វេទិកាសេដ្ឋកិច្ចបូព៌ា - កម្លាំងចលករសម្រាប់រុស្ស៊ីក្នុងបរិបទថ្មី
(VOVWORLD) - សំខាន់ជាងនេះទៅទៀត EEF-2022 ត្រូវបានចាត់ទុកថាជាឱកាសសម្រាប់ទីក្រុងម៉ូស្គូផ្ញើសារថា បណ្ដាបទដាក់ទណ្ឌកម្មបានផ្លាស់ប្តូរទំនាក់ទំនងរវាងប្រទេសនានា ជាពិសេសបានបំផ្លាញទំនាក់ទំនងសេដ្ឋកិច្ច។
ប្រភព៖ CFP |
វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី VII (EEF-2022) កំពុងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ សហព័ន្ធចុងបូព៌ា (FEFU) នៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ី។ ប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៥ ខែកញ្ញា EEF-2022 ក្រោមប្រធានបទ "ផ្លូវឆ្ពោះទៅកាន់ពិភពលោកពហុប៉ូល" បានពិភាក្សាអំពីការអភិវឌ្ឍនៃតំបន់ចុងបូព៌ា ខឿនសេដ្ឋកិច្ចពិភពលោក និងតំបន់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជា គន្លងឆ្លងផុតពីវិបត្តិ និងរចនាសម្ព័ន្ធថ្មីនៃពិភពលោក។ សំខាន់ជាងនេះទៅទៀត EEF-2022 ត្រូវបានចាត់ទុកថាជាឱកាសសម្រាប់ទីក្រុងម៉ូស្គូផ្ញើសារថា បណ្ដាបទដាក់ទណ្ឌកម្មបានផ្លាស់ប្តូរទំនាក់ទំនងរវាងប្រទេសនានា ជាពិសេសបានបំផ្លាញទំនាក់ទំនងសេដ្ឋកិច្ច។
ឆ្ពោះទៅកាន់ពិភពលោកពហុប៉ូល
វេទិកាឆ្នាំនេះគួរឱ្យកត់សម្គាល់ជាពិសេសក្នុងបរិបទដែលសហព័ន្ធរុស្ស៊ីត្រូវប្រឈមមុខនឹងបទដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីប្រទេសលោកខាងលិច ធ្វើប្រតិបត្តិការយោធាពិសេសរបស់ប្រទេសនេះនៅអ៊ុយក្រែន។លើសពីនេះទៅទៀត ចាប់តាំងពីប៉ុន្មានឆ្នាំកន្លងទៅ រុស្ស៊ីបានកំណត់គោលនយោបាយបង្វិលអ័ក្សឆ្ពោះទៅរកអាស៊ី ដូច្នេះហើយវេទិកានេះអាចជំរុញរាល់សំណើររបស់សហព័ន្ធរុស្ស៊ីជាមួយបណ្ដាប្រទេសអាស៊ី ដោយយកតំបន់ចុងបូពារដែលសម្បូរធនធានធ្វើជាឈ្នាន់ ដើម្បីអនុវត្តន៍ជាក់ស្ដែងរាល់គំនិតផ្ដូចផ្ដើមទាំងនេះ។
ក្នុងសារផ្ញើទៅកាន់ប្រតិភូដែលអញ្ជើញចូលរួមវេទិកានេះ លោកប្រធានាធិបតីរុស្ស៊ី Putin បានសង្កត់ធ្ងន់ថា ប្រធានបទសំខាន់នៃជំនួបថ្ងៃនេះ ហាក់ដូចជាសមស្រប ហើយមានអត្ថន័យ។ គំរូឯកប៉ុលហួសសម័យកំពុងត្រូវបានជំនួសដោយសណ្តាប់ធ្នាប់ពិភពលោកថ្មីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃយុត្តិធម៌ និងសមភាព ដែលទទួលស្គាល់សិទ្ធិរបស់ប្រទេស និងប្រជាជនទាំងអស់ចំពោះគោលមាគ៌ាអភិវឌ្ឍន៍ដែលមានអធិបតេយ្យភាពរបស់ខ្លួន។ ចាប់តាំងពីពេលរុស្ស៊ីបានបើកយុទ្ធនាការយោធាពិសេសមក ប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកអំពីចំនួនទណ្ឌកម្មលើគ្រប់វិស័យ។ បណ្ដាបទដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីមិនត្រឹមតែចាប់ផ្ដើមពីចុះខែកុម្ភឆ្នាំ ២០២២ ប៉ុណ្ណោះទេ ពោលគឺចាប់ពីឆ្នាំ ២០១៤ បន្ទាប់ពីរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមេ។ ដូច្នេះ អាចជឿបានថា ការឆ្ពោះទៅរកពិភពពហុប៉ូល ពហុមជ្ឈមណ្ឌល ដែលត្រូវបានរុស្ស៊ីគិតគូរតាំងពីយូរណាស់មកហើយ។ បរិបទបច្ចុប្បន្នត្រឹមតែជំរុញនិន្នាការនេះបន្ថែមតែប៉ុណ្ណោះ។
ឱកាសសម្រាប់រុស្ស៊ីស្រាយការលំបាក
វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី VII (EEF-2022) (ប្រភព៖ sggp.org.vn) |
ខឿនសេដ្ឋកិច្ចរបស់រុស្ស៊ីបានឆ្លងកាត់រយៈពេល ៦ ខែ ដើម្បីទប់ទល់នឹងទណ្ឌកម្មដ៏តឹងរឹងបំផុតរបស់ប្រទេសលោកខាងលិច។ ដូច្នេះហើយ វេទិកាសេដ្ឋកិច្ច បូព៌ាគឺជាឱកាសសម្រាប់រុស្ស៊ីស្វែងរកដំណោះស្រាយ និងទំនាក់ទំនងភាពជាដៃគូជឿទុកចិត្ត ដើម្បីស្រាយការលំបាក ដែលបណ្ដាលមកពីបទដាក់ទណ្ឌកម្ម។ ទិសបូព៌ាកំពុងក្លាយទៅជាទិសដ៏សំខាន់ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី
នៅពេលប្រឈមមុខនឹងទណ្ឌកម្មពីបណ្ដាប្រទេសអមិត្ត។ មិនមែនជារឿងចៃដន្យឡើយដែលឆ្នាំនេះ ពិព័រណ៍ "ផ្លូវចុងបូព៌ា" ត្រូវបានប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចបូព៌ាជាមួយនឹងពាក្យស្លោក "តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ជ័យជំនះផ្នែកបច្ចេកវិទ្យារបស់រុស្ស៊ី?" ដោយសង្កត់ធ្ងន់ជាពិសេសលើការបង្ហាញពីលទ្ធភាពជំនួសការនាំចូល និងឯករាជ្យភាពផ្នែកបច្ចេកវិទ្យានៃតំបន់ចុងបូព៌ា លទ្ធភាពផ្គត់ផ្គង់ ស្បៀងអាហារដោយខ្លួនឯង។ ព្រោះថា ការលំបាក និងបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់រុស្ស៊ី គឺកម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ពិភពលោក ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ថែមទាំងគ្រោះឱនភាពទៀតផង។ រុស្ស៊ីត្រូវពង្រីកកម្លាំងផ្ទៃក្នុង ដើម្បីអភិវឌ្ឍន៍ដំណោះស្រាយបច្ចេកវិទ្យាជំនួស ម្យ៉ាងវិញទៀតរុស្ស៊ីកំពុងស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីបណ្តាប្រទេសជាដៃគូសំខាន់ៗ ដូចជាចិន ឥណ្ឌា និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បណ្តាប្រទេសក្នុងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប។ ព្រឹត្តិការណ៍សំខាន់មួយក្នុងកម្មវិធីនៃវេទិកាគឺជាកិច្ចសន្ទនា "រុស្ស៊ី-ឥណ្ឌា", "រុស្ស៊ី - អាស៊ាន", "រុស្ស៊ី - ម៉ុងហ្គោលី", កិច្ចប្រជុំនៃក្រុមប្រឹក្សាធុរកិច្ចដើម្បីការអភិវឌ្ឍតំបន់ចុងបូព៉ា និងបណ្ដាខេត្តភាគឦសាន - ចិន និងសន្និសីទពាណិជ្ជកម្ម និងវិនិយោគតំបន់ប៉ូលខាងជើង។
យោងតាមមជ្ឈដ្ឋានអ្នកជំនាញបានឲ្យដឹងថា ក្រោមសម្ពាធនៃទណ្ឌកម្មនានា ក៏ដូចជាស្ថានការណ៍ដ៏ស្មុគស្មាញផ្សេងទៀត ការដែលរុស្ស៊ីនៅតែអាចរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៧ ជាមួយការចូលរួមរបស់ប្រតិភូមកពីប្រទេសជាច្រើននៅលើពិភពលោកបានសរឲ្យឃើញថា នេះគឺជាឱកាសល្អសម្រាប់រុស្ស៊ីស្រាយការលំបាកផងដែរ៕