វិទ្យុវៀតណាមជំនះពុះពារលើបញ្ហាប្រឈម ឈានទៅមុខដើម្បីផ្លាស់ប្ដូរថ្មី

(VOVWORLD) - ថ្ងៃនេះ ទី២១ មិថុនា គឺជាខួបលើកទី ៩៩ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៤)។ ក្នុងការអភិវឌ្ឍន៍រួមនៃសារព័ត៌មានវៀតណាម វិទ្យុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ប្រជាជនយ៉ាងច្រើនកុះករ នៅគ្រប់តំបន់ទូទាំងប្រទេស។ បរិបទនៃសារព័ត៌មានគ្រប់ប្រភេទដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដូចបច្ចុប្បន្ន បានបង្កបញ្ហាប្រឈមសម្រាប់ផ្នែកវិទ្យុ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាក៏ជាឱកាសសម្រាប់ប្រភេទសារព័ត៌មានដែលមានអាយុជិត ៨០ ឆ្នាំនេះ ឈានទៅមុខនិងផ្លាស់ប្តូរថ្មី បំពេញតម្រូវការព័ត៌មានរបស់សាធារណជនឱ្យកាន់តែប្រសើរឡើងផងដែរ។

វិទ្យុវៀតណាមជំនះពុះពារលើបញ្ហាប្រឈម ឈានទៅមុខដើម្បីផ្លាស់ប្ដូរថ្មី - ảnh 1អ្នកកាសែត Dong Manh Hung អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវិទ្យុសម្លេងវៀតណាមប្រធានលេខាធិការដ្ឋានទទួលបន្ទុកការនិពន្ធនិងមិត្តអ្នកស្ដាប់។

វិទ្យុ - មិត្តរួមដំណើររបស់អ្នកស្តាប់គ្រប់រូប

វិទ្យុនៅតែជាមធ្យោបាយផ្សព្វផ្សាយព័ត៌មានដ៏ពេញនិយលើទូទាំងពិភពលោក ជាពិសេសគ្របដណ្ដប់ទៅកាន់តំបន់ក្រីក្រ តំបន់ដែលមានការខ្វះខាត តំបន់ជនបទ និងតំបន់ដែលពិបាកទៅដល់។ នៅទីកន្លែងបែបនោះ វិទ្យុនៅតែជាប្រភពមួយក្នុងចំណោមប្រភពព័ត៌មានកម្សាន្តដែលមានស្រាប់ តម្លៃទាប តែគួរឱ្យទុកចិត្តបាន។ សម្រាប់តំបន់ខ្លះ នេះគឺជាប្រភពព័ត៌មានតែមួយគត់ផងដែរ។ វិទ្យុផ្តល់ឱ្យមនុស្សគ្រប់រូប មិនថាមានកម្រិត អប់រំ ឬឋានៈសេដ្ឋកិច្ចសង្គមយ៉ាងណាទេ នេះជាឱកាសដើម្បីស្រមើស្រមៃ កម្សាន្ត និងចូលរួមក្នុងការជជែកពិភាក្សាជាសាធារណៈ និងអាចធ្វើអន្តរកម្មលើរលកធាតុអាកាស។ អ្នកកាសែត Dong Manh Hung អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវិទ្យុសម្លេងវៀតណាមប្រធានលេខាធិការដ្ឋានទទួលបន្ទុកការនិពន្ធនិងមិត្តអ្នកស្ដាប់បានចាត់ទុកថា៖

“នៅប្រទេសវៀតណាម វិទ្យុនៅតែជាប្រភេទសារព័ត៌មានមួយដែលអាចខិតជិតមកសាធារណជាច្រើន។ ជាពិសេស ក្រៅពីសាធារណជនក្នុងទីក្រុង វិទ្យុវៀតណាមក៏មានប្រៀបខ្លាំងដោយអាចទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលជាច្រើន និងមិត្តអ្នកស្តាប់នៅក្រៅប្រទេស ដើម្បីផ្តល់ព័ត៌មានដ៏មានប្រយោជន៍បំផុត។ វិទ្យុក៏មានមុខងារអប់រំដើម្បីនាំមកជូនសាធារណជននូវចំណេះដឹង និងវិធីសាស្រ្តដើម្បីអាចគ្រប់គ្រងជីវិត ធ្វើអាជីវកម្មកាន់តែប្រសើរ និងផ្សព្វផ្សាយច្បាប់ជាដើម។ វិទ្យុវៀតណាមត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ វិនិយោគគ្រឿងបរិក្ខារ ជាពិសេសគ្រឿងម៉ាស៊ីន ដើម្បីគ្របដណ្តប់បានជាង ៩០% នៃទឹកដី។ មិនមែនជាសារព័ត៌មានគ្រប់ប្រភេទនៅវៀតណាមអាចសម្រេចបាននូវកម្រិតគ្របដណ្តប់ដ៏ធំទូលាយបែបនេះទេ”។

អស់រយៈពេលជិត ៨០ ឆ្នាំ ចាប់តាំងពីកម្មវិធីផ្សាយសម្លេងដំបូងរបស់វិទ្យុសម្លេងវៀតណាមនាថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ មក វិទ្យុបានក្លាយជា "មិត្តរួមដំណើរ" របស់ប្រជាជនវៀតណាមជាច្រើនជំនាន់។ លោក Pham Xuan Hau នៅខេត្ត Nghe An ជាមិត្តអ្នកស្តាប់របស់វិទ្យុសម្លេងវៀតណាមអស់រយៈពេលជាង ៤០ កន្លងមក បានចែករំលែកថា៖

“ខ្ញុំស្តាប់វិទ្យុជារៀងរាល់ថ្ងៃ។ ក្នុងចន្លោះម៉ោង ៤ កន្លះ ដល់ ម៉ោង ៥ ព្រឹក ខ្ញុំភ្ញាក់ពីដំណេកហើយបើកវិទ្យុ ពេលខ្លះស្តាប់ពេលកំពុងធ្វើការ។ កម្មវិធីរបស់វិទ្យុសម្លេងវៀតណាមសម្បូរបែបណាស់។ កាលនៅក្មេង ខ្ញុំឃើញថាមានប៉ុស្តិ៍តែមួយប៉ុណ្ណោះ ប៉ុន្តែឥឡូវមានកម្មវិធីច្រើន សម្បូរបែបនិងទាក់ទាញណាស់។ ឥឡូវនេះក៏មានអន្តរកម្មរវាងវិទ្យុនិងអ្នកស្តាប់ផងដែរ ដែលជួយឱ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលជាង។ ទន្ទឹមនឹងនោះ កម្មវិធីបានរួមបញ្ចូលគ្នានូវតន្ត្រី វប្បធម៌ ការកម្សាន្ត ព័ត៌មានប្រចាំថ្ងៃ ព័ត៌មានវិទ្យាសាស្ត្រ និងព័ត៌មានសង្គមឱ្យកាន់តែសម្បូរបែប”។

សម្រាប់មិត្តអ្នកស្តាប់វ័យក្មេងនាពេលបច្ចុប្បន្ននេះ វិទ្យុក៏ជាជម្រើសមួយដើម្បីស្វែងរកព័ត៌មានដ៏ត្រឹមត្រូវ និងជិតស្និទ្ធផងដែរ។ កញ្ញា Nguyen Thi Tra Giang នៅខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ មានអារម្មណ៍ថា៖

“ភាសារបស់វិទ្យុគឺជាភាសានិយាយ ដូច្នេះអ្នកផលិតកម្មវិធីវិទ្យុ ក៏យកចិត្តទុកដាក់ចំពោះរឿងនេះដែរ ធ្វើឱ្យអ្នកស្តាប់វិទ្យុនោះមានអារម្មណ៏ថាដូចជាកំពុងមើលឃើញអញ្ចឹង។ ពួកគេផលិតកម្មវិធីដោយផ្អែកលើប្រការនោះ ដូច្នេះនៅពេលផ្សាយទៅកាន់សាធារណជន អ្វីៗគ្រប់បែបយ៉ាងគឺជិតស្និទ្ធ ងាយយល់ និងងាយស្រមើស្រមៃ។ ខ្ញុំស្តាប់កម្មវិធី VOV៣ ជាប្រចាំ ដែលមានលក្ខណៈយុវវ័យ ជាពិសេសកម្មវិធីអានសំបុត្រ ខ្ញុំមានអារម្មណ៍ថា ការប្រាស្រ័យទាក់ទងរបស់អ្នកផ្សាយសម្លេងជាមួយអ្នកស្តាប់មានភាពស្និទ្ធស្នាល និងបើកចំហណាស់”។

ជំនះពុះពារលើបញ្ហាប្រឈម ឈានទៅមុខដើម្បីផ្លាស់ប្ដូរ

ពីវិធីសាស្រ្តបញ្ជូនព័ត៌មានតែមួយគត់ ដែលជាវិទ្យុ រហូតមកដល់បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមបានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ៣ ប្រភេទទៀតគឺ កាសែតបោះពុម្ព កាសែតអេឡិចត្រូនិក និងកាសែតរូបភាព។ វិធីសាស្រ្តបញ្ជូនព័ត៌មានទាំង ៤ នេះ គាំទ្រទៅវិញទៅមក ដោយយកសាធារណៈជនជាមជ្ឈភាព និងជាទស្សនិកជនគោលដៅ ដូច្នេះព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមកាន់តែសម្បូរបែប មានប្រសិទ្ធភាព និងការទាក់ទាញជាងមុន។ រលកវិទ្យុសម្លេងវៀតណាមមិនត្រឹមតែបំពេញតម្រូវការព័ត៌មានរបស់មិត្តអ្នកស្តាប់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងឈានទៅកាន់ពិភពលោកទៀតផង។ ដោយមានកម្មវិធីផ្សាយជាភាសាបរទេស រួមទាំងភាសាបរទេសចំនួន១២ និងភាសាវៀតណាមសម្រាប់សហគមន៍ជនវៀតណាមនៅឆ្ងាយពីមាតុភូមិ សម្លេងវៀតណាមបានឈានទៅឆ្ងាយដោយឥតឈប់ឈរ ក្លាយជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។

វិទ្យុវៀតណាមជំនះពុះពារលើបញ្ហាប្រឈម ឈានទៅមុខដើម្បីផ្លាស់ប្ដូរថ្មី - ảnh 2លោក Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម។

ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការផ្លាស់ប្តូរឌីជីថលបានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រភេទសារព័ត៌មាននានា ក្នុងទិដ្ឋភាពជាច្រើន។ នេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកសារព័ត៌មានវិទ្យុ ប៉ុន្តែវាក៏បង្កើតឱកាសសម្រាប់វិទ្យុដើម្បីឈានទៅមុខនិងផ្លាស់ប្តូរ។ លោក Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖

“ជួរអ្នកយកព័ត៌មាន និងអ្នកនិពន្ធត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត មានគំនិតច្នៃប្រឌិត និងផលិតកម្មវិធីដែលអាចរួមដំណើរជាមួយមិត្តអ្នកស្តាប់បាន។ សំខាន់ជាងនេះទៅទៀត យើងត្រូវផ្លាស់ប្ដូរថ្មីនូវវិធីបញ្ជូនព័ត៌មាន ហើយវិទ្យុត្រូវតែមានភាពជិតស្និទ្ធ ទំនើប និងអន្តរកម្មច្រើនថែមទៀត ដើម្បីឱ្យមិត្តអ្នកស្តាប់អាចទទួលបានព័ត៌មានទាំងអស់ ដោយរបៀបបញ្ជូនដ៏លឿនបំផុត ងាយយល់បំផុត និងមានប្រសិទ្ធភាពបំផុត។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំ ចំពោះអនាគតរបស់វិទ្យុនិយាយរួម និងវិទ្យុសម្លេងវៀតណាមនិយាយដោយឡែក ដែលក្នុងរយៈពេល ៨០ ឆ្នាំនៃការអភិវឌ្ឍន៍ នឹងបន្តជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន”។

វិទ្យុដែលជាមិត្តរួមដំណើរដ៏ជិតស្និទ្ធជាមួយសំណាក់ទស្សនិកជន មិត្តអ្នកស្តាប់ និងមិត្តអ្នកអាន កំពុងជម្នះពុះពារលើបញ្ហាប្រឈម ឈានទៅមុខនិងផ្លាស់ប្តូរ ដើម្បីរក្សាបាននូវឋានៈរបស់ខ្លួននៅក្នុងក្រអៅបេះដូងសាធារណជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ