វៀតណាមបន្តម្ចាស់ការរួមវិភាគទានជំរុញសិទ្ធិមនុស្សនៅលើពិភពលោក
(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ ក្នុងនោះវៀតណាមគឺជាបេក្ខភាពមួយកាលពីថ្ងៃទី ១១ តុលា បានប្រព្រឹត្តិទៅនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការដែលវៀតណាមបានជាប់ឆ្នោតជាលើកទី ២ ក្នុងស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជាការលើកតម្កើងដ៏សក្តិសម ហើយបើកផ្លូវថ្មីសម្រាប់វៀតណាមបន្តរួមវិភាគទានទៅក្នុងការជំរុញសិទ្ធិមនុស្សនៅលើពិភពលោកផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Hieu |
សមាជិកថ្មីចំនួន ១៤ ក្នុងចំណោមបេក្ខជនទាំង ១៧ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងឱ្យក្រុមប្រទេសចំនួន ៥ គឺអាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត អាមេរិកឡាទីន តំបន់ការាបៀន អឺរ៉ុបខាងលិច និងប្រទេសដទៃទៀត។ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកត្រូវបានចាត់ទុកថាមានការប្រកួតប្រជែងខ្ពស់បំផុត ពោលគឺមានបេក្ខជនរហូតដល់ ៦ ខណៈពេលដែលត្រូវបោះឆ្នោតយកត្រឹមតែ ៤ អាសនៈប៉ុណ្ណោះ ហើយប្រទេសជាប់ឆ្នោតរួមមានវៀតណាម បង់ក្លាដែស កៀហ្ស៊ីស៊ីស្ថាន និងម៉ាល់ឌីវ។ អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ក្រោយពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Hieu បានចែករំលែកថា៖ “ការដែលវៀតណាមត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ គឺមានអត្ថន័យដ៏ធំធេង ហើយអះអាងពីការទទួលស្គាល់ឋានៈរបស់វៀតណាម ព្រមទាំងកត់សម្គាល់ពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញ និងការពារសិទ្ធិមនុស្សក្នុងរយៈពេលកន្លងទៅ។ អាចនិយាយបានថា នេះគឺជាការខិតខំប្រឹងប្រែងដ៏ធំធេង ហើយជាគោលការណ៍ គោលមាគ៌ា គោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមក្នុងការជំរុញ និងការពារសិទ្ធិមនុស្ស ហើយក៏ជាខ្លឹមសារដ៏សំខាន់មួយក្នុងការកសាងនីតិរដ្ឋសង្គមនិយម ដែលវៀតណាមកំពុងឆ្ពោះទៅរក។ សហគមន៍អន្តរជាតិរំពឹងថា ក្នុងនាមជាសមាជិកលើកទី ២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមមិនត្រឹមតែខិតខំប្រឹងប្រែងជំរុញសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងរួមចំណែកទៅក្នុងការងាររួមរបស់សហកមន៍អន្តរជាតិទៀតផង”។
លោក Gérard Daviot អតីតប្រធានសមាគមមិត្តភាពបារាំង-វៀតណាម (AAFV) |
ព្រឹត្តិការណ៍ដែលវៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ទទួលបានការអបអរសាទរពីមិត្តភក្តិបារាំងយ៉ាងច្រើនកុះករ ហើយចាត់ទុកថានេះគឺជាការកត់សម្គាល់ដ៏សក្តិសមរបស់សហគមន៍អន្តរជាតិចំពោះតួនាទីរបស់វៀតណាម ហើយក៏ជាសមិទ្ធិផលក្នុងមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ដែលវៀតណាមបានជ្រើសរើស។ លោក Gérard Daviot អតីតប្រធានសមាគមមិត្តភាពបារាំង-វៀតណាម (AAFV) បានវាយតម្លៃថា៖ “ ចំពោះខ្ញុំ ការដែលវៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺជាប្រការធម្មតា និងសមហេតុផល ព្រោះថានេះគឺជាផ្លូវដែលត្រូវបានវៀតណាមកំណត់ និងអនុវត្តន៍ប្រកបដោយជោគជ័យ។ វៀតណាមកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ។ ខ្ញុំចាត់ទុកខ្លួនខ្ញុំជាពលរដ្ឋពិភពលោកម្នាក់ ហើយខ្ញុំវាយតម្លៃខ្ពស់ចំពោះផ្លូវដែលវៀតណាមបានឆ្លងកាត់ ហើយជាផ្លូវដ៏ត្រឹមត្រូវ លើកកម្កើងថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។ នេះគឺជាការទទួលស្គាល់របស់អន្តរជាតិ។ បច្ចុប្បន្ននេះ វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយនេះគឺជាការទទួលស្គាល់របស់ពិភពលោកទាំងមូល។ ខ្ញុំសូមអបអរសាទរចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដែលបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដេលត្រូវបានពិភពលោកលើកតម្កើងអំពីសិទ្ធិមនុស្សផងដែរ”។
ដូចទៅនឹងលោក Daviot ដែរ លោកស្រី Hélène Luc ព្រឹទ្ធសមាជិកាកិត្តិយសមួយរូប ដែលបានប្រកៀកស្មាជាមួយវៀតណាម អស់រយៈពេលជាច្រើនទស្សវត្សរ៍ ទាំងក្នុងដំណាក់កាលតស៊ូដណ្ដើមឯករាជ្យជាតិ និងកសាងប្រទេសជាតិបានវាយតម្លៃថា នេះគឺជាព័ត៌មានដ៏ល្អប្រសើរ ហើយសំខាន់ចំពោះទាំងវៀតណាម និងអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៖ “នាងខ្ញុំពិតជាសប្បាយរីករាយណាស់ នៅពេលដឹងពីដំណឹងនេះ ហើយចាត់ទុកថានេះគឺជាដំណឹងដ៏សំខាន់។ ខ្ញុំជឿជាក់ថា ដោយជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមនឹងជួយដោះស្រាយបញ្ហាជាច្រើន ហើយតួនាទីថ្មីក៏នឹងអនុញ្ញាតឱ្យវៀតណាមធ្វើបានការងារជាច្រើនថែមទៀត។ ខ្ញុំក៏ជឿជាក់ថា ប្រការនេះនឹងជួយជំរុញខ្លាំងដំណើរការប្រជាធិបតេយ្យនៅអង្គការសហប្រជាជាតិ ហើយវៀតណាមនឹងសម្រេចទំនួលខុសយ៉ាងពេញលេញ។ នេះគឺជាប្រការដ៏ល្អប្រសើរមួយ ហើយខ្ញុំពិតជាសប្បាយរីករាយណាស់”។
ការដែលវៀតណាមបន្តជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ គឺពិតជាសក្តិសមណាស់ ដោយបន្តការរួមវិភាគទានប្រកបដោយមានប្រសិទ្ធភាពទៅក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងការកសាងសន្តិភាព ការអភិវឌ្ឍ និងការធានាសិទ្ធិមនុស្ស។ ប្រការនេះក៏បានបង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់មិត្តភក្តិអន្តរជាតិចំពោះវៀតណាម នៅពេលដែលវៀតណាមធ្លាប់មានអាណត្តិប្រកបដោយជោគជ័យចាប់ពីឆ្នាំ ២០១៤-២០១៦ ដោយបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជំរុញគំនិតផ្តួចផ្តើម បង្ហាញពីសញ្ញាសម្គាល់ ហើយត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់៕