វៀតណាមបង្កើតសញ្ញាសម្គាល់ក្នុងការជំរុញវឌ្ឍនភាព ដើម្បីសមភាពយេនឌ័រ
(VOVWORLD) - វៀតណាមពិតជាបានបំពេញការងារយ៉ាងល្អក្នុងការសម្រេចបានរាល់សញ្ញាសម្គាល់ដ៏សំខាន់សម្រាប់វឌ្ឍនភាព ដើម្បីសមភាពយេនឌ័រ។ នេះជាការវាយតម្លៃរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញសមភាពយេនឌ័រ ដែលជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍មួយរបស់អង្គការសហប្រជាជាតិនាពេលកន្លងទៅ។ ចាប់ពីរដ្ឋធម្មនុញ្ញច្បាប់ដើមដំបូង ដែលបានផ្តោតលើបញ្ហាសមភាពបុរស និងស្ត្រី រហូតមកដល់ពេលនេះ វៀតណាមបានសុក្រិតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយស្តីពីសមភាពយេនឌ័រដោយឥតឈប់ឈរ ហើយបានកត់សញ្ញាសម្គាល់ក្នុងតថភាពជាក់ស្ដែងស្ដីពីការជំរុញវឌ្ឍនភាព ដើម្បីសមភាពយេនឌ័រ។
គណៈប្រតិភូបានចូលរួមកិច្ចសន្ទនាគោលនយោបាយដោយប្រធានបទ “សមភាពយេនឌ័រក្នុងការផ្លាស់ប្តូរឌីជីថលនៅវៀតណាម៖ ឱកាស និងបញ្ហាប្រឈម” ។ រូបថត៖ toquoc.vn |
តថភាពជាក់ស្ដែងដ៏រស់រវើកអំពីសមភាពយេនឌ័រ
អង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) បានវាយតម្លៃថា សហគ្រិនស្ត្រីវៀតណាមកាន់តែដើរតួនាទីដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតរចនាបទធ្វើអាជីវកម្មដ៏វិសេសវិសាល ទន់ភ្លន់ បត់បែន និងប្រកបដោយប្រសិទ្ធភាព។ វៀតណាមបានក្លាយទៅជាប្រទេសដែលមានសមាអត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចខ្ពស់បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ ហើយស្ថិតក្នុងចំណោមប្រទេសនាំមុខទាំង ១០ លើពិភពលោកដែលមានអត្រាសហគ្រាសដឹកនាំដោយស្ត្រីខ្ពស់បំផុត (ប្រហែល ៣៣%)។ លោកស្រី Vu Thi Quynh អគ្គនាយិការង ក្រុមហ៊ុនភាគហ៊ុនអេឡិចត្រូនិក Tomeco បានមានប្រសាសន៍ថា៖ “មានមនុស្សជាច្រើនងឿងឆ្ងល់សួរថា៖ ហេតុអ្វីបានជាម្ចាស់សហគ្រាសអេឡិចត្រូនិកជាស្ត្រី ដែលមានសក់វែងដូច្នេះ? ប៉ុន្តែក្រោយពេលប្រាស្រ័យទាក់ទង និងធ្វើការ គេនឹងឃើញថាស្រ្តីដែលមានរូបរាងល្អិតល្អន់ដូច្នេះ ក៏មានទឹកចិត្តរឹងមាំផងដែរ។គោលនយោបាយរបស់រដ្ឋវៀតណាមគឺល្អជាងមុនច្រើនណាស់ស្ត្រីទទួលបានផលប្រយោជន៍កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលសម្រាលកូន ស្ត្រីមានសិទ្ធិឈប់សម្រាក៦ខែ ហើយនៅទទួលបានប្រាក់ខែដដែល។ ទន្ទឹមនឹងនេះ មានសមាគមសហគ្រិនស្ត្រី និងមានពានរង្វាន់ជូនស្ត្រីឆ្នើមទៀតផង”។
ក្របខ័ណ្ឌគតិយុត្តិដ៏ទូលំទូលាយ និងគួរឱ្យចាប់អារម្មណ៍
វៀតណាមត្រូវបានវាយតម្លៃថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានលុបបំបាត់គម្លាត យេនឌ័រយ៉ាងឆាប់រហ័សក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ហើយជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ១០ ដែលអនុវត្តន៍ល្អបំផុតនូវគោលដៅអំពីការជំរុញសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី និងកុមារីទាំងអស់នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោក Herve Conan នាយកជាតិនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖
“រដ្ឋាភិបាលវៀតណាមបានអនុវត្តន៍គោលនយោបាយជាច្រើន ដើម្បីសម្រួលដល់ការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ ព្រមទាំងសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ សមភាពរវាងបុរស និងស្ត្រីក៏ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលត្រូវបានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិច្បាប់ជាច្រើន និងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាល់កាល ២០២១-២០៣០។ ទន្ទឹមនឹងនោះវៀតណាមក៏បានបង្ហាញពីតួនាទីដ៏សកម្មក្នុងការជំរុញសមភាពយេនឌ័រនៅលើភិភពលោក ខណៈពេលដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងស្ត្រីកាលពីជាង ៤០ ឆ្នាំមុន និងសេចក្តីប្រកាសទីក្រុងប៉េកាំងឆ្នាំ ១៩៩៥ ផងដែរ”។
តាមទស្សនៈអន្តរជាតិ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលផ្តល់អាទិភាពមួយចំនួនចំពោះការងារសមភាពយេនឌ័រ នៅពេលដែលទស្សនកថាឆ្នាំ ១៩៣០ - កម្មវិធីនយោបាយដំបូងរបស់បក្សកុម្មុយនិស្តវៀតណាមបានអះអាងពីគោលដៅតស៊ូសម្រាប់សមភាពបុរស និងស្ត្រី។ បើទោះជាផ្លូវខាងមុខនៅតែពោរពេញដោយបញ្ហាប្រឈមក៏ដោយ ប៉ុន្តែយោងតាមប្រធានតំណាងទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រីប្រចាំនៅវៀតណាម លោកស្រី Elisa Fernandez Saenz បានឲ្យដឹងថា៖ “រដ្ឋាភិបាលវៀតណាមបានបង្កើតក្របខ័ណ្ឌគតិយុត្តិដ៏ខ្លាំងក្លា ដើម្បីតភ្ជាប់ប្រទេសជាតិជាមួយកិច្ចព្រមព្រៀងអន្តរជាតិ។ យើងខ្ញុំបានឃើញពីការសន្យារបស់វៀតណាមលើវិស័យសមភាពយេនឌ័រ ដូចជាសមភាពយេនឌ័រក្នុងយុគសម័យឌីជីថល សមភាពយេនឌ័រផ្សេងៗគ្នា ដូចជាសមភាពយេនឌ័រក្នុងយុគសម័យឌីជីថល សមភាពយេនឌ័រក្នុងការធានាសន្តិភាព និងសន្តិសុខក៏ដូចជាការខិតខំប្រឹងប្រែងបង្កើនសិទ្ធិសេដ្ឋកិច្ចដល់ស្ត្រី។ ក្នុងតំបន់អាស៊ាន វៀតណាមក៏បង្ហាញពីតួនាទីសំខាន់ក្នុងការលើកកម្ពស់វឌ្ឍនភាពសម្រាប់សមភាពយេនឌ័រផងដែរ”។
រំដោះស្ត្រី និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយចំពោះស្ត្រី គឺជាគោលដៅមួយនៃបដិវត្តន៍វៀតណាម។ វៀតណាមមានគោលការណ៍ គោលនយោបាយ និងសមិទ្ធិផលជាច្រើន ក្នុងការរំដោះស្ត្រី បង្កលក្ខណៈងាយស្រួលដល់ស្ត្រី ដើម្បីអភិវឌ្ឍន៍ ហើយត្រូវបានសហគមអន្តរជាតិទទួលស្គាល់ វាយតម្លៃខ្ពស់ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ។
សមិទ្ធិផលនេះត្រូវបានវៀតណាមបន្តថែរក្សា និងខិតខំប្រឹងប្រែងសម្រេចបានដល់កម្រិតខ្ពស់ ដើម្បីកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីវៀតណាមសន្តិភាព វិបុលភាព អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងនិរន្តរភាពផងដែរ៕