(VOVWORLD) - នាថ្ងៃទី ៨ សីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋៃភានៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែសីហា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលវៀតណាមនិងអ៊ីរ៉ង់ប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣)។ នេះជាព្រឹត្តិការដ៏សំខាន់ដែលរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងជំរុញខ្លាំងការទូតពហុភាគី និងសមាហរណកម្មអន្តរជាតិ។
៥០ឆ្នាំបានកន្លងផុតទៅចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ៊ីរ៉ង់ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើវិស័យនយោបាយ ការទូត វប្បធម៌ និងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
វៀតណាម-អ៊ីរ៉ង់៖ ៥០ឆ្នាំនៃកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍
ទំនាក់ទំនងនយោបាយ-ការទូតរវាងប្រទេសទាំងពីរមានការបោះជំហានជាវិជ្ជមានលើគ្រប់កាណាល់ រួមទាំងការទូតរដ្ឋ កិច្ចការបរទេសរដ្ឋសភា និងការទូតប្រជាជន ជាមួយនឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ យោងតាមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Ali Akbar Nazari ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់និងទីក្រុងហាណូយត្រូវបានកសាងឡើងដោយដោយឈរការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បំផុត។ នៅក្នុងកិច្ចប្រជុំនិងជំនួបប្រាស្រ័យនានា មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជានិច្ចកាលបញ្ជាក់នូវការយកចិត្តតុកដាក់ពិសេសដល់ទំនាក់ទំនងទ្វេភាគីនេះ៖
“វៀតណាមស្ថិតក្នុងបញ្ជីប្រទេសដែលអ៊ីរ៉ង់ផ្តល់អាទិភាពក្នុងការអភិវឌ្ឍ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ។ ប្រទេសទាំងពីរមានទំនាក់ទំនងជាបងប្អូន ចំណងមិត្តភាពជាមួយនឹងប្រវត្តិសាស្ត្រ ៥០ឆ្នាំ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរគឺជាមិត្តភក្តិល្អ ដោយគ្មានការខ្វែងគំនិតគ្នាសូម្បីតែតូចតាចបំផុតនោះទេ។ លើសពីនេះ គោលនយោបាយ វប្បធម៌ ឬទស្សនៈរបស់ប្រទេសទាំងពីរលើពហុភាគីនិយមក៏មានចំណុចរួមជាច្រើនផងដែរ។ នោះគឺជាហេតុផលដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលអ៊ីរ៉ង់ចង់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការក្នុងគោលនយោបាយកិច្ចការបរទេស។ ហេតុនេះហើយ បន្ទាប់ពីជំងឺរាតត្បាត COVID-១៩ ត្រូវបានគ្រប់គ្រង ប្រទេសទាំងពីរបានបើកដំណើរការឡើងវិញជាភ្លាមមួយរំពិចនូវយន្តការផ្លាស់ប្តូរកម្មាភិបាលជាន់ខ្ពស់”។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Ali Akbar Nazari។ (រូបថត៖ dangcongsan.vn) |
ក្រៅពីនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីត្រូវបានជំរុញជាបន្តបន្ទាប់ ហើយសម្រេចបានវឌ្ឍនភាពជាវិជ្ជមាន។ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង ១៩ ដងក្នុងរយៈពេល ២០ ឆ្នាំ ពី ៦,៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០១ ឡើងដល់ប្រហែល ១២៤,៥ លានដុល្លារក្នុងឆ្នាំ ២០២១។ វិស័យសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ ដូចជា៖ វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ក៏បាននិងកំពុងសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្តផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Ali Akbar Nazari បានឲ្យដឹងបន្ថែមទៀតថា៖
“ប្រទេសយើងទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ សេដ្ឋកិច្ចនៃប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក។ ក្រោមលក្ខខណ្ឌធម្មតា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចលើសពី ២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ វៀតណាមកំពុងមានអត្រាកំណើនយ៉ាងឆាប់រហ័ស ហើយដើម្បីបម្រើដំណើរការអភិវឌ្ឍន៍ អ្នកត្រូវការប្រើប្រាស់ថាមពល។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ថាមពល ហើយយើងអាចសហប្រតិបត្តិការជាមួយគ្នាបាន។ លើសពីនេះ ក្នុងវិស័យកសិកម្ម អ៊ីរ៉ង់បាននាំចូលកសិផលមួយចំនួនពីប្រទេសវៀតណាម ហើយយើងក៏អាចនាំចេញមុខទំនិញខ្លះៗទៅកាន់វៀតណាម ដូចជា៖ ផ្លែគីវី ផ្លែទទឹម ផ្លែប៉ោម ផ្លែឆឺរី ទំពាំងបាយជូ saffron និងផលិតផលជាច្រើនទៀត។ អ៊ីរ៉ង់មានផ្ទៃដីធំ និងមានច្រករបៀងសមុទ្រដែលលាតសន្ធឹងពីខាងជើងទៅខាងត្បូង ដូច្នេះវៀតណាមអាចទាញយកអត្ថប្រយោជន៍ពីកត្តានេះដើម្បីនាំចេញទំនិញទៅកាន់តំបន់អាស៊ីកណ្តាល ដែលជាទីផ្សារដ៏ធំមួយជាមួយនឹងចំនួនប្រជាជនប្រមាណ ៥០០ លាននាក់”។
សញ្ញាសម្គាល់សំខាន់ក្នុងទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់
ឆ្នាំនេះគឺជាគម្រប់ខួប ៥០ ឆ្នាំដែលវៀតណាមនិងអ៊ីរ៉ង់បង្កើតទំនាក់ទំនងការទូត។ ចំឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ លោក Luong Quoc Huy។
(រូបថត៖ ស្ថានទូតវៀតណាម) |
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ លោក Luong Quoc Huy នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋសភាវៀតណាមមួយរូបទៅកាន់ប្រទេសអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ១៩៩៩មក។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លេចធ្លោបំផុតគឺការចុះហត្ថលេខាលើអនុ
ស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ។ នេះគឺជាឯកសារសហប្រតិបត្តិការដំបូងដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋសភានៃប្រទេសទាំងពីរ សំដៅអនុវត្តន៍មុខងារនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងស្ថាប័នរដ្ឋាភិបាល និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ក្រៅពីនោះ ឯកសារជាច្រើនទៀតនឹងត្រូវចុះហត្ថលេខាក្នុងឱកាសនេះដែរ។ លោកឯកអគ្គរដ្ឋទូត Luong Quoc Huy បានអះអាងថា៖
“ដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមទៅកាន់ប្រទេសនានាក្នុងឆ្នាំនេះ បានបង្ហាញយ៉ាងរស់រវើកនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ធ្វើពហុភាគីភាវូបនីយកម្មនិងពិពិធកម្មទំនាក់ទំនងអន្តរជាតិ ដែលបានកំណត់ក្នុងគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់លើកនេះ របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាម និងអ៊ីរ៉ង់នឹងអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី ប្រកបដោយភាពជាក់ស្តែង និងប្រសិទ្ធភាពជាងមុន”។
៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ីរ៉ង់ គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលតំណាងឱ្យពាក់កណ្តាលសតវត្សនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសមិទ្ធិផលរួមរបស់ប្រទេសទាំងពីរ។ នេះក៏ជាពេលវេលាដ៏សមស្របសម្រាប់ទីក្រុងហាណូយ និងទីក្រុងតេអេរ៉ង់ ឆ្ពោះទៅអនាគតនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីវិបុលភាពរួម៕