(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជនគុយបា លោក Esteban Lazo Hernandez ប្រធានសភាជាន់ទាបអាហ្សង់ទីនលោកស្រី Cecilia Moreau និងប្រធានព្រឹទ្ធសភានៃអ៊ុយរូហ្គាយខាងកើត លោកស្រី Beatriz Argimon Cedeira នៅថ្ងៃទី១៨ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត។ ដំណើរទស្សនកិច្ចនេះ បង្ហាញយ៉ាងច្បាស់នូវការសន្យានិងបំណងប្រាថ្នារបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងបី អនុវត្តន៍យ៉ាងជាក់ស្តែងនូវគោលនយោបាយកិច្ចការបរទេសរួមរបស់វៀតណាម នោះគឺផ្ដល់អាទិភាពដល់ការរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសដៃគូប្រពៃណីនៅតំបន់អាមេរិកឡាទីន។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋគុយបា សាធារណៈរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើត។ (រូបថត៖ TTXVN) |
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទៅកាន់អាមេរិក
ឡាទីននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៨ខែមេសា។ សាធារណៈរដ្ឋគុយបាគឺជាទីបង្អង់ដំណើរដំបូងរបស់លោកប្រធានរដ្ឋសភាវៀតណាមចំនឹងឱកាសនៃការរំលឹកខួបព្រឹត្តិការណ៍សំខាន់ៗជាច្រើននៃបដិវត្តគុយបា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពស្មោះត្រង់ជាមួយប្រជាជនគុយបា
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមនិងគុយបាកំពុងត្រៀមរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើក
ទី៥០នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទេសលោក Fidel Castro ទៅកាន់ខេត្ត Quang Tri (១៩៧៣ - ២០២៣) និងខួបលើកទី៦០នៃការបង្កើតគណៈកម្មការសាមគ្គីភាពគុយបាជាមួយវៀតណាមខាងត្បូង (ថ្ងៃទី២៥ កញ្ញា ឆ្នាំ១៩៦៣)។
វត្តមានរបស់លោកអគ្គមគ្គុទេស Fidel Castro នៅ “សមរភូមិ” Quang Tri ត្រឹមតែប៉ុន្មានខែបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា ហើយពាក្យពេជ្រអមតៈរបស់លោកថា "ដើម្បីប្រទេសវៀតណាម គុយបាត្រៀមខ្លួនជាស្រេចលះបង់សាច់ស្រស់ឈាមស្រស់របស់ខ្លួន" បានក្លាយទៅជានិមិត្តសញ្ញានៃចំណងសាមគ្គីភាពនិងភាតរភាពស្មោះត្រង់រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប នៅពេលដែលប្រទេសគុយបាប្រឈមមុខនឹងការលំបាកជាច្រើន វៀតណាមជានិច្ចកាលជួយឧបត្ថម្ភតាមទម្រង់ជាច្រើន ដោយបង្ហាញពីចំណងសាមគ្គីភាពជាមួយប្រជាជនគុយបា។ យោងតាមឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋគុយបាប្រចាំនៅវៀតណាម លោក Orlando Hernández Guillén បានឲ្យដឹងថា៖
“កម្មវិធីសហប្រតិបត្តិការផលិតស្រូវអង្កររបស់វៀតណាមនៅគុយបា សម្រេចបានវឌ្ឍនភាពជាច្រើន។ ប្រភពផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាពពីវៀតណាមទៅគុយបាត្រូវបានបញ្ជាក់ថា មានសារៈសំខាន់ខ្លាំងណាស់ក្នុងបរិបទដែលសេដ្ឋកិច្ចអន្តរជាតិ ហើយជាពិសេសសេដ្ឋកិច្ចគុយបាកំពុងជួបប្រទះនឹងការលំបាកជាច្រើន ក្នុងបរិបទនៃការហ៊ុមព័ទ្ធ ហើយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងនរនៃជំងឺរាតត្បាតកូវីដ-១៩។ ការវិនិយោគរបស់វៀតណាមចូលមកគុយបាត្រូវបានពង្រឹង។ វៀតណាមគឺជាអ្នកវិនិយោគអាស៊ីដ៏សំខាន់នៅគុយបា”។
ក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ភាគីទាំងពីរនឹងពិភាក្សាលើវិស័យសហប្រតិបត្តិការជាច្រើន ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន។ យោងតាមលោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ដំណើរទស្សនកិច្ចរបស់មេដឹកនាំបរទេសដំបូងទៅកាន់គុយបា បន្ទាប់ពីប្រទេសនេះទើបតែបានរៀបចំដោយជោគជ័យនូវការបោះឆ្នោតរដ្ឋសភានីតិកាលថ្មីនោះ បានបញ្ចេញសារអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរផងដែរ។
“យើងបញ្ជាក់សារជាថ្មីម្តងទៀតនូវចំណងមិត្តភាព និងសាមគ្គីភាពជាមួយប្រជាជនគុយបា ហើយគាំទ្រដល់ដំណើរការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ចរបស់ប្រទេសមិត្ត។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងដំណើរការផ្លាស់ប្ដូរថ្មី។ យើងបញ្ជាក់ថា ប្រទេសទាំងពីរនឹងប្រកៀកស្មាគ្នាដើម្បីឯករាជ្យ សេរីភាព សន្តិភាព និងការអភិវឌ្ឍ”។
ពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី
បន្ទាប់ពីដំណើរទស្សនកិច្ចនៅគុយបា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត។
ចំពោះអាហ្សង់ទីន ឆ្នាំនេះ អាហ្សង់ទីននិងវៀតណាម ក៏នឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ខែតុលា ឆ្នាំ១៩៧៣ - ខែតុលា ឆ្នាំ២០២៣)។ កាលពី២៥ឆ្នាំមុន ប្រទេសទាំងពីរបានបើកស្ថានទូតនៅទីក្រុង Buenos Aires និងទីក្រុងហាណូយ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម បានក្លាយជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃទំនាក់ទំនងទ្វេភាគី ក្រៅពីកិច្ចសន្ទនានយោបាយដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងបញ្ញា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងដោយការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១០ ហើយចាប់តាំងពីពេលនោះមក ទំហំពាណិជ្ជកម្មបានរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អាហ្សង់ទីនបានកត់ត្រាកំណើន ៦០០% នៃការនាំចេញសរុបទៅកាន់វៀតណាម ខណៈដែលការនាំចេញពីវៀតណាមទៅកាន់ប្រទេសអាហ្សង់ទីនក្នុងរយៈពេលដូចគ្នាបានកើនឡើង ៧០០% ផងដែរ។
ក្នុងឆ្នាំនេះដែរ វៀតណាមក៏ប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ុយរូហ្គាយខាងកើត (១៩៩៣-២០២៣)។ ទំហំនាំចូលនិងនាំចេញសរុបរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន សម្រេចបានចំនួន ១៩០,៥ លានដុល្លារអាមេរិក កើនឡើង ១០៦,៥% បើធៀបនឹងឆ្នាំមុន។ ភាគីទាំងពីរកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ធ្វើពិពិធកម្មនូវរចនាសម្ព័ន្ធនៃផលិតផលនាំចូល-នាំចេញ ហើយជំរុញខ្លាំងនូវសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ការតភ្ជាប់ពាណិជ្ជកម្ម ជួយគាំទ្រសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការស្រាវជ្រាវទីផ្សារ និងស្វែងរកឱកាសអាជីវកម្មទៅវិញទៅមក។ ខ្លឹមសារសហប្រតិបត្តិការថ្មីជាច្រើននាពេលខាងមុខត្រូវបានភាគីទាំងពីរស្នើឡើង ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាពចំណីអាហារ គយ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្នែកទន់ ការធ្វើអាជីវកម្មនិងកែច្នៃឈើ ជាដើម។
ជាមួយនឹងកាលវិភាគដ៏សម្បូរបែប ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់សាធារណៈរដ្ឋគុយបា សាធារណៈរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើត បានបង្ហាញថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាមួយដៃគូប្រពៃណីនានានៅតំបន់អាមេរិកឡាទីន៕