វិទ្យុវៀតណាមរួមដំណើរជាមួយនឹងសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជាតិនិងមនុស្សជាតិ

(VOVWORLD) - ដោយត្រូវបានបង្កើតឡើងត្រឹមតែ៥ថ្ងៃបន្ទាប់ពីលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh រដ្ឋធានីហាណូយនៅឆ្នាំ ១៩៤៥ វិទ្យុសំឡេងវៀតណាម (VOV) ក្នុងប្រវត្តិសាស្ត្រជិត ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍របស់ខ្លួន ជានិច្ចកាលមានមោទនភាពដោយជាសំឡេងនៃឆន្ទៈតស៊ូដើម្បីសេចក្តីប្រាថ្នាសេរីភាព ឯករាជ្យ និងការរួមដៃគ្នាកសាងពិភពលោកសន្តិភាព។ 

វិទ្យុវៀតណាមរួមដំណើរជាមួយនឹងសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជាតិនិងមនុស្សជាតិ - ảnh 1ទិដ្ឋភាពនៅកិច្ចសន្ទនា “វិទ្យុនិងសន្តិភាព”។ (រូបថត៖ VOV)

នោះក៏ជាសារដែលកិច្ចសន្ទនា “ការផ្សាយសំឡេងនិងសន្តិភាព” ក្នុងឱកាសទិវាវិទ្យុពិភពលោក (១៣ កុម្ភៈ ២០២៣) ដែលរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម ចង់បញ្ជាក់ ដើម្បីឲ្យអ្នកសារព័ត៌មានផ្នែកវិទ្យុម្នាក់ៗ នាសព្វថ្ងៃ កាន់តែមានមោទនភាពនិងការយល់ដឹងជ្រាលជ្រៅអំពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងការរីកសាយ ភាយតម្លៃមនុស្សសាស្ត្រនៃប្រភេទសារព័ត៌មានដោយមានប្រពៃណីដ៏យូរលង់នេះ។ ពីនោះ ជំរុញការរួបរួមនិងការចែករំលែក តស៊ូប្រឆាំងនឹងអយុត្តិធម៌សង្គម ដោះស្រាយជម្លោះ ឆ្ពោះទៅរកសង្គមសន្តិភាពនិងក្ដីមេត្តាធម៌ផងដែរ។

សំឡេងវៀតណាម - សំឡេងនៃសតិសម្បជ្ជញ្ញៈនិងការតស៊ូដើម្បីសេចក្តីប្រាថ្នាសន្តិភាព

ក្នុងអំឡុងពេលនៃសង្រ្គាម សំឡេងវៀតណាមបានផ្សាយព័ត៌មានក្តៅៗពីសមរភូមិ; ផ្សាយកំណាព្យជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញនៅវេលាចូលឆ្នាំថ្មីម្ដងៗ លើកទឹកចិត្តកងទ័ពនិងប្រជាជននៃតំបន់ទាំងពីរ ខិតខំធ្វើផលិតកម្មនិងតស៊ូដើម្បីគោលដៅបង្រួបបង្រួមជាតិ...ជាពិសេស វិទ្យុសំឡេងវៀតណាម បានផ្សាយសេចក្តីប្រកាសឯករាជ្យ ដែលលោកប្រធានហូជីមិញបានអាននៅទីលាន Ba Dinh រដ្ឋធានីហាណូយ ដោយប្រកាសយ៉ាងអធឹកអធមអំពីកំការប្រសូត្រឡើងនៃរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ ទៅកាន់ជនរួមជាតិក្នុងស្រុកទាំងមូលនិងសហគមន៍អន្តរជាតិផងដែរ។

ក្រោយពីសេចក្ដីប្រកាសឯករាជ្យ រលកវិទ្យុរបស់ VOV ក៏បានផ្សាយឯកសារ និងសេចក្តីប្រកាសសំខាន់ៗជាច្រើនទៀតរបស់បក្សនិងរដ្ឋ ដែលអាចរៀបរាប់បានដូចជា៖ សេចក្ដីអំពាវនាវការតស៊ូទូទាំងប្រទេសនៅឆ្នាំ ១៩៤៦; ឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣; ព័ត៌មានជ័យជំនះឆ្នាំ ១៩៧៥ ជាដើម។ ចំពោះមនុស្សជាច្រើន ពត៌មានតាមរយៈវិទ្យុសំឡេងវៀតណាមតាំងពីយូរលង់មក បានក្លាយទៅជាដង្ហើម ជាការរស់រាន ដែលគូសសញ្ញានូវពេលវេលាដ៏ពិសិដ្ឋ។ លោកឧត្តមសេនីយត្រី Ho Si Hau អតីតប្រធាននាយកដ្ឋានសេដ្ឋកិច្ច ក្រសួងការពារប្រទេសវៀតណាម មិនភ្លេចអារម្មណ៍នៅពេលស្តាប់វិទ្យុសំឡេងវៀតណាម នៅកណ្តាលព្រៃ Truong Son ក្នុងសម័យសង្រ្គាម៖

“នៅពេលនោះ វិទ្យុសំឡេងវៀតណាម គឺជាកាណាល់ព័ត៌មានតែមួយគត់សម្រាប់យុទ្ធជន។ អង្គភាពទាំងមូលមានរ៉ាដ្យូតែមួយគត់ ដូច្នេះយើងត្រូវប្រមូលផ្តុំគ្នាស្តាប់។ ស្តាប់តន្ត្រី ការអានរឿងពេលយប់ ជាពិសេសព័ត៌មាននៅសមរភូមិ ខ្លឹមសារទាំងនេះបានលើកទឹកចិត្តយើងយ៉ាងច្រើនណាស់។ ឬបទចម្រៀងតាមវិទ្យុ នាំមកនូវស្មារតី និងកម្លាំងចិត្តដ៏ធំធេងដល់យុទ្ធជន។ ត្រឹមតែតាមរយៈវិទ្យុសំឡេងវៀតណាមប៉ុណ្ណោះ ទើបនាំមកនូវអារម្មណ៍ដ៏ពិសិដ្ឋបំផុតជូនបងប្អូនយុទ្ធជន”។

វិទ្យុវៀតណាមរួមដំណើរជាមួយនឹងសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជាតិនិងមនុស្សជាតិ - ảnh 2លោក Pham Manh Hung អគ្គនាយករងវិទ្យុសំឡេងវៀតណាម ចែករំលែកមតិក្នុងកិច្ចសន្ទនា "វិទ្យុនិងសន្តិភាព"។ (រូបថត៖ VOV)

សន្តិភាពគឺជាសេចក្តីប្រាថ្នារបស់ប្រជាជនទូទាំងពិភពលោក ក្នុងនោះមានទាំងប្រជាជនវៀត ណាមផងដែរ។ រួមគ្នាជាមួយប្រជាជាតិវៀតណាម VOV មានបទពិសោធន៍ដ៏មានតម្លៃជាច្រើន ហើយពីនោះ កាន់តែគោរពតម្លៃនៃសន្តិភាព។ ដោយឈរលើស្មារតីនោះ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ VOV បានផ្សាយកម្មវិធីផ្សាយសំឡេងដោយឥតឈប់ឈរដើម្បីគាំទ្រនិងលើកសរសើរសន្តិភាព រួមចំណែកកសាងសង្គមមនុស្សសាស្ត្រ ហើយកសាងពិភពលោកប្រកបដោយសន្តិភាព។ លោក Pham Manh Hung អគ្គនាយករងវិទ្យុសំឡេងវៀតណាម ប្រធានអន្តរសមាគមអ្នកកាសែតរបស់ VOV មានប្រសាសន៍ថា៖

“ក្នុងបរិបទពិភពលោកបច្ចុប្បន្ន វិទ្យុសំឡេងវៀតណាមក៏ដូចជាវិទ្យុដទៃទៀតលើពិភពលោក កាន់តែយល់ដឹងអំពីតួនាទីរបស់ខ្លួន។ ប្រសិនបើវិទ្យុគាំទ្រចំពោះស្មារតីមនុស្សសាស្ត្រ ស្មារតីសន្តិភាព តម្រូវការមិត្តភាព កិច្ចសហប្រតិបត្តិការ និងសេចក្តីប្រាថ្នាសន្តិភាពរបស់ពិភពលោកនោះ គឺវិទ្យុនឹងរួមចំណែកកសាងសន្តិភាពលើពិភពលោក ហើយក៏អាចរួមចំណែកបញ្ចប់សង្គ្រាមផងដែរ។ នោះគឺជាបេសកកម្មដ៏ខ្ពង់ខ្ពស់ដែលអ្នកសារព័ត៌មានផ្នែកវិទ្យុត្រូវតែប្រកាន់ខ្ជាប់និងបម្រើ”។

វិទ្យុខិតខំផ្លាស់ប្ដូរថ្មីដោយឥតឈប់ឈរ បញ្ជាក់ឋានៈក្នុងសង្គមព័ត៌មាននាសព្វថ្ងៃ

នៅក្នុងលំហូរសារព័ត៌មានពិភពលោក វិទ្យុនិយាយរួម និងវិទ្យុសំឡេងវៀតណាមនិយាយដោយ
ឡែក កំពុងប្រឈមមុខនឹងសម្ពាធប្រកួតប្រជែងក្នុងយុគសម័យឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ វិទ្យុបាននិងកំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មីខ្លួនឯងដោយឥតឈប់ឈរ ពង្រីកប្រៀបខ្លាំងដោយឡែករបស់ខ្លួន បញ្ជូនព័ត៌មានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ គួរឲ្យទុកចិត្ត និងគួរឲ្យទាក់ទាញដល់សាធារណជន។ ចំនួនមិត្តអ្នកស្តាប់ស្មោះត្រង់ដែលកាន់តែកើនឡើង ក៏ជាសញ្ញាល្អរបស់វិទ្យុនានា រួមទាំងវិទ្យុសំឡេងវៀតណាមផងដែរ។ អ្នកកាសែត Nguyen Cam Thi មកពីគណៈកម្មការផ្សាយសំឡេងជាភាសាបរទេស (VOV៥)បានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ ការប្រាស្រ័យទាក់ទងជាមួយមិត្តអ្នកស្តាប់នៅលើបណ្តាញសារព័ត៌មានទំនើបបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែអ្នកស្តាប់នៅលើរលកវិទ្យុខ្លី នៅតែត្រូវបានរក្សាតាំងពីមុនមក។ ជារៀងរាល់សប្តាហ៍ ជារៀងរាល់ខែ យើងខ្ញុំនៅតែមានអ្នកស្តាប់ថ្មីៗ។ ប្រការនេះបង្ហាញថា មិត្តអ្នកស្តាប់បរទេសនៅតែចូលចិត្តស្តាប់រលកខ្លី ហើយពួកគេចាត់ទុកថា នេះគឺជាក្ដីរីករាយមួយ នៅពេលចាប់បានរលកពីប្រទេសឆ្ងាយ”។

ចំណែកលោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌និងអប់រំនៃរដ្ឋសភាវៀតណាម មានប្រសាសន៍ថា៖

“ប្រការដ៏សំខាន់គឺយើងត្រូវផ្លាស់ប្តូរផ្នត់គំនិត។ យើងយកអ្នកអាន យកអ្នកស្តាប់ជាគោលដៅដើម្បីបម្រើ ហើយតម្រូវការនោះ នឹងសម្រេចលើរបៀបដែលយើងផ្សាយសំឡេងយ៉ាងដូចម្ដ៉េច។ ខ្ញុំតែងតែសង្កត់ធ្ងន់ថា វិទ្យុដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមរបស់យើង។ ហើយនៅពេលដែលយើងសម្របខ្លួននឹងសង្គម យើងនឹងបង្ហាញពីតួនាទីនិងអត្ថន័យរបស់វិទ្យុកាន់តែប្រសើរឡើង។ ហើយយើងនឹងមានឋានៈរឹងមាំក្នុងសង្គមព័ត៌មានសព្វថ្ងៃ”។

ទន្ទឹមនឹងការនាំយកព័ត៌មានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងទាក់ទាញទៅកាន់មិត្តអ្នកស្ដាប់ មិត្តអ្នកអានជុំវិញពិភពលោកនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិទ្យុនិយាយរួម និងវិទ្យុសំឡេង វៀតណាមនិយាយដោយឡែក បានធ្វើការផ្លាស់ប្ដូរថ្មីគួរឲ្យកត់សម្គាល់ បន្ទាប់ពីបដិវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីអាចខិតមកជិតមនុស្សកាន់តែច្រើនឡើង នាំមនុស្សគ្រប់រូបខិតមកជិតគ្នាជាងមុន ហើយជំរុញសន្តិភាពលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ