម្ម និងមានការទទួលខុសត្រូវ

ក្នុងអំឡុងពេល ២៧ ឆ្នាំ រួមដំណើរជាមួយ AIPO/AIPA (ខែកញ្ញា ឆ្នាំ ១៩៩៥ - ខែកញ្ញា ឆ្នាំ២០២២) រដ្ឋសភាវៀតណាមតែងតែស្នើឡើងយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីជួយឲ្យយន្តការសហប្រតិបត្តិការអន្តរសភាក្នុងតំបន់កាន់តែមានប្រសិទ្ធភាព។

ក្រឡែកមើលប្រវត្តិសាស្ត្រឡើងវិញ ក្នុងពេលវេលាដែលតំបន់ជួបការលំបាក រដ្ឋសភាវៀតណាមតែងតែចាត់វិធានការដោយទាន់ពេលវេលា រួមជាមួយសភានៃប្រទេសសមាជិក AIPA នានា រួមចំណែកដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងតំបន់។

នៅឆ្នាំ ១៩៩៨ មួយឆ្នាំបន្ទាប់ពីវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុនៅអាស៊ីអាគ្នេយ៍ វៀតណាមបានផ្តួចផ្តើមគំនិតអំពីការរៀបចំកិច្ចប្រជុំគណៈកម្មាធិការឯកទេស AIPO ស្តីពីតួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិនៃបណ្ដាប្រទេស នៅចំពោះមុខវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុតំបន់ នៅទីក្រុងហាណូយ។ នេះគឺជាកិច្ចប្រជុំឯកទេសមួយដែលបង្ហាញពីការចូលរួមទាន់ពេលវេលារបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីឆ្លើយតបនឹងការលំបាកដែលកើតមានឡើងក្នុងតំបន់។

នៅឆ្នាំ ២០០២ ជាលើកដំបូងដែលរដ្ឋសភាវៀតណាមកាន់តំណែងជាប្រធាន AIPO ហើយបានរៀបចំមហាសន្និបាត AIPO លើកទី២៣ នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។ នេះជាព្រឹត្តិការដ៏សំខាន់មួយក្នុងសកម្មភាពការទូតសភា របស់រដ្ឋសភាវៀតណាម នៅពេលដែលក្នុងចំណោមសេចក្តីសម្រេចចិត្តសរុបចំនួន ៣៣ ដែលបានអនុម័ត មានសេចក្ដីសម្រេចចិត្តចំនួន ២០ ត្រូវបានស្នើឡើងដោយវៀតណាម។ បន្ទាប់ពីជោគជ័យនៃ AIPO ២៣ ក្នុងឆ្នាំ ២០១០ រដ្ឋសភាវៀតណាមបានកាន់តំណែងជាប្រធាន AIPA ជាលើកទីពីរ ហើយធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត AIPA លើកទី ៣១។

វៀតណាមនិងការរួមវិភាគទានដើម្បីកិច្ចសហប្រតិបត្តិការសភាអាស៊ីអាគ្នេយ៍ - ảnh 2ទិដ្ឋភាពនៅកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិការ AIPA ៤៣។

១០ ឆ្នាំក្រោយ (ឆ្នាំ ២០២០) ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ រដ្ឋសភាវៀតណាមបានរៀបចំមហាសន្និបាត AIPA លើកទី ៤១ ដែលជាមហាសន្និបាតតាមប្រព័ន្ធវីដេអូលើកដំបូង ក្នុងប្រវត្តិសាស្ត្រ AIPA ហើយបន្តបង្ហាញពីតួនាទីនាំមុខគេ ដោយស្នើឡើងនូវគំនិតផ្តួចផ្តើមប្រកបដោយលក្ខណៈទម្លុះទម្លាយជាច្រើន ដូចជា ការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់សមាជិកសភាវ័យក្មេង AIPA ជាលើកដំបូង ឬការទទួលយកសភាសង្កេតការណ៍បន្ថែមទៀតក្រោយរយៈពេល ១០ ឆ្នាំមិនពង្រីកចំនួនអ្នកសង្កេតការណ៍របស់ AIPA។

នៅមហាសន្និបាតនីមួយៗ រដ្ឋសភាវៀតណាមតែងតែស្នើឡើងយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញទំនាក់ទំនងរវាង AIPA និងអាស៊ាន។ ក្រៅពីនោះ ដោយឈរលើការកំណត់ថា តំបន់មិនអាចបំបែកចេញពីពិភពលោកបានទេ វៀតណាមបានផ្តួចផ្តើមគំនិតអំពីការអញ្ជើញសហភាពអន្តរសភា (IPU) ចូលរួមសម័យប្រជុំមហាសន្និបាត។ នេះគឺជាជំហានដ៏សែនសំខាន់ ក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់ AIPO/AIPA។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំបូកសរុបឆ្នាំប្រធាន AIPA ២០២០ និងមហាសន្និបាត AIPA ៤១ (ខែធ្នូ ឆ្នាំ ២០២០) អតីតប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖

“ការងារកិច្ចការបរទេសពហុភាគីរបស់រដ្ឋសភាវៀតណាមបានបង្កើតឡើងសញ្ញាសម្គាល់ដ៏លេចធ្លោ ជាពិសេសការតភ្ជាប់អង្គការសភាដែលរដ្ឋសភាវៀតណាមជាសមាជិក តាមនោះពង្រីកបាននូវកម្លាំងរួម ទាក់ទាញការចូលរួមពីសភាអន្តរជាតិនិងតំបន់ជាច្រើន។ តួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមត្រូវបានបញ្ជាក់កាន់តែមុតមាំពីមួយថ្ងៃទៅមួយថ្ងៃ”។

បន្តរួមវិភាគទានយ៉ាងជាក់ស្តែងនៅ AIPA ៤៣

ក្នុងឆ្នាំ២០២២ ការសន្យារបស់រដ្ឋសភាវៀតណាមចំពោះ AIPA បន្តត្រូវបានបង្ហាញតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំនានាក្នុងក្របខ័ណ្ឌ AIPA។ នៅ AIPA ៤៣ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមសកម្មភាពសំខាន់ៗក្នុងក្របខ័ណ្ឌមហាសន្និបាត។ នេះជាឱកាសដើម្បីរដ្ឋសភាវៀតណាមបន្តស្នើគំនិតផ្តួចផ្តើម ហើយរួមចំណែកយ៉ាងសកម្មដល់ AIPA។ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថា៖

“យើងមានការរួមវិភាគទាន ចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងដំណើរការកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។ ចំពោះសេដ្ឋកិច្ច យើងផ្តោតលើការពិភាក្សាអំពីប្រធានបទដែលអាស៊ានយកចិត្តទុកដាក់ នោះគឺការផ្លាស់ប្តូរឌីជីថល ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក៏ដូចជាការងើបឡើងវិញនៃវិស័យទេសចរណ៍ផងដែរ”។

ការរួមវិភាគទានរបស់រដ្ឋសភាវៀតណាមចំពោះ AIPA ក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ មិនត្រឹមតែបញ្ជាក់នូវសំឡេងរបស់វៀតណាមនៅវេទិកាអន្តរសភាប៉ុណ្ណោះទេ ថែមទាំងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម ដើម្បីឲ្យការទូតសភារួមចំណែកលើកកម្ពស់ឋានៈ មុខមាត់ និងកិត្យានុភាពរបស់ប្រទេសជាតិក្នុងតំបន់ និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ