វៀតណាមនិងអាមេរិកសហការដោះស្រាយផលវិបាកដោយសង្គ្រាម
(VOVWORLD) - ទោះបីជាសង្គ្រាមបានកន្លងផុតទៅហើយក្ដី ប៉ុន្តែការជំនះពុះពារលើផលវិបាក ដោយសង្គ្រាម នៅតែជាបញ្ហាដែលវៀតណាមនិងអាមេរិកយកចិត្តទុកយ៉ាងខ្លាំង ជានិច្ច។ នេះក៏ជាមូលដ្ឋានគ្រឹះសំខាន់ក្នុងដំណើរការអភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងសកម្មភាពដោះស្រាយគ្រាប់បែកមីន ស្វែងរក ទាហានបាត់ខ្លួន និងជួយឧបត្ថម្ភជនពិការនោះ គឺសកម្មភាពបោសសម្អាតជាតិ គីមីពុល dioxin ក៏សម្រេចបាននូវលទ្ធផលជាច្រើននាពេលកន្លងទៅផងដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J.Kritenbrink ថ្លែងនៅក្នុងពិធីប្រកាសការសម្រេចគំម្រងបោសសម្អាតបរិស្ថានបំពុលនៅតំបន់ព្រលានយន្តហោះ Da Nang កាលពីខែវិច្ឆិកាឆ្នាំ២០១៨ (រូបថត៖ USAID) |
Dioxin ជាសមាសភាគស្នូលនៃសារធាតុធ្វើអោយស្លឹកឈើជ្រុះដែលត្រូវបានអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម ហើយធ្វើអោយតំបន់ជាច្រើននៅវៀតណាមរងការបំពុលយ៉ាងធ្ងន់ធ្ងរ។
ចាប់តាំងពីពេលដែលប្រទេសទាំងពីរស្ដារប្រក្រតីភាពទំនាក់ទំនងឡើងវិញ ហើយបង្កើតក្របខ័ណ្ឌសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយមក វៀតណាមនិងអាមេរិកបានខិតខំប្រឹងប្រែងជំរុញការបោសសម្អាតជាតិគីមីពុលនៅតាមតំបន់នានា សំដៅស្ដារឡើងវិញនូវបរិស្ថានដ៏ស្អាតបរិសុទ្ធសម្រាប់ប្រជាជន។ កិច្ចសហប្រតិបត្តិការក្នុងវិស័យជំនះពុះពារលើផលវិបាកដោយសង្គ្រាមបានត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីឆ្ពោះទៅរកអនាគត។
រួមដំណើរគ្នាឆ្លងកាត់ការលំបាកសាកល្បង
ដំណើរការជំនះពុះពារលើផលវិបាកដោយសង្គ្រាម ត្រូវបានចាប់ផ្ដើមកាលពីយូរលង់មកហើយ។ ដំណើរការនេះបានផ្ដោតទៅលើសកម្មភាពរុករក បោសសម្អាតគ្រាប់បែកមីន ស្វែងរកទាហានបាត់ខ្លួនក្នុងសង្គ្រាម និងជួយឧបត្ថម្ភជនពិការតាមរយៈគម្រោងកែលម្អជីវភាពរស់នៅ ជាដើម។ ប៉ុន្តែ ចំពោះព្រលានយន្តហោះដែលត្រូវបានកងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមវៀតណាម ដែលជាទីកន្លែងផ្ទុកបម្រុងបរិមាណសារធាតុ dioxin ដ៏ធំធេងនោះ គឺមិនទាន់ត្រូវបានបោសសម្អាតនៅឡើយ ព្រោះថាការងារនេះត្រូវមានកិច្ចខិតខំប្រឹងប្រែងជាច្រើនពីភាគីទាំងពីរ ជាពិសេសគឺរដ្ឋអំណាចអាមេរិក ដែលក្នុងនោះមានការគាំទ្រយ៉ាងខ្លាំងក្លារបស់បណ្ដាមិត្តអាមេរិកដែលស្រឡាញ់វៀតណាម។ ព្រឹទ្ធសមាជិកនៃគណៈបក្សប្រជាធិបតេយ្យអាមេរិកលោក Patrick Leahy បានអោយដឹងថា៖
“ខ្ញុំជានិច្ចកាលកៀងគរការចូលរួមរបស់បណ្ដាព្រឹទ្ធសមាជិកដទៃនៃគណៈបក្សទាំងពីរ។ អញ្ចឹង នាពេលអនាគត មិនថាខ្ញុំនៅតែកាន់តំណែងជាព្រឹទ្ធសមាជិកនេះដែរឬអត់នោះទេ គឺបណ្ដាមិត្តរួមការងាររបស់ខ្ញុំនឹងបន្តការងារពោរពេញទៅដោយអត្ថន័យនេះ”។
ចាប់តាំងពីខែសីហាឆ្នាំ២០១២មក ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចាប់ផ្ដើមដំណើរការគម្រោងបោសសម្អាតបរិស្ថានបំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Da Nang ហើយគម្រោងនេះបានសម្រេចរួចរាល់នាចុងឆ្នាំ២០១៦។ គម្រោងនេះបានបោសម្អាតផ្ទៃដីប្រមាណ ៩ហ្មឺន ម៉ែត្រគីបប្រកបដោយជោគជ័យ។ នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាង វៀត ណាមនិងអាមេរិក។ ការបោសសម្អាតសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Da Nang បានបើកចេញយថាទស្សន៍សហប្រតិបត្តិការសម្រាប់គម្រោងក្រោយៗទៀត។
អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh (ខាងឆ្វេង) និងព្រឹទ្ធសមាជិកអាមេរិកលោក Patrick Leahy ជួបគ្នានៅពិធីប្រកាសការចាប់ផ្ដើមគម្រោងបោសសម្អាតបរិស្ថានបំពុលនៅតំបន់ព្រលានយន្តហោះ Bien Hoa កាលពីខែមេសា ឆ្នាំ២០១៩ |
ឆ្ពោះទៅរកអនាគត
បន្ទាប់ពីជោគជ័យនៅព្រលានយន្តហោះ Da Nang ភាគីទាំងពីរបានបន្តដំណើរការគម្រោងមួយទៀតនៅព្រលានយន្តហោះ Bien Hoa។ នេះជាតំបន់ទុកបម្រុងសារធាតុ dioxin ធំបំផុតនៅវៀតណាមដោយមានផ្ទៃដីបំពុលចំនួន៥សែនម៉ែត្រគីប ពោលគឺខ្ពស់ជាង៥ដងបើធៀបព្រលានយន្តហោះ Bien Hoa។ តាមការគ្រោងទុក ដំណើរការបោសសម្អាតព្រលានយន្តហោះ Bien Hoa នឹងចំណាយរយៈពេលយ៉ាងហោចណាស់១០ឆ្នាំ ជាមួយទឹកប្រាក់ចំនួន៣៩០លានដុល្លាអាមេរិក។ គម្រោង បោសសម្អាតសារធាតុ dioxin នៅព្រលានយន្តហោះ Bien Hoa បានបង្ហាញនូវការខិតខំប្រឹងប្រែងរួមរវាងវៀតណាមនិងអាមេរិកក្នុងការពង្រីកទំនាក់ទំនងសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយអោយកាន់តែស៊ីជំរៅថែមទៀត តាមរយៈការជំនះពុះពារលើផលវិបាកដោយសង្គ្រាម។ នៅពិធីចាប់ផ្ដើមគម្រោងបោសសម្អាតសារធាតុ dioxin នៅព្រលានយន្តហោះ Bien Hoa នាថ្ងៃទី២០ខែមេសាកន្លងទៅ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកការបែងចែកថវិកានៃព្រឹទ្ធសភាអាមេរិកលោក Patrick Leahy រួមជាមួយព្រឹទ្ធសមាជិកផ្សេងចំនួន៨រូបមកពីរដ្ឋខុសគ្នាចំនួន៨ បានមកដល់វៀតណាមដើម្បីចាប់ផ្ដើមគម្រោងនេះ។ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការពីភាគីអាមេរិក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម បានអះអាងថា៖
“ខ្ញុំគោរពយ៉ាងខ្លាំងចំពោះតួនាទីរបស់លោកព្រឹទ្ធសមាជិក Leahy។ ហើយរួមដំណើរជាមួយលោកនាថ្ងៃនេះ ក៏មានព្រឹទ្ធសមាជិកចំនួន៨រូបផ្សេងទៀត។ មតិរបស់ព្រឹទ្ធសមាជិកទាំងនេះនៅ លើឆាកនយោបាយអាមេរិកគឺសំខាន់ណាស់។ បញ្ហាមួយប្រសិនបើត្រូវបានលើកឡើងដោយព្រឹទ្ធសមាជិកទាំង៨រូប គឺមានន័យថា នេះជាបញ្ហាគួរអោយយកចិត្តទុកដាក់ក្នុងសង្គមអាមេរិក និងរដ្ឋសភាអាមេរិក។ ដោយហេតុនេះ ខ្ញុំជឿជាក់ថា នាពេលអនាគត កិច្ចសហប្រតិបតិ្តការលើវិស័យជំនះពុះពារលើផលវិបាកដោយសង្គ្រាមរវាងវៀតណាមនិងអាមេរិក នឹងបន្តអភិវឌ្ឍន៍”។
ដោយឈរលើស្មារតីសហប្រតិបត្តិការនិងយល់ដឹងគ្នាទៅវិញទៅមក រដ្ឋាភិបាលវៀតណាមនិងអាមេរិកកំពុងខិតខំប្រឹងប្រែងជំនះពុះពារយ៉ាងពេញលេញលើផលវិបាកដោយសង្គ្រាម ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរមួយដែលភាគីទាំងពីរចែករំលែកជាមួយគ្នា៕