វៀតណាមនិងស្មារតីសាមគ្គីភាពអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ ក្រោយរយៈពេល ១០ ថ្ងៃចូលរួមបំពេញការងារជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី ក្រុមការងារនៃក្រសួងនគរបាលបានមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសមិត្ត។ ក្នុងពេលជាមួយគ្នានោះ ក្រុមការងារនៃកងទ័ពប្រជាជនវៀតណាម នៅតែបន្តសម្របសម្រួលជាមួយប្រទេសជាច្រើនក្នុងការជួយឧបត្ថម្ភប្រជាជនទួរគី។ ក្នុងដំណើរការអនុវត្តន៍ភារកិច្ច យុទ្ធជនជួយសង្គ្រោះវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋា ភិបាល កងទ័ព និងអង្គការជួយសង្គ្រោះនានានៅប្រទេសទួរគី។ តាមនោះ បានគូសរំលេចនូវចំណងសាមគ្គីភាពអន្តរជាតិ រវាងកងកម្លាំងដែលចូលរួមជួយសង្គ្រោះនិងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមិត្តដូចជួយសង្គ្រោះខ្លួនឯងអញ្ចឹង។
វៀតណាមនិងស្មារតីសាមគ្គីភាពអន្តរជាតិ - ảnh 1ក្រុមរុករកនិងជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាម បញ្ចប់បេសកម្ម នៅប្រទេសទួរគី ហើយបានវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ Pham Kien/VNA)

ដើម្បីចូលរួមជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅទួរគី វៀតណាមបានចាត់បញ្ជូនប៉ូលីស និងយុទ្ធជនចំនួន ១០០ នាក់ទៅជួយឧបត្ថម្ភប្រទេសមិត្ត។ នេះជាលើកដំបូងដែលវៀតណាមបានចាត់បញ្ជូនកងកម្លាំងទៅចូលរួមការងារស្វែងរកនិងជួយសង្គ្រោះក្នុងគ្រោះមហន្តរាយអន្តរជាតិ។

ខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីជួយឧបត្ថម្ភ

ក្នុងអំឡុងពេលចូលរួមការងារជួយសង្គ្រោះនៅទួរគី ក្រុមការងារនៃក្រសួងនគរបាលវៀតណាមបានដាក់ពង្រាយវិធានការវិជ្ជាជីវៈជាច្រើន ប្រកបដោយភាពបត់បែន ដោយប្រើប្រាស់មធ្យោ បាយបច្ចេកទេសនានាដើម្បីសម្រេចភារកិច្ចនៅទីកន្លែងចំនួន ៣ នៅទីក្រុង Adiyaman តាមការចាត់ចែងរបស់ខាងមិត្ត។ ដោយសម្របសម្រួលជាមួយកម្លាំងជួយសង្គ្រោះនៃប្រទេសផ្សេងៗ កម្លាំងជួយសង្គ្រោះវៀតណាមបានជួយសង្គ្រោះមនុស្សម្នាក់ដែលនៅរស់ ហើយនាំ សាកសពជនរងគ្រោះចំនួន ១៤ នាក់ចេញទៅខាងក្រៅ ដើម្បីប្រគល់ឲ្យស្ថាប័នសុខាភិបាល។ ក្នុងដំណើរការអនុវត្តន៍ភារកិច្ច ក្រុមវៀតណាមត្រូវបានទទួលស្គាល់ ហើយវាយតម្លៃខ្ពស់ចំពោះលក្ខណៈវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ចំពោះការងារ; ដូច្នេះហើយ ក្រុមវៀតណាមត្រូវបានចាត់ចែងឲ្យអនុវត្តន៍ការស្វែងរក ជួយសង្គ្រោះនៅទីតាំងលំបាក ដែលមានលទ្ធភាពរកឃើញសញ្ញាអាយុជីវិត… ក្នុងអំឡុងពេលបំពេញការងារ ក្រុមវៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យជិត ២ តោន ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម សម្រាប់ទីភ្នាក់ងារសម្របសម្រួលជាតិទួរគី និងអាជ្ញាធរសុខាភិបាលទីក្រុង Adiyaman; ចុះសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តស្មារតីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី។

វៀតណាមនិងស្មារតីសាមគ្គីភាពអន្តរជាតិ - ảnh 2លោកឧត្តមសេនីយ៍ទោ To An Xo អ្នកនាំពាក្យក្រសួងនគរបាលវៀតណាម។
(រូបថត៖ nld.com.vn)

លោកឧត្តមសេនីយ៍ទោ To An Xo អ្នកនាំពាក្យក្រសួងនគរបាលវៀតណាមបានចាត់ទុកថា៖ “ការចូលរួមស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសទួរគីបានរួមវិភាគទាន និងចែករំលែកធនធានរបស់វៀតណាមជាមួយប្រជាជនទួរគី ហើយជាការបង្ហាញយ៉ាងរស់រវើកនៃគោលនយោបាយកិច្ចការបរទេសឈ្លាសវៃ អាកប្បកិរិយាសហគមន៍ប្រកបដោយទំនួលខុសត្រូវ និងស្មារតីសាមគ្គីភាពអន្តរជាតិរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ព្រមទាំងបានបញ្ជាក់នូវត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយបញ្ហាលំបាក បញ្ហាប្រឈម ព្រមទាំងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោកផងដែរ”។

ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Hatay កងកម្លាំងជួយសង្គ្រោះមកពីប្រទេសប្រមាណ ៣៦ ក្នុងនោះមានយុទ្ធជនកងទ័ពវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកជនរងគ្រោះដោយគ្រោះរញ្ជួយដី។ ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមដទៃទៀត ដើម្បីសម្របសម្រួលការងារបានយ៉ាងជាក់ស្ដែងនិងត្រឹមត្រូវ។ ក្រុមវៀតណាមបានជួយឧបត្ថម្ភដោយផ្ទាល់ដល់ការស្វែងរកជនរងគ្រោះចំនួន ១៤ នាក់ដែលត្រូវកប់ក្នុងគំនរបាក់បែក ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីក្រុមនានានៃប្រទេសមិត្ត។

លើកកំពស់ស្មារតីសាមគ្គីភាពអន្តរជាតិ

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់យុទ្ធជនប៉ូលីសស និងកងទ័ពវៀតណាមត្រូវបានប្រជាជននៅមូលដ្ឋាន អ្នកស្ម័គ្រចិត្តទួរគី អាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយនិងស្ថានការណ៍បន្ទាន់ទួរគី (AFAD) កត់សម្គាល់និងកោតសរសើរ។ លោក Salim Basheer អ្នកស្ម័គ្រចិត្តម្នាក់មកពីទីក្រុង UFA នៃប្រទេសទួរគី បានសម្តែងមនោសញ្ចេតនានិងការដឹងគុណរបស់ប្រជាជននៅទីនេះចំពោះសកម្មភាពជួយសង្គ្រោះរបស់ក្រុមការងារវៀតណាមយ៉ាងដូច្នេះថា៖

“យើងសូមអរគុណមិត្តវៀតណាម ដែលបានមកទីនេះដើម្បីជួយឧបត្ថម្ភប្រជាជននិងប្រទេសរបស់យើង។ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយសង្គ្រោះ និងជួយឧបត្ថម្ភប្រទេសទួរគី ហើយនេះគឺជាការលើកទឹកចិត្តសម្រាប់ប្រជាជនរបស់យើង។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ហើយសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ ក៏ដូចជាជួយប្រទេសទួរគីឲ្យរួចផុតពីគ្រោះមហន្តរាយនេះក្នុងពេលឆាប់ៗ”។

ក្នុងពេលជាមួយគ្នានោះ វាយតម្លៃអំពីការសម្របសម្រួលរវាងកងកម្លាំងជួយសង្គ្រោះវៀតណាម ជាមួយប្រទេសដទៃទៀត លោក Edgar Toscano តំណាងកម្លាំងជួយសង្គ្រោះម៉ិកស៊ិកបានចែករំលែកថា៖

“កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងវៀតណាម ជាមួយប្រទេសនានាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទីក្រុងនិងប្រជាជននៅទីនេះ។ ប្រការដ៏សំខាន់គឺយើងអាចធ្វើការរួមគ្នា ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះមនុស្ស។ ខ្ញុំមានចំណាប់អារម្មណ៍ល្អចំពោះកងទ័ពវៀតណាម។ ខ្ញុំមិនអាចគិតអ្វីដ៏ល្អជាងនេះទេ។ នៅពេលអនាគត យើងអាចសហការគ្នាបានយ៉ាងល្អក្នុងវិស័យជាច្រើន មិនត្រឹមតែក្នុងការងារជួយសង្គ្រោះប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសេដ្ឋកិច្ច ការជួយឧបត្ថម្ភមនុស្សធម៌ ជាដើម”។

តាមរយៈការបញ្ជូនកងកម្លាំងទៅចូលរួមការងារស្វែងរកនិងជួយសង្គ្រោះនៅប្រទេសទួរគី វៀតណាមរួមជាមួយសហគមន៍អន្តរជាតិបានលើកតម្កើងស្មារតីសាមគ្គីភាព មេត្តាធម៌ ការជួយគ្នាទៅវិញទៅមកក្នុងគ្រាទុក្ខលំបាក ដើម្បីពិភពលោកប្រកបដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ