វៀតណាមរួមវិភាគទានប្រកបដោយប្រសិទ្ធភាពទៅក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តបង្ហាញ និងពង្រីកតួនាទីជាយន្តការដ៏សំខាន់ជួរមុខ ដែលមានទំនួលខុសត្រូវ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឯកភាពគ្នាលើឯកសារគ្រប់ប្រភេទចំនួន ៦៣ ដើម្បីពិភាក្សាអំពីស្ថានភាពនៅគ្រប់ទ្វីបទាំងអស់ ដ៏ដូចជាបញ្ហាក្តៅគគុកជាច្រើននៅលើពិភពលោកផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២០ (រូបថត៖ VNA) |
ក្នុងឆមាសទី ១ ឆ្នាំ ២០២១ ស្ថានភាពនយោបាយ - សន្តិសុខ សេដ្ឋកិច្ច -សង្គមនៅលើពិភពលោកបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាពិសេសគឺផលប៉ះពាល់ដែលអូសបន្លាយនៃជំងឺរាតត្បាតកូវីដ ១៩។ ក្នុងបរិបទនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបន្តបង្ហាញនិងពង្រីកតួនាទីជាស្ថាប័នដ៏សំខាន់ជួរមុខ ដែលមានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយមានរបៀបវារៈដ៏ទូលំទូលាយនិងសំបូរបែប។ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ក្នុងនោះមានរយៈពេល ១ ខែធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខលើកទី ២ វៀតណាមបាន ចូលរួមយ៉ាងម្ចាស់ការ និងសកម្មទៅក្នុងការងាររួម ដើម្បីរួមចំណែកយ៉ាងសំខាន់និងប្រកបដោយប្រសិទ្ធភាពទៅក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផងដែរ។
ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហាអំណាចនៅតែប្រព្រឹត្តិទៅ ជម្លោះបានអូសបន្លាយ ភាពតានតឹងនៅមជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងអាស៊ី ដូចជាជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន អស្ថិរភាពនៅលីប៊ី យេម៉ែន ស៊ូដង់ និងអេត្យូពី អាហ្វហ្គានីស្ថាន រដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនោះគឺជាបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងព្រំដែន សន្តិសុខស្បៀងអាហារ សន្តិសុខប្រភពទឹកជាដើម ជាពិសេសផលប៉ះពាល់ដែលអូសបន្លាយ នៃជំងឺរាតត្បាតកូវីដ ១៩។ ដោយហេតុនេះ បណ្តាប្រទេសមើលឃើញកាន់តែច្បាស់លាស់ពីតម្រូវការថែរក្សាសន្តិភាព សន្តិសុខ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសកម្មភាពពហុភាគី សំដៅឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ។
ក្នុងបរិបទនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តបង្ហាញ និងពង្រីកតួនាទីជាយន្តការដ៏សំខាន់ជួរមុខ ដែលមានទំនួលខុសត្រូវ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឯកភាពគ្នាលើឯកសារគ្រប់ប្រភេទចំនួន ៦៣ ដើម្បីពិភាក្សាអំពីស្ថានភាពនៅគ្រប់ទ្វីបទាំងអស់ ដ៏ដូចជាបញ្ហាក្តៅគគុកជាច្រើននៅលើពិភព លោកផងដែរ។
វៀតណាមចូលរួមក្នុងការងាររួមដោយម្ចាស់ការ និងសកម្ម
អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Dang Hoang Giang |
ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ នោះ វៀតណាមបានពង្រីកតួនាទីប្រកបដោយប្រសិទ្ធភាព ដោយម្ចាស់ការ និងសកម្មចូលរួមទៅក្នុងការងាររួម។ ជាពិសេសគឺការដែលវៀតណាមបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាលើកទី ២ (ខែមេសាឆ្នាំ ២០២១) ប្រកបដោយ ជោគជ័យ។ យោងតាម អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Dang Hoang Giang បានឲ្យដឹងថា៖ “ក្នុងនាមជាសមាជិកដ៏សកម្មនិងប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ របស់អង្គការសហប្រជាជាតិ និងរបស់អាស៊ាន ពីបទពិសោធន៍របស់ប្រទេស ស្រឡាញ់សន្តិភាព ដោយបានយល់ដឹងយ៉ាងច្បាស់លាស់ពីតម្លៃនៃសន្តិភាព ការបាត់បង់ និងទុក្ខវេទនា ដែលបណ្តាលមកពីសង្គ្រាម និងជម្លោះនោះ វៀតណាមគាំទ្រ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពរវាង អង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ ក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ។ វិធានការទប់ស្កាត់ជម្លោះប្រកបដោយប្រសិទ្ធភាពបំផុតគឺជាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យភាពជាតិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ហើយទំនាក់ទំនងរវាងបណ្តាប្រទេសចំបាច់ត្រូវផ្អែកលើការកសាងជំនឿទុកចិត្ត ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា ដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងអាវុធ និងគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ។ សន្តិភាពនិងការអភិវឌ្ឍន៍តែងតែដើរទន្ទឹមគ្នា ដូច្នេះក្រៅពីការដោះស្រាយបញ្ហាសន្តិសុខនោះ គឺចាំបាច់ត្រូវមានវិធីអភិក្រម ដោយផ្ដល់អាទិភាពដល់បញ្ហាអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសទាំងអស់ និងតំបន់ទាំងអស់ផងដែរ”។ ទស្សនៈនិងជំហរដូចដែលបានពោលខាងលើរបស់វៀតណាមទទួលបានការស្រុះចិត្តគំនិតរបស់បណ្ដាប្រទេសជាសមាជិក។ ក្នុងរយៈពេលមួយខែក្នុងនាមជាប្រធាននោះ រាល់បញ្ហាដែលវៀតណាមបាននាំចេញគឺសុទ្ធតែត្រូវបានក្រុមប្រឹក្សាសន្តិសុខពិចារណានិងដោះស្រាយដោយបានអនុម័តលើឯកសារចំនួន ១០ ជាមួយអត្រាគាំទ្រទាំងអស់គឺ ១៥/១៥ សំឡេង។
ពង្រីករាល់ជោគជ័យដែលសម្រេចបាន
បន្តសមិទ្ធិផលនៃការចូលរួម ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆមាសទី ១ ឆ្នាំ ២០២១ នោះ វៀតណាមបានបន្តពង្រីកស្មារតីទទួលខុសត្រូវ និងរួមចំណែកដល់ការងាររួមរបស់ក្រុមប្រឹក្សាសន្តិសុខនិយាយដោយឡែកនិងរបស់អង្គការសហប្រជាជាតិនិយាយរួម។ វៀតណាមនឹងបន្តខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេស ដើម្បីស្វែងរកដំណោះស្រាយ សំដៅថែរក្សាបរិយាកាសសន្តិភាព និងសន្តិសុខអន្តរជាតិ គឺជាគោលដៅរួម។ នៅក្នុងដំណើរការនោះ ប្រការដ៏សំខាន់បំផុតគឺត្រូវខិតខំប្រឹងប្រែង ធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខមានសាមគ្គីភាព និងស្រុះចិត្តគំនិតគ្នា។ លោក Do Hung Viet ប្រធាននាយកដ្ឋាន បណ្ដាអង្គការអន្តរជាតិនៃក្រសួងការបរទេសបានបញ្ជាក់ថា៖ “វៀតណាមបានកំណត់ថា នឹងខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម និងប្រកបដោយមានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទីនេះ សំដៅធានាលក្ខណៈសត្យានុម័ត តម្លាភាព និងភាពបត់បែនក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដែលអាចកើតមានឡើងរវាងប្រទេសជាសមាជិក ដោយធានាថាក្រុមប្រឹក្សាសន្តិសុខមានសម្លេងឯកភាពគ្នា សាមគ្គីភាព ស្រុះចិត្តគំនិតក្នុងការដោះស្រាយរាល់បញ្ហាប្រឈមរួម នាបច្ចុប្បន្ននេះផងដែរ”។
នាពេលខាងមុខ វៀតណាមនឹងបង្កើនការសម្របស្រួលគ្នា ការចែករំលែកព័ត៌មាន និងការព្យាការណ៍បញ្ហាអន្តរជាតិ និងតំបន់ដែលអាចកើតមានឡើង។ ដោយហេតុនេះ ឆ្ពោះទៅរកការសម្រេចជោគជ័យនៃអាណត្តិឆ្នាំ ២០២០-២០២១ ទាំងមូលរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយបង្ហាញពីការចូលរួមប្រកបដោយមានការទទួលខុសត្រូវ ប្រសិទ្ធភាព របស់វៀតណាមទៅក្នុងការងាររួមរបស់សហគមន៍អន្តរជាតិ លើកកម្ពស់កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងដៃគូនានា តាមស្មារតីនៃពាក្យស្លោក "បង្កើនទំនាក់ទំនងភាពជាដៃគូដើម្បីខឿនសន្តិភាពប្រកបដោយចីរភាព”៕