វិទ្យុសម្លេងរំដោះ៖ អាវុធមុតស្រួចក្នុងការតស៊ូប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ

(VOVWORLD) - ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃខួបលើកទី៧៣ ទិវាបង្កើតវិទ្យុសម្លេងវៀត ណាម។ ក្នុងឱកាសនេះ វិទ្យុសម្លេងរំដោះនឹងមានកិត្តិយសទទួលកិត្តិនាមវីរៈកង កម្លាំងប្រដាប់អាវុធប្រជាជន។ នេះជារង្វាន់ដ៏ថ្លៃថ្លាដែលកត់សម្គាល់នូវការរួម វិភាគទាននានារបស់វិទ្យុសម្លេងរំដោះ ចំពោះបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំង ចក្រពត្តិអាមេរិកសង្គ្រោះជាតិរបស់ប្រជាជនវៀតណាម។

នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦០ រណសិរ្សប្រជាជាតិរំដោះភាគខាងត្បូងត្រូវបានចាប់បដិសន្ធិ។ មជ្ឈឹមបក្សបានបញ្ជាឲ្យវិទ្យុសម្លេងវៀតណាមសហការជាមួយគណៈកម្មាធិការបង្រួបបង្រួមមជ្ឈឹមនិងមជ្ឈឹមតំបន់ ដើម្បីបង្កើតឡើងវិទ្យុសម្លេងបដិវត្តន៍មួយ។

        នាបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ១៩៦១ វិទ្យុសម្លេងវៀតណាមបានចាត់បញ្ជូនកម្មាភិបាលមួយចំនួនទៅកាន់ភាគខាងត្បូងដោយសម្ងាត់ដើម្បីបំពេញភារកិច្ច។ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៦២ វិទ្យុសម្លេងរំដោះបានចាក់ផ្សាយកម្មវិធីដើមដំបូង។ ក្នុងរយៈពេល១៤ឆ្នាំធ្វើសកម្មភាពនោះ បើទោះបីពួកខ្មាំងសត្រូវបានរកគ្រប់វិធីដើម្បីបំផ្លិចបំផ្លាញក្ដី ប៉ុន្តែវិទ្យុសម្លេងរំដោះនៅតែរក្សារលកធាតុអាកាសយ៉ាងរឹងមាំ ដែលជាការលើកទឹកចិត្តស្មារតីដ៏ធំធេងចំពោះកងកម្លាំងប្រដាប់អាវុធនិងប្រជាជនភាគខាងត្បូងក្នុងការតស៊ូប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ។ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៧៦ វិទ្យុសម្លេងរំដោះបានបញ្ចប់សកម្មភាពដោយសម្រេចយ៉ាងល្អឥតខ្ចោះនូវភារកិច្ចដែលត្រូវបានប្រគល់ជូន។

វិទ្យុសម្លេងរំដោះ៖ អាវុធមុតស្រួចក្នុងការតស៊ូប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ - ảnh 1កម្មាភិបាលមួយចំនួននៃវិទ្យុសម្លេងរំដោះ 

        អាវុធមុតស្រួច

        ចាប់តាំងពីបានបង្កើតនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៦២ វិទ្យុសម្លេងរំដោះពិតជាអាវុធមុតស្រួចមួយដែលនាំសម្លេងរបស់រណសិរ្សប្រជាជាតិរំដោះភាគខាងត្បូងវៀតណាមនិងរដ្ឋាភិបាលបណ្ដោះអាសន្នសាធារណៈរដ្ឋភាគខាងត្បូងវៀតណាម ខិតមកជិតប្រជាជននិងយុទ្ធជនក្នុងទូទាំងប្រទេស ក៏ដូចជាប្រជាជនស្នេហាសន្តិភាពលើទូទាំងពិភពលោកទៀតផង ដើម្បីជួយសហគមន៍អន្តរជាតិយល់ដឹងបន្ថែមអំពីការតស៊ូប្រយុទ្ធប្រឆាំងដោយភាពត្រឹមត្រូវនិងពេញលេញរបស់ប្រជាជនភាគខាងត្បូងនិងប្រជាជាតិវៀតណាមទាំងមូល។

វិទ្យុសម្លេងរំដោះ៖ អាវុធមុតស្រួចក្នុងការតស៊ូប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ - ảnh 2 កកាសែត Tran Duc Nuoi អតីតអ្នកយកព័ត៌មាននិងអ្នកនិពន្ធនៃវិទ្យុសម្លេងរំដោះ

        ដោយមានការជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់កម្មាភិបាលនៃវិទ្យុសម្លេងរំដោះ A នៅភាគខាងជើង (នៅវិថី Quan Su រដ្ឋធានីហាណូយ) នោះ ក្នុងរយៈពេលខ្លីបំផុត វិទ្យុសម្លេងរំដោះបានចាក់ផ្សាយក្នុងរយៈពេល១០ម៉ោងជារៀងរាល់ថ្ងៃជាភាសាចំនួន៥រួមមានភាសាវៀតណាម បារាំង អង់គ្លេស ចិននិងខ្មែរ។ នេះជាស្ពានតភ្ជាប់អំពីព័ត៌មានដែលជួយវៀតណាមទទួលបានការគាំទ្ររបស់ប្រជាជនស្នេហាសន្តិភាពលើទូទាំងពិភពលោក។ នេះក៏ជារបត់មួយដែលគូសសញ្ញានូវការអភិវឌ្ឍយ៉ាងលោតផ្លោះនៃសារព័ត៌មានបដិវត្តន៍នៅសមរភូមិភាគខាងត្បូងផងដែរ។ អ្នកកាសែត Tran Duc Nuoi អតីតអ្នកយកព័ត៌មាននិងអ្នកនិពន្ធនៃវិទ្យុសម្លេងរំដោះ បានឲ្យដឹងថា៖

        “គោលដៅនៃវិទ្យុសម្លេងរំដោះគឺសច្ចធម៌ភ្ញាក់រលឹកដែលធ្វើឲ្យពិភពលោកយល់អំពីវៀតណាម។ កម្លាំងនៃការផ្សាយសម្លេងគឺជាកម្លាំងគាំទ្រ។ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានវាយតំលៃចំពោះវិទ្យុសម្លេងរំដោះយ៉ាងដូច្នេះថា៖ វិទ្យុសម្លេងរំដោះមានការរួមវិភាគទានដ៏សំខាន់ដូចកងពលធំខ្លាំងមួយដើម្បីដណ្ដើមបានជ័យជំនះ។ ចំណែកអតីតអនុប្រធានរដ្ឋលោកស្រី Nguyen Thi Binh បានចាត់ទុកថា វិទ្យុសម្លេងរំដោះមានកម្លាំងការទូតដែលជួយឧបត្ថម្ភជាច្រើននៅលើតុចរចា។ កម្លាំងធំជាងទៅទៀតគឺធ្វើឲ្យភ្ញាក់រលឹកមនសិការរបស់មនុស្សដែលមិនទាន់យល់អំពីវៀតណាម រាប់រាំងជនអាមេរិកផងដែរ”។

        អ្នកកាសែត Nguyen Yen Tuyet ជាអតីតអ្នកយកព័ត៌មាននៃការិយាល័យព្រឹត្តិការណ៍ វិទ្យុសម្លេងរំដោះ បានរំលឹកឡើងវិញថា៖

        “គ្រានោះ យើងខ្ញុំមិនត្រឹមតែផ្សាយព័ត៌មានស្ដីពីសភាពការណ៍នៅភាគខាងត្បូងប៉ុណ្ណោះទេ ថែមទាំងទៅយកព័ត៌មាននៅកន្លែងផ្សេងៗទៀតផង។ មានពេលខ្លះៗទៅកាន់មូលដ្ឋានកងទ័ពនានា ហើយឃើញយុទ្ធជនពិការដែលបាត់បង់ជើងឬដៃទាំងពីរ ធ្វើឲ្យនាងខ្ញុំគិតថា ប្រសិនបើគេអាចពលីសាច់ស្រស់ឈាមស្រស់ជាច្រើនដូច្នេះ គឺខ្ញុំផ្ទាល់ខ្លួនដែលមានសុខភាពល្អ អាចធ្វើទាំងអស់ក៏បានដែរ”។”

        កិត្តិនាមដ៏ខ្ពង់ខ្ពស់

        ក្នុងរយៈពេល១៤ឆ្នាំធ្វើសកម្មភាព បើទោះបីត្រូវផ្លាស់ទីតាំងជាច្រើនលើកច្រើនសារដើម្បីជៀស វាងការបំផ្លាញរបស់កងទ័ពអាមេរិកក្ដី ប៉ុន្តែវិទ្យុសម្លេងរំដោះនៅតែផ្សាយព័ត៌មានយ៉ាងទាន់ពេលវេលានិងត្រឹមត្រូវទៅកាន់បងប្អូនជនរួមជាតិ យុទ្ធជន និងមិត្តភក្តិអន្តរជាតិ តាមការបញ្ជារបស់មជ្ឈឹម។ កម្មាភិបាល អ្នកយកព័ត៌មានប្រមាណ២៤នាក់នៃវិទ្យុបានពលីជីវិតដ៏អង់អាចក្លាហាន។ អ្នកកាសែត Nguyen Thi Kim Cuc ដែលធ្លាប់ធ្វើការនៅការិយាល័យព្រឹត្តិការណ៍ វិទ្យុសម្លេងរំដោះ បានបង្ហាញការរំភើបចិត្តនិងមោទនភាពយ៉ាងខ្លាំង នាពេលដឹងថា វិទ្យុសម្លេងរំដោះទទួលបានកិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន។

        “វិទ្យុសម្លេងរំដោះបានបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីឆ្នាំ១៩៧៦ហើយប៉ុន្តែរាល់តំលៃស្មារតីក៏ដូចជាយុទ្ធជ័យនិងស្នាដៃនានាដែលវិទ្យុទទួលបានក្នុងការតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ នៅតែបានរក្សាដដែល។ យើងខ្ញុំមានមោទនភាពចំពោះអ្វីៗដែលខ្លួនបានធ្វើក្នុងប៉ុន្មានឆ្នាំធ្វើការនៅវិទ្យុសម្លេងរំដោះ”។

        ក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាបង្កើតវិទ្យុសម្លេងវៀតណាម វិទ្យុសម្លេងរំដោះមានកិត្តិយសដែលត្រូវបានរដ្ឋប្រគល់ជូនកិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន ដែលជាកិត្តិនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់រដ្ឋលៃទុកឲ្យសមូហភាពដែលមានស្នាដៃឆ្នើមពិសេសក្នុងការបម្រើប្រយុទ្ធដើម្បីរំដោះប្រទេសជាតិ។ នេះជាការតក់សម្គាល់របស់បក្ស និងរដ្ឋចំពោះពលីកម្មរបស់កម្មាភិបាល អ្នកយកព័ត៌មានជាច្រើនជំនាន់នៃវិទ្យុសម្លេងរំដោះនិយាយដោយឡែកនិងជាមោទនភាពរបស់អ្នកធ្វើការផ្សាយសម្លេងនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ