វៀតណាមពង្រឹងទំនាក់ទំនងជាមួយឥណ្ឌូណេស៊ី អះអាងនូវការរួមវិភាគទានក្នុង AIPA

(VOVWORLD) - នាថ្ងៃទី ៤ សីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - AIPA លើកទី ៤៤ តបតាមការអញ្ជើញរបស់ប្រធានសភាតំណាងប្រជាជនឥណ្ឌូនេស៊ី (សភាជាន់ទាប) លោកស្រី Puan Maharani។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុងសហគមន៍អន្តរសភាអាស៊ាន ព្រមទាំងបង្កើតកម្លាំងចលករថ្មី ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ីផងដែរ។

វៀតណាមពង្រឹងទំនាក់ទំនងជាមួយឥណ្ឌូណេស៊ី អះអាងនូវការរួមវិភាគទានក្នុង AIPA - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno Hatta ទីក្រុងហ្សាកាតា។ (រូបថត៖ VNA)

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងចូលរួម AIPA ៤៤ របស់លោកប្រធានរដ្ឋសភាប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែសីហា។

ពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណី

វៀតណាម និងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៥៥ ប៉ុន្តែការតភ្ជាប់រវាងប្រជាជាតិទាំងពិរ ប្រទេសទាំងពីរត្រូវបានចាប់ផ្តើមតាំងពីយូរណាស់មកហើយ។ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរត្រូវបានចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sukarno ហើយត្រូវបានពូនជ្រុំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពីជំនាន់មួយទៅជំនាន់មួយទៀតក្នុងអំឡុងពេល ៦៨ ឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងទំនាក់ទំនងនយោបាយ-ការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចស្នូលមួយក្នុងទំនាក់ទំនងទ្វេភាគី។ នាបច្ចុប្បន្ន ឥណ្ឌូណេស៊ី ជាដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជាង ១៤ ពាន់លានដុល្លារអាមេរិក ដែលហួសឆ្ងាយពីគោលដៅដែលបានកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺ ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។

ក្នុងរយៈពេលពីរឆ្នាំថ្មីៗនេះ ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-១៩ ក៏ដោយ ប៉ុន្តែស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនៅតែរក្សាការជួបប្រាស្រ័យគ្នា ជាពិសេសការជួបប្រាស្រ័យជាន់ខ្ពស់នៅខាងក្រៅកិច្ចប្រចុំសភាពហុភាគី។ ឆ្នាំនេះគឺជាខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ី ហើយទំនាក់ទំនងនោះកំពុងអភិវឌ្ឍន៍ឆ្ពោះទៅរកកំពស់ថ្មី។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue គឺជាព្រឹត្តិការណ៍សំខាន់ពិសេស។ នេះជាលើកដំបូងដែលលោក Vuong Dinh Hue ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ីក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម។

វៀតណាមពង្រឹងទំនាក់ទំនងជាមួយឥណ្ឌូណេស៊ី អះអាងនូវការរួមវិភាគទានក្នុង AIPA - ảnh 2លោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា។
(រូបថត៖ qdnd.vn)

យោងតាមលោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីលើកនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹងខ្លឹមសារថ្មីៗ ដែលសមស្របនឹងបរិបទ និងស្ថានភាពថ្មីនាពេលបច្ចុប្បន្ន៖

“ភាគីទាំងពីរនឹងបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ហើយរវាងគណៈកម្មាធិការរដ្ឋសភា សមាជិករដ្ឋសភា និងក្រុមសមាជិកសភាមិត្តភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជំនាញក្នុងវិស័យនីតិប្បញ្ញត្តិ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រីកតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការឃ្លាំមើល និងជំរុញបណ្ដាក្រសួង ផ្នែក មូលដ្ឋាន ក៏ដូចសហគ្រាសនានា ឲ្យអនុវត្តន៍យ៉ាងសកម្មនិងមានប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។ ក្រៅពីនោះបង្កើនការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍ក្នុងការរៀបចំសកម្មភាពរបស់រដ្ឋសភាប្រកបដោយប្រសិទ្ធភាពផងដែរ”។

លើកកំពស់ការទូតសភាពហុភាគី

បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងចូលរួមមហាសន្និបាត AIPA - ៤៤។ លោកប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមពិធីបើក ហើយថ្លែងសុន្ទរកថាដ៏សំខាន់នៅសម័យប្រជុំពេញអង្គទីមួយ។

ដើម្បីត្រៀមរៀបចំសម្រាប់ AIPA – ៤៤ រដ្ឋសភាវៀតណាមបានស្នើឡើងសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន៣ រួមមាន៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ប្តូរឌីជីថលដឹកនាំដោយស្ត្រី និងដើម្បីស្ត្រី; សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការជំរុញនវានុវត្តន៍ ការផ្ទេរប្រគល់ ការអនុវត្តនិងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាសម្រាប់បម្រើកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការជំរុញការអនុវត្តការណែនាំរបស់អាស៊ានលើការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យស្បៀងអាហារ កសិកម្ម និងរុក្ខកម្ម។ លោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានចាត់ទុកថា៖

“ទាំងនេះគឺជាសេចក្តីព្រាងសេចក្តីសម្រេចដ៏សំខាន់ណាស់ ដែលអាចជួយអាស៊ានធ្វើអាជីវកម្មបាននូវប្រៀបខ្លាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ដើម្បីបម្រើការស្ដារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនោះ ក៏ទាញយកអស់ពីសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ស្បៀងអាហារ និងរុក្ខកម្មផងដែរ។ នោះគឺជាសសរស្តម្ភដ៏សំខាន់មួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្រៅពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តទាំងបីនេះ វៀតណាមក៏ចូលរួមយ៉ាងសកម្ម និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តផ្សេងៗទៀតរបស់គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច និងគណៈកម្មាធិការនយោបាយនៅកិច្ចប្រជុំសមាជិកាសភាវ័យក្មេង ហើយនឹងចូលរួមក្នុងនាមជាប្រទេសសហគាំទ្រចំពោះសេចក្ដីព្រាងសេចក្ដីសម្រេចចិត្តនៅក្នុងគណៈកម្មាធិការទាំងនេះ”។

វាយតំលៃចំពោះការចូលរួមរបស់វៀតណាមក្នុង AIPA អគ្គលេខាធិការ AIPA លោកស្រី Ar. Siti Rozaimeriyanty បានឲ្យដឹងថា៖

“វៀតណាមមានការរួមវិភាគទានសំខាន់ៗជាច្រើនចំពោះ AIPA និយាយរួម និងមហាសន្និបាត AIPA លើកទី៤៤ និយាយដោយឡែក។ ក្នុងនាមជាអ្នកចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនានារបស់ AIPA វៀតណាមបានផ្ដល់យោបល់និងគំនិតផ្ដួចផ្ដើមជាបន្តបន្ទាប់ ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីលើកកំពស់ប្រសិទ្ធភាពរបស់ AIPA។ នៅមហាសន្និបាត AIPA លើកទី៤៤ ខ្ញុំជឿជាក់ថា វៀតណាមជាថ្មីម្តងទៀតនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការពិភាក្សា និងកំណត់រូបរាងនៃលទ្ធផល”។

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងការចូលរួមAIPA លើកទី៤៤ របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី ព្រមទាំងលើកកំពស់តួនាទី និងឋានៈរបស់វៀតណាម និងរដ្ឋសភាវៀតណាមក្នុងយន្តការសហប្រតិបត្តិការសភាតំបន់ តាមនោះរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងការទូតរបស់បក្សនិងរដ្ឋដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ