វៀតណាមរួមវិភាគទានកសាងសហគមន៍អាស៊ានដ៏រឹងមាំ
(VOVWORLD) - នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Pham Minh Chinh រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកញ្ញា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh |
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកយ៉ាងសកម្មនូវទស្សនៈរបស់វៀតណាម លើកគំនិតផ្តួចផ្តើម និង ទិសដៅលើវិស័យសហប្រតិបត្តិការដ៏សំខាន់ៗជាច្រើន សំដៅអនុវត្តន៍មូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” រួមចំណែកពង្រឹងដំណើរការកសាងសហគមន៍អាស៊ានសាមគ្គីភាព ខ្លាំងមាំមួន ហើយមានតួនាទី និងឋានៈកាន់តែសំខាន់ក្នុងតំបន់ និងនៅលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។
កត់សញ្ញាសម្គាល់ក្នុងរបៀបវារៈអាស៊ាន ២០២៣
ចាប់ពីដើមឆ្នាំ ២០២៣ មក នៅពេលដែលឥណ្ឌូនេស៊ីទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន វៀតណាមបានចូលរួមវិភាគទានប្រកបដោយប្រសិទ្ធភាព ក្នុងរាល់សកម្មភាពរបស់សមាគម។ ក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាន់ព័ន្ធគណៈប្រតិភូវៀតណាមបានរួមចំណែកជំរុញសាមគ្គីភាព ការស្រុះចិត្តគំនិតគ្នាក្នុងអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយដៃគូនានា។ តាមផែនការ កិច្ចប្រជុំកំពូលលើកនេះនឹងអនុម័ត និងទទួលស្គាល់ឯកសារប្រមាណ ៥០ រួមទាំងឯកសារយុទ្ធសាស្ត្រ ដែលមានលក្ខណៈវែងឆ្ងាយដូចជា៖ ចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ ២០៤៥, សេចក្តីប្រកាសសុខដុមរមនីអាស៊ាន IV, សេចក្តីប្រកាសអាស៊ានគឺជាស្នូលនៃកំណើននិងឯកសារសហប្រតិបត្តិការជាក់ស្ដែងក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានា។ ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានលើកច្បាស់ថា៖ “ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីនោះ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់វៀតណាមបានចូលរួមយ៉ាងសកម្ម ហើយបានរួមវិភាគទានជាក់ស្ដែងចំពោះគំនិតផ្តួចផ្តើមដែលអាស៊ានបានដាក់ចេញសម្រាប់ថ្នាក់ដឹកនាំអនុម័តក្នុងកិច្ចប្រជុំកំពូល។ ស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ានក៏ត្រូវបានចាត់តាំងឱ្យធ្វើការចរចាដោយផ្ទាល់នូវឯកសារសំខាន់ៗ រួមមានសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាន និងដៃគូរបស់អាស៊ាន។ រាល់ការរួមវិភាគទានរបស់វៀតណាម ក៏ដូចជារបស់ស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ានលើកនេះបានគ្របដណ្ដប់លើសសរស្តម្ភទាំងបីគឺ នយោបាយ សន្តិសុខសេដ្ឋកិច្ច និងវប្បធម៌សង្គមផងដែរ”។
បញ្ជូនសារប្តេជ្ញាចិត្តកសាងសហគមន៍អាស៊ានដ៏រឹងមាំ
វៀតណាមមិនត្រឹមតែចូលរួមក្នុងកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានយ៉ាងសកម្មសម្រាប់អាស៊ានទៀតផង ជាពិសេសគឺតាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងសសរស្តម្ភនៃសហគមន៍អាស៊ាន ក៏ដូចជាទំនាក់ទំនងជាមួយដៃគូខាងក្រៅផងដែរ។ សញ្ញាសម្គាល់ដ៏សំខាន់មួយរបស់វៀតណាមគឺការជំរុញការតភ្ជាប់តំបន់លើទិដ្ឋភាពទាំងបីគឺ៖ របៀបរប ហេដ្ឋារចនាសម្ព័ន្ធ និងមនុស្ស ដើម្បី ជម្រះរាល់ការរាំងស្ទះនៃកិច្ចសហប្រតិបត្តិការ និងបំផុសសក្តានុពលអភិវឌ្ឍន៍ រួមចំណែកទៅក្នុងគោលដៅកំណើនរបស់អាស៊ានក្នុងទសវត្សរ៍ខាងមុខ។ បច្ចុប្បន្ននេះ វៀតណាមបានចូលរួមក្នុងយន្តការអាស៊ានទាំងអស់ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមជាមួយប្រទេសជាសមាជិកដទៃទៀតគោរព និងធានា ធម្មនុញ្ញអាស៊ាន ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ លើវិស័យសេដ្ឋកិច្ច វៀតណាមមានចំនួនប្រជាជនច្រើន ហើយសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ វៀតណាមក៏មានកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគីជាច្រើនជាមួយប្រទេសជាច្រើននៅលើពិភពលោក រួមវិភាគទានយ៉ាងសំខាន់ទៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចរួមរបស់អាស៊ាន។ ជាមួយនឹងស្នារតីស្នូលរបស់អាស៊ានគឺយកប្រជាជនជាស្នូល គោលដៅ និងកម្លាំងចលករនៃការកសាងសហគមន៍ វៀតណាមក៏បានជំរុញកិច្ចខិតខំប្រឹងប្រែងបង្រួញគម្លាតអភិវឌ្ឍន៍ ជាពិសេសគឺនៅតំបន់ឆ្ងាយដាច់ស្រយាល។
ប្រធានស្ថាបបេសកកម្មវៀតណាមប្រចាំអាស៊ាន លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang |
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ ២០១៣នេះ វៀតណាមបន្តបញ្ជូនសារអំពីស្មារតីសាមគីភាពអាស៊ាន និងការប្ដេជ្ញារួមវិភាគទានប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងដល់បុព្វហេតុកសាងសហគមន៍អាស៊ាន។ វៀតណាមតែងតែបង្ហាញបំណងចង់អំពីអាស៊ានមួយសាមគ្គីភាព ឯកភាព អភិវឌ្ឍន៍ រឹងមាំ ហើយជាកម្លាំងស្នូលក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី - មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអាស៊ាន លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានឲ្យដឹងថា៖ “បន្តអនុវត្តន៍គំនិតផ្តួចផ្តើមរបស់វៀតណាម កិច្ចប្រជុំកំពូលលើកនេះ នឹងអនុម័តលើ សេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យអភិវឌ្ឍន៍អាស៊ានក្នងរយៈពេល២០ឆ្នាំខាងមុខដល់ឆ្នាំ២០៤៥។ វៀតណាមក៏គាំទ្រនិងលើកមតិជាក់ស្ដែងជាច្រើនសម្រាប់ការកសាងចក្ខុវិស័យរបស់អាស៊ានស្ដីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។ លើសពីនេះ វៀតណាមក៏បានរួមវិភាគទានយ៉ាងច្រើនក្នុងឯកសារព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងជាមួយដៃគូនានា។ ការរួមវិភាគទានរបស់វៀតណាមគឺធ្វើយ៉ាងណាដើម្បីថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដែលជាលក្ខខ័ណ្ឌចម្បង និងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់អាស៊ានផងដែរ”។
គោលការណ៍ឥតងាករេរបស់របស់បក្ស និងរដ្ឋវៀតណាមគឺចាត់ទុកអាស៊ានគឺជាផ្នែកដ៏សំខាន់ និងមិនអាចកាត់ផ្ដាច់បានក្នុងគោលនយោបាយការបរទេស។ ក្នុងនាមជាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ហើយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង វៀតណាមតែងតែជំរុញសម្លេង និងបង្កើនផលប្រយោជន៍សម្រាប់អាស៊ាន រួមវិភាគទានដ៏សំខាន់ទៅក្នុងការអភិវឌ្ឍរបស់សមាគមក្នុងដំណើរការពង្រឹងសន្តិភាព ថែរក្សាស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី-មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនាពេលខាងមុខផងដែរ៕