វៀតណាមផ្តល់អាទិភាពលើប្រភពធនធានដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ ២០២១

(VOVWORLD) - រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី ២៨ ខែធ្នូ បានបើកសម័យប្រជុំជាប្រចាំចុងក្រោយនៃឆ្នាំ ២០២០ ក្នុងនោះបានផ្ដោតសំខាន់លើភារកិច្ចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគឺ“ បន្តផ្ដោតការយកចិត្តទុកដាក់អនុវត្តន៍“ គោលពីរដើរទន្ទឹមគ្នា” ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព និងការពារសុខភាពរបស់ប្រជាជន និងឆ្លៀតយកឱកាស ខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងស្ថានភាពធម្មតាថ្មី” សំដៅសម្រេចឲ្យបានគោលដៅកំណើនពី ៦% ទៅ ៧% ក្នុងឆ្នាំ ២០២១ ផងដែរ ។
វៀតណាមផ្តល់អាទិភាពលើប្រភពធនធានដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ ២០២១ - ảnh 1រូបថត៖ VOV

ឆ្នាំ ២០២១ គឺជាឆ្នាំដែលមានអត្ថន័យដ៏សំខាន់ បង្កើតមូលដ្ឋានដ៏ល្អសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ ។ ដូច្នេះ វៀតណាមគប្បីផ្តល់អាទិភាពដល់ប្រភពធនធាន ដើម្បីពន្លឿនការអភិវឌ្ឍ និងសម្រេចរាល់ភារកិច្ច ផែនការដ៏សំខាន់នៅឆ្នាំនេះ។ ការជំរុញការវិនិយោគសាធារណៈនៅតែបន្តជាអាទិភាពចម្បងក្នុងបណ្ដាដំណោះស្រាយបន្ទាន់ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅឡើយ។ វាយតម្លៃអំពីបណ្ដាវិធានការបន្ទាន់ក្នុងការសម្របសម្រួលរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២០ នោះ សេដ្ឋកិច្ចវិទូ Vo Tri Thanh បានចាត់ទុកថា៖ “នាបច្ចុប្បន្ននេះ យើងត្រូវមានស្មារតីយ៉ាងប្ដូរផ្ដាច់ ការឆ្លើយតបត្រូវឆាប់រហ័ស និងព្រមៗគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ យើងត្រូវកែលម្អការអនុវត្តគោលនយោបាយជួយឧបត្ថម្ភសេដ្ឋកិច្ច។ យ៉ាងណាមិញ យើងក៏ចាំបាច់ត្រូវត្រិះរិះអំពីគោលនយោបាយថ្មី ដើម្បីបន្តជួយឧបត្ថម្ភសហគ្រាស ប្រជាជន ពលករ សំដៅជំនះពុះពារលើការលំបាក។ កញ្ចប់ជំនួយថ្មី នេះត្រូវមានទំហំ និងរយៈពេលវែងគ្រប់គ្រាន់ ដែលផ្សារភ្ជាប់ជាមួយការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងនិន្នាការអភិវឌ្ឍន៍នៅលើពិភពលោកផងដែរ”។

ចំណែកឯលោកបណ្ឌិត Nguyen Dinh Cung អតីតនាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកំណត់គោលដៅស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងដំណោះស្រាយជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និង ជាក់ស្ដែងថែមទៀត ដើម្បីស្ដារកំណើនឡើងវិញ។ លោក បណ្ឌិត Nguyen Dinh Cung បានលើកច្បាស់ថា៖ “ដើម្បីជំរុញសេដ្ឋកិច្ច គឺយើងត្រូវផ្ដោតសំខាន់លើការកែសម្រួលគោលនយោបាយរូបិយវត្ថុ ជាពិសេសគឺ គោលនយោបាយសារពើពន្ធ ក៏ដូចជាផ្ដោតសំខាន់លើការជំរុញការវិនិយោគ។ ដូច្នេះហើយ យើងបានបង្កើតគម្រោងវិនិយោគសាធារណៈដ៏សំខាន់ៗជាច្រើន ក្នុងទ្រង់ទ្រាយធំ នៅទីក្រុងហូជីមិញ តំបន់ដីសណ្តទន្លេ Cuu Long ជាពិសេសគឺទីក្រុង Hai Phong”។

យោងតាមសេដ្ឋកិច្ចវិទូ Nguyen Minh Phong បានឲ្យដឹងថា៖ វៀតណាមត្រូវប្រកាន់យ៉ាងខ្ជាប់ជាមួយនឹងការវិនិយោគលើកកម្ពស់គុណភាពធនធានមនុស្ស ហើយចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់វិនិយោគលើការបំលាស់ប្ដូរឌីជីថលទាំងនាបច្ចុប្បន្ននេះ និងអនាគត។ លោកបានសង្កើតធ្ងន់ថា៖ “នាពេលខាងមុខ ដើម្បីឆ្លើយតបនឹងបរិបទថ្មីនោះ គឺដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនិយាយរួម និងសហគ្រាសនិយាយដោយឡែកគឺត្រូវផ្ដោតសំខាន់លើកត្តាចំនួន ២ គឺ៖ អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិច បង្កើនការបំលាស់ប្ដូរឌីជីថលក្នុងប្រតិបត្តិការរបស់សហគ្រាស ជាពិសេសគឺផ្ដោតសំខាន់លើការអភិវឌ្ឍគំរូធ្វើអាជីវកម្មថ្មី ដោយផ្អែកលើការតភ្ជាប់ជាមូលដ្ឋានផងដែរ”។

វៀតណាមផ្តល់អាទិភាពលើប្រភពធនធានដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ ២០២១ - ảnh 2កែច្នៃបង្គាសំរាប់នាំចេញ  (រូបថត៖ nhandan.com.vn)

បណ្ដាដំណោះស្រាយជួយផ្តល់ព័ត៌មានអំពីទីផ្សារនាំចូលនិងនាំចេញដែលមានប្រៀបខ្លាំង ជាពិសេសគឺទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលមានគុណភាពខ្ពស់ក៏គួរតែត្រូវបានអនុវត្តន៍ ដើម្បី ឆ្លៀតយឱកាស ដែលការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនាំមកជូន។ ទន្ទឹមនឹងនេះ វៀតណាមត្រូវផ្ដោតសំខាន់លើទីផ្សារក្នុងស្រុក ហើយចាត់ទុកថានេះជាដំណោះស្រាយមូលដ្ឋានដើម្បីធានាសកម្មភាពផលិតកម្ម និងផ្គត់ផ្គង់ និងការប្រើប្រាស់ចាំបាច់។ ប្រការនេះត្រូវបានអះអាងតាមរយៈការដែលវៀតណាមបានឆ្លើយតបនឹងការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបរិបទនៃការប្រកួតប្រជែងសកលដែលកាន់តែខ្លាំងក្លាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ