វេទិកាអាស៊ី បូអាវ ជំរុញតួនាទីរបស់អាស៊ី និងកិច្ចសន្ទនា
(VOVWORLD) - ដោយប្រធានបទ "អាស៊ី និងពិភពលោក៖ បញ្ហាប្រឈមរួម ទំនួលខុសត្រូវរួម" សន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ី បូអាវ (BFA) ឆ្នាំនេះ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់តួនាទីនាំមុខរបស់អាស៊ី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលទូទៅ។
សន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីបូអាវ (BFA) ឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមីនា នៅលើកោះហៃណាន (ប្រទេសចិន)។ (រូបថត៖ AFP) |
សន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីបូអាវ (BFA) ឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមីនា នៅលើកោះហៃណាន (ប្រទេសចិន)។ ដោយមានគណៈប្រតិភូជាង ២០០០ នាក់មកពីប្រទេស និងតំបន់ដែនដីជាង ៦០ ចូលរួម នេះគឺជាវេទិកាសន្ទនាដ៏ធំបំផុតនៅអាស៊ីស្តីពីបញ្ហាអភិបាលកិច្ចក្នុងតំបន់ និងពិភពលោក។
ជំរុញតួនាទីរបស់អាស៊ី
សន្និសីទឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន៥ រួមមាន៖ សេដ្ឋកិច្ចពិភពលោក; នវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ការអភិវឌ្ឍសង្គម; កិច្ចសហប្រតិបត្តិការអន្តរជាតិ; ការជំនះលើបញ្ហាប្រឈមជាមួយគ្នា។ ក្នុងរយៈពេល ៤ ថ្ងៃនៃសន្និសិទនេះ សម័យពិភាក្សាជាង ៤០ លើប្រធានបទសំខាន់ៗនៃសេដ្ឋកិច្ចពិភពលោក ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល បច្ចេកវិទ្យា ការលេចឡើងនៃលោកខាងត្បូង... ត្រូវបានប្រារព្ធឡើង។
គួរឲ្យកត់សម្គាល់ថា BFA ឆ្នាំនេះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងកំណើនសេដ្ឋកិច្ចនៅអាស៊ី ដែលបានបង្ហាញតាមរយៈវេទិកាបន្ទាប់បន្សំ ជាច្រើនដូចជា៖ ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ី; ការកសាងមជ្ឈមណ្ឌលកំណើនអាស៊ី; ការវិនិយោគលើអនាគតរបស់អាស៊ី។ យោងតាមការវាយតម្លៃរបស់ BFA នៅឆ្នាំនេះ អាស៊ីនៅតែជាតំបន់ដែលរួមវិភាគទានច្រើនបំផុតដល់កំណើនសេដ្ឋកិច្ចសកល ព្រមទាំងព្យាករណ៍ថា នឹងមានកំណើន GDP ជាមធ្យម ៤,៥% នៅឆ្នាំនេះ។ ដូច្នេះ ការបង្កើនតួនាទីរបស់អាស៊ីគឺជាការផ្តោតសំខាន់មួយរបស់ BFA ឆ្នាំនេះ។ នេះក៏ជាសារដែលត្រូវបានប្រធានសភាតំណាងប្រជាជនចិន (ប្រធានរដ្ឋសភា) លោក Zhao Leji បញ្ចេញនៅក្នុងសុន្ទរកថាបើក BFA នៅពេលអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងលើកកំពស់តួនាទីនាំមុខរបស់អាស៊ីនៅក្នុងសេដ្ឋកិច្ចសកល៖
“នៅចំពោះមុខបញ្ហាប្រឈមធំៗពីការធ្លាក់ចុះអូសបន្លាយ នៃសេដ្ឋកិច្ចសកល យើងត្រូវរួមកម្លាំងដើម្បីអនុវត្តន៍គំនិតអភិវឌ្ឍន៍ជាសកល ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចាប់យកឱកាសនៃបដិវត្តន៍បច្ចេកទេស និងការផ្លាស់ប្តូរឧស្សាហកម្មថ្មី ចិញ្ចឹមបីបាច់ និងពង្រឹងកម្លាំងចលករកំណើនថ្មីៗ ជំរុញគំរូអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បៃតង និងបញ្ចេញកាបូនទាប។ យើងនឹងប្រើប្រាស់សន្ទុះដ៏ខ្លាំងក្លារបស់អាស៊ីដើម្បីដឹកនាំការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក”។
ក្រៅពីការអំពាវនាវឱ្យជំរុញខ្លាំងតួនាទីនាំមុខនៃសេដ្ឋកិច្ចអាស៊ី បទអន្តរាគមន៍ជាច្រើននៅឯសន្និសីទ ក៏បានផ្ញើសារព្រមានជាច្រើនអំពីហានិភ័យទាក់ទងនឹងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ដែលនាំឱ្យមានការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការប្រឈមមុខដាក់គ្នាផ្នែកសន្តិសុខ។ ដូច្នេះ BFA ឆ្នាំនេះ លើកទឹកចិត្តឱ្យអាស៊ី ទទួលបន្ទុកទំនួលខុសត្រូវរួម ជំរុញការសន្ទនា និងរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមសកល ដើម្បីបង្កើតសន្តិភាព និងវិបុលភាព។ យោងតាមអតីតនាយករដ្ឋមន្ត្រីបារាំង លោក Jean-Pierre Raffarin ក្នុងបរិបទដែលទំនាក់ទំនងអន្តរជាតិលើពិភពលោករងការបែកបាក់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ តួនាទីរបស់វេទិកានានាដូចជា BFA គឺមានសារៈសំខាន់ខ្លាំងណាស់៖
“វេទិកាអាស៊ីបូអាវ មានតួនាទីពិសេសក្នុងអភិបាលកិច្ចសកល។ ជាវេទិកាអាស៊ីBFA បានអញ្ជើញប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក មករួមគ្នាគិតគូរ រួមគ្នាអនុវត្ត៍គម្រោងរួម ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ យើងកំពុងស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុត ដូច្នេះយើងត្រូវចែករំលែកការព្រួយបារម្ភដូចគ្នា”។
រូបថត៖ វេទិកាអាស៊ីបូអាវ |
ភាពបើកចំហរបស់ប្រទេសចិន
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃ BFA និងជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ព័ត៌មានទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅ BFA នៅឆ្នាំនេះដែរ។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅ BFA ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការវាយតម្លៃយ៉ាងប្រុងប្រយ័ត្នអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះ ដោយនិយាយថា បញ្ហាប្រឈមនៃអតុល្យភាពសេដ្ឋកិច្ចរបស់ចិន អាចប៉ះពាល់យ៉ាងអវិជ្ជមានដល់កំណើនផលិតភាពរបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនដែលចូលរួម BFA ឆ្នាំនេះបានចាត់ទុកថា សូចនាករសុទិដ្ឋិនិយមរបស់សេដ្ឋកិច្ចចិននៅក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះបានបង្ហាញថា ប្រទេសនេះនៅតែអាចសម្រេចបានគោលដៅដែលបានកំណត់ រួមទាំងកំណើន GDP ៥% ក្នុងឆ្នាំនេះ ហើយពីនោះ ជះឥទ្ធិពលជាវិជ្ជមានដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ លោក Carlos Gutierrez អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (២០០៥-២០០៩) បានធ្វើអត្ថាធិប្បាយថា៖
“អ្នកវិភាគមួយចំនួននិងប្រព័ន្ធផ្សព្វផ្សាយ ចាត់ទុកថា គោលដៅនេះគឺមានមហិច្ឆតាពេក ប៉ុន្តែរយៈពេលពីរខែដំបូងនៃឆ្នាំនេះបានបង្ហាញថា ប្រទេសចិនអាចសម្រេចបាន។ ខ្ញុំគិតថា គោលដៅកំណើន GDP ៥% គឺសមហេតុផល”។
នៅឯ BFA មន្ត្រីចិនជាច្រើនបាននិយាយថា ប្រទេសនេះនៅតែបន្តអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចបើកចំហ គោរពតាមបទប្បញ្ញត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់ ព្រមទាំងសន្យាកែលម្អបរិយាកាសវិនិយោគ ដកចេញជាបណ្តើរៗនូវការរឹតត្បិតទីផ្សារសម្រាប់ក្រុមហ៊ុនបរទេសដែលចូលរួមក្នុងវិស័យផលិតកម្ម។ នៅក្នុងវិស័យថ្មីមួយចំនួន ជាពិសេសអភិបាលកិច្ចបញ្ញាសិប្បនិមិត្ត (AI) ប្រទេសចិនបាននិយាយថា គេក៏នឹងចូលរួមយ៉ាងសកម្មនៅក្នុងយន្តការអភិបាលកិច្ចសកលផងដែរ៕