វៀតណាមប្ដេជ្ញាអនុវត្តគោលដៅពីរទន្ទឹមគ្នា៖ រុញថយក្រោយជំងឺឆ្លងនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
(VOVWORLD) - រដ្ឋាភិបាលវៀតណាមនឹងប្ដេជ្ញាចិត្តអនុវត្តបណ្ដាវិធានការសំដៅគ្រប់គ្រងជំងឺឆ្លង Covid-19 យ៉ាងឆាប់ៗ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋ កិច្ចផងដែរ។ នេះគឺ ជាការអះអាងរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ពេលអញ្ជើញថ្លែងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមឆ្នាំ២០១៩ និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០ នៅសម័យ បើកកិច្ចប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី ២០ ខែ ឧសភា។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញថ្លែងរបាយការណ៍នៅកិច្ចប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤។ |
ប្រទេសទាំងមូលរួមដៃរួមកម្លាំងកាយចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
អញ្ជើញថ្លែងរបាយការណ៍នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំ ២០២០ មក ពិភពលោកទាំងមូលកំពុងឆ្លងកាត់នូវការវិវត្តន៍ដ៏ធំមិនធ្លាប់មានតាំងពីច្រើនទសវត្សកន្លងមកដោយសារផលប៉ះពាល់នៃជំងឺឆ្លង Covid-19។ ក្នុងបរិបទដែលជំងឺឆ្លងនេះនៅតែរីករាលដាលយ៉ាងទូលំទូលាយហើយមិនទាន់ដឹងកាលណាបានបញ្ចប់ ហើយបរិមាណអ្នកឆ្លងនិងអ្នកស្លាប់កើនឡើងជាគំហុកនោះ វៀតណាមបានក្លាយទៅជាចំណុចដ៏ភ្លឺស្វាងមួយ ដោយសារតែមិនទាន់មានករណីស្លាប់ណាមួ ហើយបានគ្រប់គ្រងជំងឺឆ្លងប្រកបដោយជោគជ័យតាំងពីគ្រាដំបូង។ ពិភពលោកបានវាយតម្លៃខ្ពស់ចំពោះ សមត្ថភាពសុខាភិបាល បទពិសោធន៍របស់វៀតណាមក្នុងការរកឃើញ ធ្វើចត្តាឡីស័កនិងព្យាបាលឲ្យអ្នកជំងឺ Covid-19 ក៏ដូចជាស្មារតីសហប្រតិបតិ្តការ ចែករំលែកជាមួយអន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖ “ជ័យជំនះដ៏ពោរពេញទៅដោយអត្ថន័យក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នោះគឺការប្រមូលផ្ដុំនៃស្មារតីស្នេហាជាតិ ជំនឿជាក់និងកម្លាំងពលំនៃ ផែនមហាសាមគ្គីជនជាតិទាំងមូល។ ទាំងអស់នោះបានបង្ហាញលក្ខណៈឆ្នើម លើសលុបនិងតម្លៃគ្រឹះនៃលទ្ធិសង្គមនិយមនៅវៀតណាម ក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងសរឲ្យឃើញការជឿជាក់យ៉ាងដាច់ខាតរបស់ ប្រជាជនចំពោះបក្ស រដ្ឋ និងឫទ្ធានុភាព ឆន្ទៈ ប្រពៃណីដ៏ល្អប្រសើររបស់ ប្រជាជាតិយើង”។
នៅតែមានចំណុចភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
យោងតាមរបាយការណ៍បានឲ្យដឹងថា ជំងឺឆ្លង Covid-19 បានប៉ះពាល់ដល់វៀតណាមយ៉ាងធ្ងន់ធ្ងរណាស់។ សកម្មភាពផលិតកម្មអាជីវកម្មត្រូវជាប់គាំង ហើយខ្សែសង្វាក់ផ្គត់ផ្គង់និងដោះដូរពាណិជ្ជកម្មក៏ត្រូវផ្អាកផងដែរ។ លើសពី នេះទៅទៀត ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ គ្រោះរាំងស្ងួត គ្រោះជាតិប្រៃជ្រាបចូល ភ្ញៀងទឹកកក និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក៏បានបង្កឡើងការខូចខាត យ៉ាងធ្ងន់ធ្ងរទៅលើតំបន់ជាច្រើន ហើយស្ថានភាពនៅសមុទ្រខាងកើតក៏មាន ការវិវត្តន៍យ៉ាងស្មុគស្មាញផងដែរ។ ក្នុងកាលៈទេសៈនោះ រដ្ឋាភិបាល និងលោក នាយករដ្ឋមន្រ្តីបានចេញផ្សាយយន្តការ គោលនយោបាយជាច្រើនសន្ធឹកសន្ធាប់ដោយទាន់ពេលវេលាក្នុងបំណងជួយឧបត្ថម្ភដល់ប្រជាជននិងសហគ្រាសដែលជួបប្រទះ នឹងការលំបាក។ អាស្រ័យហេតុនោះ វៀតណាមនៅតែមានចំណុចភ្លឺស្វាង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺការរក្សាបាននូវម៉ាក្រូសេដ្ឋកិច្ចប្រកបដោយ ស្ថិរភាពដើម្បីជួយសម្រួលដល់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចក្រោយជំងឺឆ្លង។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញក៏ដោយ ប៉ុន្តែ កំណើន GDP ក្នុងត្រីមាសទី១នៅតែសម្រេចបាន៣,៨២% ដែល ជាកម្រិតខ្ពស់ក្នុងតំបន់និងលើពិភពលោក។ តំបន់ជាច្រើននៅតែសម្រេច បានល្បឿនកំណើនដ៏ខ្ពស់បង្គួរ។ យើងនៅតែរក្សាបាននូវការធ្វើផលិតកម្ម អាជីវកម្ម ខណៈដែលប្រទេសនិងដៃគូធំៗភាគច្រើនសុទ្ធតែមានកំណើន សញ្ញាដក។ សន្តិសុខថាមពល ស្បៀងអាហារត្រូវបានធានាដើម្បីផ្គត់ផ្គង់យ៉ាង គ្រប់គ្រាន់ដល់ប្រជាជន ជាពិសេសគឺក្នុងដំណាក់កាលអនុវត្តការរក្សាគម្លាត សង្គម”។
រួមជាមួយគ្នានោះ សន្តិសុខ ការពារជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ត្រូវបានរក្សាយ៉ាងរឹងមាំ។ វៀតណាមបន្តអនុវត្តយ៉ាងល្អនូវតួនាទីជាប្រធាន អាស៊ាន ប្រធាន AIPA និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិផងដែរ។
ប្រកាន់យ៉ាងខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស
ក្នុងរយៈពេលនៅសេសសល់នៃឆ្នាំ ២០២០ និងរយៈពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ទន្ទឹមនឹងការបង្ការទប់ស្កាត់ជំងឺឆ្លងឲ្យបានល្អ គឺរដ្ឋាភិបាលត្រូវបញ្ជាដឹកនាំឲ្យអនុវត្តយ៉ាងប្ដូរផ្ដាច់នូវបណ្ដាវិធានការ ភារកិច្ចដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ ក្នុងនោះមានការកសាងយន្តការ គោល នយោបាយពិសេសមួយចំនួនក្នុងសភាពការណ៍ថ្មី។ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលបន្តកសាងនិងស្នើឲ្យរដ្ឋសភាពិចារណា ចេញផ្សាយយន្តការ គោលនយោយបាយ ដំណោះស្រាយនានាដើម្បីជំរុញការស្ដារនិងអភិវឌ្ឍ សេដ្ឋកិច្ច ពិចារណាចេញផ្សាយកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីក្នុងបរិបទដែលជំងឺឆ្លង Covid-19 នៅតែកើតមានឡើងលើទូទាំងពិភពលោក។ ក្រៅពីនោះ ជំរុញតម្រូវ ការប្រើប្រាស់ក្នុងស្រុក ជំរុញផលិតកម្មអាជីវកម្ម បង្កើតការងារធ្វើ ធានាប្រភព ធនធានសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងនិងសន្តិសុខសង្គម រួមចំណែកពង្រឹង ជំនឿជាក់របស់ប្រជាជននិងសហគ្រាស”។
នៅបញ្ចប់ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការថែទាំជីវភាព រស់នៅរបស់ប្រជាជននិងការអភិវឌ្ឍវប្បធម៌សង្គមគឺជាភារកិច្ចសំខាន់មួយនាពេលខាងមុខ។ ស្ថានភាពកាន់តែលំបាក គឺត្រូវអនុវត្តឲ្យកាន់តែល្អនូវភារកិច្ចធានា ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន ជាពិសេសគឺជន មានគុណូបការៈ ជនក្រីក្រ ជនបាត់បង់ការងារធ្វើ ជនងាយរងគ្រោះ ដោយមិនបំភ្លេចនរណាម្នាក់នោះឡើយ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដោយមានស្មារតីស្រុះ ចិត្តគំនិត កម្លាំងថ្មីនិងការប្ដេជ្ញាចិត្តថ្មី វៀតណាមនឹងជំនះពុះពារលើរាល់ការ លំបាក ធានាផលិតកម្ម ជីវភាពរស់នៅ និងស្ថិរភាពសង្គម ដើម្បីអនុវត្តគោលដៅ ទ្វេដងនោះគឺរុញថយក្រោយជំងឺឆ្លងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕