វៀតណាមអះអាងការទទួលខុសត្រូវក្នុងការទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ លោក Moon Jae-in នោះ នាថ្ងៃទី ៣១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ២ នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) តាមប្រព័ន្ធវីដេអូ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ TTXVN) |
ការចូលរួមរបស់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅក្នុងកិច្ចប្រជុំលើកនេះ បានបន្តអះអាងនូវការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពកំណើនបៃតង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង បញ្ហាអាទិភាពរបស់វៀតណាម។
P4G បង្កើនសកម្មភាពដើម្បីអាកាសធាតុ
រួមជាមួយកិច្ចប្រជុំកំពូលស្តីពីបំរែបំរួលអាកាសធាតុ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែមេសាកន្លងទៅនោះ កិច្ចប្រជុំកំពូល P4G ២០២១ បានបង្កើតកម្លាំងចលករដ៏សំខាន់ ដោយជំរុញការប្តេជ្ញាចិត្តនិងសន្យារបស់សហគមន៍អន្តរជាតិ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសកលស្ដីពីបំរែបម្រូលអាកាសធាតុ (COP 26) ដែលនឹងប្រព្រឹត្តិទៅនាខែខែវិច្ឆិកាខាងមុខ។
ប្រទេសកូរ៉េខាងត្បូងបានផ្ដោតការយកចិត្តទុកដាក់ ហើយផ្ដល់អាទិភាពខ្ពស់លើកិច្ចប្រជុំកំពូល P4G ឆ្នាំនេះ សំដៅពង្រីកតួនាទីក្នុងការជំរុញការដោះស្រាយបញ្ហាប្រឈមសកលដ៏ធ្ងន់ធ្ងរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអភិវឌ្ឍន៍ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការចូលរួមធ្វើសកម្មភាព ដើម្បីអាកាសធាតុតាមរយៈការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈ - ឯកជនបៃតង ក្នុងកំណើនបៃតងថែមទៀត។
ក្រោមមូលបទ “ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹត្យភាពកាបូន” នោះ នៅក្នុងសម័យសន្ទនាកំពូល ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស បានផ្តោតសំខាន់លើការពិភាក្សាអំពីខ្លឹមសារអាទិភាពចំនួន ៣ រួមមាន៖ ការស្ដារបៃតបឡើងវិញក្រោយពីជំងឺកូវីដ ១៩ កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនដល់ឆ្នាំ ២០៥០ បង្កើនការធ្វើសកម្មភាពដើម្បីបរិស្ថាន ហើយសម្រួលកិច្ចសហប្រតិបត្តិការសាធារណៈ - ឯកជន។ ក្រៅពីនេះ អង្គប្រជុំបានផ្ដោតសំខាន់លើខ្លឹមសារសំខាន់ៗដូចជា គោលដៅអព្យាក្រឹត្យភាពកាបូន យុទ្ធសាស្ត្រ បៃតងថ្មី ស្បៀងអាហារ កសិកម្ម ទឹកស្អាត ថាមពលស្អាត បច្ចេកវិទ្យាបៃតង ហិរញ្ញវត្ថុបៃតង ទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចសមុទ្រ ជីវចម្រុះ និងការតភ្ជាប់ធុរកិច្ច។
សកម្មភាពប្រមូលសំរាមនៅវៀតណាម (រូបថត៖ TTXVN) |
វៀតណាម - សមាជិកស្ថាបនិកជាមួយនឹងការរួមចំណែកវិជ្ជមានជាច្រើន
វៀតណាមបានចូលរួមវេទិកា P4G តាំងពីដំបូងឡើយ ហើយជាប្រទេសសមាជិកមួយ ក្នុងចំណោមប្រទេសជាសមាជិកស្ថាបនិកទាំង ៧ ចាប់ ពីខែកក្កដាឆ្នាំ ២០១៧ ។ នៅខែកញ្ញាឆ្នាំ ២០១៧ វៀតណាមបានចូលរួមពិធីប្រកាស“ វេទិកា P4G” នៅទីក្រុងញូវយ៉ក ក្នុងនាមជាដៃគូផ្លូវការ។ នៅខែកក្កដាឆ្នាំ ២០១៨ វៀតណាមបានប្រកាសបង្កើតវេទិកាថ្នាក់ជាតិ P4G លើកដំបូង ដែលដឹកនាំដោយក្រសួងផែនការនិងវិនិយោគ និងក្រុមប្រឹក្សាធុរកិច្ចដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងខែតុលាឆ្នាំ ២០១៨ នៅក្នុងកិច្ចប្រជុំកំពូល P4G លើកដំបូង ដែលប្រព្រឹត្តិទៅនៅដាណឺម៉ាកដោយប្រធានបទ“ ភាពជាអ្នកដឹកនាំសកល ដើម្បីអនាគតប្រកបដោយចីរភាព” នោះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិក P4G ទាំង ៣។ ទន្ទឹមនឹងការចូលរួម វេទិកា P4G ក្នុងរយៈពេលកន្លងមក វៀតណាមបានចូលរួមយ៉ាងសកម្ម និងម្ចាស់ការ ទៅក្នុងកិច្ចខិតខំប្រេងប្រែងរួមរបស់សហគមន៍អន្តរជាតិ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការស្ដាបៃតងឡើងវិញ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១ ក្នុងនោះ វៀតណាមបានសន្យាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុយ៉ាងទូលំទូលាយ។ លោកនាយករដ្ឋមន្រ្តីបានចេញសេចក្តីសំរេចចិត្តដោយអនុម័តលើគម្រោង“ ការអភិវឌ្ឍន៍ទីក្រុងរបស់ វៀតណាម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ដំណាក់កាល ២០២១-២០៣០”។
ក្នុងបរិបទ ដែលការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុកំពុងជាអាទិភាពចម្បងមួយរបស់ប្រទេសជាច្រើននោះ ការចូលរួមរបស់វៀតណាមនៅក្នុង វេទិការ P4G និយាយរួម និងកិច្ចប្រជុំកំពូល P4G លើកទី ២ និយាយដោយឡែក បានបន្តអះអាងការចូលរួមវិភាគទានប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណើនបៃតង ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាអាទិភាពរបស់វៀតណាម៖ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការវិនិយោគ ពាណិជ្ជកម្ម បរិស្ថាន ថាមពលកកើតឡើងវិញ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long។ លើសពីនេះទៅទៀត រាល់ការតំរង់ទិសដៅរបស់លោកនាយករដ្ឋមន្រ្តី និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅកិច្ចប្រជុំនេះបានរួមចំណែកបន្តជំរុញទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងឱ្យកាន់តែប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងថែមទៀត៕